ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ធ្វើ​ទស្សនកិច្ច​ទៅ​ទ្វីប​អឺរ៉ុប​ដើម្បី​ស្វះស្វែង​រក​ការ​គាំទ្រ​ដាក់​សម្ពាធ​លើ​ប្រទេស​អ៊ីរ៉ង់


លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ទះ​ដៃ​នៅ​ក្នុង​ពិធី​សម្ភាធ​ស្ថានទូត​អាមេរិក​ថ្មី​នៅ​ក្នុង​ក្រុង Jerusalem ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។
លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ទះ​ដៃ​នៅ​ក្នុង​ពិធី​សម្ភាធ​ស្ថានទូត​អាមេរិក​ថ្មី​នៅ​ក្នុង​ក្រុង Jerusalem ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចំនួន ៣ នៅ​ទ្វីប​អឺរ៉ុប​នៅ​ថ្ងៃ​ចន្ទ​នេះ ស្រប​ពេល​ដែល​លោក​កំពុង​ស្វែង​រក​ការ​គាំទ្រ​ឲ្យ​មាន​ការ​កែប្រែ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

លោក Netanyahu បាន​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដែល​នៅ​ទី​នោះ​លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel មុន​ពេល​លោក​ធ្វើ​ដំណើរ​ជា​បន្ត​ទៀត​ទៅ​ជួប​ជាមួយ​នឹង​មេដឹកនាំ​នៃ​ប្រទេស​បារាំង និង​មេដឹកនាំ​ចក្រភព​អង់គ្លេស។

ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី ចិន និង​សហរដ្ឋ​អាមេរិក​បាន​ឯកភាព​គ្នា​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់​រឿង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាល​ពី​ឆ្នាំ ២០១៥។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ប្រកាស​កាល​ពី​ខែ​មុន​ថា សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញ​ពី​អ្វី​ដែល​លោក​ហៅ​ថា​ជា​កិច្ច​ព្រមព្រៀង «ដ៏​អាក្រក់ និង​ផ្ដោត​តែ​ម្ខាង» ដោយ​លោក​បាន​និយាយ​ថា លោក​ចង់​ឲ្យ​មាន​ការ​ដាក់​កំហិត​បន្ថែម​ទៀត​លើ​កម្មវិធី​គ្រាប់​ផ្លោង​មីស៊ីល​របស់​អ៊ីរ៉ង់ និង​លើ​អ្វី​ដែល​លោក​ហៅ​ថា​ជា «សកម្មភាព​បំផ្លិចបំផ្លាញ​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា»។

ប៉ុន្តែ ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​បាន​បង្ហាញ​ពី​គោល​បំណង​របស់​ពួកគេ​នៅ​ក្នុង​ការ​រក្សា​ទុក​កិច្ច​ព្រមព្រៀង​នេះ​ឲ្យ​នៅ​ដដែល ដោយ​ប្រទេស​ទាំង​នោះ​បាន​អះអាង​ថា កិច្ច​ព្រមព្រៀង​នេះ​គឺ​ដំណើរការ​ទៅ​មុខ​បាន។ ចក្រភព​អង់គ្លេស បារាំង និង​អាល្លឺម៉ង់​បាន​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ប្រទេស​អ៊ីរ៉ង់ តាម​រយៈ​កិច្ច​ព្រមព្រៀង​បំពេញ​បន្ថែម។

ដូច​លោក Trump ដែរ លោក Netanyahu បាន​រិះគន់​យ៉ាង​ចាស់ដៃ​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​នេះ ដោយ​លោក​បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​អាច​ឲ្យ​អ៊ីរ៉ង់​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​បាន​យ៉ាង​ឆាប់​រហ័ស នៅ​ពេល​ដែល​លក្ខខណ្ឌ​នានា​ផុត​កំណត់៕

XS
SM
MD
LG