ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អូតង់៖ សម្ព័ន្ធមិត្ត​នឹង​សាងសង់​មជ្ឈមណ្ឌល​អវកាស​នៅ​មូលដ្ឋាន​ទ័ព​អាកាស​​នៅ​​អាល្លឺម៉ង់


រូបឯកសារ៖ ប្រធាន​អង្គការ​អូតង់​​លោក Jens Stoltenberg ថ្លែង​ក្នុង​សន្និសីទ​តាម​អនឡាញ​មួយ​នៅ​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

អគ្គលេខាធិការនៃ​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង ហៅ​កាត់​ថា អូតង់ លោក Jens Stoltenberg បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលាកន្លង​ទៅ​នេះ​ថា ​អង្គការ​សម្ព័ន្ធមិត្ត​យោធាមួយ​នេះ​នឹង​បង្កើត​មជ្ឈមណ្ឌល​លំហ​អាកាស​មួយ​នៅ​ឯ​ទី​បញ្ជាការដ្ឋាន​កងទ័ព​អាកាស​របស់​សម្ព័ន្ធមិត្ត​នៅ​ Ramstein ប្រទេស​អាល្លឺម៉ង់។

ថ្លែង​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃប្រទេស​សមាជិក​អង្គការ​អូតង់ ឬ​ហៅ​ជា​ភាសា​អង់គ្លេសថា ណាតូ (NATO) ​ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​វីដេអូ នៅ​ទីក្រុង​ប៊្រុចសែល លោក Stoltenberg បាន​បញ្ជាក់​ថា របាយការណ៍​ស្ដី​អំពី​មជ្ឈមណ្ឌល​អវកាស​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​អឺរ៉ុប​កាល​ពី​ដើម​ខែ​តុលា គឺ​ជា​ការ​ពិត។

លោក Stoltenberg​ និយាយ​ថា៖ «អូតង់​ប្ដេជ្ញា​រក្សា​ឲ្យ​មាន​ការ​វិវត្ត​ឈាន​មុខ​នៅ​គ្រប់​ច្រក​ល្ហក ទាំង​នៅ​លើ​ដី ក្នុង​សមុទ្រ នៅ​លើ​អាកាស និង​នៅ​ក្នុង​ទី​អវកាស»។

ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ខែ​ធ្នូឆ្នាំ​២០១៩ លោក Stoltenberg បាន​ប្រកាស​ថា៖ «ទី​អវកាស​គឺ​ជា​កន្លែង​សម្រាប់​ប្រតិបត្តិការ​របស់​អូតង់ ហើយ​ថ្ងៃ​នេះ​យើង​បាន​បោះ​ជំហាន​ដ៏​សំខាន់​មួយ​ហើយ»។

បើ​តាម​ប្រសាសន៍​របស់​លោក ប្រធាន​អង្គការ​អូតង់​រូប​នេះ​និយាយ​ថា ​មជ្ឈមណ្ឌល​អវកាស​នៅទី​បញ្ជាការដ្ឋាន​ទ័ព​អាកាស​របស់​សម្ព័ន្ធមិត្ត​នេះ (Allied Air Command) ​នឹង​ជួយ​សម្របសម្រួល​សកម្មភាព​ក្នុងលំហ​អវកាស​របស់​សម្ព័ន្ធ​មិត្ត និង​ផ្ដល់​ការ​គាំទ្រ​ដល់​បេសកកម្ម​ និង​ប្រតិបត្តិការ​របស់​អូតង់​ពី​អវកាស​ដោយ​ប្រើ​ប្រាស់​ទំនាក់ទំនងតាម​ផ្កាយ​រណប និង​តាម​រយៈ​រូបភាព។ លោក Stoltenberg និយាយ​ថា ពួក​គេ​ក៏​នឹង​ជួយ​ការពារ​ប្រព័ន្ធ​អវកាស​របស់​សម្ព័ន្ធមិត្ត​អូតង់ តាមរយៈ​ការ​ចែក​រំលែក​ព័ត៌មាន​អំពី​ការ​គំរាម​កំហែង​សំខាន់ៗ។

លោក Stoltenberg បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា អង្គការអូតង់​គ្មាន​ចំណាប់​អារម្មណ៍​លើ​ការ​យក​ទី​អវកាសធ្វើ​ជាកន្លែង​ប្រតិបត្តិការ​យោធា​ទេ។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា លោក​បាន​និយាយ​ថា ការ​គំរាម​កំហែង​ចំពោះប្រព័ន្ធ​ផ្កាយ​រណប​និង​លំហ​អវកាស​របស់​សម្ព័ន្ធមិត្ត​អូតង់​ ពិត​ជា​មាន​មែន។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ជា​ឧទាហរណ៍​ រុស្ស៊ី​និង​ចិន​កំពុង​អភិវឌ្ឍ​សមត្ថភាព​ដែល​អាច​បំផ្លាញ​ប្រព័ន្ធ​ផ្កាយរណប និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្កាយ​រណប​ចាប់​រូបភាព​លែង​បាន ដែល​នេះ​នឹង​ប៉ះ​ពាល់​ដល់​សកម្មភាព​ទាំង​យោធា និង​ស៊ីវិល​ នៅ​លើ​ភព​ផែន​ដី»។

លោក Stoltenberg ក៏​បាន​ថ្លែង​ដែរ​ថា ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​អង្គការ​អូតង់បង្ហាញ​ក្ដី​បារម្ភ​អំពី​ការណ៍​ដែល​រុស្ស៊ី​បាន​បង្កើន​ចំនួនគ្រាប់​មីស៊ីល​ដែល​មានសមត្ថភាពបំពាក់​អាវុធ​នុយក្លេអ៊ែរ​បាន​ និង​សារៈសំខាន់​នៃ​ការបន្ត​សន្ធិសញ្ញាមីស៊ីល​រវាង​រុស្ស៊ី និង​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល​ដោយ​លោក នៀម ឆេង

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG