សមាជិកសភាសហរដ្ឋអាមេរិក កំពុងសម្តែងនូវការព្រួយបារម្ភខ្លាំងអំពីការគំរាមកំហែងពីប្រទេសចិន ហើយព្រមានថា មកទល់នឹងពេលនេះ រដ្ឋាភិបាលអាមេរិក មិនបានចាត់វិធានការដើម្បីប្រជែងជាមួយចិន ពេលដែលចិនក្លាយជាមហាអំណាចពិភពលោកមួយ។
ការព្រួយបារម្ភដែលស្ថិតនៅក្នុងរបាយការណ៍ពីរដាច់ពីគ្នាកាលពីថ្ងៃពុធនោះ រិះគន់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងអ្នកតាក់តែងគោលនយោបាយ ដែលប្រកាន់ខ្ជាប់នូវជំនឿថា ការបង្កើនការធ្វើពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទងគ្នាជាមួយប្រទេសចិន នៅទីបំផុតនឹងរុញច្រានឲ្យប្រទេសចិនទទួលយកគុណតម្លៃដូចបស្ចិមប្រទេសដែរ។
ផ្ទុយទៅវិញ របាយការណ៍ទាំងពីរនោះ ជជែកថា សហរដ្ឋអាមេរិក កំពុងតែជួបនឹងការលំបាកក្នុងការប្រឆាំងជាមួយចិន គ្រាដែលខ្លួនប្រឈមនឹងគ្រោះថ្នាក់ជាក់ស្តែង ដែលថាអាមេរិកនឹងត្រូវប្រទេសចិនជំនួសវិញ នៅលើឆាកអន្តរជាតិ។
របាយការណ៍របស់សមាជិកគណបក្សប្រជាធិបតេយ្យរបស់គណៈកម្មាធិការរដ្ឋសភា ទទួលបន្ទុកកិច្ចការសម្ងាត់ ដែលផ្អែកទៅលើបទសម្ភាសន៍រាប់រយម៉ោងជាមួយក្រុមមន្ត្រីស៊ើបការសម្ងាត់ និងលើការវាយតម្លៃជាច្រើននោះ បានរិះគន់ទីភ្នាក់ងារស៊ើបការសម្ងាត់របស់អាមេរិក ថាផ្តោតច្រើនពេកទៅលើបេសកកម្មបង្ក្រាបអំពើភេរវកម្ម ហើយមិនបានផ្លាស់ប្តូរទៅតាមការគំរាមកំហែងរបស់ពិភពលោក ដែលផ្លាស់ប្តូរនោះ។
របាយការណ៍ទី២ ដែលសមាជិកសភានៃគណបក្សសាធារណរដ្ឋផ្សព្វផ្សាយ កាលពីថ្ងៃពុធ បានណែនាំឲ្យមានការផ្លាស់ប្តូរជាង ៤០០ ក្នុងយុទ្ធសាស្ត្ររបស់អាមេរិក ដើម្បីទប់ទល់ជាមួយប្រទេសចិន ដោយមានរួមទាំងការបង្កើនការស៊ើបការណ៍សម្ងាត់ប្រឆាំងនឹងចិន និងការធានាថា សង្វាក់ផ្គត់ផ្គង់ឧបករណ៍ពេទ្យនិងឧបករណ៍សម្រាប់សន្តិសុខជាតិ លែងចាំបាច់ពឹងផ្អែកលើទំនិញចិនទៀតហើយ៕