ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នេសាទ​ស្រ្តី​ទម្លាយ​ពី​អារម្មណ៍​ពិត​នៅ​ក្នុង​ភាពយន្ត «ពិភព​ដែល​បាត់​បង់»


​អ្នកស្រី​ វី ផល្លា ​ទទួល​បាន​ឱកាស​សហការ​ជាមួយ​ផលិតករ​សញ្ជាតិ​ខ្មែរអាមេរិកាំង​ ដែល​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់ ដើម្បី​ផលិត​ភាពយន្ត​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា «ពិភព​ដែល​បាត់បង់» ដែល​ភាសា​អង់គ្លេស​ហៅថា «Lost World» ដែល​បាន​ផ្តិត​យក​ទិដ្ឋភាព​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​នៅ​ឯ​ខេត្ត​កោះកុង ដើម្បី​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ការ​បូម​ខ្សាច់​ទៅ​លើ​សហគមន៍។ (Web Screenshot)

អ្នកស្រី ​ផល្លា ​បាន​និយាយ​ថា ចាប់​តាំង​ពី​ការ​បូម​ខ្សាច់​បាន​កើត​មាន​ឡើង សិស្ស​ជា​ច្រើន​បាន​ឈប់​រៀន​ ដើម្បី​ជួយ​គ្រួសារ​របស់​ពួក​គេ ដោយ​សារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ជីវភាព​អ្នក​ភូមិ​កាន់​តែ​យ៉ាប់​យ៉ឺន​ឡើងៗ ក្នុង​ការ​ប្រកបរបរ​ជា​អ្នក​នេសាទ​ដើម្បី​ចិញ្ចឹម​ជីវិត។ អ្នក​ភូមិ​កោះ​ស្រឡៅ​មួយ​ចំនួន បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ភូមិ​ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ ឬ​ក៏​ទីក្រុង​ភ្នំពេញ។

អ្នកស្រី វី ផល្លា មាន​អារម្មណ៍​ដិត​ជាប់​ជ្រាល​ជ្រៅ​ចំពោះ​ស្រុក​កំណើត​របស់​អ្នកស្រី​ នៅ​ឯ​ខេត្ត​កោះកុង​នៃ​ប្រទេស​កម្ពុជា ដែល​ជា​ដែន​ដី​ដែល​ដើម​កោងកាង​ចាក់ឫស​លើ​ឆ្នេរ​សមុទ្រ និង​ទឹក​ដែល​មាន​ត្រី និង​ក្តាម សម្រាប់​ទ្រទ្រង់​ជីវភាព​របស់​អ្នក​ភូមិ​រាប់​ជំនាន់។

ជម្រក​ត្រី និង​ទិដ្ឋភាព​បរិស្ថាន​ធម្មជាតិ​ផ្សេងៗ​ទៀត​ត្រូវ​បាន​បំផ្លាញ នៅ​ពេល​ដែល​ការ​បូម​ខ្សាច់​ទ្រង់​ទ្រាយ​ធំ​បាន​ធ្វើ​ឡើង​នៅ​ឯ​ឆ្នេរ​សមុទ្រ​ក្នុង​ភូមិ​កោះ​ស្រឡៅ ដែល​ជា​ភូមិ​កំណើត​របស់​អ្នកស្រី​ ផល្លា។ អ្នកស្រី​ ផល្លា​ ដែល​មាន​អាយុ​៣១ឆ្នាំ និង​ដែល​មាន​មុខរបរ​ជា​អ្នក​នេសាទ មាន​ទុក្ខ​ព្រួយ​ជា​ខ្លាំង​ ពីព្រោះ​តែ​ការ​បូម​ខ្សាច់​ទ្រង់​ទ្រាយ​ធំ​នេះ។

អ្នកស្រី​យល់​ថា អ្នកស្រី​គ្មាន​អំណាច​ដើម្បី​តតាំង​ជា​មួយ​ក្រុមហ៊ុន​អាជីវកម្ម​ធំៗ ដែល​បាន​បូម​យក​ខ្សាច់​ពី​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ជាច្រើន​នោះ​ទេ។ ភាគ​ច្រើន​នៃ​ខ្សាច់​ដែល​បាន​បូម​នោះ បាន​លក់​ឲ្យ​ប្រទេស​សិង្ហបុរី ដែល​ប្រទេស​នេះ​កំពុង​ពង្រីក​ដែន​ដី​គោក​របស់​ខ្លួន។

នេះ​គឺ​ជា​មូលហេតុ​ដែល​អ្នកស្រី​ ផល្លា ​ទទួល​បាន​ឱកាស​សហការ​ជាមួយ​ផលិតករ​សញ្ជាតិ​ខ្មែរអាមេរិកាំង​ ដែល​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់ ដើម្បី​ផលិត​ភាពយន្ត​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា «ពិភព​ដែល​បាត់បង់» ដែល​ភាសា​អង់គ្លេស​ហៅថា «Lost World» ដែល​បាន​ផ្តិត​យក​ទិដ្ឋភាព​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​នៅ​ឯ​ខេត្ត​កោះកុង ដើម្បី​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ការ​បូម​ខ្សាច់​ទៅ​លើ​សហគមន៍។

អ្នកស្រី​ ផល្លា​ បាន​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​ថា ភាពយន្ត​នេះ​មិន​មាន​អត្ថបទ​ភាពយន្ត​ទេ។ ផ្ទុយ​ទៅ​វិញ អ្នកស្រី​ ផល្លា​ បាន​និយាយ​ពី​បទ​ពិសោធន៍​ផ្ទាល់​របស់​ខ្លួន ដោយ​ពិពណ៌នា​អំពី​រឿងរ៉ាវ​របស់​សហគមន៍​របស់​អ្នកស្រី និង​ជួយ​ផលិតករ​ភាពយន្ត ម៉ម កល្យាណី ក្នុង​ការ​ផ្តិត​យក​រូបភាព​ដែល​អាច​បង្ហាញ​ពី​ស្ថានភាព​ដែល​ត្រូវ​ការ​អភិរក្ស​ជា​បន្ទាន់។

អ្នកស្រី ​ផល្លា ​បាន​និយាយ​ថា ចាប់​តាំង​ពី​ការ​បូម​ខ្សាច់​បាន​កើត​មាន​ឡើង សិស្ស​ជា​ច្រើន​បាន​ឈប់​រៀន​ ដើម្បី​ជួយ​គ្រួសារ​របស់​ពួក​គេ ដោយ​សារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ជីវភាព​អ្នក​ភូមិ​កាន់​តែ​យ៉ាប់​យ៉ឺន​ឡើងៗ ក្នុង​ការ​ប្រកបរបរ​ជា​អ្នក​នេសាទ​ដើម្បី​ចិញ្ចឹម​ជីវិត។ អ្នក​ភូមិ​កោះ​ស្រឡៅ​មួយ​ចំនួន បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ភូមិ​ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ ឬ​ក៏​ទីក្រុង​ភ្នំពេញ។

អ្នកស្រី​ ផល្លា ​បាន​និយាយ​ថា៖ «បញ្ហា​វា​កើត​ឡើង​ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​មួយ​ពេល​ហ្នឹង។ អញ្ចឹង​វា​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ វា​ចេញ​មក​ថា វា​ចេញ​មក​ពី​ដួង​ចិត្ត​យើង​គឺ​ថា ភាព​ខូច​ចិត្ត ភាព​ឈឺ​ចាប់ ភាព​ស្រណោះ​ស្តាយ​របស់​យើង​ហ្នឹង»។

អ្នកស្រី​ ផល្លា​ បាន​និយាយ​ថា អ្នកស្រី​បាន​ធ្វើ​ការ​ជាមួយ​ផលិតករ​ភាពយន្ត ម៉ម កល្យាណី អស់​រយៈកាល​បី​ទៅ​បួន​ខែ​នៅ​ក្នុង​ភូមិ​កោះស្រឡៅ។ ភាពយន្ត​នេះ​បាន​បង្ហាញ​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រី ការ​ជីក​យក​គ្រុំ និង​ច្រៀង​ចម្រៀង​ដែល​ពិពណ៌នា​អំពី​សម្រស់​នៃ​ដើម​កោង​កាង​នា​ឆ្នេរ​សមុទ្រ។

អ្នកស្រី​ ផល្លា ​បាន​និយាយ​ថា៖ «នៅ​កោះ​មួយ​ចំនួន ដែល​យើង​ធ្លាប់​តែ​រក​បាន​អញ្ចឹង អញ្ចឹង​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ហ្នឹង មាន​អារម្មណ៍​ថា ដូច​ថា​វា​ខ្លោច​ចិត្ត​ណាស់ ពេល​ដែល​យើង​បាត់​បង់​មុខ​របរ​យើង​ទៅ បាត់​បង់​កន្លែង​យើង​រក​ស៊ី»។

(វីដេអូដកស្រង់ពីបណ្តាញ YouTube របស់ Emergence Magazine)

ភាព​យន្ត​នោះ ក៏​បាន​ថត​ពី​ដំណើរ​កម្សាន្ត​របស់​អ្នកស្រី ​ផល្លា ​នៅ​ឯ​ប្រទេស​សិង្ហបុរី​ផង​ដែរ ដែល​ជា​ប្រទេស​មាន​បំផុត​មួយ​នៅ​លើ​ពិភព​លោក។ ខណៈ​ដែល​អ្នក​ដំណើរ​ជា​ច្រើន​រីករាយ​នឹង​ភាព​រស់រវើក​នៃ​ទេសភាព​ទីក្រុង​របស់​ប្រទេស​សិង្ហបុរី អ្នកស្រី ​ផល្លា​ បាន​និយាយ​ថា អ្នកស្រី​មាន​អារម្មណ៍​តាន​តឹង​ជា​ខ្លាំង។

អ្នកស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​យំ​មិន​ចេញ ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ប្រទេស​សិង្ហបុរី»។

អ្នកស្រី​ ផល្លា​ សង្ឃឹម​ថា​ អ្នកស្រី​អាច​ប្រាប់​ប្រជាជន​សិង្ហបុរី​ថា ដី​ដែល​នៅ​ក្រោម​ជើង​របស់​ពួកគេ ត្រូវ​បាន​ទិញ​ពី​កម្ពុជា​ដោយ​ទិញ​ទាំង​ធនធាន​នានា​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ផង​ដែរ។

អ្នកស្រី​បាន​និយាយ​ថា៖ «ពេល​ទៅ​ដល់​សិង្ហបុរី​ហ្នឹង គឺ​វា​ខ្លោច​ចិត្ត។ រឹត​តែ​ខ្លោច​ចិត្ត​ជាង​ពេល​ដែល​យើង​នៅ​ភូមិ​យើង​ទៅ​ទៀត។ អញ្ចឹង​ហើយ មាន​អារម្មណ៍​ថា​ដូច​គេ​មក​កាត់​សាច់​យើង កាត់​ឈាម​យើង ជីវិត​យើង​យក​ទៅ ដក​ព្រលឹង​យើង​យក​ទៅ​អញ្ចឹង»។

រូបឯកសារ៖ រូបថត​ថ្ងៃ​ទី​២​ខែ​សីហា​ឆ្នាំ​២០១១​នេះ​បង្ហាញ​កន្លែង​បូម​ខ្សាច់​មួយ​កន្លែង​នៅ​ខាង​ក្រៅ​ក្រុង​ខេមរភូមិន្ទ​ខេត្ត​កោះកុង​។ កន្លែង​បូម​ខ្សាច់​នេះ​ជា​របស់​លោក លី យ៉ុងផាត់ ដែល​ជា​មហាសេដ្ឋី​ (ឧកញ៉ា) កម្ពុជា​រូប​ត្រូវបាន​រិះ​គន់​ថា​បាន​នាំ​ឲ្យ​ការ​បំផ្លិច​បំផ្លាញ​បរិស្ថាន​ប្រទេស​នេះ​។ ខ្សាច់​នេះ​ត្រូវ​បូម​សម្រាប់ដឹក​ទៅ​លក់​នៅ​ប្រទេស​សិង្ហបុរី។
រូបឯកសារ៖ រូបថត​ថ្ងៃ​ទី​២​ខែ​សីហា​ឆ្នាំ​២០១១​នេះ​បង្ហាញ​កន្លែង​បូម​ខ្សាច់​មួយ​កន្លែង​នៅ​ខាង​ក្រៅ​ក្រុង​ខេមរភូមិន្ទ​ខេត្ត​កោះកុង​។ កន្លែង​បូម​ខ្សាច់​នេះ​ជា​របស់​លោក លី យ៉ុងផាត់ ដែល​ជា​មហាសេដ្ឋី​ (ឧកញ៉ា) កម្ពុជា​រូប​ត្រូវបាន​រិះ​គន់​ថា​បាន​នាំ​ឲ្យ​ការ​បំផ្លិច​បំផ្លាញ​បរិស្ថាន​ប្រទេស​នេះ​។ ខ្សាច់​នេះ​ត្រូវ​បូម​សម្រាប់ដឹក​ទៅ​លក់​នៅ​ប្រទេស​សិង្ហបុរី។

​គ្រួសារ​របស់​អ្នកស្រី ​ផល្លា​ មាន​ក្តី​បារម្ភ​អំពី​ផល​វិបាក​ដែល​អាច​កើត​មាន​ឡើង​ដោយ​សារ​ការ​ដែល​ហ៊ាន​និយាយ​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់ ពីព្រោះ​សកម្មជន​ជា​ច្រើន​រូប ប្រឈម​នឹង​ការ​គំរាម​កំហែង ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ការ​ដាក់​ពន្ធនាគារ។

ស្ថាបនិក​នៃ​ក្រុម​សកម្មជន​ការពារ​បរិស្ថាន មាតា​ធម្មជាតិ លោក Alex Gonzalez-Davidson ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ខណៈ​ពេល​ដែល​សមាជិក​មាតា​ធម្មជាតិ​ពីរ​រូប​ទៀត​ត្រូវ​បាន​ជាប់​ពន្ធនាគារ ដោយសារ​ពួកគេ​បាន​ថត​វីដេអូ​សកម្មភាព​នាវា​ដឹក​ខ្សាច់​ចេញ​ពី​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​កោះកុង។

អ្នកស្រី​ផល្លា​បាន​និយាយ​ថា៖ «នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្ញុំ ដោយសារ​តែ​ភាព​ភ័យ​ខ្លាច​របស់​គាត់​អញ្ចឹង ពីព្រោះ​កាល​ហ្នឹង អ្នក​ដែល​ពាក់​ព័ន្ធ​រឿង​ខ្សាច់​ហ្នឹង​អញ្ចឹង គេ​ចាប់​ដាក់​ពន្ធនាគារ។ អញ្ចឹង​ហើយ ពេល​ដែល គាត់​ដឹង​ថា​ខ្ញុំ​ថត​រឿង​ហ្នឹង គាត់​ខ្លាច​ថា​វា​មាន​ពាក់​ព័ន្ធ ខ្លាច​ថា​គេ​ចាប់​គេ​អី»។

អ្នក​ជិត​ខាង​របស់​អ្នកស្រី​ ផល្លា​ មួយ​ចំនួន ក៏​បាន​ព្រមាន​អ្នកស្រី​ផង​ដែរ​អំពី​ការងារ​របស់​អ្នកស្រី​ជាមួយ «ភាព​យន្ត​ពិភព​ដែល​បាត់បង់» ដែល​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ចំពោះ​ខ្លួន​ឯង។

អ្នកស្រី​ ផល្លា​ បាន​ប្រាប់ VOA ​ថា៖ «គេ​ថា​កុំ​ចេះ​តែ​ហ៊ាន ប្រយ័ត្ន​ទូក​ទៅ កំពង់​នៅ»។

ប៉ុន្តែ​អ្នកស្រី​ ផល្លា​ បាន​និយាយ​ថា អ្នកស្រី​មិន​មាន​ភាព​ភិតភ័យ​ឡើយ ក្នុង​ការ​និយាយ​ពី​ការ​បូម​ខ្សាច់​នេះ ដោយសារ​តែ​អ្វី​ដែល​អ្នកស្រី​បាន​ពិពណ៌នា​គឺ​ផ្អែក​លើ​ការ​ពិត។

អ្នកស្រី​ ផល្លា​ បាន​និយាយ​ថា៖ «ខ្ញុំ​អត់​មាន​អារម្មណ៍​ថា ខ្លាច​អី​ផង ពីព្រោះ​ពេល​ដែល​ដាក់​ចិត្ត​ថត​រឿង​ហ្នឹង​ខ្ញុំ​បាន ដាក់​ទៅ​អស់​រលីង​ហើយ​គឺ​ថា មិន​ថា​បញ្ហា​អ្វី​កើត​ឡើង​មក​ទេ ខ្ញុំ​ត្រូវ​តែ​ទទួល​ចំណុច​ហ្នឹង ពីព្រោះ​រឿង​ដែល​ខ្ញុំ​ថត​ហ្នឹង​មិន​មែន​ជា​រឿង​កុហក។ វា​ជា​រឿង​ពិត ជីវិត​ពិត»។

អ្នកស្រី​ ផល្លា ​មាន​ក្តី​រំពឹង​ទុក​ខ្ពស់​លើ​ភាពយន្ត​នេះ។ អ្នកស្រី​សង្ឃឹម​ថា «ពិភព​ដែល​បាត់បង់» នឹង​បង្ហាញ​អ្នក​ទស្សនា អំពី​ភាព​ស្រស់​ស្អាត​នៃ​កោះស្រឡៅ និង​លើក​កម្ពស់​ការ​យល់​ដឹង​របស់​អ្នក​ទស្សនា​អំពី​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​នៃ​ការ​បូម​ខ្សាច់​ក្នុង​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា។

អ្នកស្រី​ ផល្លា​ បាន​និយាយ​ថា៖ «ខ្ញុំ​សង្ឃឹម​ថា នៅ​ភូមិ​កោះ​ស្រឡៅ នៅ​ខេត្ត​កោះកុង​ទាំង​មូល​ហ្នឹង នឹង​លែង​មាន​ការ​បូមខ្សាច់​ត​ទៅ​ទៀត ហើយ​ខ្ញុំ​សង្ឃឹម​ថា​ដី coast [ឆ្នេរ] តាម​តំបន់​នៅ​កោះ​ហ្នឹង គឺ​ស្ថិត​ស្ថេរ។ ព្រៃ​កោងកាង​ហ្នឹង​នៅ​តែ​ស្រស់​ស្អាត គ្មាន​ការ​ខូតខាត បាត់​បង់»៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG