ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេតុអ្វី​បាន​ជា​ប្រេសិត​ផ្នែក​គ្រប់​គ្រង​សព្វាវុធ​អាមេរិក​ទៅ​វៀតណាម​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​ខ្លី​ទៅ​កាន់​តំបន់​អាស៊ី?


រូបឯកសារ៖ ទង់ជាតិ​អាមេរិក​និង​វៀតណាម ត្រូវ​បាន​ដាក់​បង្ហាញ ក្នុង​អំឡុងពេល​ទស្សនកិច្ច​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama ទៅ​កាន់​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦។

អ្នក​ជំនាញ​និយាយ​ថា មន្ត្រី​ទទួល​បន្ទុក​ផ្នែក​គ្រប់គ្រង​សព្វាវុធ​សហរដ្ឋអាមេរិក​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​វៀតណាម ដែល​ជា​សត្រូវ​ក្នុង​សង្គ្រាម​កុម្មុយនិស្ត​កាលពី​៥ទសវត្សរ៍​មុន ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​អំពី​ការ​គំរាមកំហែង​ពី​ប្រទេស​ចិន ដោយសារ​តែ​មន្ត្រី​វៀតណាម​មាន​តួនាទី​នៅ​ក្នុង​អង្គការ​អន្តរជាតិ​សំខាន់ៗ​ និង​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រទេស​លោក​ខាង​លិច។

លោក Marshall Billingslea ប្រេសិត​ទទួល​បន្ទុក​ផ្នែក​គ្រប់គ្រង​សព្វាវុធ​តំណាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ជួប​ជាមួយ​នឹង​ក្រុម​មន្ត្រី​វៀតណាម​ដើម្បី​ពិភាក្សា​ពី​ការ​ពង្រីក​អំណាច​នៅ​ក្រៅ​ប្រទេស​របស់​ចិន​ រួម​ទាំង​ការ​ភ័យខ្លាច​ពី​ការ​ប្រមូល​ផ្តុំ​អាវុធ​នុយក្លេអ៊ែរ​ដែល​កំពុង​តែ​កើន​ឡើង។ នេះ​ជា​អ្វី​ដែល​លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន។ ប្រេសិត​រូប​នេះ​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​យូរលង់​មក​ហើយ​របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​ដំណើរ​តែ​មួយ​នេះ។

លោក Alexander Vuving សាស្ត្រាចារ្យ​នៅ​មជ្ឈមណ្ឌល​អាស៊ី ប៉ាស៊ីហ្វិក Daniel K. Inouye សម្រាប់​ការ​សិក្សា​សន្តិសុខ​នៅ​ក្នុង​រដ្ឋ Hawaii សហរដ្ឋអាមេរិក​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «យើង​ដឹង​ថា សហរដ្ឋអាមេរិក​បាន​ទទួល​ស្គាល់​សក្តានុពល​យុទ្ធសាស្ត្រ​របស់​ប្រទេស​វៀតណាម​នៅ​តំបន់​អាស៊ី និង​ទទួល​ស្គាល់​ថា សក្តានុពល​យុទ្ធសាស្ត្រ​របស់​ប្រទេស​វៀតណាម​កំពុង​កើន​ឡើង ស្រប​ពេល​មាន​ការ​ប្រជែង​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ដូច្នេះ​ខ្ញុំ​គិត​ថា ការ​ពិភាក្សា​ជាច្រើន​អាច​នឹង​លើក​ឡើង​អំពី​តុល្យភាព​អំណាច​នៅ​ក្នុង​តំបន់ រួម​ទាំង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ»។​

អ្នក​វិភាគ​បាន​និយាយ​ថា ប្រទេស​វៀតណាម​នៅ​ឆ្នាំ​នេះ​បាន​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​និង​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន ដែល​ជា​តំបន់​ទាក់ទាញ​សម្រាប់​គណៈប្រតិភូ​សហរដ្ឋអាមេរិក។ មេដឹកនាំ​វៀតណាម​បាន​បើក​ប្រទេស​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ថ្នាក់​កំពូល​ផ្សេងៗ​ទៀត​របស់​សហរដ្ឋអាមេរិក ​ការ​លក់​អាវុធ​ពី​ប្រទេស​ឥណ្ឌា​ដែល​ជា​សម្ព័ន្ធមិត្ត​ប្រទេស​លោក​ខាង​លិច និង​ការ​ចូលចត​របស់កងទ័ព​ជើង​ទឹក​របស់​អូស្ត្រាលី។

លោក Billingslea បាន​និយាយ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​តាម​ទូរស័ព្ទ​ក្នុង​សម្តី​ដើម​ថា «យើង​បាន​ប្រឹងប្រែង​រក​ព័ត៌មាន​អំពី​វិធី​នៃ​ការ​ប្រើប្រាស់​យន្តការ​ពហុភាគី ដោយសារ​តែ... នៅ​ពេល​យើង​និយាយ​ពី​អ្វី​ដែល​ចិន​កំពុង​ធ្វើ យើង​មិន​មែន​គ្រាន់​តែ​និយាយ​អំពី​ការ​ប្រជែង​អំណាច​នោះ​ទេ»។

រូបឯកសារ៖ លោក Marshall Billingslea (កណ្ដាល) ប្រេសិត​ទទួល​បន្ទុក​ផ្នែក​គ្រប់គ្រង​សព្វាវុធ​តំណាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដើរ​បណ្ដើរ​គ្នា​ជាមួយ​នឹង​កងកម្លាំង​ផ្លូវអាកាសអាមេរិក​កាល​ពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Marshall Billingslea (កណ្ដាល) ប្រេសិត​ទទួល​បន្ទុក​ផ្នែក​គ្រប់គ្រង​សព្វាវុធ​តំណាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដើរ​បណ្ដើរ​គ្នា​ជាមួយ​នឹង​កងកម្លាំង​ផ្លូវអាកាសអាមេរិក​កាល​ពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។

ដូច​សហរដ្ឋអាមេរិក​ដែរ ប្រទេស​វៀតណាម​បាន​ខឹងសម្បា​នឹង​ការ​ពង្រីក​អំណាច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ការ​ទាមទារ​លើ​អធិបតេយ្យភាព​របស់​ចិន​ចំពោះ​ផ្ទៃ​ទឹក​ប្រមាណ៩០%​ជាន់​គ្នា​ជាមួយ​នឹង​ការ​ទាមទារ​របស់​វៀតណាម ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និង​ហ្វីលីពីន ដែល​ប្រទេស​ទាំង​អស់​នេះ​សុទ្ធ​តែ​មាន​យោធា​ខ្សោយ​ជាង​ចិន។​

សហរដ្ឋអាមេរិក​បាន​ប្រយុទ្ធ​ជាមួយ​នឹង​កងកម្លាំង​កុម្មុយនិស្ត​វៀតណាម​អស់​រយៈពេល​១២ឆ្នាំ ដែល​នៅ​ពេល​នោះ​កងកម្លាំង​វៀតណាម​ព្យាយាម​ដណ្តើម​យក​អំណាច​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស។​ កងកម្លាំង​សហរដ្ឋអាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម​នៅ​ក្នុង​ឆ្នាំ១៩៧៣ ហើយ​កងកម្លាំង​កុម្មុយនិស្ត​វៀតណាម​បាន​ក្តោបក្តាប់​អំណាច​ទាំង​អស់​នៅ​ក្នុង​ប្រទេស​វៀតណាម​នៅ​ក្នុង​ឆ្នាំ១៩៧៥។

ក្រុម​មន្ត្រី​កុម្មុយនិស្ត​នៃ​រដ្ឋាភិបាល​នៅ​ទីក្រុង​ហាណូយ​សព្វ​ថ្ងៃ​នេះ​នៅ​តែ​មាន​ទំនាក់ទំនង​គណបក្សនិង​គណបក្ស​ដ៏​ពិសេស​មួយ​ជាមួយ​នឹង​ចិន និង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​កូរ៉េខាងជើង ដែល​ជា​ប្រទេស​កុម្មុយនិស្ត​មួយ​ទៀត​ដែល​ធ្វើ​ឱ្យ​មន្ត្រី​សហរដ្ឋអាមេរិក​មាន​ការ​ខឹងសម្បា។

លោក Carl Thayer សាស្ត្រាចារ្យ​ចូល​និវត្តន៍​នៅ​សាកលវិទ្យាល័យNew South Wales នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​និយាយ​ថា សហរដ្ឋអាមេរិក​អាច​សង្ឃឹម​ថា នឹង​ទទួល​បាន​ព័ត៌មាន​ពី​ប្រទេស​វៀតណាម​ពី​របៀប​ដែល​វៀតណាម​អាច​ទាក់ទង​ជាមួយ​នឹង​ប្រទេស​កូរ៉េខាងជើង​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ី​ដែល​នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ២០២០។ លោក​បាន​និយាយ​បន្ថែម​ទៀត​ថា ប្រទេស​វៀតណាម​អាច​នឹង​ពិនិត្យមើល​ទស្សនៈ​របស់​ប្រទេស​អាស៊ាន​ផ្សេង​ទៀត និង​តាមដាន​យ៉ាង​សកម្ម​លើ​សន្តិសុខ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។​

លោក Thayer បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ចំណុច​សំខាន់​គឺ​ថា សហរដ្ឋអាមេរិក​មើល​ឃើញ​ថា វៀតណាម​ជា​អ្នក​ដើរ​តួ​ម្នាក់​ដែល​ខ្លួន​អាច​ផ្លាស់ប្តូរ​គំនិត​ជាមួយ និង​អាច​មាន​ឥទ្ធិពល​នៅ​ក្នុង​កម្រិត​អាស៊ាន និង​អង្គការ​សហប្រជាជាតិ និង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង ដែល​ប្រទេស​ជាច្រើន​មិន​មាន»។

ប្រទេស​កូរ៉េខាងជើង​បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​មាន​ការ​ខឹងសម្បា​ដោយ​ការ​សាកល្បង​បាញ់​មីស៊ីល​នៅ​ក្បែរ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង។ កិច្ចប្រជុំ​នៅ​ក្នុង​ឆ្នាំ២០១៨ និង​២០១៩​រវាង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​ គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង​បាន​បរាជ័យ និង​មិន​បាន​បញ្ឈប់​ការ​បាញ់​សាកល្បងនោះ​ទេ។

លោក Vuving បាន​និយាយ​ថា ប្រេសិត​ទទួល​បន្ទុក​ផ្នែក​គ្រប់គ្រង​សព្វាវុធ​របស់​សហរដ្ឋអាមេរិក​កម្រ​លើក​យក​បញ្ហា​អាវុធ​នុយក្លេអ៊ែរ ដែល​ជា​របៀបវារៈ​កំពូល​របស់​ខ្លួន​ទៅ​ពិភាក្សា​ជាមួយ​នឹង​ប្រទេស​តូចៗ​ណាស់។ ប្រទេស​វៀតណាម​មាន​ប្រព័ន្ធ​ការពារ​មីស៊ីល​ ប៉ុន្តែ​មិន​មាន​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ។ បើ​យោង​តាម​ទិន្នន័យ​របស់​គេហទំព័រ GlobalFirePower.com ប្រទេស​វៀតណាម​ជា​ប្រទេស​មាន​កងកម្លាំង​ប្រដាប់​អាវុធ​ខ្លាំង​បំផុត​លំដាប់​ទី២២​នៅ​ក្នុង​ពិភពលោក។

លោក Billingslea បាន​និយាយ​នៅ​ក្នុង​ការ​ឆ្លើយឆ្លង​ជាមួយ​នឹង​សារព័ត៌មាន​តាម​ទូរស័ព្ទ​ថា ប្រទេស​ចិន​គឺ​ជា​អ្នក​ចរចា​សំខាន់​បំផុត។ លោក Billingslea បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «យើង​កំពុង​និយាយ​ពី​អំណាច​គ្រោះថ្នាក់ ​ផ្តាច់ការ​ដែល​មាន​នៅ​ក្នុង​កម្មវិធី​ផលិត​មីស៊ីល​ទ្រង់ទ្រាយ​ធំ និង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដោយ​សម្ងាត់»។ លោក​បាន​បន្ថែម​ថា ប្រទេស​ចិន​មិន​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​ទាក់ទង​នឹង​សន្តិភាព​នៅ​ក្នុង​សមុទ្រ​មាន​ជម្លោះ ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង «រឹតត្បិត» សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​លើ​ផ្ទៃ​ទឹក​នៅ​តំបន់​ជម្លោះ​នោះ។

ប្រេសិត​រូប​នោះ​បាន​ភ្ជាប់​ប្រទេស​កូរ៉េខាងជើង​ទៅ​នឹង «បញ្ហា​ប្រឈម​សំខាន់ៗ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​អាវុធ​នុយក្លេអ៊ែរ»។

ការ​ចាក់​បំពេញ​ដី​នៅ​លើ​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ​ ដោយ​កន្លែង​មួយ​ចំនួន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលដៅ​យោធា នៅ​ក្នុង​ឆ្នាំ២០១៧​បាន​ធ្វើ​ឱ្យ​ប្រទេស​ទាមទារ​ចំនួន​៥ផ្សេង​ទៀត​មាន​ការ​ខឹងសម្បា រួម​ទាំង​ប្រទេស​វៀតណាម​ដែល​បាន​រិះគន់​ដោយ​ឥត​សំចៃ​ផង​ដែរ។ នាវា​របស់​ចិន​បាន​ឆ្លង​កាត់​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែន​សមុទ្រ​របស់​វៀតណាម ម៉ាឡេស៊ី​ និង​ឥណ្ឌូណេស៊ី​នៅ​ក្នុង​ឆ្នាំ​នេះ។ ប្រទេស​ទាមទារ​ទាំង​អស់​ផ្តល់​តម្លៃ​ដល់​សមុទ្រ​ទំហំ​៣,៥លាន​គីឡូម៉ែត្រ​ការ៉េ​នេះ​ដោយសារ​តែ​មាន​ទិន្នផល​នេសាទ និង​ប្រភព​ថាមពល​របស់​វា។​

អ្នក​វិភាគ​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​មាន​ការ​ទាមទារ​ចំពោះ​សមុទ្រ​នេះ​នោះ​ទេ ប៉ុន្តែ​ចង់​បញ្ឈប់​ប្រទេស​ចិន ដែល​ជា​គូប្រជែង​មហាអំណាច​ពិភពលោក​មួយ​ មិន​ឱ្យ​ក្តោបក្តាប់​អំណាច​លើ​ដែន​សមុទ្រ​នេះ​ខ្លាំង​ពេក។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នៅ​ក្នុង​ឆ្នាំ២០១៦​បាន​ដក​ចេញ​នូវ​ទណ្ឌកម្ម​ដែលហាមឃាត់​លើ​ការ​លក់​អាវុធ​ប្រល័យ​ឲ្យ​វៀតណាម។ លោក Stephen Nagy សាស្ត្រាចារ្យ​ជាន់​ខ្ពស់​ជំនាញ​ការ​សិក្សា​អន្តរជាតិ​និង​នយោបាយ​នៅ​សាកលវិទ្យាល័យInternational Christian ក្នុង​ក្រុង​តូក្យូ​និយាយ​ថា នៅ​ពេល​នេះ ប្រេសិតរូប​នេះ​មើល​ឃើញ​វៀតណាម​ថា​ជា «ឧបករណ៍​មួយ» ក្នុង​ការ​ត្រួតពិនិត្យ​សកម្មភាព​ចិន ដោយសារ​តែ​ការ​តវ៉ា​ជាច្រើន​របស់​ខ្លួន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Nagy បាន​និយាយ​ថា លោកBillingslea ប្រហែល​ចង់​ឱ្យ​ជប៉ុន កូរ៉េខាងត្បូង និង​វៀតណាម​រួម​គ្នា​ប្រឆាំង​នឹង​ចិន។

លោក Nagy បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ខ្ញុំ​គិត​ថា ប្រសិនបើ​ពួកគេ​អាច​ទាញ​យក (វៀតណាម) ឱ្យ​នៅ​ខាង​របស់​ពួកគេ នេះ​នឹង​មាន​សារៈសំខាន់​ណាស់ ពាក់ព័ន្ធ​ទៅ​នឹង​ការ​កំណត់​បន្ទាត់​ក្រហម​ដើម្បី​ឲ្យ​ចិន​ដក​ថយ ឬ​បញ្ឈប់​សកម្មភាព​បែប​បង្ក​រឿង​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ជា​ទូទៅ»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG