ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ស្វាយរៀង​លើក​ពេលកាត់​ក្តី​វិវាទដីធ្លី​​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​


ប្រជាពលរដ្ឋប្រមូលផ្តុំគ្នានៅមុខសាលាដំបូងខេត្តស្វាយរៀង នៅក្នុងសំណំុំរឿងរវាងតំណាងពលរដ្ឋ៤នាក់ និងក្រុមហ៊ុន NK Venture នៅខេត្តស្វាយរៀង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨។ (រូបថតដោយ CCFC)
ប្រជាពលរដ្ឋប្រមូលផ្តុំគ្នានៅមុខសាលាដំបូងខេត្តស្វាយរៀង នៅក្នុងសំណំុំរឿងរវាងតំណាងពលរដ្ឋ៤នាក់ និងក្រុមហ៊ុន NK Venture នៅខេត្តស្វាយរៀង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨។ (រូបថតដោយ CCFC)

លោក​ ​ម៉ឺន រតនា​ ​មាន​ប្រសាសន៍​បន្ថែម​ថា​ ​សវនាការ​របស់​តំណាង​ទំាង​បួន​នាក់​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃនេះ​ ត្រូវបាន​លើក​ពេល​ដោយ​មន្ត្រី​រដ្ឋបាល​សាលាដំបូងខេត្ត​ស្វាយរៀង​ បញ្ជាក់​ថា​ ព្រះរាជ​អាជ្ញា​ ​ដែល​កាន់​រឿងក្តី​អ្នក​ទាំងបួន​ មិនបាន​មក​ធ្វើការ។

នៅព្រឹក​ថ្ងៃ​ពុធនេះ​ ​សាលាដំបូង​ខេត្ត​ស្វាយរៀង​ បាន​លើក​ពេលកាត់​ក្តី​តំណាង​ពលរដ្ឋបួននាក់​ ក្នុង​សំណុំ​រឿង​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ជាង​៤០០គ្រួសារ​ ​និង​ក្រុមហ៊ុន​ឯកជន​មួយ​ ​លើ​ផ្ទៃដី​ទំហំ​៦៧០​ហិកតា​ក្នុងស្រុក​រមាស​ហែក​ ​ខេត្ត​ស្វាយរៀង។​ ​នេះបើតាម​ការ​បញ្ជាក់​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។​

ជម្លោះ​រវាង​ពល​រដ្ឋ​ និង​ក្រុម​ហ៊ុន​ ​NK Venture​ ​បាន​កើត​ឡើង​តាំងពី​ឆ្នាំ​២០១០​ ​គឺ​ក្រោយ​ពេល​ដែល​រដ្ឋា​ភិបាល​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទំហំ​ចំនួន​១.២០០​ហិកតា ​ដល់​ក្រុមហ៊ុន​ ​NK Venture​ ​ដែល​មាន​បំណង​ដាំដំណាំ​អំពៅ។​

លោក ​ម៉ឺន រតនា​ ​អគ្គលេខាធិការ​រង​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ​ហៅកាត់​ថា ​(CCFC)​ ប្រាប់​ ​VOA​ ​នៅថ្ងៃ​ពុធនេះ​ថា​ ​ជម្លោះ​បាន​ផ្ទុះឡើង រហូត​មាន​តំណាង​បួននាក់​ ត្រូវបាន​តុលាការ​ខេត្ត​ស្វាយ​រៀង​ចោទ​ពី​ ​«បទធ្វើ​ឲ្យ​ខូច​ខាត​ដោយចេតនា​ ​និង​រំលោភ​កាន់កាប់ដី​ឯកជន​របស់​រដ្ឋ»​ ​នៅ​ពេល​ក្រុមហ៊ុន​ ​NK Venture​ ​ដែល​ជា​របស់​ជនជាតិ​ឥណ្ឌា ​បាន​ទទួល​ដីសម្បទាន​សេដ្ឋកិច្ច​ពីរ​ដ្ឋាភិបាល។​

«ដោយសារ​តែ​រដ្ឋាភិបាល​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅឲ្យ​ក្រុមហ៊ុន​ NK Venture ចំនួន​១២០០​ហិកតា​ ប៉ុន្តែ​នៅពេល​ដែលផ្តល់ដីសម្បទាន​ហ្នឹង​ វា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​៤៤០គ្រួសារ ហើយ​ដែល​មាន​ទំហំ​ដីហ្នឹង​វា​ ៦៧០ហិកតា​...ហើយដែល​នៅ​ឃុំ​អំពិល​ អ៊ីចឹង​ហើយ​ ប្រជាពលរដ្ឋ​បាន​តវ៉ា​ នៅឆ្នាំ​២០១០​ នៅពេល​ដែល​ដឹង​ដំណឹង​ថា រដ្ឋាភិបាល​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ហ្នឹង​ ទៅឲ្យ​ក្រុមហ៊ុន​ NK Venture​ គឺ​ក្រុមហ៊ុន​ឥណ្ឌា​សម្រាប់​ដំាអំពៅ»។

លោក​ ​ម៉ឺន រតនា​ ​មាន​ប្រសាសន៍​បន្ថែម​ថា​ ​សវនាការ​របស់​តំណាង​ទំាង​បួន​នាក់​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃនេះ​ ត្រូវបាន​លើក​ពេល​ដោយ​មន្ត្រី​រដ្ឋបាល​សាលាដំបូងខេត្ត​ស្វាយរៀង​ បញ្ជាក់​ថា​ ព្រះរាជ​អាជ្ញា​ ​ដែល​កាន់​រឿងក្តី​អ្នក​ទាំងបួន​ មិនបាន​មក​ធ្វើការ។​

«គេគ្រាន់​តែនិយាយ​ គេគ្រាន់​តែ​ប្រាប់ថា​ ដោយសារតែ​ព្រះរាជអាជ្ញា​ ដែល​កាន់​សំណុំរឿង​ហ្នឹង​ គាត់​អត់​នៅ​ គាត់​អត់​ទំនេរ​ អ៊ីចឹង​គាត់​ នៅពេល​ដែល​យើង​ឈ្លេចសួរ​ពី​ហ្នឹងទៀត​ គាត់​ថា​ គាត់​អត់ដឹង​ដែរ»។​

មន្ត្រី​អង្គការ​សង្គមស៊ីវិល​រូបនេះ​ អះអាង​ថា​ មាន​ពលរដ្ឋ​ជាង​១០០នាក់​ បាន​មក​ឃ្លំាមើល​ការបើក​សវនាការ​ផងដែរ តែ​ថាមិន​មាន​ការ​ប្រឈម​មុខណាមួយ​រវាង​អាជ្ញាធរ​ និង​ក្រុម​អ្នក​តវ៉ា​នោះ​ទេ។​

VOA​ នៅមិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​តំណាង​ទាំងបួន​នាក់​របស់​ពលរដ្ឋ​ ដែល​ត្រូវបាន​តុលាការ​កោះហៅ​ឲ្យ​ចូល​ខ្លួន​ក្នុង​សវនាការ​នៅថ្ងៃពុធ​នេះទេ។ VOA ក៏​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​តុលាការ​ខេត្តស្វាយរៀង​ តំណាង​ក្រុមហ៊ុន​ និង​មន្ត្រី​បាន​នៅឡើយ​ដែរ​ ​នៅថ្ងៃ​ពុធនេះ។​

អ្នកស្រី​ ​យស់ សោភ័ណ្ឌ​ ​ដែល​ជា​អ្នក​រងគ្រោះ​ដីធ្លី​មកពី​ស្រុក​ស្វាយជ្រុំ​ក្នុងខេត្តស្វាយរៀង និង​ដែល​បាន​មក​គាំទ្រ​ឲ្យ​មាន​ការ​ទម្លាក់​បទចោទ​ប្រកាន់​មក​លើ​អ្នកតំណាង​ទាំង​បួននាក់​នោះ​ និយាយថា តុលាការ​គួរ​ពិចារណា​ទម្លាក់​ចោល​បទចោទ​ប្រកាន់​ប្រឆាំង​អ្នកតំណាង​ទាំងបួន​ ព្រោះ​ពួក​គេ​គ្រាន់​តែ​ជា​អ្នក​ការពារ​សិទ្ធិដីធ្លី​របស់​ពលរដ្ឋ​តែប៉ុណ្ណោះ។​ ​អ្នកស្រី​ថា វា​មិន​អាច​ជា​ការ​ទទួល​យក​បាន​ទេ​ ប្រសិនបើ​តុលាការ​បន្ត​ចាត់​ការ​សំណុំ​រឿង​នេះ​បន្ត​ទៀត​នោះ។

«ខ្ញុំគិត​ថា​ វាមិនមែន​ជា​រឿង​ត្រឹមត្រូវ​ទេ​ ព្រោះ​ប្រជាពលរដ្ឋ​មាន​ទៅធ្វើ​អីខុស​ បើសិន​ជា​ប្រជាពលរដ្ឋ​គ្រាន់​ចង់​បាន​ដីធ្វើ​ស្រែ​ ហើយ​ដីហ្នឹង​ជាដី​របស់​ខ្លួន​ឯង​ ហើយ​ខាង​ក្រុមហ៊ុន​ហ្នឹង​ចូលមក​កាន់​កាប់​ដី​ក្រោយ​ទេ​ ហើ​យ​បែរ​ជា​មិន​ឲ្យ​ខាង​ប្រជាពលរដ្ឋ​ហ្នឹង​ទៅកាន់​កាប់​ដីហ្នឹង​ ខាង​អាជ្ញាធរ​កាត់​ដីហ្នឹង​ទៅ​ឲ្យ​ក្រុមហ៊ុនវិញ​ ខ្ញុំគិតថា​ វា​ល្អសោះ​ហ្មងហ្នឹង»។ ​

​អ្នកស្រី​ថ្លែង​ថា​ ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​បាន​រស់​នៅទីតាំង​ទំនាស់​អស់​រយៈពេល​ជាច្រើន​មក​ហើយនោះ មិនមាន​បណ្ណកម្មសិទ្ធិ​នោះ​ទេ​ តែ​បែរ​ជា​ក្រុមហ៊ុន​មាន​បណ្ណកម្ម​សិទ្ធិ​គ្រប់​គ្រង​ដី​ទៅ​វិញ។ តាម​ការ​បញ្ជាក់​របស់​លោក​ម៉ឺន រតនា​ គឺ​ពលរដ្ឋ​ចំនួន​ប្រមាណ​៤៤០គ្រួសារ​ ដែល​ស្មើនឹង​ចំនួន​ប្រមាណ​២០០០នាក់ បាន​រស់​នៅ​អាស្រ័យ​ផល​ក្នុង​ដីទំនាស់​ តាំងពីឆ្នាំ​១៩៨៩​មក​ម្ល៉េះ។

​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​កន្លងទៅ​នេះ​ រាជ​រដ្ឋាភិបាល​កម្ពុជា​របស់​ លោក​ ហ៊ុន សែន បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​បញ្ចប់​វិវាទដីធ្លី​ ​ក្នុង​ទីតាំង​នៃខេត្ត​មួយ​ចំនួន​ក្នុងប្រទេស​ ក្នុងនោះ​មាន​ខេត្ត​កោះកុង​ជាដើម ​តែ​រហូត​មក​ទល់​ពេល​នេះ​ ​មាន​វិវាទ​ដីធ្លី​ផ្សេង​ទៀត​ ​នៅ​បន្ត​ជាប់​គាំង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG