ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី​គ្រោង​ធ្វើ​ទស្សនកិច្ច​តំបន់​អាស៊ី​ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​អាមេរិក


នាយករដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន លោក Yoshihide Suga (ស្តាំ)​ ស្វាគមន៍​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo នៅ​មុន​កិច្ច​ប្រជុំ​របស់​ពួក​គេ​នៅ​ក្នុង​តូក្យូ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២០។
នាយករដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន លោក Yoshihide Suga (ស្តាំ)​ ស្វាគមន៍​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo នៅ​មុន​កិច្ច​ប្រជុំ​របស់​ពួក​គេ​នៅ​ក្នុង​តូក្យូ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២០។

អ្នក​ជំនាញ​និយាយ​ថា នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី​លោក Yoshihide Suga មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍​នៅ​ខែ​តុលា​នេះ ដែល​ភាគច្រើន​មើល​ទៅ​ជា​កាយវិការ​គាំទ្រ​ដល់​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​រួម​មាន​ទាំង​ការ​ចាប់ដៃ​ជាមួយ​នឹង​ប្រទេស​តូចៗ​ដែល​គេ​យល់​ថា កំពុង​ប្រឆាំង​នឹង​ការ​ពង្រីក​អំណាច​របស់​ចិន​ផង​ដែរ។

គម្រោង​របស់​លោកSuga ក្នុង​ការ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី និង​វៀតណាម​បង្ហាញ​ថា លោក​នឹង​ធ្វើ​តាម​មេដឹកនាំ​មុន​របស់​លោក​គឺ​លោក Shinzo Abe ដែល​បាន​ចុះចេញ​ពី​តំណែង​កាលពី​ខែកញ្ញា។ មក​ទល់​ពេល​នេះ​នៅ​ក្នុង​ប្រទេស​ជប៉ុន គេ​យល់​ថា លោក Suga ផ្តោត​ខ្លាំង​លើ​គោលនយោបាយ​ក្នុង​ស្រុក ដែល​ធ្វើ​ឱ្យ​លោក​មាន​រូបភាព​មិន​ល្អ​សម្រាប់​ទំនាក់ទំនង​ការ​បរទេស។

លោក Abe បាន​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​ជា​ដៃគូ​សន្តិសុខ​កំពូល​របស់​ជប៉ុន ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដែល​ប្រឆាំង​នឹង​សកម្មភាព​យោធា​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រទេស​ជប៉ុន ឬ​សហរដ្ឋអាមេរិក​មិន​មាន​ការ​ទាមទារ​ចំពោះ​ផ្លូវ​ទឹក​មាន​ជម្លោះ​នោះ​ទេ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​ចង់​ឱ្យ​ចិន​ទុក​ផ្លូវ​ទឹក​នេះ​សម្រាប់​ការ​ប្រើប្រាស់​អន្តរជាតិ។

ជា​ប្រវត្តិសាស្ត្រ ប្រទេស​ជប៉ុន​ឈរ​នៅ​ខាង​សហរដ្ឋអាមេរិក ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ២០១៧​មក រដ្ឋាភិបាល​ជប៉ុន​បាន​បង្ហាញ​ការ​ស្វាគមន៍​ទៅ​កាន់​ប្រទេស​ចិន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ខ្លួន ប៉ុន្តែ​មក​ទល់​ពេល​នេះ​មិន​បាន​បោះបង់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចោល​នោះ​ទេ។ អ្នកស្រី Yun Sun ដែល​ជា​អ្នកវិភាគ​ជាន់ខ្ពស់​សម្រាប់​កម្មវិធី​អាស៊ី​ខាង​កើត​នៅ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ Stimson ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​និយាយ​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​ស្វាគមន៍​ការ​បញ្ជាក់​ជំហរ​ឡើង​វិញ​ឬ​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ជប៉ុន។​

អ្នកស្រី Yun Sun បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ខ្ញុំ​គិត​ថា ច្បាស់​ណាស់​វា​ជា​អ្វី​ម្យ៉ាង​ដែល​សហរដ្ឋអាមេរិក​ចង់​ឃើញ ហើយ​នេះ​ជា​ចំណុច​មួយ​ដែល​ខ្ញុំ​គិត​ថា ជប៉ុន​ក៏​មិន​សូវ​មាន​ការ​លំបាក​នឹង​ធ្វើ​នោះ​ទេ។ វា​ប្រសើរ​ជា​ជាង​ចង្អុល​ដល់​ចិន​ដោយ​ផ្ទាល់ និង​ដោយ​ចំហ។ ដូច្នេះ ប្រទេស​ជប៉ុន​ចាប់​អារម្មណ៍អភិវឌ្ឍ និង​រឹតបណ្តឹង​ចំណង​ទាក់ទង​ជាមួយ​នឹង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ដោយ​ខ្លួន​ឯង»។

ប្រទេស​វៀតណាម​បាន​ប្រជែង​អធិបតេយ្យភាព​ជាមួយ​នឹង​ចិន​ដោយសារ​តែ​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ​៣,៥លាន​គីឡូម៉ែត្រ​ការ៉េ ហើយ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ធ្វើ​ការ​តវ៉ា នៅ​ពេល​ដែល​នាវា​ឆ្មាំ​សមុទ្រ​ចិន​បើក​កាត់​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែន​សមុទ្រ​របស់​ខ្លួន។ ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ចំនួន​៣ផ្សេង​ទៀត​និង​តៃវ៉ាន់​ក៏​ធ្វើ​ការ​ប្រជែង​ជាមួយ​ការ​ទាមទារ​របស់​ចិន​ដាច់​ដោយ​ឡែក​ពី​គ្នា​ផង​ដែរ ដោយសារ​តែ​សមុទ្រ​ចិន​ខាង​ត្បូង​មាន​សម្បូរ​ទៅ​ដោយ​ទិន្នផល​ត្រី និង​ប្រភព​ថាមពល។ ប្រទេស​ចិន​បាន​អះអាង​ថា ខ្លួន​មាន​សិទ្ធិ​លើ​ចំណែក​៩០%​នៃ​សមុទ្រ​នេះ ដែល​នេះ​ជា​កន្លែង​ដែល​ចិន​បាន​សាងសង់​កោះ​តូចៗ​ជាច្រើន ហើយ​ក្នុង​ករណី​មួយ​ចំនួន​វា​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលដៅ​យោធា។

ដោយសារ​តែ​ខ្លួន​មាន​ចំណង​ទាក់ទង​ស្រដៀង​គ្នា​នឹង​ប្រទេស​ទាមទារ​នៅ​អាស៊ីអាគ្នេយ៍​ផ្សេង​ទៀត ប្រទេស​ជប៉ុន​បាន​ប៉ះទង្គិច​ជាមួយ​នឹង​យន្តហោះ​ចម្បាំង​ចិន​ក្នុង​រយៈពេល​ពេល​២ទសវត្សរ៍​ចុង​ក្រោយ​នេះ​ដែល​បង្ក​ឡើង​ដោយសារ​ផ្នែក​នៃ​សមុទ្រ​ចិន​ខាង​កើត ដែល​ជា​កន្លែង​ដែល​ប្រទេស​ទាំង​២​មាន​ជម្លោះ​អធិបតេយ្យភាព។

លោក Jeffrey Kingston គ្រូ​បង្រៀន​ប្រវត្តិសាស្ត្រ​នៅ​សាខា​សាកលវិទ្យាល័យ Temple ក្នុង​ប្រទេស​ជប៉ុន​បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​នេះ​អាច​នឹង​ជួយ​លោក Suga «ពង្រីក​អំណាច​របស់​លោក» ក្នុង​នយោបាយ​ការ​ទូត។ លោក Suga មើល​ទៅ​មាន​ពូកែ​ខាង​គោលនយោបាយ​ក្នុង​ស្រុក​ជាង​គោលនយោបាយ​ការ​បរទេស។

របាយការណ៍​សារព័ត៌មាន​ពី​ប្រទេស​ជប៉ុន​បាន​ឲ្យដឹង​ថា កាល​ពី​ដើមខែ​តុលា រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើ​កិច្ច​ចរចា​រដ្ឋមន្ត្រី​លើក​ទី២​ក្នុង​ចំណោម​មន្ត្រី​ក្រុមប្រទេស​សម្ព័ន្ធមិត្ត​ចំនួន​៤​របស់​ប្រទេស​លោក​ខាង​លិច​ដែល​មាន​ការ​ព្រួយបារម្ភ​ពី​ការ​ពង្រីក​អំណាច​កងទ័ព​ជើង​ទឹក​របស់​ចិន។ ប្រទេស​អូស្ត្រាលី ឥណ្ឌា និង​សហរដ្ឋអាមេរិក​គឺ​ជា​ប្រទេស​៣ផ្សេង​ទៀត​ដែល​ចូលរួម​ក្នុង​កិច្ច​ចរចា​នេះ។

លោក Michael Pompeo រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​បាន​ជំរុញ​ឱ្យ​មន្ត្រី​ផ្សេង​ទៀត​ចូលរួម​ដើម្បី​ការពារ «ដៃគូ» ពី​«ការ​ឈ្លានពាន អំពើ​ពុករលួយ និង​ការ​បង្ខិតបង្ខំ» ពី​គណបក្ស​កាន់​អំណាច​របស់​ចិន។ ប្រទេស​ចិន​បាន​តវ៉ា​ដោយ​ជំរុញ​ឱ្យ​មាន​ការ​អត់ឱន​ឱ្យ​គ្នា​ឱ្យ​កាន់​តែ​ច្រើន។ ក្រុម​ប្រទេស សម្ព័ន្ធមិត្ត​ចំនួន​៤​របស់​ប្រទេស​លោក​ខាង​លិច​យល់ព្រម​ថា​នឹង​ជួប​ពិភាក្សា​គ្នា​ម្តង​ទៀត។

លោក Kingston បាន​ថ្លែង​ថា៖ «ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​បរទេស​របស់​ជប៉ុន មាន​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដ៏​សំខាន់​ចំនួន​២ ប៉ុន្តែ​ច្បាស់​ណាស់ ការ​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​ក្រុម​ប្រទេស​សម្ព័ន្ធ​មិត្ត​ទាំង៤​នៅ​ក្នុង​ក្រុង​តូក្យូ​អាច​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ»។

លោក Pompeo បាន​និយាយ​កាលពី​ខែកក្កដា​ថា សហរដ្ឋអាមេរិក​នឹង​គាំទ្រ​ប្រទេស​តូចៗ​ដែល​យល់​ថា ខ្លួន​ត្រូវ​រង​សម្ពាធ​ពី​ការ​ពង្រីក​អំណាច​កង​ទ័ព​ជើង​ទឹក​របស់​ចិន។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ជា​គូប្រជែង​មហាអំណាច​ចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់​មក​បាន​ជាប់​ខ្លួន​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​បច្ចេកវិទ្យា និង​កុងស៊ុល​ក្នុង​រយៈពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ។ សហរដ្ឋអាមេរិក​ចាត់​ទុក​ប្រទេស​ជប៉ុន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ប្រជាធិបតេយ្យ​នៅ​អាស៊ី​ដែល​ខ្លួន​អាច​ពឹងផ្អែក​បាន​សម្រាប់​ការ​គាំទ្រ​លើ​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី។

នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Abe ដែល​ជា​នាយករដ្ឋមន្ត្រី​កាន់​តំណែង​យូរ​បំផុត​របស់​ជប៉ុន ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​បាន​យល់​ព្រម​ជាមួយ​នឹង​ប្រទេស​វៀតណាម​កាលពី​ខែកក្កដា​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​សាងសង់​នាវា​ល្បាត​ចំនួន​៦​សម្រាប់​ឆ្មាំ​សមុទ្រ​វៀតណាម។ នាវា​ទាំង​នេះ​នឹង​ត្រូវ​សាងសង់​នៅ​ក្នុង​ប្រទេស​ជប៉ុន។ ប្រទេស​ជប៉ុន​គឺ​ជា​ប្រទេស​ម្ចាស់​ជំនួយ​ធំ​បំផុត​សម្រាប់​ប្រទេស​ឥណ្ឌូណេស៊ី​រួច​ទៅ​ហើយ ដោយ​បាន​រួម​ចំណែក​៤៥%​នៃ​ជំនួយ​បរទេស​ទាំង​អស់​សម្រាប់​ការ​អភិវឌ្ឍ​ចាប់តាំងពី​ឆ្នាំ១៩៦០។

លោក Kingston បាន​និយាយ​ថា ប្រទេស​ជប៉ុន​មើល​ឃើញ​ប្រទេស​ឥណ្ឌូណេស៊ី និង​ប្រទេស​វៀតណាម​ថា​ជា «មេដឹកនាំ២​នៅ​អាស៊ីអាគ្នេយ៍» ដោយសារ​ឥណ្ឌូណេស៊ី​មាន​ប្រជាជន​២៦៧លាន​នាក់ ហើយ​វៀតណាម​ជា​ប្រធាន​សមាគម​អាស៊ាន​ឆ្នាំ២០២០។

លោក Collin Koh អ្នក​ស្រាវជ្រាវ​លើ​សន្តិសុខ​ដែន​សមុទ្រ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang ក្នុង​ប្រទេស​សិង្ហបុរី​បាន​និយាយ​ថា៖ «លោក Suga ចង់​បង្កើន​កិត្តិនាម​ផ្នែក​ការទូត​របស់​លោក ដោយសារ​តែ​ជា​ទូទៅ លោក Suga ត្រូវ​បាន​គេ​ស្គាល់​ថា មាន​កិត្តិនាម​ផ្នែក​គោលនយោបាយ​ក្នុង​ស្រុក ដូច្នេះ​លោក​មិន​មាន​ភាព​ប៉ិនប្រសប់​ចំពោះ​គោលនយោបាយ​ការបរទេស​ដូច​មេដឹកនាំ​មុន​របស់​លោក​នោះ​ទេ»។

លោក Abe គឺ​ជា​អ្នក​គាំទ្រ​សហរដ្ឋអាមេរិក​ដ៏​ស្មោះត្រង់​មួយ​ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ២០១៧ បាន​បង្ហាញ​ចំណាប់អារម្មណ៍​ចូលរួម​ជាមួយ​នឹង​គម្រោងក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន ហៅ​កាត់​ថា BRI ដែល​ឥឡូវ​នេះ​មាន​អាយុកាល​៧ឆ្នាំ​មក​ហើយ និង​មាន​ទឹកប្រាក់​ជាង​១លាន​លាន​ដុល្លារ។ គម្រោង​នេះ​នឹង​សាងសង់​ហេដ្ឋរចនាសម្ព័ន្ធ​នៅ​ទូទាំង​អាស៊ី​ខាង​កើត និង​បង្កើត​ផ្លូវ​ពាណិជ្ជកម្ម។​អ្នកស្រី Sun បាន​និយាយ​ថា នៅ​ពេល​នោះ​មាន​ «ភាព​រកាំរកូស» ដោយសារ​តែ​ជំហរ​របស់​ចិន និង​ជប៉ុន។ ភាគី​ទាំង​សង​ខាង​បាន​ឈ្លោះប្រកែក​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​លើ​បង្ហាញ​សមុទ្រ​ចិន​ខាង​កើត និង​បញ្ហា​សេសសស់​ពី​សង្គ្រាម​លោក​លើក​ទី២៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG