ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ សម្បទាន​ដី​សេដ្ឋកិច្ច​ជា​មូលហេតុ​ចម្បង​នៃ​វិវាទ​ដី​ធ្លី


រូបឯកសារ៖ តំបន់​ដី​សម្បទាន​​ចម្ការ​កៅស៊ូ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។
រូបឯកសារ៖ តំបន់​ដី​សម្បទាន​​ចម្ការ​កៅស៊ូ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

របាយការណ៍​របស់​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​​ស្តី​អំពី​ការ​វិភាគ​ស្ថិតិ​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ឆ្នាំ​២០១៤ ​បាន​ឲ្យ​​ដឹង​ថា​ មូលហេតុ​ចម្បង​នៃ​វិវាទ​ដីធ្លី​គឺ​សម្បទាន​ដី​សេដ្ឋកិច្ច​ ដែល​មាន​ទំហំ​ប្រមាណ​ជា​៣១% ​នៃ​ទំនាស់​ដីធ្លី​សរុប។

របាយការណ៍​របស់​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជាដែល​សរសេរ​អំពី​ការ​វិភាគ​ស្ថិតិ​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ឆ្នាំ​២០១៤ ​បាន​ឲ្យដឹង​ថា​ មូលហេតុ​ចម្បង​នៃ​វិវាទ​ដីធ្លី​គឺ​សម្បទាន​ដី​សេដ្ឋកិច្ច​ ដែល​មាន​ទំហំ​ប្រមាណ​ជា​៣១% ​នៃ​ទំនាស់​ដីធ្លី​សរុប។​ មន្ត្រី​សង្គម​ស៊ីវិលអំពាវនាវ​ឲ្យ​មាន​ការ​សហការ​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ពន្លឿន​ដំណោះ​ស្រាយ​វិវាទ​ដី​ធ្លី​ទាំង​នោះ។​

របាយ​ការណ៍​ ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ បាន​រក​ឃើញ​ថា​ ​ប្រជាជន​ជាង​១៧.០០០​គ្រួសារ​ទូទាំង​ប្រទេស​បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​ទំនាស់​ដីធ្លី​នា​ឆ្នាំ​២០១៤​ ដែល​ធ្វើ​ឲ្យ​ជីវភាព​ប្រជា​ពលរដ្ឋ​ទាំង​នោះ​វិល​ទៅ​រក​ភាព​ក្រីក្រ​ឡើង​វិញ។​

តាម​របាយ​ការណ៍​មួយ​ដែល​ធ្វើ​ឡើង ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ហៅ​កាត់​ថា​ NGO Forum​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ បើ​ទោះ​ជា​ចំនួន​វិវាទ​ដីធ្លី​ក្នុង​ឆ្នាំ​២០១៤​មាន​ចំនួន​ទាប​ជាង​ឆ្នាំ​កន្លង​ទៅ​ក៏ដោយ ក៏​រាជធានី​ភ្នំពេញ​នៅ​តែ​ជា​កន្លែង​ដែល​មាន​វិវាទ​ដីធ្លី​ខ្ពស់​ជាង​គេ ហើយ​ខេត្ត​រតនគីរី​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី​២។

ក្នុងនោះ​មូលហេតុ​ចម្បង​នៃ​វិវាទ​ដីធ្លី​គឺ​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​មាន​ទំហំ​ប្រមាណ​ជា​៣១%​នៃ​ដី​ទំនាស់​សរុប។​ ប្រជា​ពលរដ្ឋ​ចំនួន​ប្រហែល​១៧.០០០​គ្រួសារ​ក្នុង​២៤ខេត្ត​ និង​រាជ​ធានី​ ​ត្រូវ​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​សម្បទាន​ដី​សេដ្ឋកិច្ច​ ​ដែល​អូស​បន្លាយ​ពេលច្រើន​ឆ្នាំ​ ​ព្រម​ទាំងបាន​ធ្វើ​ឲ្យមាន​ការ​ប៉ះ​ទង្គិច​ដល់​ជីវភាព​របស់​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​សហគមន៍​មូលដ្ឋាន​ផង​ដែរ។​

អ្នក​ស្រី​ យ៉ុង រ៉ាន់​ ជា​ជន​រង​គ្រោះ​មួយ​រូប​ក្នុង​ចំណោម​ជន​រង​គ្រោះ​ជា​ច្រើន​នាក់​ដែល​បាន​ចូល​រួម​ក្នុង​សិក្ខា​សាលា​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​បាន​ឲ្យ​ដឹង​ថា​ សម្បទាន​ដី​សេដ្ឋកិច្ច​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​ និង​ពលរដ្ឋ​ដទៃ​ទៀត​ក្នុង​សហគមន៍​បាត់​បង់​លំនៅដ្ឋាន​ និង​មុខរបរ​ស្រែ​ចម្ការ​ ដែល​ពួក​គេ​ធ្លាប់​ធ្វើ​ពី​មុន។ អ្នក​ស្រី​ថ្លែង​ទាំង​ទឹក​ភ្នែក​យ៉ាង​ដូច្នេះ៖​

«ខ្លះ​គ្នា​ដើរ​ជ្រក​តាម​វត្ត​ វេទនា​ណាស់! ខ្លះ​គ្នា​ដើរ​ជ្រក​តាម​ផ្ទះ​គេ។ ដូច​គ្រួសារ​ខ្ញុំ​ ម៉ែ​ខ្ញុំ​ចាស់​ខ្វិន​នៅ​ឯ​ផ្ទះ។​ ប្តីខ្ញុំ​ពិការ​ជាន់​មីន។ តាំង​ពី​ក្រុមហ៊ុន​ចូល​មក​យកដី​ខ្ញុំ ​ខ្ញុំ​លែង​បាន​ធ្វើ​ចម្ការ​លើ​ដី​របស់​ខ្លួន​ឯង​ទៀត​ទេ។ ខ្ញុំ​សូម​ឲ្យ​បញ្ឈប់​ការ​ឈូស​ឆាយ​ ឈប់​ដាំ​ដំណាំ​លើ​ដី​ប្រជា​ពលរដ្ឋ។​ សូម​ឲ្យអាជ្ញាធរ​ជួយ​ឆ្វៀល​ដី​ពួក​ខ្ញុំ​ពី​ដី​សម្បទាន»។​

តំណាង​សហគមន៍​មក​ពី​ខេត្ត​ពោធិសាត់​រូប​នេះ​ បាន​អំពាវ​នាវ​ឲ្យ​មានអន្តរាគមន៍​ពី​សំណាក់​រដ្ឋាភិបាល​ចំពោះ​វិវាទ​ដី​ធ្លី​ក្នុង​សហគមន៍​អ្នក​ស្រី ដែល​មាន​ជម្លោះ​ដីធ្លី​តាំង​ពី​ឆ្នាំ​២០១០​មក​ម្ល៉េះ។​

ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​នេះ លោក​ តឹក​ វណ្ណារ៉ា​ នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ស្តី​ពី​កម្ពុជា ហៅ​កាត់​ថា​ NGO Forum​ បាន​លើក​ឡើង​ថា ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ដ៏រ៉ាំ​រ៉ៃ​ដែល​នៅ​សេស​សល់​នេះ​ ទាម​ទារ​ឲ្យ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់​រាជ​រដ្ឋាភិបាល​បន្ថែម​ទៀត​ ដើម្បី​អាច​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ។ មួយ​វិញ​ទៀត​ លោក​ តឹក​ វណ្ណារ៉ា​ ក៏​សំណូម​ពរ​ឲ្យមាន​ការ​យក​ចិត្តទុក​ដាក់​ និង​ពិនិត្យ​ឡើង​វិញ​នូវ​បណ្តឹង​វិវាទ​ដីធ្លី​នានា​ ​ដែលកំពុង​ស្ថិត​នៅ​ក្រោម​ការ​ដោះ​ស្រាយ​របស់​តុលាការ​ផង​ដែរ។

«ការ​ធ្វើ​ការងារ​រួម​គ្នា​រវាង​អង្គការ​សង្គម​ស៊ីវិល​ រវាង​រាជ​រដ្ឋា​ភិបាល​ដែល​មាន​សមត្ថកិច្ច​ ដៃ​គូអភិវឌ្ឍ​ ជា​ពិសេស​ជាមួយ​សហគមន៍​ដែល​គាត់​ទទួល​រង​ផល​ប៉ះពាល់​ គឺ​ជា​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ជំរុញ​ករណី​វិវាទ​ ដែល​នៅ​សេស​សល់​នោះ​ ប្រកប​ដោយ​ភាព​ជោគ​ជ័យ​ឲ្យ​ប្រជាជន​ ដែល​រង​ផល​ប៉ះពាល់​ទទួល​បាន​យុត្តិធម៌​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ»។​

យ៉ាង​ណា​ក៏ដោយ​ លោក ​អេ ប៊ុនធឿន​ ជា​អនុប្រធាន​លេខា​ធិការដ្ឋាន​គណៈ​កម្មាធិការ​សុរិយោដី​ថ្នាក់ជាតិ​នៃ​ក្រសួង​រៀប​ចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ដែល​ជា​វាគ្មិន​មួយ​រូប​នៅក្នុង​សិក្ខា​សាលា​នេះ​ បាន​លើក​ឡើង​ថា​ ក្រសួង​រៀប​ចំ​ដែនដី​នគរូបនីយ​កម្ម​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា​ បាន​និង​កំពុង​តែ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ និង​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ដោយ​អនុវត្ត​តាម​គោល​នយោបាយ​ចាស់​ សកម្មភាព​ថ្មី​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។​

«ក្រសួង​បាន​សម្រេច​ផ្តល់​បណ្ណកម្ម​សិទ្ធិ​ដល់​ប្រជា​ពលរដ្ឋ​លើ​ដី​ជាង​២​លាន​ហិកតា​ដែល​យើង​ចុះ​ទៅ​ដោះ​ស្រាយ​ជាមួយ​ប្រជា​ពលរដ្ឋ​ដោយ​ផ្ទាល់។ តាម​ការ​ចង្អុល​ពី​រាជ​រដ្ឋាភិបាល យើង​ចុះ​បញ្ជី​ផ្តល់​បណ្ណ​ដល់​ប្រជា​ពល​រដ្ឋ​ផង យើង​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​នៅ​ក្នុង​តំបន់​មាន​ទំនាស់​នោះ​ផង»។​

កាល​ពី​សប្តាហ៍​កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់​បន្ថយ​រយៈពេល​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​មក​នៅ​ត្រឹម​៥០​ឆ្នាំ​វិញ​តែ​ប៉ុណ្ណោះ​ ​បន្ទាប់​ពី​មាន​ភាព​ចម្រូង​ចម្រាស​ជុំវិញ​បញ្ហា​ដីធ្លី​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក។ ជា​រឿយៗ​ ​ប្រជា​ពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​សារ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃនេះ​ តែង​តែ​ធ្វើ​ការ​តវ៉ា​ទាម​ទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ ក៏​ប៉ុន្តែ​សេវា​របស់​រដ្ឋា​ភិបាល​ហាក់​ដូច​ជា​មិន​ទាន់​បាន​ឆ្លើយ​តប​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ​នៅ​ឡើយ​នោះ​ទេ៕

XS
SM
MD
LG