រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានព្រមាននៅថ្ងៃអង្គារនេះអំពី «ទង្វើទុច្ចរិតនៅក្នុងតំបន់» របស់រដ្ឋាភិបាលក្រុងប៉េកាំង នៅពេលដែលលោកជួបជាមួយសម្ព័ន្ធមិត្តសំខាន់ៗក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីបង្ហាញអំពីសាមគ្គីភាពមួយ ប្រឆាំងនឹងប្រទេសចិនដែលកំពុងបង្កើនឥទ្ធិពល។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ប្រមុខការទូតអាមេរិករូបនេះបានជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន អូស្ត្រាលី និងឥណ្ឌាក្នុងដំណើរទស្សនកិច្ចមួយដែលត្រូវបានបង្រួម ក្រោយពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងបុគ្គលិកក៏ដូចជាទីប្រឹក្សារបស់លោកមួយចំនួនបានឆ្លងជំងឺកូវីដ១៩។
បើយោងតាមមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ជំនួបដំបូងរបស់លោក Pompeo គឺជាមួយនឹងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីអ្នកស្រី Marise Payne។ អ្នកទាំងពីរ «បានពិភាក្សាគ្នាអំពីក្ដីកង្វល់រួមទាក់ទិននឹងទង្វើទុច្ចរិតរបស់ប្រទេសចិននៅក្នុងតំបន់»។
នៅក្នុងជំនួបនៅក្នុងទីក្រុងតូក្យូនេះ សហរដ្ឋអាមេរិក អូស្រ្តាលី និងឥណ្ឌា បានរួមគ្នាប្រឆាំងនឹងរដ្ឋាភិបាលចិន។ ចំណែកឯប្រទេសជប៉ុនវិញស្ថិតក្នុងស្ថានភាពមួយ ដែលត្រូវប្រកាន់ជំហរឈរជាមួយសម្ព័ន្ធមិត្ត ហើយស្របពេលនោះដែរ ព្យាយាមរក្សាទំនាក់ទំនងដែលមានភាពប្រសើរឡើងដោយសន្សឹមៗជាមួយនឹងប្រទេសចិន។
លោក Pompeo គឺជាមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកដំបូងដែលបានធ្វើដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសជប៉ុនលោក Yoshihide Suga បានចូលកាន់តំណែងកាលពីខែមុនមក។ លោក Pompeo បានថ្លែងថា លោកមានទំនុកចិត្តថា រដ្ឋាភិបាលក្រុងតូក្យូ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើរលើផ្លូវតែមួយ។
លោក Pompeo បានបញ្ជាក់នៅពេលចាប់ផ្ដើមពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi ថា៖ «នៅក្នុងការលើកឡើងដំបូងរបស់លោក បន្ទាប់ពីបានឡើងកាន់តំណែងមក លោកនាយករដ្ឋមន្ត្រី Suga បានបញ្ជាក់អំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរី និងបើកចំហ ថាជា «មូលដ្ឋានគ្រឹះនៃសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់»។ លោក Pompeo ថា លោកគាំទ្រទាំងស្រុងចំពោះការលើកឡើងនេះ។
ប៉ុន្តែប្រទេសជប៉ុនបានទទូចថា ការពិភាក្សាលើកនេះ គឺមិនសំដៅផ្ទាល់លើប្រទេសណាមួយនោះទេ។ ក្រសួងការបរទេសជប៉ុនបានបង្ហាញអំពីសេចក្ដីសង្ខេបដ៏ទូលំទូលាយអំពីការពិភាក្សានេះ ដោយបានបញ្ជាក់ថា ការពិភាក្សានេះផ្ដោតលើ «ស្ថានភាពនៅក្នុងសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង និងកូរ៉េខាងជើង»។
លោក Pompeo បានត្រឡប់ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនវិញ នៅល្ងាចថ្ងៃអង្គារនេះ។ គម្រោងទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកូរ៉េខាងត្បូង និងម៉ុងហ្គោលី ត្រូវបានលុបចោល៕