អង្គការអូតង់ (NATO) បានបញ្ជាក់ថា ខ្លួននឹងដកកងទ័ពទាំងអស់របស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន ដើម្បីឲ្យត្រូវគ្នាជាមួយនឹងការសន្យារបស់សហរដ្ឋអាមេរិកនៅក្នុងការធ្វើដូចគ្នានេះដែរ។
អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenbergបានប្រកាសនៅឯសន្និសីទកាសែតកាលពីថ្ងៃពុធម្សិលមិញថា អង្គការអូតង់នឹងដកកងទ័ពរបស់ខ្លួនប្រហែល ៧.០០០ នាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន។
ការប្រកាសដូចនេះបានធ្វើឡើង បន្ទាប់ពីលោក Stoltenberg បានជួបប្រជុំជាមួយនឹងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin។
លោក Stoltenberg បាននិយាយថា៖ «យើងនឹងចាប់ផ្តើមដកកងទ័ពអង្គការអូតង់នៅត្រឹមថ្ងៃទី ១ ខែឧសភាខាងមុខ។ យើងមានគម្រោងបញ្ចប់ការដកកងទ័ពទាំងអស់នៅក្នុងរយៈពេល ៣ ឬ ៤ ខែខាងមុខ»។
លោកបានបន្ថែមថា៖ «យើងចូលប្រឡូកក្នុងប្រទេសអាហ្វហ្គានីស្ថានជាមួយគ្នា។ យើងបានកែសម្រួលគោលជំហររបស់យើងជាមួយគ្នា ហើយយើងឯកភាពគ្នាក្នុងការចាកចេញជាមួយគ្នា»។
សហរដ្ឋអាមេរិកនិងអង្គការអូតង់បានបញ្ជាក់ថា ការដកកងទ័ពនេះមិនមែនជាការបោះបង់ចោលប្រទេសអាហ្វហ្គានីស្ថាននោះទេ។
លោក Blinken បាននិយាយថា៖ «ការដកកងទ័ពរបស់យើងមិនមែនមានន័យថាជាការបញ្ចប់ទំនាក់ទំនងរបស់យើងជាមួយនឹងប្រទេសអាហ្វហ្គានីស្ថាន ឬក៏ការគាំទ្ររបស់យើងចំពោះប្រទេសនេះនោះទេ។ ការគាំទ្ររបស់យើង ការប្រឡូករបស់យើង និងការតាំងចិត្តរបស់យើងគឺនៅដដែល»៕