បើយោងតាមការស្ទង់មតិរបស់ប្រជាជនក្នុងបណ្ដាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យជឿនលឿន កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិរបស់ប្រទេសចិន បានដាំក្បាលចុះខ្លាំង ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩។
នៅក្នុងការស្ទង់មតិតាមទូរស័ព្ទមួយ ដែលមានអ្នកចូលរួមជាង ១ ម៉ឺន ៤ ពាន់នាក់ មកពីប្រទេសចំនួន ១៤ ពីចន្លោះខែមិថុនានិងខែសីហា ដែលធ្វើឡើងដោយ មជ្ឈមណ្ឌល Pew Research Center ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបង្ហាញថា ៦១% នៃអ្នកចូលរួមបាននិយាយថា រដ្ឋាភិបាលក្រុងបេកាំង ដោះស្រាយការផ្ទុះឡើងនៃជំងឺកូវីដ១៩ មិនបានល្អ ហើយ ៣៧% ទៀតបានឆ្លើយថា ប្រទេសចិនដោះស្រាយបានល្អគួរសម។
ការតានតឹងរវាងអូស្ត្រាលីនិងរដ្ឋាភិបាលក្រុងប៉េកាំង បានកើនឡើងចាប់តាំងពីរដ្ឋាភិបាលកង់បេរ៉ា បានអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យអំពីប្រភពនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណាដែលត្រូវបានគេរកឃើញមុនដំបូងកាលពីឆ្នាំទៅនៅក្នុងទីក្រុងវូហានភាគកណ្តាលប្រទេសចិន។ រដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើការសងសឹកវិញដោយការយកពន្ធគយយ៉ាងខ្លាំងលើទំនិញរបស់អូស្ត្រាលីដែលនាំ ចូលក្នុងប្រទេសចិន ដោយកើនឡើងចំនួន៥៧ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩។ ការណ៍នេះជាការកើនឡើងយ៉ាងខ្លាំងនូវទស្សនៈអវិជ្ជមានចំពោះចិនក្នុងចំណោមប្រទេសទាំងនោះ ។
ចំនួនអ្នកចូលរួម ៧៨% មានទស្សន:អវិជ្ជមានលើលោកប្រធានាធិបតី Xi Jinping ដោយនិយាយថាពួកគេមានទំនុកចិត្តតិចតួច ឬគ្មានទាល់តែសោះ លើលោក Xi ក្នុងការដោះស្រាយបញ្ហាសាកលលោកឲ្យបានត្រឹមត្រូវ ។
ប្រទេសទាំង ១៤ ដែលចូលរួមធ្វើការស្ទង់មតិនេះរួមមាន៖ ជប៉ុន ស៊ុយអ៊ែត អូស្ត្រាលី អង់គ្លេស ប៊ែលហ្ស៊ិក កាណាដា ដាណឺម៉ាក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ កូរ៉េខាងត្បូង អេស្ប៉ាញ និងសហរដ្ឋអាមេរិក៕