ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​មូរ សុខហួរ៖ ពលករកុំ​បាក់ទឹក​ចិត្ត​ទោះ​​រងការ​​រើសអើង​ពេល​ចុះឈ្មោះ​បោះ​ឆ្នោត


រូបឯកសារ៖ លោកស្រី មួរ សុខហួរ  តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ទៅកាន់​សារព័ត៌មាន​ និង​អ្នក​គាំទ្រ​បក្ស​សង្រ្គោះជាតិ​នៅ​ទីស្នាក់ការ​គណបក្ស​សង្រ្គោះជាតិ​នៅ​ថ្ងៃ​សុក្រ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦។
រូបឯកសារ៖ លោកស្រី មួរ សុខហួរ  តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ទៅកាន់​សារព័ត៌មាន​ និង​អ្នក​គាំទ្រ​បក្ស​សង្រ្គោះជាតិ​នៅ​ទីស្នាក់ការ​គណបក្ស​សង្រ្គោះជាតិ​នៅ​ថ្ងៃ​សុក្រ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦។

លោកស្រី មូរ សុខហួរ​ អ្នកតំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​នៅក្នុងកម្មវិធី​ Hello VOA ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​នេះ​ជា​​ការរើសអើង​មួយ​រវាង​ពលករ​និង​កងកម្លាំង​ប្រដាប់អាវុធ​ព្រោះ​កងកម្លាំង​ប្រដាប់​អាវុធ​ដែលមាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច​ត្រូវ​បាន​សម្រួល​ឱ្យ​ចុះឈ្មោះ​នៅក្បែរ​ទីតាំង​ដែល​ពួកគេ​ឈរ​ជើង។

គណបក្ស​ប្រឆាំង​បាន​ត្អូញត្អែពីការរើស​អើង​ក្នុង​ដំណើរ​ការចុះ​ឈ្មោះ​បោះឆ្នោត​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃហើយ​បាន​ស្នើ​ឱ្យគណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប)​សុំ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដើម្បី​ឱ្យ​មាន​ភាព​បត់បែន​ជាងមុន។

ការលើកឡើង​នេះ​បន្ទាប់ពី​មាន​ពលករ​ខ្មែរ​ជាច្រើន​រយ​នាក់​មិន​អាចចុះ​ឈ្មោះ​នៅ​បណ្តា​ខេត្ត​តាម​ព្រំដែន​ខ្មែរ-​ថៃ​ដោយ​សារ​តែ​អាជ្ញាធរ​មូលដ្ឋាន​បដិសេធ​មិន​ចេញ​លិខិត​បញ្ជាក់​ទីលំនៅ​ជូន​ពួកគេ​ព្រោះ​ពួកគេ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃហើយ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ផ្សេង។

លោកស្រីមូរ សុខហួរ​ អ្នកតំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​នៅក្នុងកម្មវិធី​ Hello VOA ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​នេះ​ជាការរើសអើង​មួយ​រវាង​ពលករ​និង​កងកម្លាំង​ប្រដាប់អាវុធ​ព្រោះ​កងកម្លាំង​ប្រដាប់​អាវុធ​ដែលមាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច​ត្រូវ​បាន​សម្រួល​ឱ្យ​ចុះឈ្មោះ​នៅក្បែរ​ទីតាំង​ដែល​ពួកគេ​ឈរ​ជើង។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោកស្រី​មូរ សុខហួរក៏បាន​លើកឡើង​បន្ថែម​ថា​ក្នុង​ករណី​ខ្លះ​ក្រុម​ការងារ​គណបក្ស​កាន់​អំណាច​ដែល​ចុះ​តាម​ខេត្តទទួល​បាន​ការ​ចុះឈ្មោះ​នៅ​មូលដ្ឋាន​ដែល​ពួកគេ​ចុះ​ឃោសនា​បើ​ទោះបី​ជា​អ្នក​ទាំងនោះ​រស់​នៅ​ទីក្រុង​ភ្នំពេញ​ក៏ដោយ។

លោកស្រី​បន្ថែម​ថា៖

«នេះខ្ញុំ​យល់​ថា​គឺ​ជា​ការ​រើសអើង​នយោបាយ​ដែល​នឹង​ធ្វើ​ឱ្យ​ធ្លាក់​ពិន្ទុ​នៅពេល​ដែល​អង្គការ​សហប្រជាជាតិ​ នៅពេល​ដែល​ម្ចាស់​ជំនួយ​ នៅពេល​ដែល​អ្នក​សង្កេត​ការណ៍​គេ​វាយ​តម្លៃ​ទៅលើ​ដំណើរការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ នៃ​ការ​បោះឆ្នោត​នេះ​‍»។

លោក ថន សុភា ពលករចំណាកស្រុកខ្មែរ​ដែល​កំពុង​ធ្វើការនៅប្រទេសថៃ។ (រូបថតផ្តល់ឲ្យ)
លោក ថន សុភា ពលករចំណាកស្រុកខ្មែរ​ដែល​កំពុង​ធ្វើការនៅប្រទេសថៃ។ (រូបថតផ្តល់ឲ្យ)

លោក​ថន សុភា ពលករ​ធ្វើការ​នៅ​រោងចក្រ​សាច់​មាន់​ក្នុង​ប្រទេស​ថៃ​បាន​បញ្ជាក់​ថា​ពលករ​ដែល​ធ្វើការ​នៅ​រោងចក្រ​ជាមួយ​នឹង​លោក​ចំនួន​ជាង​៦០០នាក់​បាន​ខកខាន​ក្នុង​ការ​ព្យាយាម​ចុះ​ឈ្មោះ​បោះឆ្នោត​នៅថ្ងៃទី​៩​និង​១៦ខែ​តុលា​កន្លងមកនេះនៅខេត្ត​បាត់​ដំបង​និង​បន្ទាយ​មានជ័យ។

លោក​បាន​បន្ថែម​ថា៖«ប្រជាពលរដ្ឋ​របស់​ខ្ញុំ​នៅ ខាង​ខេត្ត​ឈុនបូរី ហ្នឹង​ក៏គាត់​មាន​ការ​តូច​ចិត្ត​មែនទែន​ដោយ​សារ​តែ មាន​ការ​យឺតយ៉ាវ​ក្នុងការ​ចុះឈ្មោះ‍»។​

អ្នកនាំពាក្យ​គ.ជ.ប​ ហង្ស ពុទ្ធា​ធ្លាប់​បាន​បញ្ជាក់​ក្នុង​បទសម្ភាស​ជាមួយ​នឹង​បណ្តាញ​សារព័ត៌មាន​ក្នុងស្រុក​ថា​ការសម្រួល​ឱ្យ​ចុះ​ឈ្មោះ​នោះ​ដោយ​សារ​តែ​ក្រុម​កងកម្លាំង​ប្រដាប់​អាវុធ​មាន​តួនាទី​ត្រូវ​ថែ​រក្សា​សណ្តាប់​ធ្នាប់​និង​សន្តិសុខ​នៅ​កន្លែង​បោះឆ្នោត​ហើយ​មិន​អាច​វិល​មក​បោះឆ្នោត​នៅ​ស្រុក​កំណើត​វិញ​ទាន់​ពេល។

ប៉ុន្តែ​លោកស្រី​មូរ សុខហួរ​បាន​បន្ថែម​ថា​គេ​គួរតែ​ធ្វើ​សម្រាប់​ពលរដ្ឋ​ទាំងអស់​គ្នា​ហើយ​បើ​ច្បាប់​មិន​ចែង​ទេ​គួរ​តែ​ធ្វើ​វិសោធនកម្ម៖

«គជប​អាច​ស្នើ​ទៅ​រដ្ឋសភា​វិញ​ថា​យក​ច្បាប់​ហ្នឹង​ទៅកែ​បាន​តើ​បើ​សិនជា​គាំទ្រ​អ្វី​ដែល​ជាស្មារតី​នៃ​រដ្ឋ​ធម្មនុញ្ញ​និង​អ្វី​ដែល​មាន​ចែង​នៅក្នុង​រដ្ឋ​ធម្មនុញ្ញ។ យើង​អាច​ធ្វើ​វិសោធនកម្ម​បាន​តើ‍»។

ការចុះឈ្មោះ​អ្នក​បោះឆ្នោត​ក្នុង​ប្រព័ន្ធ​ថ្មី​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃទី​១​ខែ​កញ្ញា​ហើយ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៩​ខែវិច្ឆិកា។ រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​បោះឆ្នោត​ជាង​៦លាន​៤សែន​នាក់​បាន​ចុះ​ឈ្មោះ ហើយ​នៅសល់​ជាង​៣លាននាក់​ទៀត។ នេះ​បើ​តាម​តួលេខ​របស់​គ.ជ.ប​គិត​ត្រឹម​ថ្ងៃ​ទី​២៦ខែ​តុលា។

លោកស្រី​មូរ សុខហួរ​យល់​ថា​បើ​មាន​ឆន្ទៈ​ជួយដល់ពលករ​គឺ​ការ​ចុះឈ្មោះបោះឆ្នោត​នឹង​សម្រេច​បានតាមផែនការ៖

«ខ្ញុំ​យល់​ថានៅ​ក្នុង​រយៈ​ពេល​មួយ​ខែ​នេះ​មិន​យឺតទេ​ជាពិសេស​ឱ្យ​តែ ប្រជាពលរដ្ឋ​លោកមាន​ឯកសារ​គ្រប់​គ្រាន់​ដូច​គ.ជ.​ប​បាន​ណែនាំ​ហើយ​ ច្បាប់​បាន​ណែនាំ​ហើយ​សូមលោក​មេឃុំ​មេត្តា​ធ្វើ​ទៅតាម​ច្បាប់​ហ្នឹង​ទៅ‍»។

ពលករ​ដែល​បាន​ចុះឈ្មោះ​ រួច​ហើយ​ខ្លះបាន​ត្អូញត្អែរ​ពីការ​លំបាក​ក្នុង​ការធ្វើ​ដំណើរ​ដោយ​សារ​តែ​ពួកគេ​ខ្លះ​គ្មាន​ឯកសារ​ស្នាក់​នៅ​ត្រឹម​ត្រូវ​ក្នុង​ប្រទេស​ថៃ​ដែល​ធ្វើ​ឱ្យ​ការធ្វើ​ដំណើរ​ត្រូវ​ចំណាយ​ខ្ពស់​។

លោក រើន ចិន ពលករចំណាកស្រុក​ខ្មែរ​ដែលកំពុងធ្វើការនៅប្រទេសថៃ។ (រូបថតផ្តល់ឲ្យ)
លោក រើន ចិន ពលករចំណាកស្រុក​ខ្មែរ​ដែលកំពុងធ្វើការនៅប្រទេសថៃ។ (រូបថតផ្តល់ឲ្យ)

លោក​រើន ចិន ពលករ​ខ្មែរ​ធ្វើការ​នៅ​ខេត្ត​ឈុនបូរី ប្រទេស​ថៃបាន​បញ្ជាក់​ក្នុង​កម្មវិធី​ Hello VOA ​ថា៖

«ការធ្វើ​ដំណើរ​វា​មាន​បញ្ហា​ការគំរាម​កំហែង​គាបសង្កត់​ទាំង​មធ្យោបាយ​ធ្វើដំណើរ​ខុសប្រក្រតី ​ត្រូវ​ការ​ចំណាយ​ថវិកា​លើសពី​តម្លៃ​ធម្មតា‍»។​

លោក​រើន ចិនបន្ថែមថា​រថយន្ត​ឈ្នួល​ដែល​មាន​តម្លៃតែ​ចំនួន​៣៥០បាត (១០ដុល្លារ) ​ត្រូវ​បាន​អ្នក​ដឹកជញ្ជូន​ទារយក​រហូត​ដល់​១៥០០​បាត​ (៤២ដុល្លារ) បើ​សិន​ជា​ពលករ​ខ្មែរ​មិន​មាន​ឯកសារ​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ការ​និង​ស្នាក់​នៅ​ប្រទេស​ថៃ​ទេ។

រីឯ​លោក​ ថន សុភា ដែលនៅរោងចក្រ​ដែលលោកធ្វើការ​មាន​ពលករ​ខ្មែរ​ជិត​៣០០០នាក់​បាន​ស្នើ​សុំ​ឱ្យ​គ.ជ.ប​ជួយសម្រួល​ដល់ពួកគេដែល​នៅ​សេសសល់ផងដែរ។​

«ខ្ញុំសូមសំណូមពរទទូច​ហើយ​ទទូច​ទៀត​ដល់​ខាងផ្នែក​គ.ជ.ប​ជួយរៀបចំ​ឬក៏​ជួយសម្រប​សម្រួល​និង​បិទប្រកាស​ធ្វើ​ម៉េច​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​របស់​យើង​បាន​ចុះឈ្មោះទាំងអស់​គ្នា‍»។​

មាន​ពលករ​ខ្មែរ​ជាង​១លាននាក់​កំពុង​តែ​ធ្វើការ​នៅ​ក្រៅប្រទេស​ជាពិសេស​នៅ​ប្រទេស​ថៃ កូរ៉េខាងត្បូង​ និង​ម៉ាឡេស៊ី​ជាដើម។

លោកស្រី មូរ សុខហួរ​បាន​ស្នើ​សុំ​ពលករ​កុំ​រួញរា​ក្នុង​ការត្រឡប់​មក​ចុះឈ្មោះ​បោះឆ្នោត​បើ​ទោះបី​ជាមាន​ឧបសគ្គក៏​ដោយ៖

«ឆន្ទៈ​ឱ្យ​ខ្ពស់​ កុំ​ឱ្យ​ចាញ់​ចិត្ត​គឺ​យើង​ជា​ពលរដ្ឋ​ខ្មែរ​ត្រូវ​ខិតខំទាំងអស់​គ្នា‍»។

គណបក្ស​ប្រឆាំង​បាន​សម្តែង​ការ​សោកស្តាយ​ដែល​អាជ្ញាធរ​ឃាត់​ឃាំង​ក្រុមការងាររបស់​ខ្លួន​ក្នុង​ពេល​កន្លងមក​ពេល​ដែល​ពួកគេ​ព្យាយាមចុះ​ផ្សព្វផ្សាយ​ជំរុញពលរដ្ឋ​ឱ្យ​ទៅចុះឈ្មោះ​បោះឆ្នោត។ ហើយ​ក៏​បាន​ស្នើ​ឱ្យ​គ.ជ.បបន្ថែម​ថវិកា​ដើម្បី​ធ្វើការ​ឃោសនា​ឱ្យ​ដល់​ភូមិឃុំ​ដែលមិន​ទាន់​បាន​មកចុះ​ឈ្មោះ​បោះឆ្នោត។ ជាពិសេស​ព្រះសង្ឃ​នៅ​មិន​ទាន់​ចុះ​ឈ្មោះ បោះឆ្នោត​បាន​ច្រើន​នៅឡើយទេ៕

XS
SM
MD
LG