ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

តើ​ជម្លោះ​លើ​កម្មវិធី​​ TikTok ជាប្រផ្នូល​អ្វី​សម្រាប់​វិស័យ​បច្ចេកវិទ្យា?


រូបឯកសារ៖ ទង់ជាតិសហរដ្ឋអាមេរិកនិងចិន នៅក្បែរផ្លាកសម្គាល់កម្មវិធីតាមទូរស័ព្ទ Tiktok កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

អស់​រយៈពេល​ជាច្រើន​ខែ ពិភពលោក​បាន​មើល​ឃើញ​ពី​ភាព​រកាំរកូស​វាង​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​លើ​ជោគ​វាសនា​របស់​កម្ម​វិធី TikTok ដ៏​មាន​ប្រជាប្រិយភាព។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​សហរដ្ឋ​អាមេរិក​បន្ត​រឹត​បន្តឹង​លើ​ក្រុម​ហ៊ុន Huawei ដែល​ជា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​យក្ស​របស់​ចិន។ សហរដ្ឋ​អាមេរិក​បាន​អនុវត្ត​បទ​បញ្ញត្តិ​ថ្មី​ កាលពី​ខែ​កញ្ញា​ ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន Huawei មាន​ការ​ពិបាក​ជាង​មុន ​ក្នុង​ការ​ទិញ​បន្ទះ ​chip ពី​ក្រុម​ហ៊ុន​ផ្សេង​ទៀត។

នៅជុំវិញ​ពិភពលោក អាជីវកម្ម​ផ្សេងៗ​កំពុង​តាមដានជម្លោះ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន ដែល​កំពុង​បន្តលើ​ក្រុម​ឧស្សាហកម្មផ្នែក​ទំនាក់ទំនង ​និង​ឆ្ងល់​ថា​ តើ​វាន័យ​ថា​ម៉េច​សម្រាប់​ពួកគេ។​នេះបើយោង​តាម​លោក Rob Atkinson ប្រធាន​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ព័ត៌មាន​និង​មូលនិធិ​ច្នៃប្រ​ឌិត។

​ជាសមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​មាតិកា​របស់​ក្រុមហ៊ុន TikTok លោក Rob Atkinson ​បាន​និយាយ​ថា​ វិធានការ​ដាក់ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីន​តោន ​ទី​បំផុត​នឹង​បង្ខំ​ឲ្យ​ក្រុម​ហ៊ុន​នានា​ក្នុង​ពិភពលោក​ជ្រើស​រើស​រវាង​ទីផ្សារ​ធំ​ទាំង​ពីរ។​

លោក Atkinson ថ្លែងថា៖ «ទៅ​ថ្ងៃ​អនាគត វា​នឹង​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​បរទេស​ផ្សេងៗ​ស្ទាក់ស្ទើរ​ធ្វើ​ការ​បញ្ជា​ទិញ​ពី​សហរដ្ឋ​អាមេរិក​។ សម្រាប់​ហានិភ័យ​នោះ គឺ​ធំ​ណាស់»។

ជាច្រើន​ទសវត្ស​រ៍មក​ហើយ​ សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រទេស​ចិន​ថា​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទី​ផ្សារ​ក្នុង​ស្រុករបស់​ខ្លួន។ ឥឡូវនេះ​ សហរដ្ឋ​អាមេរិក​កំពុង​បណ្តេញក្រុម​ហ៊ុន​ចិន​ពី​ទីផ្សារ​របស់​ខ្លួន​វិញ ដែល​ជា​ការ​ផ្លាស់ប្តូរ​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​យល់ឃើញ​ជាការ​ភ្ញាក់ផ្អើល។ នេះ​បើ​យោង​តាម​អ្នក​ស្រី Heather Evans នាយក​ផ្នែក​ស្រាវជ្រាវ​បច្ចេកវិទ្យា ​Frontier Technology​ នៃ​អង្គការ Asia Society of Northern California។​

អ្នក​ស្រី​ Heather Evans បាន​ថ្លែងថា៖ «ការ​គ្រប់គ្រង​ ឬ​ជាតិ​និយម​បែបនេះ​ ផ្ទុយពី​អ្វី​ដែល​អាមេរិក​ធ្លាប់​ធ្វើ។ នេះ​ប្រហែលជា​ការ​ចាប់​ផ្តើម​នៃ​របប​ទិន្នន័យ​ដ៏​តឹង​រ៉ឹងជាង​មុន​ខ្លាំង និង​មាន​ឧបសគ្គ​កាន់​តែច្រើន​ សម្រាប់​ក្រុម​ហ៊ុន​អន្តរជាតិ​ដែល​ព្យាយាមធ្វើ​ប្រតិបត្តិការ​ និង​យក​ឈ្នះ​នៅ​ក្នុង​សេដ្ឋកិច្ច​អាមេរិក»។​

បន្ថែម​លើ​ការ​ដាក់​កម្រិត​ទៅឥទ្ធិពល​របស់​ក្រុម​ហ៊ុន​ចិន ​អ្នក​តាក់តែង​គោល​នយោបាយ​សហរដ្ឋ​អាមេរិក​អាចស្វែង​រក​វិធីសាស្ត្រ​ផ្សេង​ទៀត ដូចជា​វិនិយោគ​ក្នុង​ការ​ស្រាវជ្រាវ ​និង​អភិវឌ្ឍ​ច្រើន​ជាង​មុន​ ដើម្បីធានា​ថា​ សហរដ្ឋ​អាមេរិក​អាច​រក្សា​តំណែង​របស់ខ្លួន​ក្នុង​វិស័យ​បច្ចេកវិទ្យា។ នេះ​បើ​យោង​តាម​លោក Andrew Grotto នាយកផ្នែក​ភូមិសាស្ត្រ​នយោបាយ​បច្ចេកវិទ្យា​និងអភិបាល​កិច្ចនៅ​សាកលវិទ្យាល័យ Stanford។​

លោក Andrew Grotto បាន​និយាយ​ថា៖ «ក្នុង​ការ​ប្រណាំង​សេះ អ្នក​អាចរត់​នាំ​មុខ​ក្នុង​ការ​ប្រកួត​ ឬ​អ្នក​អាច​បាញ់​ជង្គង់​សេះ​ឲ្យ​របួស​ មុន​នឹង​ការ​ប្រណាំង។ ខ្ញុំ​គិត​ថា​ឥឡូវនេះ យើងមិន​មាន​ទស្សនៈវិស័យ​ច្បាស់​លាស់​មួយ​ថា​ តើ​យើង​នឹងធ្វើ​យ៉ាង​ណាឲ្យ​សេះ​របស់​យើង ​អាច​ប្រកួត​បានយ៉ាង​ពិតប្រាកដ។ តើ​រដ្ឋាភិបាល​គួរ​មាន​តួនាទី​សមស្រប​បែបណា ថាតើ​វាអាច​ជា​គោល​នយោបាយ​បទ​ប្បញ្ញត្តិ ឬ​ការ​លើក​ស្ទួយ​ការ​ស្រាវជ្រាវ​លើការ​ច្នៃ​ប្រឌិត​ថ្មី នៅពេល​ដែល​យើង​សំឡឹង​ទៅ​ពេល​អនាគត»។

ឥទ្ធិពល​របស់​ចិន​ក្នុង​នាម​មហា​អំណាច​ផ្នែក​បច្ចេកវិទ្យា​មួយ​ ច្បាស់​ជា​នឹង​នៅ​តែ​បន្ត​ ដែល​ធ្វើ​ឲ្យ​ចិន​និង​សហរដ្ឋ​អាមេរិក ​បន្ត​ប៉ះទង្គិច​គ្នា​ឥតស្រាកស្រាន​លើ​ឧស្សាហកម្ម​ចម្បងៗ៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG