ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ក្នុង​រដ្ឋ New Hampshire បញ្ចេញ​មតិ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី


បុរសម្នាក់បានដើរចេញពីប្រអប់បោះឆ្នោត សម្រាប់ការបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យនៅរដ្ឋ New Hampshire ក្នុងសាលាបឋមសិក្សា Parker-Varney ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

ការ​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ New Hampshire ភាគ​ឦសាន​សហរដ្ឋ​អាមេរិក ដើម្បី​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​របស់​ខ្លួន​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ។

ការ​បោះ​ឆ្នោត​ទម្រង់ primary នេះ ​គឺ​ជា​ការ​ប្រកួត​ប្រជែង​លើក​ទី​ពីរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​តែងតាំង​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស តាំង​ពី​ការ​បោះ​ឆ្នោត caucus ដែល​ជា​ការ​បោះ​ឆ្នោត​ដូច​គ្នា​នេះ​ដែរ​ ប៉ុន្តែ​ក្នុង​ទម្រង់​ផ្សេង បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ Iowa កាល​ពី​សប្ដាហ៍​មុន។

នៅ​មុន​ការ​បោះ​ឆ្នោត​នេះ​ចូល​មក​ដល់ អ្នកស្រី Diane Savoie ដែល​ជា​អ្នក​បោះ​ឆ្នោត​ម្នាក់​នៃ​រដ្ឋ New Hampshire នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ​នេះ កំពុង​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​តើ​គួរ​បោះ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Minnesota អ្នកស្រី Amy Klobuchar ឬ​ក៏​បោះ​ឲ្យ​អតីត​អភិបាល​ក្រុង South Bend រដ្ឋ Indiana លោក Pete Buttigieg។

ការ​សម្រេច​ចិត្ត​របស់​អ្នកស្រី​ គឺ​អាស្រ័យ​លើ​កត្តា​មួយ ដែល​នោះ​គឺ​អ្នក​ដែល​អាច​ផ្ដួល​លោក​ប្រធានាធិបតី Donald Trump បាន។

ហាង Granite State Candy Shoppe គឺ​ជា​អាជីវកម្ម​របស់​ក្រុម​គ្រួសារ​លោក Bart អស់​រយៈពេល​ជិត ១០០ ឆ្នាំ​មក​ហើយ។ លោក Jeff Bart ដែល​ជា​ម្ចាស់​អាជីវកម្ម​បាន​និយាយ​ថា លោក​ចង់​បាន​បេក្ខជន​ណា​ដែល​អាច​ដឹកនាំ​ប្រទេស​ដូច​លោក​ដឹកនាំ​អាជីវកម្ម​របស់​លោក​ដូច្នេះ​ដែរ គឺ​អ្នក​ដែល​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន។

លោក Bart ថ្លែង​ដូច្នេះ​ថា៖ «ពួក​យើង​នៅ​ភាគ​ឦសាន​ប្រទេស​នេះ​គឺ​ជា​ពលរដ្ឋ​អាមេរិកាំង​ដែល​ចេះ​សន្សំសំចៃ។ យើង​មិន​ចង់​ខ្ជះខ្ជាយ​ថវិកា​នោះ​ទេ‍»។

នៅ​ទី​នេះ អត្ត​ចរិត​បែប​ឯករាជ្យ​របស់​ពលរដ្ឋ​បង្ហាញ​ឲ្យ​ឃើញ​ពី​វិធី​ដែល​ពួកគេ​បោះ​ឆ្នោត។ អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ និង​អ្នក​ឯករាជ្យ​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​បាន ប៉ុន្តែ​នេះ​គឺ​ជា​រដ្ឋ New Hampshire ដែល​ជា​រដ្ឋ​មួយ​ដែល​គេ​អាច​ព្យាករណ៍​ធាតុ​អាកាស​បាន ប៉ុន្តែ​មិន​អាច​ព្យាករណ៍​ច្រើន​អំពី​ការ​សម្រេច​ចិត្ត​របស់​អ្នក​បោះ​ឆ្នោត​បាន។

អ្នកស្រី Nicole Ruane ដែល​ជា​អ្នក​បោះ​ឆ្នោត​ម្នាក់​នៃ​រដ្ឋ New Hampshire និយាយ​ថា៖ «ខ្ញុំ​នៅ​មិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ‍»។

ចំណែក​ឯ​លោក Alex Campbell ដែល​ជា​អ្នក​បោះ​ឆ្នោត​ម្នាក់​ទៀត​នៃ​រដ្ឋ New Hampshire បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា មាន​ហានិភ័យ​ខ្ពស់​បន្តិច ដូច្នេះ​វា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ‍»។

អ្នក​បោះ​ឆ្នោត​ឯករាជ្យ​មាន​ចំនួន ៤៣ ភាគរយ​នៃ​អ្នក​បោះ​ឆ្នោត​សរុប​នៅ​ក្នុង​រដ្ឋ New Hampshire។

លោក​វិស្វករ Andy Mertinooke ធ្វើ​ការ​នៅ​ក្រុមហ៊ុន Waypoint Robotics ដែល​ជា​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​មួយ​នៅ​ក្នុង​រដ្ឋ New Hampshire។ លោក​មិន​ខ្វល់​នឹង​ការ​ស្ទង់​មតិ​កន្លង​មក ដែល​បង្ហាញ​ថា​បេក្ខជន​រូប​ណា​អាច​ផ្ដួល​លោក​ប្រធានាធិបតី Donald Trump បាន​នោះ​ទេ។

លោក Mertinooke និយាយ​ដូច្នេះ​ថា៖ «រឿង​សំខាន់​ខ្លាំង​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​បោះ​ឆ្នោត​ឲ្យ​បេក្ខជន​ណា​ម្នាក់​ដែល​មាន​គំនិត​ស្រដៀង​អ្នក និង​ទុក​ឲ្យ​ស្ថានការណ៍​ដំណើរការ​ទៅ​តាម​ដំណើរ​ទៅ​ចុះ‍»។

កាល​ពី ៤ ឆ្នាំ​មុន សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont លោក Bernie Sanders បាន​ឈ្នះ​ការ​បោះ​ឆ្នោត primary នៅ​ក្នុង​រដ្ឋ New Hampshire នេះ។ លោក Jesse និង​លោក Alex Khoury ចង់​ជ្រើសរើស​លោក Sanders ម្ដង​ទៀត ដោយសារតែ​គោល​នយោបាយ​របស់​លោក Sandersលើ​ការ​ប្រែប្រួល​អាកាសធាតុ។

លោក Jesses Khoury នៃ​អង្គការ Brother Volunteer Team និយាយ​ថា៖ «ខ្ញុំ​គិត​ថា នេះ​ប្រហែលជា​ឱកាស​តែ​ម្ដង​គត់​នៅ​ក្នុង​ជីវិត ដើម្បី​ជ្រើសរើស​លោក Sanders ឲ្យ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី‍»។

អ្នក​វិភាគ​នានា​គិត​ថា លោក Sanders នាំ​មុខ​គេ ឬ​ក៏​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ប្រកៀកប្រកិត​គ្នា​ជាមួយ​នឹង​លោក Buttigieg។ បន្ទាប់​មក​គឺ​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​សមាជិក​ព្រឹទ្ធសភា​អ្នកស្រី Elizabeth Warren និង​ចុង​ក្រោយ​គឺ​សមាជិក​ព្រឹទ្ធសភា​អ្នកស្រី Klobuchar។

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​នៅ​រដ្ឋ New Hampshire នេះ​នឹង​ត្រូវ​ប្រកាស​នៅ​យប់​ថ្ងៃ​អង្គារ​ម៉ោង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG