ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹកនាំ​អូតង់​ប្រារព្ធ​ធ្វើ​កិច្ច​ប្រជុំ​កំពូល​នៅ​ថ្ងៃ​ចុង​ក្រោយ​   


ទិដ្ឋភាព​ទូទៅ​នៃ​​កិច្ច​ប្រជុំ​​កំពូល​អង្គការ​អូតង់​នៅ​​ទី​ក្រុង​ម៉ាឌ្រីដ​ប្រទេស​អេស្ប៉ាញ​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២។
ទិដ្ឋភាព​ទូទៅ​នៃ​​កិច្ច​ប្រជុំ​​កំពូល​អង្គការ​អូតង់​នៅ​​ទី​ក្រុង​ម៉ាឌ្រីដ​ប្រទេស​អេស្ប៉ាញ​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២។

មេ​ដឹកនាំ​អង្គការ​អូតង់​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ទីក្រុង​ម៉ាឌ្រីដ ​ប្រទេស​អេស្ប៉ាញ​ សម្រាប់​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ច​ប្រជុំ​កំពូល​ដែល​រួម​បញ្ចូល​ការ​អនុម័ត​គោល​គំនិត​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​សម្ពន្ធមិត្ត​នេះ​ ដោយ​ចាត់​ទុក​ថា«ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី»​ «បញ្ហា​ប្រឈម​ជា​ប្រព័ន្ធ​ដែល​បង្ក​ឡើង​ដោយ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន»​ និង ​«ការ​ពង្រឹង​ភាព​ជា ដៃគូ​យុទ្ធសាស្ត្រ»​រវាង​ប្រទេស​ទាំង​ពីរ​ជា​អាទិភាព​ចម្បង​កិច្ច​ប្រជុំ​នេះ។​

នៅ​ក្នុង​ឯកសារ​នេះ ​សម្ពន្ធមិត្ត​យោធា​លោក​ខាង​លិច​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​សង្គ្រាម​លោក​លើក​ទី ២​នោះ បាន​កំណត់​ថា​ ប្រទេស​រុស្ស៊ី​ជា​«ការ​គំរាម​កំហែង​ដ៏​សំខាន់​បំផុត​ និង​ដោយ​ផ្ទាល់»​ ហើយ​អូតង់​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​លើក​ដំបូង​ដែល​ប្រទេស​ចិន​បង្ក​ឡើង​ចំពោះ​សន្តិសុខ ​ផល​ប្រយោជន៍ ​និង​គុណ​តម្លៃ​របស់​ខ្លួន។​ អូតង់​បាន​ព្រម​ព្រៀង​គ្នា​ជំរុញ​ការ​គាំទ្រ​សម្រាប់​អ៊ុយក្រែន ​ខណៈ​ប្រទេស​នេះ​ទប់ទល់​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ ដែល​ឥឡូវ​នេះ​ចូល​ដល់​ខែ​ទីប្រាំ​ហើយ​នោះ។ ​អគ្គ​លេខាធិការ​អូតង់​លោក​ Jens Stoltenberg​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ដើម​សប្តាហ៍​នេះ​ថា ​អូតង់​នឹង​បង្កើន​ចំនួន​កងទ័ព​ជាង​៧​ដង​សម្រាប់​ត្រៀម​កម្រិត​ខ្ពស់​គឺ​ឡើង​ដល់​ជាង​ ៣០​ម៉ឺន​នាក់​ខណៈ​លោក​ចាត់​ទុក​ពេល​នេះ​មាន​«វិបត្តិ​សន្តិសុខ​ដ៏​ធ្ងន់ធ្ងរ​បំផុត»​ ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​មក។​

កាលពី​ថ្ងៃ​ពុធ ​ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden ​បាន​ប្រកាស​ថា​ សហរដ្ឋ​អាមេរិក​កំពុង​ពង្រឹង​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ រួម​ទាំង​ការ​ដាក់​ពង្រាយ​នាវា​ពិឃាត​និង​កងទ័ព​ជើងទឹក​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ ​និង​ដាក់​កងទ័ព​បន្ថែម​នៅ​កន្លែង​ផ្សេង​ទៀត ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​«ការ​ផ្លាស់​ប្តូរ​បរិយាកាស​សន្តិសុខ»​ និង​ដើម្បី​ពង្រឹង​«សន្តិសុខ​រួម»។​

លោក​ Biden ​បាន​និយាយ​ថា ​សហ​រដ្ឋ​អាមេរិក​នឹង​បង្កើត​ទីស្នាក់​ការ​អចិន្ត្រៃយ៍​សម្រាប់​អង្គ​ទ័ព​ទី​៥​ របស់​សហ​រដ្ឋ​អាមេរិក​(U.S. 5th Army Corps )​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ​ បន្ថែម​កងពល​តូច​ប្តូរ​វេណ​ចំនួន​៣.០០០​នាក់ ​និង​បុគ្គលិក​២.០០០​នាក់​ផ្សេង​ទៀត​នៅ​ទីស្នាក់ការ​កណ្តាល​ក្នុង​ប្រទេស​រូម៉ានី​ ព្រមទាំង​បញ្ជូន​បន្ថែម​ទៀត​អង្គភាព​យន្តហោះ​ចម្បាំង ​F-35 ​ចំនួន​២​ទៅ​អង់គ្លេស។​

លោក​បាន​និយាយ​ថា៖ ​«កាលពី​ដើម​ឆ្នាំ​នេះ ​យើង​បាន​បង្កើន​កងកម្លាំង​អាមេរិក​ចំនួន​២​ម៉ឺន​ នាក់​ទៅ​កាន់​ទ្វីប​អឺរ៉ុប​ ដើម្បី​ពង្រឹង​ជួរ​ទ័ព​របស់​យើង​ ដើម្បី​ឆ្លើយ​តប​សកម្មភាព​គឃ្លើន​របស់​រុស្ស៊ី​ ដែល​នាំឱ្យ​កម្លាំង​របស់​យើង​សរុប​នៅ​អឺរ៉ុប​ឡើង​ដល់​១០​ម៉ឺន​នាក់»។ លោក​បន្ថែម​ថា៖ ​«ដោយ​ផ្អែក​លើ​ការ​គំរាម​កំហែង​ សហ​រដ្ឋ​អាមេរិក​នឹង​បន្ត​កែ​សម្រួល​គោល​នយោបាយ​ការពារ​ដោយ​ពិគ្រោះ​យោបល់​យ៉ាង​ដិតដល់​ជាមួយ​សម្ពន្ធមិត្ត​របស់​យើង»។ ​

កាលពី​ថ្ងៃ​ពុធ​នោះ​ដែរ​ នៅ​ក្នុង​សុន្ទរកថា​តាម​អ៊ីនធើណិត​ទៅ​កាន់​អង្គការ​អូតង់ ​ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy ​បាន​និយាយ​ថា ​ប្រទេស​របស់​លោក​ត្រូវ​ការ​អាវុធ​ទំនើប​បន្ថែម​ទៀត ​និង​ថវិកា​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ខែ​ដើម្បី​ការពារ​ខ្លួន។ ​លោក ​Zelenskiy ​បាន​ប្រាប់​មេ​ដឹកនាំ​កិច្ច​ប្រជុំ​កំពូល​ថា៖​ «នេះ​មិនមែន​ជា​សង្រ្គាម​រុស្ស៊ី​ប្រឆាំង​តែ​អ៊ុយក្រែន​នោះ​ទេ។​ នេះគឺ​ជា​សង្រ្គាម​សម្រាប់​សិទ្ធិ​កំណត់​លក្ខខណ្ឌ​នៅ​អឺរ៉ុប​ គឺ​ សណ្តាប់​ធ្នាប់​ពិភពលោក​នាពេល​អនាគត»៕

អ្នក​យក​ព័ត៌មាន​វីអូអេ​ លោក​ Chris Hannas ​និង​ Henry Ridgwell​ រួម​ចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ

XS
SM
MD
LG