ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ធ្វើ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ដើម្បី​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​អំពី​បញ្ហា​អ៊ុយក្រែន​និង​អាហ្វហ្គានីស្ថាន


រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ចូលរួម​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ប្រ៊ុចសែល​នៃ​ប្រទេស​ប៊ែលហ្សិក កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​អឺរ៉ុប​និង​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង (NATO) ដែល​ហៅ​ថា​អូតង់ លើ​បញ្ហា​មួយ​ចំនួន​ដូចជា បញ្ហា​កសាង​កម្លាំង​យោធា​របស់​ប្រទេស​រុស្ស៊ី​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយក្រែន និង​កិច្ច​ប្រតិបត្តិការ​របស់​ក្រុម​ចម្រុះ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ជាដើម។

ដំណើរ​ទស្សនកិច្ច​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល ៣ សប្តាហ៍​ក្រោយ​មក បន្ទាប់ពី​លោក Blinken បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​មួយ​ជាមួយ​សមភាគី​មកពី​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​អង្គការ​អូតង់​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល។ នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ លោក Blinken បាន​និយាយ​អំពី​អាទិភាព​សម្រាប់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ផ្តោត​លើ​ការ​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​សម្ព័ន្ធមិត្ត។

លោក Blinkenបាន​សរសេរ​នៅ​លើ Twitter កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា៖ «ខ្ញុំ​រីករាយ​ដែល​បាន​ត្រឡប់​ទៅ​ទីក្រុង​ប្រ៊ុចសែល​ម្ដង​ទៀត។ សហរដ្ឋ​អាមេរិក​តាំង​ចិត្ត​ស្ថាបនា​ឡើងវិញ​នូវ​សម្ព័ន្ធភាព ជា​ពិសេស​ជាមួយ​សម្ព័ន្ធមិត្ត​អង្គការ​អូតង់។ យើង​នៅតែ​ប្រកាន់​ខ្ជាប់​ដដែល​នូវ​ការ​គាំទ្រ​របស់​យើង​ចំពោះ​អង្គការ​អូតង់​ក្នុង​នាម​ជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​សន្តិសុខ​នៃ​បណ្ដា​ប្រទេស​នៅ​សងខាង​មហា​សមុទ្រ​អាត្លង់ទិក»។

ចលនា​ទ័ព​របស់​រុស្ស៊ី​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​តាម​តំបន់​បណ្តោយ​ព្រំដែន​ជាប់​ប្រទេស​អ៊ុយក្រែន បាន​បង្កើន​ក្តី​ព្រួយ​បារម្ភ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​ទីកន្លែង​ផ្សេង​ទៀត។

លោក Blinken បាន​និយាយ​ជាមួយ​អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg អំពី​ស្ថានភាព​នេះ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ និង​បាន​បញ្ជាក់​ថា មាន​ការ​ព្រមព្រៀង​គ្នា​ទៅវិញ​ទៅមក​ថា «រុស្ស៊ី​ត្រូវតែ​បញ្ចប់​ការ​ស្ថាបនា​យោធា​ដ៏​គ្រោះថ្នាក់​និង​ភាព​គឃ្លើន​ជា​បន្ត​របស់​ខ្លួន​នៅ​តាម​បណ្តោយ​ព្រំដែន​ជាប់​ប្រទេស​អ៊ុយក្រែន»។

ប្រធានបទ​ពិភាក្សា​សំខាន់​មួយ​ទៀត​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ការ​ពិភាក្សា​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ មុន​ពេល​កាលបរិច្ឆេទ​ផុត​កំណត់​ថ្ងៃ​ទី ១ ខែ​ឧសភា នៃ​ការ​ព្រមព្រៀង​រវាង​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​ក្រុម​តាលីបង់ (Taliban) នៅ​ក្នុង​ការ​ដក​កងទ័ព​អាមេរិកាំង​ដែល​នៅ​សេសសល់​ចំនួន ២.៥០០ នាក់​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ចូល​មក​ដល់៕

XS
SM
MD
LG