ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អូតង់​ចាប់​យក​វិធីសាស្រ្ត​រឹងមាំ​ចំពោះ​ប្រទេស​រុស្ស៊ី​


រូបឯកសារ៖ លោក Jens Stoltenberg​ អគ្គលេខា​អង្គការ​អូតង់​និង​លោក​ស្រី​អធិការបតី​អាល្លឺម៉ង់ ngela Merkel។
រូបឯកសារ៖ លោក Jens Stoltenberg​ អគ្គលេខា​អង្គការ​អូតង់​និង​លោក​ស្រី​អធិការបតី​អាល្លឺម៉ង់ ngela Merkel។

មន្ត្រី​កំពូល​របស់​អង្គការ​អូតង់​បាន​និយាយ​ថា​ លោក​គ្មាន​បំណង​គាំទ្រ​លើការ​ប្រឈម​មុខ​ជាមួយ​រុស្ស៊ី​ដែល​កំពុង​ងើប​ឡើង​នោះ​ទេ​ និង​បាន​ទទូច​ថា​ សម្ព័ន្ធមិត្ត​លោក​ខាង​លិច​នឹង​រក្សា​គោល​ជំហរ​រឹង​មាំ​ ប៉ុន្តែ​មាន​ភាពយុត្តិធម៌​ចំពោះ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ខណៈ​បន្ត​ទទួល​ស្គាល់​រដ្ឋអតីត​សហភាព​សូវៀត។

អគ្គលេខា​ធិការ​អង្គការ​អូតង់​លោក​ Jens Stoltenberg​ កាល​ពី​ថ្ងៃសុក្រ​បាន​ថ្លែង​ដូច្នេះ​បន្ទាប់​កិច្ច​ប្រជុំ​នៅ​ឯសេតវិមាន​ជាមួយ​លោក ​John Bolton​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​។
លោក ​Stoltenberg​ បាន​ប្រាប់​ទៅ​អ្នក​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នៅ​ឯ​មូលនិធិ ​The Heritage Foundation​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា «សម្រាប់​យើង​គ្មា​នអ្វី​ក្រៅ​តែ​ពី​រក្សា​គោល​ជំហរ​ រឹង​មាំ​ក្នុង​ការ​ដោះស្រាយ​បញ្ហ​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​ដូច​ដែល​យើង​ធ្វើ​ឥឡូវ​នេះ​ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ យើង​កំពុង​ស្វែង​រក​កិច្ច​សន្ទនា»។

ភាព​តាន​តឹង​រវាង​រុស្ស៊ី​និង​លោក​ខាង​លិច​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​កង​កម្លាំង​រុស្ស៊ី​បាន​វាយ​លុក​ចូល​តំបន់​ហ្សកហ្ស៊ី​អស់​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍​មកហើយ​ ហើយ​ភាព​តាន​តឹង​នេះ​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយ​បន្ទាប់​ពី​មាន​ការ​ឈ្លាន​ពាន​របស់​ក្រុងមូស្គូ​ទៅ​លើ​ទឹកដី​អ៊ុយក្រែន​និង​កា​របញ្ចូល​ឧបទ្វីប​គ្រីមា​កាល​ពី​ឆ្នាំ​២០១៤។

លោក ​Stoltenberg​ បាន​ដាក់​ការ​ស្តី​បន្ទោស​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុង​មូស្គូ​ដែល​មាន​បំណង​ប្រើ​ប្រាស់​កង​កម្លាំង​យោធា​ប្រឆំាង​នឹង​ប្រទេស​ជិត​ខាង​នានា។ នៅ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​លោក​ក៏​បាន​ធ្វើ​ការ​អះអាង​ថា ​អង្គការ​អូតង់​មិន​កំពុង​ស្វែងរក​ការ​ប្រឈម​មុខ​ដាក់​គ្នា​នោះ​ទេ។

លោក ​ Stoltenberg​ បាន​ថ្លែង​បន្ត​ថា «អ្វី​ដែល​យើង​បាន​ឃើញ​នោះ​គឺ​ប្រទេស​រុស្ស៊ី​បាន​វិនិយោគ​តាម​រូប​ភាព​ផ្សេងៗ​ជា​ច្រើន​ ក្នុង​នោះ​ក៏​មាន​តាម​ការ​ស៊ើបការ​សម្ងាត់​ផង​ដែរ។ ទាំង​នេះ​គឺ​ជា​ហេតុផល​ដែល​បណ្តាល​ឲ្យ​អង្គការ​អូតង់​ចាប់​ផ្តើម​វិនិយោគ​នៅ​ក្នុង​វិស័យ​ការពារ​ជាលើក​ទីមួយ​បន្ទាប់​ពី​បញ្ចប់​សង្គ្រាម​ត្រជាក់​មក»។

វិធីសាស្រ្ត​របស់​លោក​ Stoltenberg​ មាន​ភាព​ផ្ទុយគ្នា​ពី​អ្វី​ដែល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់​បាន​ធ្វើ​ការ​អះ​អាង​ម្តង​ហើយ​ម្តង​ទៀត​អំពី​លទ្ធភាព​ដែល​លោក​អាច​ធ្វើ​ការ​ទំនាក់​ទំនង​បាន​យ៉ាង​ល្អ​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី ​Vladimir Putin​ ទៅ​ថ្ងៃ​អនាគត៕

XS
SM
MD
LG