ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Comfrel៖ ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មាន​លក្ខណៈ​មិន​ពេញ​លេញ


រូបឯកសារ៖ មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​ ជួយ​ណែ​នាំ​ដល់​ពលរដ្ឋឲ្យ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ ក្នុង​ពេល​ចុះ ឈ្មោះ​បោះឆ្នោត ​ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។​ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​ ជួយ​ណែ​នាំ​ដល់​ពលរដ្ឋឲ្យ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ ក្នុង​ពេល​ចុះ ឈ្មោះ​បោះឆ្នោត ​ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។​ (ហ៊ាន សុជាតា/VOA)

របាយ​ការណ៍​ដែល​ត្រូវ​បាន​ចង​ក្រង​ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​កញ្ញា​ មក​ដល់​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ បាន​ឲ្យដឹង​ថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​​ពេញ​លេញ​ត្រូវ​ការ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​យ៉ាង​តិច​ណាស់​ក៏​៩៥​ភាគរយ​នៃ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត។

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ថា​ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦​ មាន​លក្ខណៈ​មិន​ពេញលេញ​ ដោយ​អ្នក​ចុះ​ឈ្មោះ​ មាន​ប្រមាណ​តែ​ជាង​៧,៨លាន​នាក់​ ស្មើ​នឹង​៨១,៤៧​% ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នក​មាន​សិទ្ធិ​ចុះ​ឈ្មោះ​៩,៦​លាន​នាក់។​

នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​របស់​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ (Comfrel)​ រួម​ជាមួយ​សមាជិក​នៃ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.)​ បាន​បិទផ្សាយ​បញ្ជី​បោះឆ្នោត​ថ្មី​ជា​លើក​ដំបូង កាល​ពី​ដើម​ខែ​មករា​នេះ និង​បាន​ដាក់​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ឲ្យ​ម្ចាស់​ឈ្មោះ​អាច​ស្វែងរក​ឈ្មោះខ្លួន​ឯង​បាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក្រោយ​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ដែល​បាន​ធ្វើ​ឡើង​រយៈពេល​បី​ខែ​កាល​ពី​ចុងឆ្នាំ​២០១៦​កន្លង​ទៅ។

របាយ​ការណ៍​ដែល​ត្រូវ​បាន​ចង​ក្រង​ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​កញ្ញា​ មក​ដល់​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ បាន​ឲ្យដឹង​ថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែលពេញ​លេញ​ត្រូវ​ការ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​យ៉ាង​តិច​ណាស់​ក៏​៩៥​ភាគរយ​នៃ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត។ របាយ​ការណ៍​បន្ត​ថា​ អ្នកមាន​សិទ្ធិ​បោះ​ឆ្នោត​ ដែល​នៅ​សល់​មួយ​ចំនួន​ក៏​នៅ​ចង់​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែរ​ បន្ទាប់​ពី​ការ​បិទ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៦។

លោក​គល់ បញ្ញា​ នាយក​ប្រតិបតិ្ត​នៃ​គណៈកម្មាធិការ​ Comfrel ​ថ្លែង​ក្នុង​ពិធី​ចេញ​ផ្សាយ​របាយ​ការណ៍​ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ថា​ ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​គឺ​មិនបាន​ពេញ​លេញ​ទេ។​

ក្រៅ​ពី​បញ្ហា​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ លោក​គល់​ បញ្ញា ​មាន​ប្រសាសន៍​ថា​ ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​បាន​រក​ឃើញ​ថា ដំណើរ​ការ​នៃ​ការ​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​ មិន​ត្រូវបាន​ធ្វើ​ឡើង​ដោយ​លម្អិត​នៅ​តាម​ឃុំ​សង្កាត់​នោះ​ឡើយ​ ជាពិសេស​ គឺ​ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​បញ្ហា​ជន​បរទេស។

«ការ​សង្កេត​របស់​យើង ជា​បឋម​នៅ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ បណ្តឹង​នេះ​គឺ​មិន​បាន​ដំណើរការ​ទៅ​តាម​នីតិវិធី​ទេ​ គឺ​មិន​មាន​ការ​ដេញ​ដោល ​ចោទ​សួរ​ទៅ​អ្នក​ដែល​គេ​សង្ស័យ​ ជាពិសេស​បណ្តឹង​ជំទាស់​ ដែល​អ្នក​សង្ស័យ​ថា​ មិនមាន​សញ្ជាតិ​ខ្មែរ​ហ្នឹង​ គឺ​ថា​ មិន​មាន​ការ​សួរ​អី​បាន​ស៊ី​ជម្រៅ​ទេ​នៅ​ឯ​ឃុំ-សង្កាត់»។​

លោក​សំ​ គន្ធាមី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ ​និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ Nicfec បាន​ពន្យល់​បន្ថែម​អំពី​ការ​ដោះស្រាយ​ពាក្យ​បណ្តឹង​ថា​ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​គ.ជ.ប.​មិន​បាន​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​ពាក្យ​បណ្តឹង​លើ​ការ​ចុះ​បញ្ជី​បោះឆ្នោត​ឲ្យ​បាន​ល្អិត​ល្អន់​នោះ​ឡើយ ដោយ​ពួកគេ​ផ្អែក​តែ​ទៅលើ​ភស្តុតាង​បន្តិច​បន្តួច​ដែល​មាន​ដូច​ជា​អត្ត​សញ្ញាណ​បណ្ណ​ និង​សៀវភៅ​គ្រួសារ។​

«មាន​ចុង​ចម្លើយ​ខ្លះ​ គាត់​បង្ហាញ​ពី​សៀវភៅ​គ្រួសារ​ សំបុត្រ​បញ្ជាក់​កំណើត​ ឬក៏​អត្ត​សញ្ញាណបណ្ណ​អីចឹង​ទៅ​ ដូចច្នេះ​ គ.ជ.ប.​មិន​បាន​សួរ​ពី​សាវតា​អី​របស់​ជន​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្តឹង​នោះ​ទេ​ អត់​បាន​សួរ​ដេញ​ដោល​ឲ្យ​បាន​ស៊ី​ជម្រៅ​ ហើយ​ជា​ពិសេស​ឯកសារ​ច្បាប់​ ដែល​បញ្ជាក់​ពី​សញ្ជាតិ​ក៏​មិន​បាន​លើក​យក​មក​សួរ​នាំ​ដែរ»។​

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​លើក​ឡើង​ថា​ ពួកគេ​មាន​ផែនការ​សុំ​ចូល​ជួប​មន្ត្រី​គ.ជ.ប.​ដើម្បី​ពិភាក្សា​អំពី​ការ​ច្រាន​ចោល​ពាក្យ​បណ្តឹង​របស់​គណបក្ស​ប្រឆាំង​ ដែល​បាន​ចោទ​ថា​ មាន​ប្រជាជន​វៀតណាម​១៨១នាក់ ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី។

លោក​ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ​គ.ជ.ប. ​បាន​ប្រាប់​ VOA ​ថា​ ​គ.ជ.ប.​បាន​ចាត់​ទុក ​ថា​ ចំនួន​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​គឺ​មាន​ភាព​ប្រសើរ​ ព្រោះ​វា​ជា​ចំនួន​ខ្ពស់​មួយ ហើយ​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ត្រូវ​បង្កើន​ការ​ចូលរួម​ឲ្យ​សកម្ម​ជាង​នេះ​ ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​អំពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដល់​អ្នក​ដែល​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត នៅ​ក្នុង​ការ​ចុះ​បញ្ជី​ឈ្មោះ​ នា​ពេល​ក្រោយ​ទៀត។​

លោក​ថ្លែង​បន្ថែម​ថា​ គ.ជ.ប.​មិន​ទាន់​បាន​ប្រកាស​លទ្ធផល​អំពី​សវនាការ​ ដែល​ធ្វើ​ឡើង​ដើម្បី​ដោះស្រាយ​ពាក្យ​បណ្តឹង​នានា​នោះ​ឡើយ។​ លោក​ថ្លែង​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លំា​មើល​កិច្ច​ដំណើរការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ​ ក៏​ត្រូវ​បង្កើន​ពេលវេលា​ក្នុងការ​តាមដាន​ដំណើរការ​ដោះស្រាយ​ពាក្យ​បណ្តឹង​នេះ​ ដោយ​មិន​អាច​គ្រាន់តែ​មក​សង្កេត​ក្នុង​រយៈពេល​ខ្លី ហើយ​ធ្វើ​សេចក្តី​សន្និដ្ឋាន​នោះ​ឡើយ។

«គ.ជ.ប.​ស្នើ​សុំ​ឲ្យ​មាន​ការ​ចូលរួម​ឲ្យ​បាន​ពេញ​លេញ​គ្រប់​ម៉ោង​ ដើម្បី​ធ្វើការ​សន្និដ្ឋាន​ ចៀស​វាង​ការ​សន្និដ្ឋាន​ណាមួយ​ដែល​គ្រាន់​តែ​ បន្លឺ​ឲ្យ​ចេញ​ជា​សំឡេងបាទ»។​

អ្នក​តាម​ដាន​ដំណើរ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ បញ្ហា​ចំណាក​ស្រុក​គឺ​ជា​ឬស​គល់​សំខាន់​មួយ​នៃ​ការ​ធ្វើ​ឲ្យ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ​ ​មិន​បាន​ពេញ​លេញ។

របាយ​ការណ៍​របស់​គណៈ​កម្មាធិការ​ខុមហ្វ្រែល​ (Comfrel)​ រួម​ជាមួយ​សមាជិក​នៃ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ បាន​ឲ្យ​ដឹង​បន្ត​ថា ប្រជា​ពលរដ្ឋ​ដែល​យល់​ដឹង​អំពី​ការ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង ហើយ​ដែល​បាន​ចេញ​ទៅ​ពិនិត្យ​ឈ្មោះ​ មាន​ប្រមាណ​៣០​ភាគរយ​នៅ​តាម​សាលា​ឃុំ-សង្កាត់។​

ខេត្ត​ដែល​មាន​ភាគរយ​ប្រជា​ពលរដ្ឋ​ចេញ​ទៅ​ពិនិត្យ​តិច​ជាង​គេ​ រួម​មាន​ខេត្ត​ត្បូង​ឃ្មុំ​ ខេត្ត​ព្រៃវែង​ ខេត្ត​ឧត្តរមានជ័យ​ និង​ខេត្ត​ព្រះសីហនុ។ ​ដោយ​ឡែក​ រាជធានី​ភ្នំពេញ​ ខេត្ត​សៀមរាប​ ខេត្ត​បន្ទាយមានជ័យ​ និង​ខេត្ត​រតនៈ​គិរី ​ជា​ដើម គឺ​មាន​ប្រជា​ពលរដ្ឋ​ចេញ​ទៅ​ពិនិត្យ​ឈ្មោះ​ច្រើន​មធ្យម។​ ប្រជា​ពលរដ្ឋ​ជាច្រើន​ក៏​បាន​ផ្ទៀង​ផ្ទាត់​ឈ្មោះ​តាម​រយៈ​គេហទំព័រ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​របស់​គ.ជ.ប.​ដែរ។​

របាយ​ការណ៍​នេះ​ក៏​បាន​រក​ឃើញ​ថា​ មាន​ការ​បង្កើត​ការិយាល័យ​ និង​ការ​ចេញ​លិខិត​បញ្ជាក់​ទីលំនៅ​ដល់​នគរបាល​ និង​យោធិន​ ដែល​អាច​ត្រូវ​បាន​បកស្រាយ​ថា​ ជាបញ្ហា​ទាក់​ទិន​នយោបាយ​នៅ​ក្នុង​ឃុំ​ចំនួន​១៩ ​ហើយ​វា​អាច​ប៉ះពាល់​ដល់​ភាព​សម្ងាត់​នៃ​ក្រុម​ចុះ​ឈ្មោះ​ ដែល​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ ជា​ពិសេស​យោធា។​

របាយ​ការណ៍​ឲ្យ​ដឹង​បន្ត​ទៀត​ថា មាន​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​ចំនួន​១៥៥៤០​ករណី​ តែ​ភាព​មិន​ប្រក្រតី​ទាំងអស់​នោះ​ មិន​ត្រូវ​បាន​ចាត់ទុក​ថា​ធ្ងន់ធ្ងរ​នោះ​ទេ។​ យ៉ាង​ណាក៏ដោយ​ ​ភាព​មិន​ប្រក្រតី​ដែល​កើត​ឡើង​ច្រើន ហើយ​ដែល​គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នោះ ​គឺ​ការ​បញ្ចូល​ទិន្នន័យ​ខុស​ និង​ការ​មិន​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ឈ្មោះ​នៅ​ក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។​

របាយ​ការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ទាក់​ទិន​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ គ.ជ.ប.​មាន​សមត្ថភាព​ផ្ទៀង​ផ្ទាត់​ ហើយ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ឈ្មោះ​ស្ទួន​ជាង​២ម៉ឺន​ឈ្មោះ​ និង​កំហុស​ទិន្នន័យ​ប្រមាណ​៣ភាគរយ​នៃ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ តែ​ប្រព័ន្ធ​នេះ​ក៏​អាច​កែ​តម្រូវ​ផង​ដែរ។​

លោក​គល់​ បញ្ញា​ នាយក​ប្រតិបតិ្ត​នៃ​គណៈ​កម្មាធិការ​ Comfrel​ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​នឹង​ចេញ​របាយ​ការណ៍​ថ្មី​ពីរ​បន្ថែម​ទៀត​ ស្តីពី​ការ​ធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ​នៅ​ខែ​មីនា។​ លោក​ពន្យល់​ថា​ ការ​ធ្វើ​សវនា​កម្ម​នេះ​មាន​បំណង​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវនៃ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ​ បន្ទាប់​ពី​រក​ឃើញ​ឈ្មោះ​ស្ទួន​ និង​កំហុស​នានា​ដែល​ត្រូវ​បាន​កែ​សម្រួល​ដោយ​គ.ជ.ប.​ ប៉ុន្តែ​កំហុស​ទាំង​នោះ​នៅ​តែ​កើត​មាន​ដដែល៕

XS
SM
MD
LG