ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្ដា​មេដឹកនាំ​អង្គការ​អូតង់​​ជួប​ជាមួយ​លោក Zelenskyy នៅ​កិច្ច​ប្រជុំ​កំពូល​ក្រុង​វីលនីញូស


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ចាប់ដៃគ្នា​ក្នុង​កិច្ចប្រជុំ​មួយ​ពី​ក្រុមប្រឹក្សា​អ៊ុយក្រែនអូតង់​ក្នុង​ទីក្រុង Vilnius​ ប្រទេស​លីទុយអានីកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ចាប់ដៃគ្នា​ក្នុង​កិច្ចប្រជុំ​មួយ​ពី​ក្រុមប្រឹក្សា​អ៊ុយក្រែនអូតង់​ក្នុង​ទីក្រុង Vilnius​ ប្រទេស​លីទុយអានីកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។

បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់ (NATO) ​បានជួប​ប្រជុំ​នៅ​ថ្ងៃ​ពុធ​នេះ​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ស្រប​ពេល​ពួកគេ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​នៅ​ក្នុង​ទីក្រុង​វីលនីញូស ប្រទេស​លីទុយអានី ដែល​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​មាន​ការ​ផ្ដោត​លើ​ការ​គាំទ្រ​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការ​ប្រយុទ្ធ​របស់​ប្រទេស​នេះ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​និង​ការ​ពិភាក្សា​អំពី​អនាគត​របស់​អ៊ុយក្រែន​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់។

បណ្ដា​មេដឹកនាំ​ទាំង​នោះ​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ជា​លាយលក្ខណ៍​អក្សរ​មួយ ដោយ​បញ្ជាក់​ជា​ថ្មី​អំពី​គោល​ជំហ​របស់​ពួកគេ​នៅ​ក្នុង​ការ​គាំទ្រ​សមាជិក​ភាព​របស់​អ៊ុយក្រែន ប៉ុន្តែ​មិន​បាន​លើកឡើង​អំពី​ការ​តាំងចិត្ត​ជា​ពិសេស​ណា​មួយ​ឬ​ក៏​ពេល​វេលា​ជាក់លាក់​ណា​មួយ​ដែល​លោក Zelenskyy ចង់​បាន​នោះ​ទេ។

លោក Zelenskyy​ បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​អគ្គលេខាធិការ​អង្គការ​អូតង់​ លោក Jens Stoltenberg ​ថា​លោក​យល់​ថា​ សម្ព័ន្ធមិត្ត​មួយ​ចំនួន​មិន​ចង់​ពិចារណា​ឲ្យ​អ៊ុយក្រែន​ចូលរួម​សម្ព័ន្ធ​នៅ​ពេល​នេះ​ទេ ​ដោយសារ​ការភ័យខ្លាច​សង្គ្រាម​លោក​ ហើយ​ថា​វា​ច្បាស់​ណាស់​ថា ​អ៊ុយក្រែន​មិនអាច​ចូលរួម​បាន​ទេ​ ខណៈ​ជម្លោះ​ជាមួយ​រុស្ស៊ី​កំពុង​បន្ត។

លោក Stoltenberg ​បាន​គូស​បញ្ជាក់​ពី​កញ្ចប់​បី​ផ្នែក​នៃ​ការធ្វើ​សមាហរណកម្ម​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ៊ុយក្រែន​ជាមួយ​អង្គការ​អូតង់​ រួមទាំង​ការងារ​ស្តីពី​អន្តរ​ប្រតិបត្តិការ​រវាង​កងកម្លាំង​អ៊ុយក្រែន​ និង​អង្គការ​អូតង់​ ក្រុមប្រឹក្សា​អូតង់​-អ៊ុយក្រែន​ថ្មី ​ដែល​បាន​បើក​កិច្ចប្រជុំ​លើក​ដំបូង​របស់​ខ្លួន​កាលពី​ថ្ងៃពុធ​ និង​ដកចេញ​នូវ​តម្រូវការ​សម្រាប់​អ៊ុយក្រែន​ ដើម្បី​បញ្ចប់​ផែនការ​សកម្មភាព​សមាជិកភាពដើម្បី​ត្រាយ​ផ្លូវក្លាយ​ជា​សមាជិក។

លោក ​Stoltenberg ​បាន​និយាយ​ថា៖​ «ថ្ងៃនេះ​យើង​ជួបគ្នា​ដោយស្មើ​មុខមាត់​គ្នា។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ថ្ងៃ​ដែល​យើង​ជួបគ្នា​ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត»។

របៀបវារៈ​នៅ​ថ្ងៃ​ពុធ​នេះ​មាន​ការ​ប្រជុំ​ដំបូង​របស់​ក្រុមប្រឹក្សា​អូតង់-អ៊ុយក្រែន​ ហើយ​លោក Zelenskyy ក៏​គ្រោង​នឹង​ជួប​ពិភាក្សា​ដាច់​ដោយ​ឡែក​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ផង​ដែរ។

លោក Biden គ្រោង​នឹង​ថ្លែង​សុន្ទរកថា​ «លើកឡើង​អំពី​វិធី​ដែល​សហរដ្ឋ​អាមេរិក​រួម​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​និង​ដៃគូ​នានា​របស់​អាមេរិក​គាំទ្រ​អ៊ុយក្រែន ​ការពារ​គុណតម្លៃ​ប្រជាធិបតេយ្យ ​និង​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទូទៅ​នៅ​លើ​ពិភពលោក»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន។

ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​ថា សមាជិក​នៃ​ក្រុម​ប្រទេស G-7 មាន​ផែនការ​ប្រកាស​អំពី​គ្រោងការ​ថ្មី​សម្រាប់​សម្ព័ន្ធមិត្ត​ដែល​ផ្ដល់​ការ​គាំទ្រ​ផ្នែក​សន្តិសុខ​រយៈពេល​វែង​ដល់​អ៊ុយក្រែន។


រុស្ស៊ី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជាច្រើន​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​ដោយ​បញ្ជាក់​ថា​ ជំនួយ​សន្តិសុខ​សម្រាប់​អ៊ុយក្រែន​ និង​ការពង្រីក​អង្គការ​អូតង់​តំណាង​ឱ្យ​ការគំរាម​កំហែង​ដល់​រុស្ស៊ី។៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters

វីដេអូថ្មីៗបំផុត

XS
SM
MD
LG