ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី​ទៅ​ជប៉ុន​សុំ​ឱ្យ​ជួយ​ធានា​ការបោះឆ្នោត​ដែល​មាន​បក្ស​ប្រឆាំង​ចូលរួម


លោក សម រង្ស៊ី ថតរូប​អនុស្សាវរីយ៍​ជាមួយ​នឹង​ក្រុម​អ្នកគាំទ្រ​នៅ​ជប៉ុន ពេល​លោក​ទៅ ដល់​ទីក្រុង​តូក្យូ​កាលពី​ថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យ)

លោក សម រង្ស៊ី​ បាន​បញ្ជាក់​ប្រាប់​ទូរទស្សន៍​ NHK ​របស់​ជប៉ុន​នៅ​ពេល​ទៅដល់​អាកាស​យានដ្ឋាន​នៅ​ទីក្រុង​តូក្យូ​​កាលពី​ថ្ងៃអង្គារ​​ថា ​​លោក​ជឿជាក់​ថា​ ប្រទេស​ជប៉ុន​ អាច​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​នាំ​យក​លទ្ធិ​ប្រជាធិបតេយ្យ​ទៅ​ប្រទេស​កម្ពុជា​វិញ​បន្ទាប់​ពី​បាន​ធ្លាក់ចុះ​ចាប់​តាំងពី​ឆ្នាំមុន។​

លោក សម រង្ស៊ី​ ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​បាន​ទៅ​ដល់​ប្រទេស​ជប៉ុនដើម្បីស្នើ​ឱ្យ​ប្រទេសជប៉ុន​ដើរ​តួនាទី​កាន់តែ​ខ្លាំង​ថែមទៀត​ក្នុង​ការ​ជួយ​ធានា​ឱ្យ​ការបោះឆ្នោត​ជាតិ​ក្នុង​ពេល​ខាងមុខ​មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌​ដោយ​មាន​ការចូលរួម​របស់​គណបក្ស​ប្រឆាំង។

លោក សម រង្ស៊ី​ បាន​បញ្ជាក់​ប្រាប់​ទូរទស្សន៍​ NHK ​របស់​ជប៉ុន​នៅ​ពេល​ទៅដល់​អាកាស​យានដ្ឋាន​នៅ​ទីក្រុង​តូក្យូកាលពី​ថ្ងៃអង្គារថា លោក​ជឿជាក់​ថា​ ប្រទេស​ជប៉ុន​ អាច​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​នាំ​យក​លទ្ធិ​ប្រជាធិបតេយ្យ​ទៅ​ប្រទេស​កម្ពុជា​វិញ​បន្ទាប់​ពី​បាន​ធ្លាក់ចុះ​ចាប់​តាំងពី​ឆ្នាំមុន។​

លោក​បាន​បញ្ជាក់​ថា៖​

«ខ្ញុំ​នឹង​ស្នើ​ជប៉ុន​ហើយ​ខ្ញុំ​គិត​ថា​ជប៉ុន​កំពុងតែ​ធ្វើកិច្ចការ​ត្រឹមត្រូវ​ហើយ​នោះ​គឺ​ធានា​ថា​ការបោះឆ្នោត​នៅថ្ងៃទី​២៩ខែកក្កដា​នឹង​មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌​ដោយ​មាន​ការចូលរួម​របស់​គណបក្ស​ប្រឆាំង​តែមួយ​គត់​ដែល​មាន​លក្ខណៈ​គួរ​ឱ្យ​ទុកចិត្ត​បាន​និង​មាន​កម្លាំង​ខ្លាំង​នោះ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ‍»។​

នៅក្នុង​បទសម្ភាស​ដែល​បាន​ផ្សាយ​បន្តតាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​សម រង្ស៊ី​ផ្ទាល់ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានរំលឹក​ពី​តួនាទី​របស់​ប្រទេស​ជប៉ុន​ក្នុងការ​ជួយ​ដល់​ដំណើរ​ការ​សន្តិភាព​នៅ​ប្រទេស​កម្ពុជា​និង​ពេល​ដែល​មាន​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ក្នុង​រយៈពេល​៣០​ឆ្នាំ​កន្លងមក​នេះ។

លោក សម រង្ស៊ី បន្ថែម​ថា​ ប្រទេស​ជប៉ុន​មាន​ឥទ្ធិពល​ខ្លាំង​លើ​ប្រទេស​កម្ពុជា​តាម​រយៈ​ជំនួយ​អភិវឌ្ឍន៍​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។

ដំណើរ​របស់​លោក ​សម រង្ស៊ី ​ទៅ​ប្រទេ​ស​ជប៉ុន​កើត​ឡើង​បន្ទាប់​ពី​លោក​ តារ៉ូ កូណូ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ហើយ​ជប៉ុន​បាន​ទទូច​ឱ្យ​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ឱ្យ​មាន​លក្ខណៈ​សេរី​និង​ត្រឹមត្រូវ​ប៉ុន្តែ​មិនបាន​ធ្វើ​អត្ថាធិប្បាយ​អំពី​សកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង​ឡើយ​ក្នុង​ពេល​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​កាលពី​ថ្ងៃអាទិត្យ។

លោក សម រង្ស៊ី​ បាន​បញ្ជាក់​ថា​អវត្តមាន​របស់គណបក្ស​សង្គ្រោះជាតិនឹង​ធ្វើ​ឱ្យ​ការបោះឆ្នោត​គ្មានន័យ​និង​ឈាន​ទៅដល់​អស្ថិរភាព​សម្រាប់​រដ្ឋាភិបាល​ថ្មី៖​

«ដូច្នេះ​ជប៉ុន​យល់​ច្បាស់​ណាស់​ថា​ការបោះឆ្នោត​ណាមួយ​ដែល​គ្មាន​ការចូលរួម​ពីគណបក្ស​សង្គ្រោះ​ជាតិ​ទេ​គឺ​គ្មានន័យ​អ្វីឡើយ។ វា​អត់​បាន​ការទេ​ហើយ​នឹង​ឈាន​ទៅ​អស្ថិរភាព​ពីព្រោះ​រដ្ឋាភិបាល​ណាក៏ដោយ​ដែល​បង្កើត​ក្រោយពី​ការបោះឆ្នោត​ដែល​មិន​ស្រប​ច្បាប់​នឹង​បង្កើត​រដ្ឋាភិបាល​មិន​ស្របច្បាប់​ដែរ​ហើយ​នឹង​មាន​ផលវិបាក​ដែល​មិន​អាច​នឹង​ប៉ាន់ស្មាន​ទុក​ជាមុន​បាន‍»។​

លោក សម រង្ស៊ី​ មាន​អមដំណើរ​ដោយ​លោកស្រី​ជូឡុង សូម៉ួរ៉ា​និង​លោកស្រី​មូរ សុខហួរ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ។ មន្ត្រី​គណបក្ស​បាន​បញ្ជាក់​ថា​លោកសម រង្ស៊ី​នឹង​ជួប​ជាមួយ​អ្នកតំណាងរាស្រ្ត​ ​មន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន ​សហគមន៍​អ្នកជំនួញ​និង​សហគមន៍​ខ្មែរ។ ​

រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​លោក​កឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែ​កញ្ញា​ហើយ​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពីថ្ងៃទី​១៦ខែ​វិច្ឆិកា​ឆ្នាំ​មុន​និងបាន​ហាមឃាត់​មន្ត្រី​គណបក្ស​ចំនួន​១១៨នាក់​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅ​អាទិត្យ​ទី​២៩ខែ​កក្កដា​ខាងមុខ​នេះ​ហើយ​ពេលវេលា​មិន​នៅសល់​ច្រើន​ប៉ុន្មាន​ទេ​សម្រាប់​គណបក្ស​ប្រឆាំង​ដោយសារ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កំណត់​យក​ថ្ងៃទី​៣០ខែមេសា​ដល់​ទី១៤ខែ​ឧសភា​ឱ្យ​គណបក្ស​ដែល​មាន​គោល​បំណង​ចូលរួម​ប្រកួត​ប្រជែង​ចុះឈ្មោះ។

លោក សម រង្ស៊ី​ និង​សហគមន៍​ខ្មែរ​នៅក្រៅ​ប្រទេស​បាន​អំពាវនា​វ​ក្នុង​ពេល​ថ្មីៗនេះ​សូមកុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចេញ​ទៅបោះឆ្នោត​បើសិនគណបក្ស​សង្គ្រោះជាតិ​មិន​អាច​ចូលរួម​បានទេ។

ប៉ុន្តែ​ពេល​មក​ដល់​ប្រទេស​ជប៉ុន​ លោក សម រង្ស៊ី​ ​សម្តែង​សុទ្ទិដ្ឋិនិយម​ថា​គណបក្ស​ប្រឆាំង​នឹង​អាច​ចូលរួម​ការបោះឆ្នោត​នេះ​បាន៖

«ខ្ញុំ​នៅតែ​មានក្តីសង្ឃឹម​យ៉ាងខ្លាំង។ អ្វីៗ​អាច​កើត​មានឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ពេល​ណា​ក៏​បាន​ដែរ​ដរាប​ណា​បរិយាកាស​ល្អត្រឹមត្រូវ​ និង​មានការ​គាំទ្រ​ត្រឹមត្រូវ​ពី​សហគមន៍​អន្តរជាតិ‍»។

លោក សម រង្ស៊ី​ បាន​សរសើរ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ជប៉ុន​ដែលកម្ពុជា​ត្រូវ​យកគំរូតាម​គឺ​មិនមែន​លទ្ធិប្រជាធិបតេយ្យ​បែប​សហគមន៍​អឺរ៉ុប​ឬ​សហរដ្ឋ​អាមេរិក​ទេ។ ជាពិសេស​វិធីដោះស្រាយ​របស់​ជប៉ុន​ដែល​ប្រើ​វិធី​ស្ងាត់ស្ងៀម។

តាមប្រភព​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី​ បាន​បញ្ជាក់​ថា​បន្ទាប់​ពី​ចាកចេញ​ពី​ប្រទេស​ជប៉ុន​នៅថ្ងៃ​ទី​១៥ខែ​មេសា​នេះ ​លោក​សម រង្ស៊ី​នឹង​បន្ត​ដំណើរ​ទៅ​ប្រទេ​សឥណ្ឌូនេស៊ី​ដើម្បី​ជួប​ជាមួយ​នឹង​មន្ត្រី​នៅទីនោះទៀត។ ឥណ្ឌូនេស៊ី​គឺ​ជា​សហប្រធាន​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៕​

XS
SM
MD
LG