ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អឺរ៉ុប​ផ្តល់​ឋានៈ​បេក្ខភាព​សមាជិក​សហភាព​អឺរ៉ុប​ដល់​ប្រទេស​អ៊ុយក្រែន


សមាជិក​សភា​អឺរ៉ុប​និង​ក្រុម​អ្នក​តំណាង​ប្រទេស​​អ៊ុយក្រែន​លា​ត្រដាង​ទង់ជាតិ​អ៊ុយក្រែន​នៅ​ខាង​ក្រៅ​អគារ​សភា​អឺរ៉ុប​នៅ​ទី​ក្រុង​ព្រុចសែល​ ប្រទេស​បែលហ្ស៊ិក កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២។
សមាជិក​សភា​អឺរ៉ុប​និង​ក្រុម​អ្នក​តំណាង​ប្រទេស​​អ៊ុយក្រែន​លា​ត្រដាង​ទង់ជាតិ​អ៊ុយក្រែន​នៅ​ខាង​ក្រៅ​អគារ​សភា​អឺរ៉ុប​នៅ​ទី​ក្រុង​ព្រុចសែល​ ប្រទេស​បែលហ្ស៊ិក កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២។

សភា​អឺរ៉ុបបាន​បោះឆ្នោត​ដោយ​សំឡេង​ដ៏​ច្រើន​លើសលប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ផ្តល់​ឋានៈ​បេក្ខភាព​សមាជិក​សហភាព​អឺរ៉ុប​ដល់​ប្រទេស​អ៊ុយក្រែន​ដែល​កំពុង​ជំរុញ​ប្រទេស​នេះ​ឱ្យ​ខិត​កាន់តែ​ជិត​សម្ពន្ធមិត្ត​លោក​ខាង​លិច​កាន់តែ​ខ្លាំង​ឡើង​ដែល​បាន​ជួយ​ផ្តល់​អាវុធ​ក្នុង​ចំនួន​យ៉ាង​ច្រើន​ដើម្បី​ជួយ​អ៊ុយក្រែន​នៅ​ក្នុង​ការប្រយុទ្ធ​ការឈ្លានពាន​របស់​រុស្ស៊ី​ក្នុង​រយៈ​ពេល៤ខែ​នេះ។

ការបោះឆ្នោតដែល​គាំទ្រ​អ៊ុយក្រែន​នេះ​មាន​៥២៩​សំឡេង​ទល់នឹង​៤៥​សំឡេង ​ដោយ​មាន​អនុបវាទ​១៤​សំឡេង។ សភា​អឺរ៉ុប​ក៏​បាន​ផ្តល់​ការយល់ព្រម​បេក្ខភាពសមាជិក​សហភាព​អឺរ៉ុប​ដល់​ប្រទេស​ហ្សកហ្ស៊ី​និង​ម៉ុលដាវី​ដែរ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​លើ Twitterថា៖ «នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ពិសេស​និង​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​អ៊ុយក្រែន​និង​សហភាព​អឺរ៉ុប។ អនាគត​របស់​អ៊ុយក្រែន​ស្ថិត​នៅ​ក្នុង​សហភាព​អឺរ៉ុប»។

ហើយ​លោក​ប្រធានាធិបតីបាន​និយាយ​នៅ​លើ Instagram ​ថា៖ «យើង​ទើបតែ​ទទួល​បាន​បេក្ខភាព​នេះ។ នេះ​ជា​ជ័យ​ជម្នះ​របស់​យើង»។

ការបោះឆ្នោត​បាន​កើត​មាន​ឡើង​នៅពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ខ្លួន​កំពុង​បញ្ជូន​ជំនួយ​យោធា​ដែល​មាន​ទឹកប្រាក់​ចំនួន​៤៥០លាន​ដុល្លារ​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន រួមមាន​ការបន្ថែម​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​វង់​ប្រតិបត្តិការ​មធ្យម​ដែល​បន្ថែម​លើ​ជំនួយ​១ពាន់​លាន​ដុល្លារ​ដែល​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាលពី​១សប្តាហ៍​មុន។ ​

ប្រធាន​សភា​អ៊ុយក្រែន​លោក Ruslan Stefanchuck បាន​ថ្លែង​អំណរគុណ​សមាជិក​សភា​អឺរ៉ុប​ចំពោះ​ការគាំទ្រ​របស់​ពួកគេ​នៅ​ក្នុង​សារ​តាម Facebook ដោយ​បាន​និយាយ​ថា៖ «អ៊ុយក្រែន​ជា​ប្រទេស​មួយ​នៅ​ក្នុង​សហភាព​អឺរ៉ុប។ ហើយ យើង​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​នេះ​មិន​ត្រឹមតែ​នៅ​លើ​សមរភូមិ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​នៅ​ក្នុង​វិស័យ​ច្បាប់​ផង​ដែរ»។

ដើម្បី​ឱ្យ​ប្រទេស​ទាំង៣​ចូលរួម​ក្នុង​ប្លុក​សហភាព​អឺរ៉ុប​ដែល​មាន​ប្រទេស​២៧ជា​សមាជិក​នោះ ប្រទេស​ទាំង​នោះ​ត្រូវតែ​ធ្វើ​កំណែ​ទម្រង់​នយោបាយ​និង​សេដ្ឋកិច្ច។ ​

ក្រុម​ប្រឹក្សា​អឺរ៉ុបដែល​រួម​មាន​ប្រមុខ​រដ្ឋាភិបាល​សហភាព​អឺរ៉ុប​ចំនួន​២៧ប្រទេស​នឹង​ធ្វើ​ការ បោះឆ្នោត​ផ្តាច់ព្រាត់​អំពី​សមាជិកភាព​របស់​អ៊ុយក្រែន។ ការបោះឆ្នោត​នេះ​ត្រូវមាន​សំឡេង​ឯកច្ឆន្ទ។ ពួក​អ្នក​ការទូត​និយាយ​ថា ដំណើការ​នេះ​អាច​ចំណាយ​ពេល​មួយ​ទសវត្សរ៍​ដើម្បី​ចប់​សព្វគ្រប់៕

XS
SM
MD
LG