ក្រុមតាលីបង់ (Taliban) និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងចូលរួមនៅក្នុងការចរចានៅពេលខាងមុខ ដើម្បីចាប់ផ្តើមដំណើរការសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការបរទេសតួកគីកាលពីថ្ងៃអង្គារម្សិលមិញ។
ក្រសួងការបរទេសតួកគីបានបញ្ជាក់ថា ភាគីចម្បាំងនានានឹងចូលរួមជាមួយអង្គការសហប្រជាជាតិនិងប្រទេសកាតានៅក្នុងសន្និសីទកំពូលរយៈពេល ១០ ថ្ងៃ ដែលនឹងរៀបចំឡើងដោយប្រទេសតួកគីចាប់ពីថ្ងៃទី ២៤ ខែមេសាតទៅ ក្នុងគោលបំណងបញ្ចប់សង្គ្រាម ២០ ឆ្នាំនៅអាហ្វហ្គានីស្ថាន និងដាក់ចេញនូវគម្រោងការងារសម្រាប់ដំណោះស្រាយនយោបាយដ៏ «យុត្តិធម៌និងស្ថិតស្ថេរមួយ»។
រដ្ឋាភិបាលតួកគីក៏បានបញ្ជាក់ផងដែរថា ការចរចានេះមានគោលបំណង «បង្កើននិងបង្គ្រប់» ការចរចាផ្ទៃក្នុងរបស់អាហ្វហ្គានីស្ថាន ដែលកំពុងបន្តធ្វើឡើងនៅក្នុងរាជធានីដូហានៃប្រទេសកាតា។
សន្និសីទកំពូលនេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដែលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីចាប់ផ្តើមការចរចាមុនកាលបរិច្ឆេទផុតកំណត់ថ្ងៃទី ១ ខែឧសភា សម្រាប់ការដកកងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពអង្គការអូតង់ (NATO) ចេញពីប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមតាលីបង់និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាកាលពីជាងមួយឆ្នាំមុនដើម្បីដកកងទ័ពអាមេរិកចេញនៅថ្ងៃទី ១ ខែឧសភាខាងមុខ ក៏ប៉ុន្តែរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញថា សហរដ្ឋអាមេរិកនឹងរក្សាទុកកងទ័ពមួយចំនួននៅអាហ្វហ្គានីស្ថានរហូតដល់ថ្ងៃទី ១១ ខែកញ្ញា។
ការប្រកាសរបស់តួកគីដែលថា ក្រុមតាលីបង់នឹងចូលរួមនៅក្នុងការចរចានេះ គឺជាការភ្ញាក់ផ្អើលមួយ ដោយសារតែអ្នកនាំពាក្យក្រុមតាលីបង់បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមនេះនឹងមិនចូលរួមនៅក្នុងសន្និសីទនេះ៕