ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធមិត្ត​​អូតង់​កំពុង​ពិចារណា​ពន្លឿន​សមាជិកភាព​របស់​អ៊ុយក្រែន


រូប​ឯកសារ៖ ប្រធានាធិបតី​ Volodymyr Zelenskyy (កណ្តាល) កាន់​បង្ហាញ​ពាក្យ​ដាក់​​របស់​អ៊ុយក្រែន​សុំ​ពន្លឿន​ចូល​សមាជិកភាព​អង្គការ​អូតង់ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២២។
រូប​ឯកសារ៖ ប្រធានាធិបតី​ Volodymyr Zelenskyy (កណ្តាល) កាន់​បង្ហាញ​ពាក្យ​ដាក់​​របស់​អ៊ុយក្រែន​សុំ​ពន្លឿន​ចូល​សមាជិកភាព​អង្គការ​អូតង់ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២២។

ការ​បន្ត​ការ​គាំទ្រ​ខាង​យោធា​ដល់​ប្រទេស​អ៊ុយក្រែន នឹង​ស្ថិត​នៅ​លើ​គេ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​អង្គការ​អូតង់​ (NATO) រយៈពេល២ថ្ងៃ​ពី​ថ្ងៃ​ទី​១១​ដល់​១២ ​ខែ​កក្កដា​ នៅ​ទីក្រុង​វិលនីញូស ប្រទេស​លីទុយអានី។ រដ្ឋាភិបាល​ក្រុង​កៀវ កំពុង​ជំរុញ​សម្ព័ន្តមិត្ត​អូតង់ ឲ្យ​ពន្លឿន​សំណើ​សុំ​ចូល​ជា​សមាជិក​របស់​អ៊ុយក្រែន​ក្នុង​កិច្ច​ប្រជុំ​នោះ។

អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​ថា​ លោក​នឹង​ពន្យារ​អាណត្តិ​របស់​លោក​មួយ​ឆ្នាំ​ទៀត នៅ​ពេល​ដែល​បស្ចិម​ប្រទេសស្វះស្វែង​រក្សា​សាមគ្គីភាព​ក្នុងអំឡុង​ពេល​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

អ៊ុយក្រែន បាន​ដាក់​ពាក្យ​ស្នើសុំ​ចូល​ជា​សមាជិក​អង្គការ​អូតង់​ជា​ផ្លូវការ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន ដើម្បីឆ្លើយតប​ទៅ​នឹង​ការ​ប្រកាស​របស់​រុស្ស៊ី​កាត់​ខ្វៀល​ដែនដី​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​នៅ​ប៉ែក​ខាង​កើត​ប្រទេស​។

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​អំពាវនាវ​ឲ្យ​អង្គការ​អូតង់​ផ្តល់​សមាជិកភាព​ដល់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់​និង​ឆាប់រហ័ស។

លោក Zelenskyy បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ ​លោក​ Pedro Sanchez ក្នុង​ទីក្រុង​កៀវ​កាល​ពី​ថ្ងៃទី១​ខែកក្កដា​ថា៖ «ក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង វិលនីញូស យើង​ត្រូវការ​សញ្ញា​យ៉ាង​ច្បាស់​និង​ប្រាកដប្រជា​ថា ​អ៊ុយក្រែន​អាច​និង​មាន​សិទ្ធិ​ក្លាយ​ជា​សមាជិក​ស្មើភាព​របស់​សម្ព័ន្ធអូតង់ ក្រោយ​ពី​សង្គ្រាម»។

ការ​ទាមទារ​របស់​អ៊ុយក្រែន ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​ជាច្រើន​របស់​អូតង់​រួម​ទាំង​អង់គ្លេស ប៉ូឡូញ និង​បណ្តារដ្ឋក្នុង​តំបន់ Baltic​ផង។ ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​នៅ​ទីក្រុង​វិលនីញូស គឺ​ប្រធានាធិបតី​លីទុយអានី លោក Gitanas Nauseda និយាយ​ថា​ ការ​ផ្តល់​សញ្ញា​ច្បាស់លាស់​ពី​សម្ព័ន្ធមិត្ត​អូតង់​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ មាន​សារៈសំខាន់។

លោក Nauseda បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី៣​ខែ​កក្កដា​ថា៖ «យើង​ទាំងអស់​គ្នា​យល់​ថា​ពេលនេះ ចំ​ពេល​ដែល​មាន​សង្គ្រាម អ៊ុយក្រែន​មិន​អាច​ចូល​អូតង់​ភ្លាមៗ​បាន​ទេ។ យើង​យល់​ថា​ពលរដ្ឋ​អ៊ុយក្រែន​ក៏​យល់​ដែរ។ តែ​នេះ​គ្រាន់តែ​បើកផ្លូវ​ឲ្យ​បន្ត​នីតិវិធី បើ​សង្គ្រាម​ចប់​និង​ពេល​ស្ថានការណ៍​អំណោយផល​ប៉ុណ្ណោះ»។

ប៉ុន្តែ​ប្រទេស​ក្នុង​សម្ព័ន្ធមិត្ត​អូតង់​ខ្លះ ជាពិសេស​សហរដ្ឋ​អាមេរិក​និង​អាល្លឺម៉ង់ មិន​ទាន់​យល់ស្រប​ចំពោះ​ការ​ពន្លឿន​សមាជិកភាព​របស់​អ៊ុយក្រែន​នៅ​ឡើយ​ទេ៕

XS
SM
MD
LG