មកដល់ពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ទទួលពាក្យបណ្ដឹងស្ដីអំពី ការចុះឈ្មោះបោះឆ្នោតមានចំនួន៥០បណ្ដឹងមកពីខេត្ត រាជធានីនានា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) កាលពីព្រឹកថ្ងៃពុធ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក៏បានឲ្យដឹងផងដែរថាពាក្យបណ្ដឹងដាក់នៅក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនូន២៤បណ្ដឹង និងដាក់មកស្នាក់ការគជបមានចំនួន២៦ តែគេមិនបានបញ្ជាក់អំពីមូលហេតុនិងប្រភេទនៃបណ្ដឹងឲ្យបានជាក់លាក់នោះទេ។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានប្រកាសប្រាស់អ្នកសារព័ត៌មាន ក្នុងសន្និសីទពិសេសនាទីស្តីការ គជប យ៉ាងដូច្នេះថា៖
«យើងបានត្រៀមលក្ខណៈដើម្បីដោះស្រាយជាបន្តបន្ទាប់ទាំងសម្ភារជាក់ស្ដែងនិងបញ្ហាបច្ចេកទេស។ វាអាចមានការយឺតយូរខ្លះ តែវាមិនអាចផ្អាកដំណើរការចុះឈ្មោះបោះឆ្នោតទេ។»
ប្រទេសកម្ពុជា នឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាខែមិថុនា ឆ្នាំ២០១៧ខាងមុខ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨។
ដំណើរការចុះឈ្មោះបោះឆ្នោតសម្រាប់អ្នកបោះឆ្នោតនិងបញ្ជីបោះឆ្នោតថ្មីត្រូវបានគជប ចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញានេះ ហើយនឹងបញ្ចប់នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ។ មកដល់ពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចុះឈ្មោះអ្នកបោះឆ្នោតថ្មីបាន ជាង៥លាននាក់។
យ៉ាងណាក៏ដោយ លោកស្រី ម៉េង សុភារី ប្រធានផ្នែកកិច្ចការបោះឆ្នោតនិងនីតិកម្មមកពីគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្រោយពីសន្និសីទពិសេសនាទីស្តីការ គជប ថា លោកស្រីនៅតែសង្កេតឃើញ មានភាពមិនប្រក្រតីមួយចំនួនទាក់ទិននឹងអ្នកមកចុះឈ្មោះបោះឆ្នោតកន្លងមក ពោលគឺចំនួនជនអន្តោប្រវេសន៍ដែលមកចុះឈ្មោះបោះឆ្នោតត្រូវគេយល់ថាជាការព្រួយបារម្ភមួយ។
លោកស្រី ម៉េង សុភារី បានប្រាប់អ្នកសារព័ត៌មាន ក្រោយពីសន្និសីទនៅទីស្តីការ គជបយ៉ាងដូច្នេះ៖
«ការបោះឆ្នោតនេះគឺជាការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ហេតុដូច្នេះពលរដ្ឋដែលជាជនជាតិខ្មែរទាំងអស់ត្រូវមានសិទ្ធិបោះឆ្នោតសម្រេចជោគវាសនារបស់ប្រទេស ក៏ដូចជាជោគវាសនានៅក្នុងមូលដ្ឋានរបស់ខ្លួន ដូច្នេះពលរដ្ឋបរទេសមិនត្រូវមកសម្រេចជោគវាសនាប្រទេសកម្ពុជាជំនួសជនជាតិកម្ពុជាបាននោះទេ។ ហេតុដូច្នេះហើយបើទោះបីជាជនជាតិបរទេសមួយចំនួនដែលគាត់មានឯកសារហើយទៅចុះឈ្មោះបោះឆ្នោត គណបក្សសង្រ្គោះជាតិក៏បានកត់ឈ្មោះពួកគាត់ទុកហើយត្រៀមប្ដឹង។»
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែលដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាចាត់ទុកថាបញ្ហាជនអន្តោប្រវេសន៍មកចុះឈ្មោះបោះឆ្នោតនេះជារឿងនយោបាយដែលហួសដែនសមត្ថកិច្ចរបស់គជប។
«រឿងនេះយើងព្រួយបារម្ភតាំងពីដើមទីមកម្ល៉េះ តែរបៀបដោះស្រាយរឿងនេះនៅមិនទាន់មានយន្តការនៅឡើយទេ។វាអាចនៅជារឿងទំនាស់ខាងនយោបាយហ្នឹង។ មិនអាចដាច់ស្រេចដោយ សារកិច្ចការរឿងអន្តោប្រវេសន៍ ដែលនៅប្រទេសកម្ពុជាបានសញ្ជាតិបានអីហ្នឹង។ វានៅមានបញ្ហាស្មុគស្មាញ ទាក់ទិននឹងរដ្ឋាភិបាល ទាក់ទិននឹងក្រសួងមហាផ្ទៃដែរ។ អញ្ចឹងទៅវាមានបញ្ហាស្មុគស្មាញ។ វាមិនមែនត្រូវការតែគជបត្រូវដោះស្រាយ តែរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃចូលរួម»។
តែទោះជាយ៉ាងណាក្ដីលោកគល់ បញ្ញា អះអាងថាការចុះឈ្មោះបោះឆ្នោតមានលក្ខណៈជាវិជ្ជមាន បើទោះមានភាពមិនប្រក្រតីមួយចំនួនយ៉ាងណាក្ដី។លោកបន្ថែមថាខុមហ្វ្រែលនឹងធ្វើវិសោធនកម្មលើភាពមិនប្រក្រតីនេះនៅពេលខាងមុខ។
«វាមានបញ្ហាកើតឡើងខ្លះដែរ ប៉ុន្តែវាមិនជាច្រើនប៉ុន្មានទេ ហើយក៏មានពាក្យបណ្ដឹងមួយចំនួនពីជនសង្ស័យដែលមិនមែនជាជនជាតិខ្មែរបានចុះឈ្មោះបោះឆ្នោតក៏យើងបានទទួលដំណឹងនេះដែរ។តែយើងកំពុងតាមមើលបន្តទៀតដែរ ថាតើនៅពេលគេបិទបញ្ជីដំបូងហ្នឹងថា តើការដោះស្រាយពីអ្នកមកចុះឈ្មោះដែលមិនមែនជាសញ្ជាតិខ្មែរហ្នឹង ថាតើគេនឹងដោះស្រាយយ៉ាងម៉េច។ធានាយ៉ាងម៉េចថាមិនឲ្យមានបញ្ហាមានការរើសអើង។»
លោកក៏សម្ដែងការព្រួយបារម្ភអំពីភាពយឺតយ៉ាវនៃការចុះឈ្មោះបោះឆ្នោតក្នុងចំណោមពលករចំណាកស្រុកនៅប្រទេសថៃនិងប្រទេសដទៃទៀត។លោកថាពួកគេមិនបានមកចុះឈ្មោះបានច្រើនដូចការរំពឹងទុកទេនៅក្នុងឧកាសសម្រាកបុណ្យភ្ជុំកន្លងមកនេះ។ តែលោកសង្ឃឹមថាក្នុងឧកាសបុណ្យអ៊ុំទូកខាងមុខនេះ ពលករដែលនៅក្រៅប្រទេសអាចចំណាយពេលមកចុះឈ្មោះបោះឆ្នោតបាន។
បើតាមសន្និសីទសារព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)កាលពីព្រឹកថ្ងៃពុធ ទី១២នេះបានឲ្យដឹងថា នឹងមានប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចំនួនជិត ១០លាននាក់ដែលរំពឹងថានឹងមកចុះឈ្មោះបោះឆ្នោតឡើងវិញតាមប្រព័ន្ធបច្ចេកវិជ្ជាថ្មីនេះ៕