ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​​ជិត​​២០០គ្រួសារ​ក្នុង​ខេត្ត​កោះកុង​ដែល​មាន​ជម្លោះ​ជា​មួយ​លោក​ ​លី យ៉ុងផាត់​​ទទូច​ឲ្យ​មាន​ការ​ដោះលែង​តំណាង​ខ្លួន


រូបឯកសារ៖ លោក​​​ ហេង សុខ​ វ័យ​ ៤៨​ ឆ្នាំ​ តំណាង​ប្រជាពលរដ្ឋ​ចំនួន​៥០​ គ្រួសារ​ដែល​កំពុង​មាន​វិវាទ​ដី​ទំហំ​១០៣ ហិកតា​​​ ជាមួយ​ក្រុម​ហ៊ុន LYP Group ​របស់​លោក​ លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវបាន​ចាប់​ខ្លួន​ កាលពីថ្ងៃ​សុក្រ​។ (រូបដកស្រង់ពីហ្វេសប៊ុក)
រូបឯកសារ៖ លោក​​​ ហេង សុខ​ វ័យ​ ៤៨​ ឆ្នាំ​ តំណាង​ប្រជាពលរដ្ឋ​ចំនួន​៥០​ គ្រួសារ​ដែល​កំពុង​មាន​វិវាទ​ដី​ទំហំ​១០៣ ហិកតា​​​ ជាមួយ​ក្រុម​ហ៊ុន LYP Group ​របស់​លោក​ លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវបាន​ចាប់​ខ្លួន​ កាលពីថ្ងៃ​សុក្រ​។ (រូបដកស្រង់ពីហ្វេសប៊ុក)

​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​ជិត​២០០​នាក់​នៅ​ខេត្ត​កោះកុង​ បាន​ដាក់​ញត្តិ​មួយ​ ​ទៅ​សាលា​ខេត្ត​កោះកុង​ ​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​អភិបាល​ខេត្ត​ ​ក្នុង​ការ​ផ្ដល់​សេរីភាព​ដល់​សកម្មជន​ដីធ្លី​មួយ​រូប​ ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ​កាលពី​ខែ​ ​សីហា​ ​ឆ្នាំ​ ​២០១៨​ ​កន្លង​ទៅ​នេះ។​ នេះ​បើ​យោង​តាមលិខិត​ពាក្យ​ស្នើ​សុំអន្តរាគមន៍​ដែល​ ​VOA​ ​ទទួល​បាន​កាល​ពី​ពេល​ថ្មីៗ​នេះ។

​លោក​ ​ហេង សុខ​ ​វ័យ​៤៨ឆ្នាំ តំណាង​ពលរដ្ឋ​ ​ក្នុង​ទំនាស់​ដីធ្លី​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​គ្រប់គ្រង​ដោយ​លោក​ ​លី យ៉ុងផាត់​ ដែល​ជា​ឧកញ៉ានិង​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណ​បក្ស​កាន់​អំណាច​ ត្រូវ​បាន​តុលាការ​ខេត្ត​កោះ​កុង​កាត់​ទោសឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​១៨​ខែ​ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ ​កាលពី​ខែ​សីហា​កន្លង​ទៅ។

​លិខិត​ចុះ​ថ្ងៃ​ទី​១៥ ខែ​តុលា​ ឆ្នាំ​២០១៨​ ​របស់​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​១៧១​នាក់​ដែល​បាន​ដាក់​ជូន​សាលា​ខេត្ត​កោះកុង​ ​កាល​ពី​ថ្ងៃ​ពុធ​ ទី​១៧​ ខែ​តុលា​បាន​ស្នើ​សុំ​ ​អ្នកស្រី​មិថុនា​ ភូថង​ អភិបាល​ខេត្ត​កោះកុង​ ​ឲ្យ​ជួយ​អន្តរាគមន៍ ​ឲ្យ​មាន​«ការ​ដោះលែង​ប្រជាពលរដ្ឋ​ឈ្មោះ​ ​ហេង សុខ​ ​ភេទប្រុស​ ​៤៨​ឆ្នាំ រស់​នៅ​ភូមិសំរ៉ុងតាកែវ​ ឃុំ​ព្រែកខ្សាច់​ ស្រុក​គីរីសាគរ​ ​ខេត្ត​កោះកុង​ ​កំពុងតែ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង​ ​ដោយ​សារ​តែ​មាន​ជម្លោះ​ ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ ​Koh Kong SEZ ​របស់​លោក​ឧកញ៉ា​ ​លី យ៉ុងផាត់»។

លិខិត​នោះ​ ​បាន​រៀបរាប់​ដំណើរ​រឿង​ទំនាស់ ដែល​ឈាន​ដល់​ការ​ចាប់ខ្លួន​ និង​កាត់​ទោស​លោក​ ​ហេង សុខ​ ​ដាក់​ក្នុង​ពន្ធនាគារ។​ ​ក្នុង​លិខិត​ដដែល ​ក៏​បាន​លើកឡើង​ពី​លោក​ ​សយ សុភាព​ ​ដែល​គេ​ស្គាល់​ថា​ ជា​អគ្គនាយក​អង្គភាព​ព័ត៌មាន​ដើម​អម្ពិល។​ ​តាម​ការ​អះអាង​របស់​ពលរដ្ឋ​ ​លោក​ ​សយ សុភាព​ ​បាន​សន្យា​ថា​ នឹង​ជួយ​ឲ្យ​លោក​ ​ហេង សុខ​ ​មាន​សេរីភាព​វិញ​ផង​ដែរ។​

លិខិត​របស់​ពលរដ្ឋ​ដែល​ដាក់​ជូន​អភិបាល​ខេត្ត​កោះកុង ​បាន​សរសេរ​តាម​ន័យ​ដើម​ថា៖​

«នៅ​មុន​ការបោះឆ្នោត​ខែ​កក្កដា​ ឆ្នាំ​២០១៨​ ក្រុម​ការងារ​ខេត្ត​មាន​លោក​ សុខ សុទ្ធី​ អភិបាល​រង​ខេត្ត​កោះកុង​ ​លោក​ ​ស៊ុន ណារិទ្ធ​ ​តំណាង​ក្រសួង​បរិស្ថាន​ និង​លោក​ ​សយ សុភាព​ ​អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល ចុះទៅ​ជួប​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ ​នៅ​វត្ត​សំរ៉ុងតាកែវ​ ​ហើយ​បាន​និយាយ​ថា​ ​ពួកគាត់​នឹង​ខិតខំ​ជួយ​ឲ្យ​អស់​លទ្ធភាព​ នៅ​ពេល​ដែល​ដោះ​ស្រាយដីធ្លី​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​២២​គ្រួសារ​នៅ​ភូមិសំរ៉ុងតាកែវ​រួច​ ឲ្យ​គេ​ដោះលែងលោក​ ហេង​ សុខ​ ឲ្យ​មាន​សេរីភាព​វិញ»។

​ពលរដ្ឋ​បាន​រៀបរាប់​បន្ត​ក្នុង​លិខិត​របស់​ពួកគាត់​ថា​ក្រោយ​មក​ក៏​មាន​ឈ្មោះ​ ​ស៊ីន ស៊ីថា​ ​តំណាង​ក្រុម​ហ៊ុន​ ​Koh Kong SEZ​ ​បាន​មក​ជួប​ប្រជាពលរដ្ឋ​នៅ​សាលា​ឃុំ​ព្រែកខ្សាច់​ ​និង​បាន​សន្យា​នាំ​ពាក្យ​របស់​ប្រជា​ពល​រដ្ឋទៅ​លោក​ឧកញ៉ា ​លី យ៉ុងផាត់​ ឲ្យ​ជួយ​ដោះ​លែង​លោក​ ​ហេង សុខ​ ​ឲ្យ​មាន​សេរីភាព​វិញ​ តែ​ក្រោយ​ការ​សន្យា​ទាំង​អស់​នោះ​មក មិន​មាន​ដំណោះ​ស្រាយ​អ្វី​ទេ​ ហើយ​នៅ​ថ្ងៃ​ទី​២​ ខែ​សីហា​ ឆ្នាំ​២០១៨​ សាលា​ដំបូង​ខេត្ត​កោះកុង​ ​បាន​បើក​សវនាការ​សម្រេច​ផ្ដន្ទាទោស​លោក ​ហេង​ សុខ​ ​ដាក់​ពន្ធនាគារ​ចំនួន​១​ឆ្នាំ​និង​៦ខែ។

​លោក​ ​ហ៊ួរ អ៊ីន​ ​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង​ ប្រាប់​VOA​ ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក ហេង សុខ​ គួរតែ​ទទួល​បាន​សេរីភាព​ឡើង​វិញ​ ព្រោះ​ពលរដ្ឋ​មួយ​ចំនួន​ដែល​លោក​បាន​ធ្វើ​ជា​តំណាង​នោះ​ បាន​បញ្ចប់​ ទំនាស់​ជាមួយ​ក្រុមហ៊ុន​របស់​លោក ​លី យ៉ុងផាត់ ​រួចហើយ។

លោក​បាន​បន្ថែម​ថា​ លោក លី យ៉ុងផាត់​ គួរ​ផ្ដល់​កិច្ច​អន្តរាគមន៍​ ឲ្យ​មាន​ការ​ដោះ​លែង​លោក ហេង សុខ ដើម្បី​ការពារ​មុខមាត់​និង​កិត្តិយស​របស់​លោក​ក្នុង​នាម​ជា​អ្នក​ធ្វើ​ច្បាប់មួយ​រូប​នោះ។

«ករណី​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ លី​ យ៉ុងផាត់​ ហ្នឹង គឺ​បាន​ដោះ​បញ្ចប់​អស់​ហើយ។ អ៊ីចឹង បើ​កាល​ណា​នៅ​តែ​ទុក​លោក ហេង សុខ ឱ្យ​នៅ​តែ​ជាប់​ឃុំ​អ៊ីចឹង យើង​មើល​ទៅ គឺ​ទំនាស់​ហ្នឹង វា​គ្មាន​ន័យ​អ្វី​ទាំង​អស់។​ វា​ពិត​ជា​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់​លោក​ឧកញ៉ា​ហើយ។ អ៊ីចឹង​ លោក​ឧកញ៉ា គួរ​តែ​ពិចារណា​ក្នុង​ការ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង​លោក ហេង សុខ​ វិញ​ទៅ ដើម្បី​ឱ្យ​ទំនាស់​ហ្នឹង ត្រូវ​បាន​ដោះស្រាយ​ឱ្យ​បាន​ចប់​សព្វគ្រប់​ល្អ​គ្រប់​យ៉ាង»។

លោក​ ​អ៊ូច ទូច​ ​នាយក​រដ្ឋបាល​សាលា​ខេត្ត​កោះកុង និង​ជា​អ្នកនាំពាក្យ​សាលា​ខេត្ត​កោះកុង​ បាន​បញ្ជាក់​ថា​ ខាង​រដ្ឋបាល​បាន​ទទួល​លិខិត​របស់​ក្រុម​ប្រជាពលរដ្ឋ​រួច​ហើយ​ តែ​លោក​មិន​អាច​បញ្ជាក់​បាន​ថា​ លិខិត​នោះ​ បាន​ធ្លាក់​ដល់​ដៃ​អ្នកស្រី​ មិថុនា​ ភូថង​ អភិបាល​ខេត្ត​កោះកុង​ ឬ​យ៉ាងណា​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖​

«គាត់​មក​មែន ខាង​បងប្អូន​ហ្នឹង ប៉ុន្តែ លិខិត​ខាង​រដ្ឋបាល​គេ ឱ្យ​វាយ​ត្រា​ចូល។ ចាំ​មើល​ខ្ញុំ​ឆែក​មើល​បន្តិច​សិន​ថា​តើ​ដល់​ណា​ហើយ ព្រោះ​ធម្មតា​រដ្ឋបាល គេ​អ្នក​ទទួល​ឯកសារ​ហើយ គេ​Process [រៀបចំ​បញ្ជូន]​ឯកសារ​ទៅ​ថ្នាក់​ដឹកនាំ។ អញ្ចឹង​ណា៎ »។

លោក​ឧកញ៉ា​ ​លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​ VOA ថា​ ​លោក​នឹង​ពិចារណា​លើ​បញ្ហា​លោក​ ​ហេង សុខ​ ​នៅ​ពេល​លោក​ត្រឡប់​ទៅ​ខេត្ត​កោះកុង​ក្នុង​រយៈ​ពេល​៤​ទៅ​៦​ថ្ងៃ​ទៀត។​ ​

លោក​បាន​បញ្ជាក់​ថា​ នៅ​ពេល​នេះ​ ​លោក​កំពុង​មាន​ភារកិច្ច​នៅ​រាជធានី​ភ្នំពេញ។

លោក​មាន​ប្រសាសន៍​ថា៖ ​

«អត់​អី​ទេ ចាំ​មើល ចាំ​ខ្ញុំ​ទៅ​មើល​ ទៅ​ជួប​មើល​យ៉ាង​ម៉េច មាន​រឿង​រ៉ាវ​យ៉ាងម៉េច ចាំ​ខ្ញុំ​ទៅ​ជួប។ ឥឡូវ​ ខ្ញុំ​នៅ​ភ្នំពេញ ចាំ​ខ្ញុំ​ ប្រហែល​៤ ឬ​៥ ឬ៦​ថ្ងៃ​ ខ្ញុំ​ទៅ​ខេត្ត​កោះកុង ចាំ​ខ្ញុំ​ទៅ​មើល»។​

លោក​ ​លី យ៉ុងផាត់​ ​ស្ថិត​ក្នុង​ចំណោម​អ្នកជំនួញ​មាន​ឥទ្ធិពល​បួន​នាក់​ដែល​ត្រូវ​បាន​អង្គការ​ឃ្លាំមើល​បរិស្ថាន​ Global Witness ​បាន​ស្នើ​ឲ្យ​សហ​រដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម។ ​អង្គការ​នេះ​អះអាង​ថា​ សេដ្ឋី​ទាំងបួន​នាក់​នេះ​ បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​គៃ​បន្លំ​នយោបាយ​និង​សេដ្ឋ​កិច្ច​កម្ពុជា​ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បន្ត​ក្ដោបក្ដាប់​អំណាច​ទាំង​ស្រុង។

សេដ្ឋី​ទាំង​បួន​នាក់​ មាន​បី​នាក់​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក​ឧកញ៉ា ម៉ុង ឫទ្ធី​ លោក​ឧកញ៉ា​ ​លី យ៉ុងផាត់​ ​លោក​ឧកញ៉ា​ ​ទ្រី ភាព ​និង​លោក​ឧកញ៉ា​ ​ឡៅ ម៉េងឃីន។

សេចក្ដី​ប្រកាស​មួយ​របស់​អង្គការ​ ​Global Witness​ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​កក្កដា​ ​កន្លង​ទៅ​ បាន​ឲ្យដឹង​ថា​ ទង្វើ​ខុស​ឆ្គង​របស់​សេដ្ឋី​ទាំង​បួន​រូប ​រួមមាន​ការ​រឹប​អូស​ដីធ្លី​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​រត់ពន្ធ​ឈើ​ខុស​ច្បាប់​ ការ​បូម​ខ្សាច់​ និង​ការ​ធ្វើ​អាជីវកម្ម​កាស៊ីណូ​ជាដើម។ ក្នុង​ប្រតិបត្តិការ​ទាំង​នោះ​ ពួកគេ​ក៏​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ផង​ដែរ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ៕

XS
SM
MD
LG