ការបោះបង្គោលកំណត់ព្រំដែន បែកចែកឲ្យបានច្បាស់លាស់រវាង ដីសាធារណៈរបស់រដ្ឋ ដីឯកជនរបស់រដ្ឋ និងដីសហគមន៍ គឺជាជំហានដំបូងសំខាន់មួយឈានទៅដល់ការកាត់បន្ថយ និងដោះស្រាយបញ្ហាដីធ្លីឲ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញដែលបានតាមដានការវិវត្តន៍បញ្ហាដីធ្លីនៅកម្ពុជា។
លោក តឹក វណ្ណារ៉ា នាយកនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានបញ្ជាក់បន្ថែមថា៖
«យើងអត់ទាន់មាន Mapping ការបោះបង្គោលកំណត់ព្រំដែនដីរដ្ឋ ដីឯកជនរបស់រដ្ឋ ហើយដីសហគមន៍ឲ្យបានច្បាស់លាស់នេះគឺ ជាបញ្ហាមួយដែលយើងត្រូវយកចិត្តទុកដាក់បន្ថែមទាំងរាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ។ នៅពេលមានលក្ខណៈច្បាស់លាស់ វាអាចជួយកាត់បន្ថយជម្លោះដីធ្លីផងដែរ»។
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ហៅកាត់ថា NGO Forum និងអង្គការជីវិតថ្លៃថ្នូរនៅថ្ងៃពុធនេះ បានផ្សព្វផ្សាយរបាយការណ៍ថ្មីទៀតមួយស្តីអំពី វិវាទដីធ្លីក្នុងខេត្តចំនួន៤នៃប្រទេសកម្ពុជាដែលមានចំណងជើងថា៖ ការគូសផែនទី ផលប៉ះពាល់ និងដំណោះស្រាយដែលអាចមាន។ ខេត្តទាំង៤នោះមាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។
លោក តឹក វណ្ណារ៉ា បញ្ជាក់ថាខេត្តទាំង៤នេះ ជាតំបន់ដែលមានជម្លោះដីធ្លីមានកើតឡើងមិនចេះចប់ និងមិនទាន់ដំណោះស្រាយច្បាស់លាស់នៅឡើយ។ មួយវិញទៀត ខេត្តទាំង៤នេះ ក៏កំពុងស្ថិតក្រោមដំណាក់កាលអនុវត្តដីសម្បទានសេដ្ឋកិច្ចផងដែរ។
វិវាទដីធ្លីជារឿយៗបានធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់ប្រជាជននៅតាមសហគមន៍ដែលកំពុងមានជម្លោះ ស្របពេលដែលយន្តការក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីដែលមានស្រាប់ហាក់ដូចជាឆ្លើយតបយឺតយ៉ាវនៅឡើយ។
ដើម្បីដោះស្រាយបញ្ហាដីធ្លីដដែលៗនេះឲ្យមានលក្ខណៈកាន់តែល្អប្រសើរ លោក តឹក វណ្ណារ៉ាបញ្ជាក់ថា៖ «ទី១គឺរដ្ឋាភិបាល និងភាគីពាក់ព័ន្ធគួរផ្តល់ធនធានគ្រប់គ្រាន់ទៅដល់យន្តការដែលមានស្រាប់ មានគណៈកម្មការដោះស្រាយវិវាទដីធ្លី ទាំងធនធានមនុស្ស ធនធានបច្ចេកទេស និងធនធានហិរញ្ញវត្ថុដើម្បីឲ្យគាត់ធ្វើការងារឲ្យកាន់តែមានប្រសិទ្ធភាព និងអាចឆ្លើយតបឲ្យទាន់ពេលវេលា ប្រជាជនដែលកំពុងរងគ្រោះ ដង្ហោយហៅដំណោះស្រាយ ។ ហើយការសិក្សាស្រាវជ្រាវនេះក៏ធ្វើ Mapping [ផែនទី] ដែរ ដើម្បីធានាថាករណីធំៗមួយចំនួន ត្រូវបានពិភាក្សាយ៉ាងទូលំទូលាយជំរុញឲ្យមានដំណោះស្រាយដីធ្លីសមស្របក្នុងខេត្តទាំង៤»។
របាយការណ៍សិក្សាពីជម្លោះដីធ្លីក្នុងខេត្តទាំង៤ខាងលើនេះ ធ្វើឡើងដើម្បីយល់ដឹងពីស្ថានភាពវិវាទ និងផលប៉ះពាល់លើជីវភាពរស់នៅរបស់ប្រជាជនសហគមន៍មូលដ្ឋាន ដើម្បីចងក្រងជាឯកសារ (ជាភាសាខ្មែរ៖ http://bit.ly/1YesWBq ជាភាសាអង់គ្លេស៖ http://bit.ly/1kBBqVd) ករណីជោគជ័យនានាចេញពីការតស៊ូមតិលើបញ្ហាវិវាទដីធ្លី ព្រមទាំងគូសផែនទីកំណត់ទីតាំងច្បាស់លាស់ទៅលើដីដែលមានជម្លោះនៅក្នុងខេត្តទាំង៤នេះផងដែរ៕