ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ហុងកុង​សរសើរ «ការវិល​ត្រឡប់​ទៅ​រក​សន្តិភាព​វិញ» ស្រប​ពេល​ការ​តវ៉ា​នៅខួបទិវា​ជាតិ​ត្រូវ​បាន​ហាម​ឃាត់


មេដឹកនាំ​ទីក្រុង​ហុងកុង​អ្នកស្រី Carrie Lam លើក​កែវ​អបអរ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ជាតិ​ចិន​នៅ អគារ Grand Hall ក្នុង​ទីក្រុងហុងកុង នៅ​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។
មេដឹកនាំ​ទីក្រុង​ហុងកុង​អ្នកស្រី Carrie Lam លើក​កែវ​អបអរ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ជាតិ​ចិន​នៅ អគារ Grand Hall ក្នុង​ទីក្រុងហុងកុង នៅ​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។

នៅ​ថ្ងៃ​ព្រហស្បត៍​នេះ មេដឹកនាំ​ទីក្រុង​ហុងកុង​បាន​សរសើរ «ការ​វិល​ត្រឡប់​ទៅ​រក​សន្តិភាព​វិញ» របស់​ទីក្រុង​ហុងកុង បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​រដ្ឋាភិបាល​ចិន​បាន​ដាក់​ឲ្យ​អនុវត្ត បាន​ជួយ​បង្ក្រាប​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ស្រប​ពេល​ដែល​មនុស្ស​មួយ​ចំនួន​តូច​បាន​ប្រឆាំង​នឹង​វត្តមាន​ដ៏​ច្រើន​របស់​ប៉ូលិស និង​បាន​តវ៉ា​នៅ​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ទិវា​ជាតិ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន AFP។

សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ប្រារព្ធ​ខួប​នៃ​ការ​បង្កើត​ប្រទេស​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ១ ខែ​តុលា​នេះ ដោយ​មាន​ការ​ឈប់​សម្រាក និង​ពិធី​រាំ​របាំ​ប្រកប​ដោយ​ការ​ប្រយ័ត្ន​ប្រយែង។

ក៏​ប៉ុន្តែ នៅ​ក្នុង​ទីក្រុង​ហុងកុង ថ្ងៃ​នេះ​បាន​ក្លាយ​ជា​ថ្ងៃ​ទុក្ខព្រួយ​សម្រាប់​អ្នក​ដែល​ព្រួយ​បារម្ភ​អំពី​ការ បង្ក្រាប​កាន់តែ​ខ្លាំង​ឡើង​របស់​អាជ្ញាធរ​ក្រុង​ប៉េកាំង​លើ​អ្នក​ប្រឆាំង។

ការ​តវ៉ា​បាន​ក្លាយ​ជា​រឿង​ខុស​ច្បាប់​ក្នុង​ពេល​ភាគ​ច្រើន​បំផុត​នៅ​ក្នុង​ឆ្នាំ​នេះ ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បាន​ដាក់​ឲ្យ​អនុវត្ត​នូវ​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​តឹងរឹង​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពាក់​កណ្តាល​ស្វយយ័ត​នេះ​កាល​ពី​ខែ​មិថុនា​ផង​ដែរ។

មេដឹកនាំ​ទីក្រុង​ហុងកុង​អ្នកស្រី Carrie Lam បាន​និយាយ​ថា៖ «ក្នុង​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ការពិត​ដែល​មិន​អាច​ប្រកែក​បាន​សម្រាប់​មនុស្ស​គ្រប់​គ្នា​គឺ​ថា សង្គម​របស់​យើង​បាន​វិល​ត្រឡប់​មក​រក​សន្តិភាព​វិញ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «សន្តិសុខ​ជាតិ​របស់​ប្រទេស​យើង​ត្រូវ​បាន​ការពារ​នៅ​ក្នុង​ទីក្រុង​ហុងកុង ហើយ​ពលរដ្ឋ​របស់​យើង​អាច​អនុវត្ត​សិទ្ធិ និង​សេរីភាព​របស់​ពួកគេ​ស្រប​ទៅ​តាម​ច្បាប់​បាន​ឡើង​វិញ»។

កាល​ពី​ឆ្នាំ​មុន ទិវា​ជាតិ​ចិន​លើក​ទី ៧០ បាន​បង្កឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ខ្លាំងក្លា​រវាង​អ្នក​តវ៉ា​និង​ប៉ូលិស ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​ក្រឡាប់ចាក់​ទីក្រុង​ហុងកុង​នៅ​ពេល​នោះ។

អាជ្ញាធរ​បាន​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដើរ​ក្បួន​តវ៉ា​ក្នុង​ថ្ងៃ​ទិវា​ជាតិ​ចិន​នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​លើកឡើង​ពី​បញ្ហា​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ និង​បម្រាប​ទាក់ទិន​នឹង​ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩ ដែល​តម្រូវ​ឲ្យ​មាន​ការ​ជួបជុំ​មិន​ឲ្យ​លើស​ពី ៤ នាក់​នៅ​តាម​ទី​សាធារណៈ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG