បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)ទទួលបានបណ្តឹងពីការស្នើឲ្យលុបឈ្មោះជនដែលត្រូវបានសង្ស័យថា ជាជនបរទេសចេញពីបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី គ.ជ.ប.ក៏បានច្រានចោលបណ្តឹងនោះ។ ក្រោយប៉ុន្មានថ្ងៃនៃការច្រានចោលបណ្តឹងនោះ ក្រសួងមហាផ្ទៃក៏បានចេញលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួនថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១៧៩ ដែលរងការសង្ស័យថា ចេញឲ្យជនជាតិវៀតណាមនោះ សុទ្ធតែជាអត្តសញ្ញាណប័ណ្ណស្របច្បាប់។
គណបក្សសង្គ្រោះជាតិច្រានចោលការរកឃើញរបស់ក្រសួងមហាផ្ទៃដែលបង្ហាញថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១៧៩របស់ជនដែលត្រូវបានគេប្តឹងឲ្យលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដំបូង ដោយសង្ស័យថា ជាជនជាតិវៀតណាមនោះ គឺសុទ្ធតែជាអត្តសញ្ញាណប័ណ្ណស្របច្បាប់។
កាលពីថ្ងៃទី១៦ ខែមករា ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប.បានបើកសវនាការជំនុំជម្រះលើបណ្តឹងចំនួន៧ ដែលប្តឹងដោយមន្រ្តីគណបក្សប្រឆាំងនិងប្រជាពលរដ្ឋ ដែលសុំឲ្យលុបឈ្មោះពលរដ្ឋចំនួន១៨១នាក់ចេញពីបញ្ជីឈ្មោះបោះឆ្នោតថ្មី ដោយសង្ស័យថា ជាជនជាតិវៀតណាម។ ក្រុមប្រឹក្សាជំនុំជម្រះនៃគ.ជ.ប.បានច្រានចោលបណ្តឹងជំទាស់ទាំងនោះដោយរក្សាឈ្មោះអ្នកទាំងនោះទុកនៅដដែល និងបានស្នើសុំក្រសួងមហាផ្ទៃបញ្ជាក់ភាពស្របច្បាប់នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
លិខិតចេញដោយក្រសួងមហាផ្ទៃកាលពីថ្ងៃទី២០ ខែមករានេះ បានឆ្លើយតបទៅនឹងសំណើរបស់គ.ជ.ប. ស្តីពីការបញ្ជាក់ភាពស្របច្បាប់នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ជនដែលត្រូវបានគេប្តឹងឲ្យលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដំបូង។
លិខិតដដែលនោះបង្ហាញថា ក្រសួងមហាផ្ទៃបានចាត់ឲ្យអគ្គនាយកអត្តសញ្ញាណកម្មធ្វើការស្រាវជ្រាវ ដោយរកឃើញថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១៥២ទិន្នន័យគឺជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ត្រឹមត្រូវ ដែលមានទិន្នន័យរក្សាទុកក្នុងម៉ាស៊ីនមេរបស់នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ លិខិតនោះបន្ថែមថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន២៧ទិន្នន័យមានភាពមិនប្រក្រតី ដែលតម្រូវឲ្យមានពេលវេលាសមស្រប ហើយមន្រ្តីត្រូវចុះស្រាវជ្រាវដល់ទីតាំងផ្ទាល់។
មន្រ្តីគណបក្សសង្គ្រោះជាតិបានលើកឡើងថា មូលហេតុនៃការប្តឹងសុំលុបឈ្មោះជនបរទេស ជាពិសេសជនជាតិវៀតណាមដែលត្រូវបានសង្ស័យថា កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយខុសច្បាប់នោះគឺដោយសារពួកគេទាំងនោះមិនបានបំពេញលក្ខខណ្ឌដែលចែងដោយច្បាប់ និងមិនមានការបង្ហាញណាមួយថា ពួកគេទទួលបានសញ្ជាតិដោយព្រះរាជក្រឹត្យ។
លោកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ បានប្រាប់ VOA ថា នីតិវិធីនៃការស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃលើបណ្តឹងពាក់ព័ន្ធនឹងសញ្ជាតិនោះ មិនទាន់មានភាពច្បាស់លាស់ ដែលអាចទទួលយកបាននៅឡើយ។ លោកស្រីបន្ថែមថា ក្រសួងមហាផ្ទៃបានត្រឹមតែផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណក្នុងទិន្នន័យ តែមិនបានចុះស្រាវជ្រាវដោយផ្ទាល់អំពីជនដែលត្រូវបានសង្ស័យថា ជាជនជាតិវៀតណាមនោះទេ។
លោកស្រីបញ្ជាក់ថា៖
«ការផ្តល់អត្តសញ្ញាណប័ណ្ណទៅដល់បុគ្គលបរទេសរូបណាត្រូវតែផ្អែកទៅតាមលក្ខខណ្ឌនៃច្បាប់ស្តីពីសញ្ជាតិ ទើបអាចចេញអត្តសញ្ញាណប័ណ្ណជូនបុគ្គលនោះបាន ហេតុដូច្នេះហើយការចុះទៅស្រាវជ្រាវស៊ើបអង្កេតដល់ទីកន្លែងដែលបុគ្គលនោះរស់នៅគឺជាការចាំបាច់ដើម្បីបង្ហាញឲ្យឃើញនូវការណ៍ពិត បង្ហាញឲ្យឃើញនូវតម្លាភាពទាំងអស់ហ្នឹង ទើបអាចទទួលយកបាន»។
លោកស្រីបន្ថែមថា គណបក្សសង្គ្រោះជាតិនឹងរៀបចំបណ្តឹងប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញនិងរៀបចំឯកសារពាក់ព័ន្ធដាក់ទៅក្រសួងមហាផ្ទៃ ដើម្បីទាមទារឲ្យមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់ជាងនេះ។
ច្បាប់ស្តីពីសញ្ជាតិដែលអនុម័តឲ្យប្រើប្រាស់កាលពីឆ្នាំ១៩៩៦ចែងថា សញ្ជាតិខ្មែរគឺត្រូវផ្តល់ឲ្យតាមរយៈសញ្ជាតិខ្មែរពីកំណើត សញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ និងសញ្ជាតូបនីយកម្ម។ ការផ្តល់សញ្ជាតិខ្មែរពីកំណើតធ្វើឡើងដោយមិនចាំបាច់មានព្រះរាជក្រឹត្យ។ ការផ្តល់សញ្ជាតិខ្មែរតាមរយៈអាពាហ៍ពិពាហ៍ត្រូវសម្រេចដោយព្រះរាជក្រឹត្យ។ ចំណែកការផ្តល់សញ្ជាតិតាមរយៈសញ្ជាតូបនីយកម្មត្រូវសម្រេចដោយព្រះរាជក្រឹត្យ បន្ទាប់ពីជននោះបានបំពេញតាមលក្ខខណ្ឌដែលបានកំណត់។
លោក ម៉ៅ ចាន់តារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានប្រាប់ VOA ថា មន្រ្តីរបស់អគ្គនាយកដ្ឋានបានស្រាវជ្រាវ និងផ្ទៀងផ្ទាត់លើទិន្នន័យរបស់បុគ្គលដែលត្រូវបានសង្ស័យថា ជាជនបរទេសកាន់អត្តសញ្ញាណប័ណ្ណខ្មែរ។ លោកបញ្ជាក់ថា ការផ្តល់អត្តសញ្ញាណប័ណ្ណទៅឲ្យបុគ្គលទាំងនោះធ្វើឡើងដោយភាពត្រឹមត្រូវតាមនីតិវិធីច្បាប់ ដូច្នេះក្រសួងមហាផ្ទៃនឹងមិនចុះស្រាវជ្រាវដល់ទីកន្លែងតាមការលើកឡើងរបស់អ្នកប្តឹងនោះទេ។ឪ
លោកមានប្រសាសន៍ថា៖
«អា១៥២នេះ គឺយើងអត់ចុះអីទៅទៀតទេ។ យើងចុះតាមគាត់យ៉ាងម៉េច? អីចឹងអាប្រព័ន្ធហ្នឹងវាជារឿងត្រឹមត្រូវហើយ ទៅធ្វើតាមគាត់យ៉ាងម៉េច? គាត់គិតយ៉ាងម៉េច? យើងអត់យល់ដែរ។ រឿងរបស់ជាតិមួយទាំងមូល មិនមែនរបស់គណបក្សណាមួយទេ ជារបស់ជាតិ។ ហើយបើយើងទាំងអស់គ្នាមិនទទួលស្គាល់អាហ្នឹងទៅហើយ យើងខំធ្វើអី? រដ្ឋាភិបាលខំធ្វើ ធ្វើអី? យើងខំរៀបចំប្រព័ន្ធហ្នឹងគឺដើម្បីធ្វើយ៉ាងម៉េចគ្រប់គ្រងអត្តសញ្ញាណមនុស្សឲ្យវាបាន រួចហើយបើយើងមានក្នុងប្រព័ន្ធ ហើយវាត្រឹមត្រូវអស់ហើយ យើងចុះទៅធ្វើអីទៀត?»
លោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប.លើកឡើងថា ការឆ្លើយតបនៃការរកឃើញរបស់ក្រសួងមហាផ្ទៃគឺជាមូលហេតុរឹងមាំក្នុងការគាំទ្រការសម្រេចរបស់ គ.ជ.ប. ក្នុងការច្រានចោលបណ្តឹងសុំឲ្យលុបឈ្មោះពលរដ្ឋចំនួន១៨១នាក់ចេញពីបញ្ជីឈ្មោះបោះឆ្នោតថ្មី ដោយសង្ស័យថា ជាជនជាតិវៀតណាម។ លោកមានប្រសាសន៍ថា ប្រសិនជាក្រសួងមហាផ្ទៃរកឃើញភាពមិនប្រក្រតីពាក់ព័ន្ធនឹងការចេញអត្តសញ្ញាណប័ណ្ណចំនួន២៧ករណីទៀត នោះគ.ជ.ប.នឹងលុបឈ្មោះរបស់អ្នកទាំងនោះតាមការស្នើសុំ។
លោកយឿង សុធារ៉ា មន្រ្តីច្បាប់ និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថាខុមហ្រ្វែល យល់ថា តម្លាភាពក្នុងដំណើរនៃការបោះឆ្នោតមានសារៈសំខាន់ណាស់ក្នុងប្រទេសមានលទ្ធិប្រជាធិបតេយ្យ។ លោកបន្ថែមថា ក្រសួងមហាផ្ទៃគួរតែចុះស្រាវជ្រាវដោយផ្ទាល់លើបុគ្គលដែលត្រូវបានសង្ស័យថាជាជនបរទេសមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមបណ្តឹងដែលបានដាក់នៅគ.ជ.ប.។
លោក យឿង សុធារ៉ាបន្ថែមថា ប្រសិនជាការអនុវត្តច្បាប់មានការខ្វះចន្លោះបណ្តាលឲ្យជនបរទេសមានសិទ្ធិបោះឆ្នោតនោះ នោះនឹងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពរបស់ប្រទេស។
លោកបញ្ជាក់ថា៖
«មានតែជនជាតិខ្មែរយើង ជាជាតិសាសន៍ខ្មែរយើង ដែលមានសញ្ជាតិខ្មែរទេ ដែលមានសិទ្ធិមានអំណាចក្នុងការសម្រេចវាសនារបស់ប្រទេសជាតិ។ ប្រសិនជាជនបរទេសដែលមិនមែនជាខ្មែរ មិនមានសញ្ជាតិខ្មែរ ហើយឲ្យមកសម្រេចជោគវាសនាប្រទេសជាតិជំនួសយើង អាហ្នឹងវាទៅជារឿងបញ្ហាមួយ។ បញ្ហាមួយទៀត ការរើសអើងជាតិសាសន៍ ការរើសអើងពូជសាសន៍ ហើយរឿងនយោបាយវាយប្រហារពូជសាសន៍ហ្នឹងវានៅតែកើតឥតឈប់ឈរ ហើយបញ្ហាជាតិសាសន៍ដទៃហ្នឹង វានៅតែកើតរឿងដដែលៗអីចឹង»។
កាលពីខែសីហា ឆ្នាំ២០១៦ លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា អគ្គនាយកដ្ឋានបានស្រាវជ្រាវរកឃើញជនអន្តោប្រវេសន៍នៅកម្ពុជាមានជាង ១៦ម៉ឺននាក់ ក្នុងនោះជនជាតិវៀតណាមមានជាង៩៩%។ លោកថ្លែងថា ជនអន្តោប្រវេសន៍ដែលរស់នៅខុសច្បាប់ភាគច្រើន បានកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតី មានដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើតខ្មែរ ប័ណ្ណបោះឆ្នោតខែ្មរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរ លិខិតឆ្លងដែនខ្មែរ ប័ណ្ណមន្ត្រីរាជការ និងឯកសារដទៃទៀត៕