នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានឡើងផ្តល់សក្ខីកម្មជាលើកដំបូងកាលពីថ្ងៃអង្គារនៅក្នុងសវនាការរឿងក្តីអំពើពុករលួយដ៏យូរអង្វែងរបស់លោក ដោយថ្លែងថាលោកត្រូវបានយាយីដោយគោលនយោបាយសន្តិសុខដ៏កម្រោលរបស់លោក។
លោក Netanyahu វ័យ៧៥ឆ្នាំ គឺជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលកំពុងកាន់តំណែងទីមួយដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម។ លោកធ្វើសក្ខីកម្ម ស្របពេលដែលអ៊ីស្រាអែលកំពុងធ្វើសង្គ្រាមនៅតំបន់ហ្កាហ្សានិងប្រឈមនឹងការគំរាមកំហែងថ្មីដែលអាចកើតឡើង បង្កដោយភាពចលាចលក្នុងតំបន់ រួមបញ្ជូលទាំងនៅស៊ីរី។
កាលពីសប្តាហ៍មុន ចៅក្រមបានសម្រេចថា លោក Netanyahu ដែលត្រូវបានចោទប្រកាន់ក្នុងឆ្នាំ២០១៩ ត្រូវធ្វើសក្ខីកម្ម៣ដងក្នុងមួយសប្តាហ៍ ដែលបានបង្ខំឱ្យមេដឹកនាំដ៏យូរអង្វែងរូបនេះត្រូវរត់ទៅរត់មករវាងតុលាការនិងបន្ទប់សង្គ្រាមនៅក្រសួងការពារជាតិអ៊ីស្រាអែលដែលនៅចម្ងាយប៉ុន្មាននាទីពីតុលាការ។
លោក Netanyahu មេដឹកនាំគណបក្សស្តាំនិយមLikud បានវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលលើអ្វីដែលលោកហៅថាជាគោលជំហឆ្វេងនិយមនិងបានចោទប្រកាន់ពួកអ្នកកាសែតថាបានតាមយាយីលោកជាច្រើនឆ្នាំដោយសារតែគោលនយោបាយរបស់លោកមិនយល់ស្របឱ្យមានរដ្ឋប៉ាឡេស្ទីន។
លោក Netanyahu បានថ្លែងប្រាប់តុលាការដែលមានចៅក្រមបីនាក់ថា៖«ខ្ញុំបានរងចាំពេលនេះអស់រយៈពេល៨ឆ្នាំហើយដើម្បីប្រាប់ការណ៍ពិត។ ប៉ុន្តែខ្ញុំក៏ជានាយករដ្ឋមន្ត្រីម្នាក់ផងដែរ ខ្ញុំកំពុងដឹកនាំប្រទេសឆ្លងកាត់សង្គ្រាម៧មុខ។ ហើយខ្ញុំគិតថាសង្គ្រាម២ អាចសម្រេចទៅបានក្នុងពេលតែមួយ»។
ក្រុមរដ្ឋអាជ្ញាចោទប្រកាន់លោក Netanyahu ពីបទអនុម័តច្បាប់ដែលមានប្រយោជន៍គិតជាទឹកប្រាក់ប្រហែល៥០០លានដុល្លារទៅឱ្យក្រុមហ៊ុន Bezeq Telecom របស់អ៊ីស្រាអែលជាថ្នូរនឹងការផ្សាយព័ត៌មានល្អៗពីលោកនិងភរិយារបស់លោកគឺអ្នកស្រី Sara នៅលើគេហទំព័រព័ត៌មានដែលគ្រប់គ្រងដោយអតីតប្រធានក្រុមហ៊ុននេះ។
លោកក៏ត្រូវបានចោទប្រកាន់ពីបទចរចាជាមួយម្ចាស់កាសែត Yedioth Ahronoth របស់អ៊ីស្រាអែលឱ្យផ្សព្វផ្សាយព័ត៌មានល្អៗ ជាថ្នូរនឹងច្បាប់ដែលពន្យឺតដល់ការរីកលូតលាស់របស់កាសែតគូប្រជែង។
លោក Netanyahu បដិសេធការចោទប្រកាន់ទាំងនោះដែលប្រឆាំងនឹងលោក ហើយលោកថាលោកគ្មានកំហុសនោះទេ។ លោកបានក្រោកឈរឡើងជាជាងអង្គុយក្នុងកៅអីសវនាការក្នុងពេលផ្តល់សក្ខីកម្មពេលព្រឹកនោះ។
លោកបានថ្លែងថា៖«បើលោកចង់ឱ្យព័ត៌មានផ្សាយល្អៗពីលោក លោកគ្រាន់តែផ្តល់សញ្ញាវិជ្ជមានអំពីដំណោះស្រាយរដ្ឋទាំងពីរទៅបានហើយ។ បើខ្ញុំងាកទៅឆ្វេងតែ២ជំហាន ខ្ញុំនឹងត្រូវបានគេអបអរទៅហើយ»៕