នេះបើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គ.ជ.ប នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការដោះស្រាយបណ្តឹងតវ៉ា បណ្តឹងជំទាស់ ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករានេះ។
ក្នុងចំណោមបណ្តឹងទាំង១២៨នេះ មានបណ្តឹងចំនួន១២៥ ដែលបានប្តឹងជំទាស់ឲ្យលុបឈ្មោះអ្នកបោះឆ្នោតចំនួនជិត២.០០០នាក់ចេញបញ្ជីបោះឆ្នោត ដែលអ្នកទាំងនោះរងការចោទថាមិនមានសញ្ជាតិខ្មែរ ឬពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ចុះឈ្មោះបោះឆ្នោត។
យ៉ាងណាក៏ដោយ មកទល់ពេលនេះ គ.ជ.បមិនទាន់សម្រេចលុបឈ្មោះណាមួយចេញពីបញ្ជីបោះឆ្នោតដំបូងនោះទេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការដោះស្រាយបណ្តឹងតវ៉ានាព្រឹកថ្ងៃព្រហស្បតិ៍ លោក មាន សទិ សមាជិកគ.ជ.ប លើកឡើងថា កន្លងមកដើមបណ្តឹងដែលប្តឹងជំទាស់មកកាន់គ.ជ.ប ពុំបានផ្តល់ភស្តុតាងផ្លូវច្បាប់ឲ្យបានគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកថាជនណាមួយពុំមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតនោះទេ។
លោក មាន សទិ ថ្លែងថា៖
«នៅពេលធ្វើសវនាការ ដើមបណ្តឹង និងមេធាវីដើមបណ្តឹង បានលើកឡើងអំពីសញ្ជាតិ ដោយគាត់មានសំអាងតែលើសំនៀង ទំនៀមទម្លាប់ របៀបរស់នៅ និងការខ្វះព្រះរាជក្រឹត្យ គាត់និយាយពីព្រះរាជក្រឹត្យ ព្រោះគាត់សង្ស័យថា អ្នកដែលត្រូវប្តឹងហ្នឹង ជាជនបរទេស»។
ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាន លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ទទូចឲ្យមានការចូលរួមសកម្មពីភាគីដើមបណ្តឹងដើម្បីផ្តល់ភស្តុតាង និងចម្លើយដល់ក្រុមជំនុំជម្រះគ.ជ.ប។
«នៅក្នុងមាត្រា៦១ចែងថា ដើម្បីប្តឹងជំទាស់ទៅនឹងជនណា សាមីអ្នកប្តឹងជំទាស់ត្រូវមានភស្តុតាងបញ្ជាក់ថា ជននោះមានលក្ខខណ្ឌមិនគ្រប់គ្រាន់ដើម្បីមានឈ្មោះបោះឆ្នោត។ បន្ទុកនៃការរកភស្តុតាងដើម្បីបញ្ជាក់ គឺជាបន្ទុកអ្នកប្តឹងជំទាស់។ ប៉ុន្តែការពិនិត្យមើលកន្លងមកនេះ គឺពុំមានឯកសារ យថាភូតណាមួយដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ដែលជាឯកសារផ្ទុយដែលបញ្ជាក់ថា ជនដែលត្រូវជំទាស់នោះ ពុំមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈ្មោះបោះឆ្នោត»។
នាពេលកន្លងមក បញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត គឺជាបញ្ហាចម្រូងចម្រាសមួយយ៉ាងសំខាន់ចំពោះការបោះឆ្នោតអាណត្តិមុនៗ។
បញ្ហាចម្រូងចម្រាសទាំងនោះរួមមាន ការរកឈ្មោះមិនឃើញ បញ្ជីឈ្មោះប៉ោង និងឈ្មោះស្ទួនជាដើម ដែលជារឿយៗគណបក្សជំទាស់ធ្វើការតវ៉ា ដោយអះអាងថា លទ្ធផលបោះឆ្នោតមានភាពមិនប្រក្រតីច្រើន។
អ្នកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងជាមេធាវីរបស់គណបក្សសង្គ្រោះជាតិ បញ្ជាក់ប្រាប់ VOA ថា រយៈពេល៣ថ្ងៃនៃការដោះស្រាយពាក្យបណ្តឹងនេះ គ.ជ.បមិនទាន់បានលុបឈ្មោះណាមួយចេញពីបញ្ជីតាមការប្តឹងរបស់គណបក្សជំទាស់នោះទេ។
អ្នកស្រី លើកឡើងថា ការស្វែងរកភស្តុតាងបញ្ជាក់ថា បុគ្គលណាម្នាក់មិនមានសញ្ជាតិខ្មែរនោះ មិនមែនជារឿងងាយស្រួលនោះទេ ជាហេតុដែលអ្នកស្រីទទូចឲ្យគជប សហការជាមួយក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធដើម្បីផ្ទៀងផ្ទាត់ឯកសារ។
«ជាបឋម ក្រុមចុះឈ្មោះ គេពិតជាចុះឲ្យមែនហើយ ប៉ុន្តែបន្ទាប់ពីមានបណ្តឹងទៅត្រូវធ្វើការស្រាវជ្រាវលើឯកសារហ្នឹងថា ត្រឹមត្រូវដែរឬទេ។ ចឹងស្ថាប័នពាក់ព័ន្ធនឹងឯកសារហ្នឹង គឺក្រសួងមហាផ្ទៃហើយ។ ចឹងគជប ត្រូវសហការជាមួយក្រសួងមហាផ្ទៃដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃឯកសារ។ ធម្មតាយើងប្តឹងទាក់ទងនឹងរឿងសញ្ជាតិ យើងទៅរកឯកសារ វាមិនងាយរកទេ»។
អ្នកស្រីរំពឹងថា ការស៊ើបអង្កេតច្បាស់លាស់ នឹងនាំឲ្យមានការលុបឈ្មោះមិនប្រក្រតីចេញពីបញ្ជីបោះឆ្នោត នាពេលខាងមុខ។
«ចឹងបើសិនជាមានការស៊ើបអង្កេតប្រកបដោយតម្លាភាព ដោយយុត្តិធម៌ មុននិងក្រោយ យ៉ាងហោចណាស់មានអ្នកខ្លះ ក៏ត្រូវបានលុបឈ្មោះចេញពីបញ្ជីវិញដែរ»។
របាយការណ៍របស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) រួមជាមួយសមាជិកនៃសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ចេញផ្សាយនាដើមសប្តាហ៍នេះ បង្ហាញថា ដំណើរការដោះស្រាយពាក្យបណ្តឹង មិនត្រូវបានធ្វើឡើងដោយលម្អិតនៅតាមឃុំសង្កាត់នោះឡើយ ជាពិសេស គឺពាក្យបណ្តឹងពាក់ព័ន្ធនឹងបញ្ហាជនបរទេស។
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃគណៈកម្មាធិការ Comfrel ទទួលស្គាល់ពីការខិតខំប្រឹងប្រែងធ្វើការរបស់គ.ជ.ប ក៏ប៉ុន្តែលោកថា ការងារទាំងនោះមិនទាន់បានបង្ហាញពីតម្លាភាពឲ្យបានពេញលេញនៅឡើយ។
លោកថា គ.ជ.ប នៅត្រូវការពេលវេលាច្រើនទៀតដើម្បីស៊ើបអង្កេតទៅលើបណ្តឹងចំពោះបញ្ជីឈ្មោះនោះ ព្រមទាំងទាមទារឲ្យមានការបើកសវនាការជាសាធារណៈឲ្យបានកាន់តែច្រើន ដើម្បីឲ្យសាធារណជនបានដឹងអំពីរបៀបដោះស្រាយរបស់គជប។ លោកថា ការណ៍នេះអាចធ្វើឲ្យពលរដ្ឋកាន់តែមានទំនុកចិត្តទៅលើគ.ជ.ប។
«ខ្ញុំថាមិនទាន់មានតម្លាភាពពេញលេញ ដែលធ្វើឲ្យអ្នកប្តឹងអស់ចិត្ត។ ខ្ញុំគិតថា គាត់ត្រូវការពេលវេលាមួយចំនួន ដើម្បីធ្វើជាវេទិការសាធារណៈ ឲ្យបានច្រើន ដើម្បីឲ្យគេស្តាប់របៀបគាត់ដោះស្រាយ សួរនាំទៅលើរឿងការសង្ស័យលើសញ្ជាតិ។ ហើយឯកសារ ឬការសង្ស័យមួយចំនួនគួរតែមានការផ្ទៀងផ្ទាត់ ឲ្យបានស្រួលបួលទៅ ដើម្បីឲ្យដឹងថា ការសង្ស័យនឹងមិនត្រឹមត្រូវទេ។ គេមានឯកសារត្រឹមត្រូវនៅក្រសួងមហាផ្ទៃចឹងអី»។
លោក គល់ បញ្ញា មើលឃើញថា ការចូលរួមពីភាគីពាក់ព័ន្ធនៅមានកម្រិតនៅឡើយ ដើម្បីជួយសម្រួលការងារដល់គ.ជ.បក្នុងការដោះស្រាយបណ្តឹង និងប្រមូលភស្តុតាង៕