ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រជាពលរដ្ឋ​​​តវ៉ា​​​ឲ្យ​​​ដក​​​អភិបាល​​​រង​​​ខេត្ត​​​កំពត​​​រឿង​​​មិន​​​អនុវត្ត​​​ក្រឹត្យ​​​ដីធ្លី


ក្រុម​និស្សិត​​​និង​ប្រជាពលរដ្ឋ​ប្រមាណ​៤០០​នាក់​ បាន​មក​ជួបជុំ​គ្នា​នៅ​ឯ​ទី​​​លាន​​​​ប្រជាធិបតេយ្យ​​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ទី​​​​​​១៣ ខែ​​​កញ្ញា ឆ្នាំ​​​២០១៥ ដើម្បី​ធ្វើ​​​ការ​តវ៉ា​ស្នើ​សុំ​ឲ្យ​លោក​នាយរដ្ឋមន្ត្រី ​ហ៊ុន សែន​ ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពត​អនុវត្ត​អនុក្រឹត្យ​មួយ​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​កាល​ពី​៣​​​ឆ្នាំ​មុន​សម្រាប់​ការ​បែងចែក​ដីធ្លី​មួយ​កន្លែង​ក្នុង​ស្រុក​ឈូក​ខេត្ត​កំពត។​ (រូបថត​​​ផ្តល់​​​ឲ្យ)

ការ​តវ៉ា​របស់​ពួកគេ​កាល​​​ពី​ថ្ងៃ​អាទិត្យ​​​​ធ្វើ​ឡើង​ស្រប​ពេល​ដែល​តំណាង​ប្រជាពលរដ្ឋ​ពីរ​​​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​សាលា​ដំបូង​ខេត្ត​កំពត​ ដើម្បី​ឲ្យ​​​តុលាការ​​​ធ្វើ​​​ការ​សាកសួរ​ ទាក់​ទិន​ការ​តវ៉ា​ទំនាស់​ដីធ្លី​​​ទំហំ​​១.៣៣៧​ហិកតា។​

ក្រុម​និស្សិត​និង​ប្រជាពលរដ្ឋ​ប្រមាណ​៤០០​នាក់​ បាន​មក​ជួបជុំ​គ្នា​នៅ​ឯ​ទី​លានប្រជាធិបតេយ្យ​ ដើម្បី​ធ្វើ​ការ​តវ៉ា​ស្នើ​សុំ​ឲ្យ​លោក​នាយរដ្ឋមន្ត្រី ​ហ៊ុន សែន​ ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពត​អនុវត្ត​អនុក្រឹត្យ​មួយ​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​កាល​ពី​៣​ឆ្នាំ​មុន​សម្រាប់​ការ​បែងចែក​ដីធ្លី​មួយ​កន្លែង​ក្នុង​ស្រុក​ឈូក​ខេត្ត​កំពត។​ ពួក​គេ​ក៏ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ដក​ហូត​តំណែង​អភិបាលរង​ខេត្ត​កំពត​មួយ​រូប​ផងដែរ​ ដោយសារ​តែ​អភិបាល​រង​ខេត្ត​រូប​នេះ​ មិន​ព្រម​អនុវត្ត​អនុក្រឹត្យ​នេះ។ ប៉ុន្តែ​អភិបាល​រង​ខេត្ត​រូប​នេះ​ឆ្លើយ​តប​ថា​លោក​មិន​បាន​ធ្វើ​អ្វីខុសនោះ​ទេ។​

ការ​តវ៉ា​របស់​ពួកគេ​កាល​ពី​ថ្ងៃ​អាទិត្យធ្វើ​ឡើង​ស្រប​ពេល​ដែល​តំណាង​ប្រជាពលរដ្ឋ​ពីរ​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​សាលា​ដំបូង​ខេត្ត​កំពត​ ដើម្បី​ឲ្យ​តុលាការ​ធ្វើ​ការ​សាកសួរ​ ទាក់​ទិន​ការ​តវ៉ា​ទំនាស់​ដីធ្លី​ទំហំ១.៣៣៧​ហិកតា។​

ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ នៅ​ក្នុងទីលានប្រជាធិបតេយ្យ​ លោក​ លី គីមហុង​ អាយុ​៦០​ឆ្នាំ តំណាង​ពលរដ្ឋ​ចំនួន​៨១៦​គ្រួសារ​ មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​វិវាទ​ដីធ្លី​ជាមួយ​នឹង​អាជ្ញាធរ​ បាន​ស្នើឲ្យ​ដក​លោក​ ហេង​ វន្ថា​ អភិបាល​រង​ខេត្ត​កំពត​ពីព្រោះ​អភិបាល​ខេត្ត​រង​រូប​នេះ​ បាន​បំពាន​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បែង​ចែក​ដី​នៅ​ក្នុង​ភូមិ​តេជោ​ក្បាល​ដំរី​ ឃុំ​តេជោ​អភិវឌ្ឍន៍​ខេត្ត​កំពត។​ ​

លោក គីមហុង ថ្លែង​ថា៖ «គាត់​ហ្នឹង​មនុស្ស​បំពាន​អុនក្រឹត្យ​ មនុស្ស​មិន​ស្មោះត្រង់​នឹង​ប្រមុខ​រាជរដ្ឋាភិបាល ក្បត់​រាជរដ្ឋាភិបាល​ ធ្វើ​បាប​ប្រជាពលរដ្ឋ​ បម្រើ​ឈ្មួញ»។​

លោក លី គីមហុង តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្​លីជាមួយ​អាជ្ញាធរ​ខេត្​តកំពត​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​នៅ​ក្នុង​ទី​លានប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​អាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០១៥។ (ហ៊ុល រស្មី/VOA)
លោក លី គីមហុង តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្​លីជាមួយ​អាជ្ញាធរ​ខេត្​តកំពត​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​នៅ​ក្នុង​ទី​លានប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​អាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០១៥។ (ហ៊ុល រស្មី/VOA)

លោក​បន្ត​ថា​ លោក ​ហេង វន្ថា​ មិន​ព្រម​វាស់​វែង​ដី​ដែល​រដ្ឋាភិបាល​សម្រេច​ប្រគល់​ជូន​ប្រជាពលរដ្ឋ​តាមអនុក្រឹត្យ​លេខ​២៥៩​ចុះនៅ​ថ្ងៃ​ទី​២៤​ខែ​ធ្នូ​ឆ្នាំ​២០១២ តែ​អភិបាល​រង​ខេត្ត​រូប​នេះ​ បែរ​ជា​កាត់​ដី​នេះជា​ចំណែកៗ​លក់​ឲ្យ​ទៅ​អ្នក​មាន​លុយ​មក​ពី​ទី​ក្រុង​ភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ​ទៅ​វិញ។​

លោក​ថា ​អាជ្ញាធរ​ខ្លះ​បាន​មក​ចាប់​ដី​រប​ស់​ប្រជា​ពលរដ្ឋ​ទាំង​កំរោល​ផងដែរ​ ដោយ​លោក​បាន​លើក​យក​នូវ​មន្ត្រី​ទទួល​បន្ទុករៀបចំ​បែង​ចែក​ធ្លី​ម្នាក់​មក​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖​

​«ការ​ពិត​អាជ្ញាធរ​នេះ​ណ៎ា ពលរដ្ឋ​ពេល​ដែល​គាត់​ចូល​ទៅ​កាន់​កាប់​ ពូផ្ទាល់​ហ្នឹង​ ទៅ​ស្ពាយ​អង្ករ​ក្មួយណ៎ា ដើរ​អត់​មាន​ម៉ូតូ​ឡាន​ ទៅ​បាន​ទេ។​ តែ​សម័យ​គាត់​នេះ​ លោក​ បែន​ ភត្រ្តាវុឌ្ឍ​ ក្នុង​នាម​គាត់​ជា​អនុគណៈកម្មាការ​ រៀបចំ​ដី​ជាតិ​ថ្នាក់​ស្រុក​ គាត់​ទៅ​ហ្នឹង​យក​ឡាន​ដឹក​បង្គោល​ស៊ីម៉ង់​ទៅ​បោះ​ទៅ​លើ​ចម្ការ​ដំឡូង​របស់​គាត់​ ដោត​ទៅ​លើ​ចម្ការ​ស្វាយ​របស់​គាត់​ ហើយ​បម្រាម​ដោយ​អី​ដោយ​មាន​កាំភ្លើង​ មាន​ប៉ូលីស​ មាន​ប៉េអឹម​ ប្រាប់​ថា​កុំប៉ះ​បង្គោល​ហ្នឹង​ កុំប៉ះ​ កុំប៉ះ​បង្គោល​ហ្នឹង​ តែ​ប៉ះ​គុក​ហើយ​»​។​

លោក លី គីមហុង​ បញ្ជាក់​បន្ថែម​ថា​ អាជ្ញាធរ​ក៏បាន​ចោទ​ប្រកាន់​ថា​ ប្រជាពលរដ្ឋ​មក​រស់​នៅ​លើដី​ដែល​មាន​ទំនាស់​យ៉ាង​អនាធិបតេយ្យ​ ហើយ​ថា​ដី​ដែល​រដ្ឋភិបាល​ប្រគល់​ជូន​ប្រជាពលរដ្ឋ​នេះ​ ថា​ជា​ដី​បម្រុង​របស់​រដ្ឋ​ សម្រាប់​បែង​ចែក​ជូន​ដល់​យោធិន​ចូល​និវត្តន៍។​ ​

​អនុក្រឹត្យ​លេខ​២៥៩​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរ​ថា​៖ «ផ្ទៃ​ដី​ទំហំ​ ១.៦២៨,៧៤១៤​ហិកតា កាត់​ចេញ​ពី​ក្រុមហ៊ុន​ First Bio-Tech Agricultural (Cambodia) Co,. Ltd ​ដើម្បី​ធ្វើ​អនុបយោគ​ជា​ដី​ឯក​ជន​របស់​រដ្ឋ​ សម្រាប់​ប្រទាន​កម្ម​ទំហំ​ ១.៣៧៧,២១៤៥​ ហិកតា​ ជាកម្ម​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ និង​ទំហំ​ ២៥១,៥២៦៩ ហិកតា​ រក្សា​ទុក​មួយ​ចំណែក​ជាដី​សា​ធារណៈ​របស់​រដ្ឋ​ នៅក្នុង​ភូមិ​តេជោ​ក្បាល​ដំរី​ ឃុំ​តេជា​អភិវឌ្ឍន៍»។

ទាក់ទង​នឹងទំនាស់​ដីធ្លី​នេះ​ តំណាង​ប្រជាពលរដ្ឋ​ពីរ​រូប​ រួម​មាន​លោក ​លី គឹមធុយ អាយុ​៣៤​ឆ្នាំ​ និង​លោក លី ​គឹមហៀង​ អាយុ៤៧​ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ចនៅ​ក្នុង​ខេត្ត​កំពត​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។​ ការ​ចាប់​ខ្លួនេះ​គឺ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ បន្ទាប់​ពីពួក​គេ​បាន​ធ្វើការ​តវ៉ានៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​

លោក ហេង វន្ថា​ អភិបាល​រង​ខេត្ត​កំពត​ បាន​ច្រាន​ចោល​នូវ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់​ពី​តំណាង​ប្រជាពលរដ្ឋ​ ហើយ​ថា​ លោក​កំពុង​អនុវត្ត​អនុក្រឹត្យ​មួយ​ផ្សេង​ទៀត​ គឺ​អនុក្រឹត្យ​លេខ​២១៩​សម្រាប់​ធ្វើ​សម្បទាន​ដី​សង្គម​កិច្ច​ជូន​អតីត​កងកម្លាំង​ប្រដាប់​អាវុធ​ និង​គ្រួសារ។​ លោក​បញ្ជាក់​ថា​ លោក​មិន​អាច​ទទួល​យក​បាន​ទេ​នូវ​អនុក្រឹត្យ​លេខ​២៥៩​ ហើយ​លោក​ក៏​មិន​បារម្ភ​ពី​ការ​ដក​ហូត​តំណែង​របស់​លោក​ផង​ដែរ។​

«ខ្ញុំ​អត់​មាន​ភ័យ​បារម្ភ​អី​ទេ​ រឿង​ដកហូត​តំណែង​ខ្ញុំ​ បើ​ខ្ញុំ​មិន​ធ្វើ​ខុស​ ពី​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ រឿង​អី​ដកហូត​តំណែង​ខ្ញុំ»។​

លោក​អភិបាល​រង​ខេត្ត​កំពត​រូបនេះ​ឲ្យ​ដឹង​ទៀត​ថា​ តំណាង​ពលរដ្ឋ​ពីរ​រូប​ដែល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ចាប់​ខ្លួន​ កាល​ពី​សប្តាហ៍​មុន​ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពត។​ VOA ​ព្យាយាម​សុំ​ការ​បញ្ជាក់​ពី​លោក​ ជុំ​ សំបាន ​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​កំពត​ តែ​លោក​មិន​លើក​ទូរស័ព្ទ។​ VOA​ ​ក៏​ពុំអាច​ទាក់ទង​លោក​ ផ្លាង​ ធិរិន​ ស្នងការ​ប៉ូលីស​ខេត្ត​កំពត​និង​លោកអិន​ ជីវា​ ស្នង​ការ​រង​ប៉ូលីស​ខេត្ត​កំពត​បាន​ដែរ។​

ការ​តវ៉ា​របស់​ក្រុម​និស្សិត​ និង​ប្រជាពលរដ្ឋ​កាល​ពី​ថ្ងៃ​អាទិត្យ ​ក៏​មាន​ការ​រំខាន​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញផង​ដែរ។​ នេះ​បើ​តាម​ការ​អះអាង​ពី​តំណាង​ប្រជាពលរដ្ឋ។​ ក៏ប៉ុន្តែ​លោក​ ឡុង ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ​ បាន​ថ្លែង​ថា​ ការ​តវ៉ា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​អនុញ្ញាត។​ លោក​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ពុំ​បាន​ចាត់​វិធានការ​អ្វី​នោះ​ទេ ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រាន់​តែ​ស្នើ​ឲ្យ​ក្រុម​អ្នកតវ៉ា​សុំ​ច្បាប់​អនុញ្ញាតពី​សាលាក្រុង​សម្រាប់​ធ្វើ​ការ​តវ៉ា​ប៉ុណ្ណោះ។​

ទំនាស់​ដី​ធ្លី​បាន​កើត​មាន​ឡើង​នៅ​ជាច្រើន​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​មាន​ជន​រងគ្រោះ​ខ្លះ​បាន​ប្រថុយ​គ្រោះថ្នាក់​ឡើង​មក​ប្តឹង​ដល់​លំនៅដ្ឋាន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​សភា​ជាតិ​ហើយ​អ្នក​ខ្លះ​ទៀត ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ពេល​កន្លង​មក៕

XS
SM
MD
LG