ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden មាន​គម្រោង​ដក​កងទ័ព​អាមេរិកចេញពី​អាហ្វហ្គានីស្ថាន​ឲ្យអស់ត្រឹមថ្ងៃ​ទី ១១ ខែ​កញ្ញា


រូបឯកសារ៖ កងកម្លាំង​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​ដាក់​បញ្ឈរជើង​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន កំពុង​ឈរ​មើលការ​ណែនាំ​​វិធី​ប្រើប្រាស់​កាំភ្លើង​ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤។
រូបឯកសារ៖ កងកម្លាំង​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​ដាក់​បញ្ឈរជើង​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន កំពុង​ឈរ​មើលការ​ណែនាំ​​វិធី​ប្រើប្រាស់​កាំភ្លើង​ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden គ្រោង​នឹង​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​អំពី​ការ​សម្រេច​របស់​លោក​នៅ​ក្នុង​ការ​ដក​កងទ័ព​អាមេរិក​ទាំងអស់​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន​នៅត្រឹម​ថ្ងៃ​ទី ១១ ខែ​កញ្ញា​ខាង​មុខ ដែល​ជា​ខួប​ទី ២០ នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ក្នុង​ទីក្រុង New York និង​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋបាល​លោក Biden បាន​និយាយ​ថា លោក Biden បាន​សម្រេច​ថា៖ «មាគ៌ា​ឆ្ពោះ​ទៅ​មុខ​ដ៏​ល្អ​បំផុត​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​គឺ​ត្រូវ​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន បន្ទាប់ពី [បាន​ប្រឡូក] អស់​រយៈពេល ២០ ឆ្នាំ​មក។ ដូច្នេះ យើង​អាច​ដោះស្រាយ​ទិដ្ឋភាព​នៃ​ការ​គំរាមកំហែង​ជា​សាកល​ដូច​ដែល​មាន​នៅ​ពេល​សព្វថ្ងៃ​នេះ មិន​មែន​ដូច​កាលពី ២ ទសវត្សរ៍​មុន​នោះ​ទេ»។

អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «លោក​ប្រធានាធិបតី​មាន​ទស្សនៈ​ដែល​មិន​ផ្លាស់ប្ដូរ​ថា ដំណោះស្រាយ​ចំពោះ​ប្រទេស​អាហ្វហ្គានីស្ថាន​គឺ​មិនមែន​បែប​យោធា​ទេ និង​ថា សហរដ្ឋ​អាមេរិក​បាន​ប្រឡូក​នៅ​អាហ្វហ្គានីស្ថាន​យូរ​ជ្រុល​ពេក​ហើយ»។

លោក Biden បាន​សម្រេច​រក្សា​ទុក​កងទ័ព​សហរដ្ឋ​អាមេរិក​ចំនួន ៣.០០០ នាក់ នៅ​ក្នុង​ប្រទេស​ អាហ្វហ្គានីស្ថាន​បន្ត​ទៀត ​រហូត​ដល់​ថ្ងៃ​ទី ១១ ខែ​កញ្ញា។ ការ​រក្សា​ទុក​នេះ​គឺ​ហួស​កាល​បរិច្ឆេទ​កំណត់​ថ្ងៃ​ទី ១ ខែ​ឧសភា ដែល​បាន​ព្រមព្រៀង​ឡើង​រវាង​រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump និង​ពួក​តាលីបង់ (Taliban) កាលពី​ឆ្នាំ​មុន នៅ​ក្នុង​ការ​ដក​កងទ័ព​សហរដ្ឋ​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន។

មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​រូប​នោះ​បាន​បញ្ជាក់​ថា៖ « យើង​បាន​ដឹង​ជា​យូរ​មក​ហើយ​ថា កម្លាំង​យោធា​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​នយោបាយ​ផ្ទៃ​ក្នុង​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ទេ នឹង​មិន​អាច​បញ្ចប់​ជម្លោះ​ផ្ទៃ​ក្នុង​របស់​អាហ្វហ្គានីស្ថាន​បាន​ឡើយ។ ដូច្នេះ យើង​នឹង​បញ្ចប់​កិច្ច​ប្រតិបត្តិការ​យោធា​របស់​យើង ខណៈ​ដែល​យើង​ផ្តោតលើ​កិច្ច​ប្រឹងប្រែង​របស់​យើង​ក្នុង​ការ​គាំទ្រ​ផ្នែក​ការទូត​ដល់​ដំណើរការ​សន្តិភាព​ដែល​កំពុង​បន្ត​ធ្វើ»៕

XS
SM
MD
LG