ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​ខ្មែរ​ក្រហម​ខកខាន​ក្នុង​ការកំណត់​ពេល​កាត់​ទោស​បន្ត​និង​វិសាលភាព​បទល្មើស


អតីត​ប្រមុខ​រដ្ឋ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ លោក ​ខៀវ ​សំផន (ឆ្វេង) និង ​លោក​ នួន ជា (ស្តាំ) កាល​ពី​ឆ្នាំ​២០០៣។ អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​​​២​រូបនេះ ជា​ជន​ជាប់ចោទ នៅក្នុងសំណុំរឿង ០០២។
ភ្នំពេញ៖ កិច្ច​ប្រជុំ​រយៈ​ពេល​ពីរ​ថ្ងៃ​ដើម្បី​រៀបចំ​សវនាការ​លើ​សំណុំរឿង​០០២​វគ្គ​ទី​ពីរ​ ដែល​នឹង​ត្រូវ​កាត់​បន្ត​ទៀត​ប្រឆាំង​នឹង​មេដឹកនាំ​ខ្មែរ​ក្រហម ​នួន ជា ​និង​ ខៀវ សំផន ​បាន​បញ្ចប់​ទៅ​នៅ​ថ្ងៃ​នេះ​ ប៉ុន្តែ​មិន​មាន​សេចក្តី​សម្រេច​ណាមួយ​ទេ​ ក្រៅ​ពី​មាន​ការ​ខ្វែង​មតិ​គ្នា​បន្ថែម​ទៀត​ ជុំ​វិញ​វិសាលភាព​ និង​ទីតាំង​ឧក្រិដ្ឋកម្ម​ក្នុង​សំណុំរឿង​ថ្មី​នេះ។

ការ​ពិភាក្សា​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​អង្គជំនុំ​ជម្រះ​ជាន់​ទាប​នេះ​ បាន​បញ្ចប់​ការ​កាត់ក្តី​សំណុំ​រឿង​០០២​វគ្គ​ទី​១​កាលពី​ខែ​តុលា។

លោក Nicholas Koumjian ​សហ​ព្រះ​រាជអាជ្ញា​ក្នុង​សំណុំរឿង​០០២ ​ថ្លែង​ថា​ រាល់​បទចោទ​ប្រកាន់​ដែល​នៅ​សេសសល់​ពី​សំណុំរឿង​០០២​វគ្គ​ទី​១ ​គួរ​ដាក់​បញ្ចូល​ក្នុង​សំណុំរឿង​វគ្គ​ទី​ពីរ​នេះ​ទាំង​អស់ ពោល​គឺ​មិន​ចាំ​បាច់​បន្ត​សំណុំរឿង​នេះ​រហូត​ដល់​វគ្គ​ទី​បី​ទៀត​ទេ។

«យើង​ស្នើ​ឱ្យ​ដាក់​បញ្ចូល​រាល់​បទ​ចោទ​ដែល​បាន​បង្គាប់​ដោយ​តុលាការ​កំពូល​ ហើយ​យើង​គ្រោង​នឹង​បញ្ចូល​លើស​នេះ​បន្តិច។ មាន​ន័យ​ថា​យើង​នឹង​ដាក់​បញ្ចូល​រាល់​បទ​ប្រល័យ​ពូជសាស្ត្រ ​រាល់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។ យើង​ក៏​នឹង​បញ្ចូល​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ក្រុម​គោលដៅ​នីមួយ ​ឧក្រិដ្ឋកម្ម​យេនឌ័រ ​ការ​រៀបការ​ដោយ​បង្ខំ​និង​រំលោភ​ផង​ដែរ​ក្នុង​សវនាការ​នេះ»។


តុលាការ​កំពូល​នៃ​តុលាការ​ខ្មែរ​ក្រហម ​បាន​បង្គាប់​នា​ពេល​ថ្មីៗ​នេះ​ថា​បទ​ចោទ​ដែល​ត្រូវ​យក​មក​ដាក់​បញ្ចូល​ក្នុង​សំណុំរឿង​០០២​វគ្គ​ទី​២​នេះ ​ត្រូវ​ដាក់​បញ្ចូល​យ៉ាង​ហោច​ណាស់​នូវ​ បទ​ប្រល័យ​ពូជសាសន៍ ​ការដ្ឋាន​មួយ​កន្លែង ​សហករណ៍​មួយ​កន្លែង ​និង​បទ​ចោទ​ទាក់ទឹន​នឹង​មន្ទីរ​សន្តិសុខ​ ស ២១​ នៅ​ក្រុង​ភ្នំពេញ។

លោក Dale Lysak ​សហព្រះ​រាជ​អាជ្ញា​រង​គូស​បញ្ជាក់​បន្ថែម​ថា​ដើម្បី​ពន្លឿន​នីតិវិធី ​ការិយាល័យសហព្រះរាជ​អាជ្ញា​របស់​លោក​ស្នើ​ឱ្យ​តុលាការ​ជ្រើសរើស​ទីតាំង​ឧក្រិដ្ឋកម្ម​ខ្លះ​ជា​តំណាង​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ពី​បទល្មើស​របស់​ជនជាប់​ចោទ​ទាំង​ពីរ។

«ក្នុង​សំណើ​របស់​យើង​ ទីតាំង​ភាគច្រើន​គឺ​បាន​បង្គាប់​ដោយ​តុលាការ​កំពូល​រួច​ហើយ។ ដូច្នេះ​យើង​បញ្ចូល​ពន្ធនាគារ ​ស២១ ​បទប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ចាម​និង​វៀតណាម។ សហករណ៍​មួយ​កន្លែង​គឺ​សហករណ៍​នៅ​ត្រាំកក់​ហើយ​យើង​យក​ទីតាំង​ទំនប់​១​មករា​ជា​ការដ្ឋាន​ដែល​វា​តំណាង​ឱ្យ​គម្រោង​ទំនប់​ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ពលកម្ម​ដោយ​បង្ខំ។ ហើយ​យើង​ក៏​បាន​ដាក់​បញ្ចូល​ទីតាំង​និង​ពន្ធនាគារ​មួយ​ចំនួន​បន្ថែម​ទៀត»។

ដោយ​ឡែក​ លោក Victor Koppe ​មេធាវី​ជនជាប់​ចោទ​នួន ជា ​យល់​ថា​សំណើ​របស់​ការិយាល័យ​ព្រះ​រាជ​អាជ្ញា​នេះ​នឹង​ធ្វើ​ឱ្យ​បាត់បង់​ប្រយោជន៍​ដល់​កូនក្តី​របស់​លោក។

«អ្នក​បាន​ដឹង​រួច​មក​ហើយ​ថា​យើង​មាន​ទស្សនៈ​ផ្ទុយ​គ្នា​លើ​ព្រឹត្តិការណ៍​និង​គោលនយោបាយ​ដែល​បង្កើត​ឡើង​នៅ​ពេល​នោះ។ យើង​មិន​ជឿ​ថា​មាន​គោលនយោបាយ​ថ្នាក់​ជាតិ​មួយ​ទេ ​យើង​ជឿ​ថា​តាម​ពិត​គឺ​មាន​ក្រុម​ប្រឆាំង​ពីរ​របស់​ខ្មែរ​ក្រហម​ដែល​ប្រយុទ្ធ​គ្នា​តាំង​ពី​ដើម​ឆ្នាំ​១៩៧៥​មក​ម្ល៉េះ។ ដូច្នេះ​ប្រសិន​បើ​យើង​កំណត់​ខ្លួន​យើង​តែ​ទៅ​លើ​ទីតាំង​ឧក្រិដ្ឋកម្ម​ជាក់លាក់​តែ​មួយ​ចំនួន​តូច​នោះ ​តាម​ទ្រឹស្តី​បញ្ហា​ទាក់ទង​ជាច្រើន​អាច​នឹង​ត្រូវ​បញ្ច្រាស​ពី​ការ​វែកញែក​របស់​យើង»។

លោក Victor Koppe ​និង ​លោកស្រី ​Anta Guisse ​មេ​ធាវី​ជនជាប់ចោទ​ខៀវ សំផន ​ស្នើ​ឱ្យ​តុលាការ​ខ្មែរ​ក្រហម​ចាប់ផ្តើម​សំណុំរឿង​០០២​វគ្គ​ទី​២​នេះ ​បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម​សំណុំរឿង​០០២​វគ្គ​ទី​១​រួច​ជា​ស្ថាពរ ​ដែល​គ្រោង​នឹង​ប្រកាស​នៅ​ត្រីមាស​ទី​ពីរ​ក្នុង​ឆ្នាំ២០១៤។

ប៉ុន្តែ​ទាំង​ការិយាល័យ​ព្រះរាជអាជ្ញា​របស់​លោក​ Nicholas Koumjian ​និង​ការិយាល័យមេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​បាន​ស្នើ​ឱ្យ​តុលាការ​បើក​សវនាការ​លើ​សំណុំ​រឿង​០០២​វគ្គ​ទី​២​ឱ្យ​បាន​ឆាប់​ៗ​គឺ​នៅ​ខែ​ចុង​ខែ​កុម្ភៈ ​ឆ្នាំ​២០១៤ ​ក្រោម​ហេតុផល​នៃ​ភាព​ចាស់​ជរា​របស់​ជនជាប់​ចោទ​និង​សារៈសំខាន់​នៃ​សំណុំ​រឿង​នេះ។

សំណុំ​រឿង​០០២​មាន​ជនជាប់​ចោទ​ចំនួន​បួន​នាក់​ប៉ុន្តែ​ជនជាប់​ចោទ​ដែលនៅ​រស់​រាន​មាន​ជីវិត​មាន​តែ​នួន ​ជា​ អតីត​ប្រធាន​សភា​ខ្មែរក្រហម​ ដែល​គេស្គាល់​ថា​ជា​មេមនោគមវិជ្ជា​នៃ​របប​នោះ​និង​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ។ ដោយឡែក​អៀង ​សារី​ បាន​ស្លាប់​កាល​ពី​ដើម​ឆ្នាំ​នេះដោយសារ​ជំងឺ​និង​វ័យ​ចាស់​ជរា​និង​ប្រពន្ធ​របស់​គាត់​អៀង ​ធីរិទ្ធ ​ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយសារ​ជំងឺ​វង្វេង​វង្វាន់។

លោក និល ណុន​ ប្រធាន​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ថ្លែង​ថា​សេចក្តី​សម្រេច​នានា​ជុំ​វិញ​ការ​ពិភាក្សា​នេះ​នឹង​ត្រូវ​សម្រេច​ក្នុង​ការ​ពិភាក្សា​បន្ទាប់​របស់​ខ្លួន​នា​ពេល​ខាង​មុខ៕
XS
SM
MD
LG