ក្រុមអ្នកធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនៅតំបន់បឹងកក់បានបើកយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅជាថ្មី បន្ទាប់ពីរដ្ឋាភិបាលមិនបានដោះលែងសកម្មជនបឹងកក់ មន្រ្តីសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមការរំពឹងទុករបស់ពួកគេ។
ថ្ងៃចន្ទទី៩ ខែមករា នេះ គឺជាសប្តាហ៍ទី៣៦ នៃយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។ អ្នកធ្វើយុទ្ធនាការអះអាងថា តុលាការចាប់ឃុំសកម្មជនទាំងនោះដោយភាពអយុត្តិធម៌ និងក្រោមសម្ពាធនយោបាយ។ ក្រុមអ្នកតវ៉ាបានផ្អាកយុទ្ធនាការនេះចំនួនពីរសប្តាហ៍បន្ទាប់ពី លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបផ្ទាល់ជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំងនៅរដ្ឋសភា កាលពីដើមខែធ្នូ ហើយលោក ស ខេង បានឲ្យដឹងថា នឹងមានការពិនិត្យលើការឃុំខ្លួនអ្នកការពារសិទិ្ធមនុស្ស និងមន្ត្រី គ.ជ.ប ឲ្យបានមុនដំណាច់ខែធ្នូ ឆ្នាំ២០១៦។
អ្នកការពារសិទ្ធិមនុស្ស៤នាក់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលរួមមាន លោក នី សុខា លោក យី សុខសាន លោក ណៃ វ៉ង់ដា និង អ្នកស្រី លឹម មុនី ព្រមទាំង លោក នី ចរិយា មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាអតីតអ្នកការពារសិទ្ធិមនុស្សដ៏លេចធ្លោម្នាក់នៃសមាគមអាដហុកនេះដែរ ត្រូវបានឃុំខ្លួនចាប់តាំងពីខែមេសា ឆ្នាំ២០១៦មក។
ការចាប់ខ្លួនពួកគេកើតមាន ក្រោមបទចោទសូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សី ទាក់ទងនឹងការផ្ដល់ការប្រឹក្សាច្បាប់ដល់នារីកាត់សក់វ័យក្មេងម្នាក់ ឈ្មោះនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវគេចោទថា មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
អ្នកស្រី ទេព វន្នី ដែលបានចូលរួម និងដឹកនាំការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅយ៉ាងសកម្មដើម្បីទាមទារឲ្យមានការដោះលែងអ្នកទាំងនោះត្រូវបានចាប់ឃុំខ្លួននិងកាត់ទោសក្នុងករណីជាច្រើនពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើហិង្សា។
កញ្ញា សុង ស្រីលាភ សកម្មជនបឹងកក់ម្នាក់ដែលបានចូលរួមក្នុងការប្រារព្ធយុទ្ធនាថ្ងៃចន្ទពណ៌ខ្មៅនៅព្រឹកនេះប្រាប់ VOA ថា ប្រជាសហគមន៍បឹងកក់ធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅឡើងវិញ ដោយសារការលើកឡើងរបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថានឹងមានការដោះលែងអ្នកកំពុងជាប់ឃុំនៅចុងខែធ្នូ ឆ្នាំ២០១៦ មិនត្រូវបានអនុវត្ត។
កញ្ញាបញ្ជាក់ថា៖ «កាលពីសប្តាហ៍មុនយើងផ្អាកដោយសារយើងបានឮការផ្សព្វផ្សាយពីឧបនាយករដ្ឋមន្រ្តី ស ខេង ដោយផ្ទាល់ ដោយគាត់បាននិយាយថា នៅចុងឆ្នាំ២០១៦ ក្នុងខែ១២ហ្នឹង នឹងមានការដោះលែងមន្រ្តីសង្គមស៊ីវិល និងសកម្មជនដទៃទៀត។ អញ្ចឹងនៅពេលយើងឮអញ្ចឹង យើងមានអារម្មណ៍ថានៅពេលអ្នកនយោបាយធ្វើការចរចារគ្នា និងកម្ដៅនយោបាយវាចាប់ផ្តើមធ្លាក់ចុះ អញ្ចឹងការដោះលែងនឹងអាចមានដូចអ្វីដែលគាត់មានប្រសាសន៍ តែផ្ទុយទៅវិញក្តីរំពឹងរបស់យើងវាបានប្រែជារឿងមួយដែលខកចិត្តយ៉ាងខ្លាំង»។
កញ្ញាបន្ថែមថា ប្រសិនបើរដ្ឋាភិបាលមិនដោះលែងមន្ត្រីសិទ្ធិមនុស្សទាំង៤រូប មន្ត្រី គ.ជ.ប លោក នី ចរិយា និងអ្នកស្រី ទេព វន្នី ទេ ប្រជាសហគមន៍នឹងនៅតែធ្វើយុទ្ធនាការនេះបន្តទៀត ដែលនឹងឈានដល់ការធ្វើយុទ្ធនាការជាទ្រង់ទ្រាយធំក្នុងពេលខាងមុខ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ VOA ថា ការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅរបស់សហគមន៍បឹងកក់ គឺជាសកម្មភាពដែលគ្មានការគាំទ្រពីរដ្ឋាភិបាល ហើយលោកថា ការដោះលែងអ្នកជាប់ឃុំ ឬយ៉ាងណានោះ គឺសម្រេចលើការអនុវត្តច្បាប់របស់តុលាការ។ ទោះជាយ៉ាងណាលោក ខៀវ សុភ័គ បន្ថែមថា ជំនួបរវាងលោក ស ខេង និងលោក កឹម សុខា ក្រោយថ្ងៃទី១១ ខែមករានេះ អាចនឹងមានពន្លឺនៃការដោះស្រាយបញ្ហារបស់អ្នកកំពុងជាប់ឃុំទាំងនោះ។
លោកមានប្រសាសន៍ថា៖ «នៅក្នុងលិខិតមួយដែលសម្តេច ស ខេង បានផ្ញើជូនឯកឧត្តម កឹម សុខា កន្លងទៅហ្នឹងលោកបានកំណត់ថាក្រោយថ្ងៃ១១ លោកនឹងមើលកម្មវិធីដើម្បីជួបឯកឧត្តម កឹម សុខា។ ហើយខ្ញុំគិតថាកិច្ចជួបគ្នាហ្នឹងអាចនឹងមានផលប្រយោជន៍ ឬក៏អាចនឹងមានដោះស្រាយបញ្ហាដែលនៅសេសសល់ហ្នឹង»។
ថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិគ្រោងជួបពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ និងបញ្ហានយោបាយដែលនៅសេសសល់តាមការស្នើសុំរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ លោក ស ខេង ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា បានប្រាប់លោក កឹម សុខា ដែលទើបក្លាយជាប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិថា ជំនួបពិភាក្សាការងាររវាងគណបក្សទាំងពីរអាចធ្វើឡើងបានក្រោយថ្ងៃទី១១ ខែមករា ដោយមិនទាន់កំណត់ពេលវេលាជាក់លាក់។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រាប់ VOA ថា រដ្ឋាភិបាលបានយកសកម្មជនការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំទាំងអស់នោះធ្វើជាឧបករណ៍ក្នុងការចរចារនយោបាយ ដូច្នេះលោកថា ការលើកឡើងពីការដោះលែង តែបែរជាមិនមានការដោះលែង ដោយសារស្ថានភាពនយោបាយមានការផ្លាស់ប្តូរ។
លោកបញ្ជាក់ថា៖ «ថ្ងៃចន្ទពណ៌ខ្មៅដែលឃើញចាប់ផ្តើមវិញពីសហគមន៍បឹងកក់នេះ ឃើញថាដោយសារតែអ្នកនយោបាយទាំងអស់ហ្នឹងគឺយកសកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនការពារដីធ្លីនេះ គឺជាឧបករណ៍សម្រាប់អ្នកនយោបាយក្នុងការចរចាគ្នាកន្លងមកហ្នឹង។ នៅពេលដែលស្ថានភាពនយោបាយចរចាត្រូវរ៉ូវគ្នាទៅហាក់ដូចមានពន្លឺក្នុងការដោះលែង ប៉ុន្តែនៅពេលសភាពការណ៍តានតឹង ការដោះលែងរបស់អ្នកទាំងហ្នឹងហាក់បាត់ព័ត៌មានឈឹង»។
កម្រងករណីសិក្សាលើការចាប់ខ្លួនក្រុមអ្នកតវ៉ា ដែលចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កាលពីថ្ងៃទី ១០ ធ្នូ ឆ្នាំ២០១៦ បង្ហាញថា ក្នុងយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» មានការចាប់ខ្លួនមនុស្សចំនួន៣៣លើក ដែលពាក់ព័ន្ធនឹងបុគ្គលចំនួន២១នាក់ ហើយក្នុងចំណោមពួកគេទាំងនោះ មួយចំនួនធ្លាប់ត្រូវបានចាប់ខ្លួនជាច្រើនដងរួចមកហើយ៕