ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិសថា មាន​ការបន្លំ​បង្កើត​ក្រុម Telegram យក​ឈ្មោះ​អគ្គស្នងការ​នគរបាល​ជាតិ​មក​ប្រើ


រូបឯកសារ៖ រូបភាពផ្សំគ្នា​នៃ​អ្នកលួច​ចូលក្នុង​ប្រព័ន្ធ​កំព្យូទ័រ និង​លេខកូដ។
រូបឯកសារ៖ រូបភាពផ្សំគ្នា​នៃ​អ្នកលួច​ចូលក្នុង​ប្រព័ន្ធ​កំព្យូទ័រ និង​លេខកូដ។

សមត្ថកិច្ច​កម្ពុជា​អះអាង​ថា​ មាន​ជន​ក្លែង​បន្លំ​ជា​មេ​នគរបាល​ជាតិ​នៅ​លើ​កម្មវិធី​សន្ទនាអេឡិចត្រូនិក Telegram ដែល​ពួកគេ​ថា ​ប៉ុនប៉ង​សាកសួរ​ព័ត៌មាន«សន្ដិសុខ​ជាតិ»ពី​មន្ត្រី​កងទ័ព​ជើងទឹក និង​បំផុស​បំផុល​ក្នុង​កម្លាំង​កងទ័ព។

ការ​ប្រកាស​ជាប់ៗ​គ្នា​ ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​និង​ថ្ងៃ​សុក្រ​នេះ ដោយ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​លើក​ឡើង​ថា ​មាន​ជន​ក្លែង​បន្លំ​ជា​អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន និង​អគ្គ​ស្នងការ​រង​លោក ឌី វិជ្ជា ទទួល​បន្ទុក​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ។

ករណី​នេះ​កើត​ដំបូង ដោយ​លោក​ ផាត វិបុលសុភ័ក្ត្រ ប្រធាន​នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ​នៃ​ក្រសួង​ការពារ​ជាតិ រាយ​ការណ៍​ទៅ​លោក សៅ សុខា មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

រូបឯកសារ៖ លោក ឌី វិជ្ជា (កណ្ដាល) អគ្គស្នងការរង​នគរបាលជាតិ នៅក្នុង​អំឡុងពេល​សមាជ​នគរបាល​នៅ​ក្រសួង​មហាផ្ទៃ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/វីអូអេ)
រូបឯកសារ៖ លោក ឌី វិជ្ជា (កណ្ដាល) អគ្គស្នងការរង​នគរបាលជាតិ នៅក្នុង​អំឡុងពេល​សមាជ​នគរបាល​នៅ​ក្រសួង​មហាផ្ទៃ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/វីអូអេ)

នាយ​ទាហាន​រូប​នេះ ​បាន​សរសេរ​ក្នុង​លិខិត​មួយ ដោយ​លើក​ឡើង​ថា មាន​គណនី​ Telegram ប្រើ​ឈ្មោះ ឌី វិជ្ជា ​(Dy Vichea) ទាក់ទង​ផ្ញើ​សារ​ជា «File Zip» ទៅ​លោក ស៊ាន វឌ្ឍនា នាយ​ផ្នែក​ទាក់ទង​អន្តរជាតិ​កងទ័ព​ជើង​ទឹក។

ក្នុង​លិខិត​ផ្ញើ​ជូន​លោក សៅ សុខា នោះ លោក ផាត វិបុលសុភ័ក្ត្រ បាន​សរសេរ​ថា៖

«នេះ​ជា​ការ​ក្លែង​បន្លំសុទ្ធ​សាធដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់កិច្ចការផ្ទៃ​ក្នុង​រវាង​បញ្ជាការដ្ឋានកង​ទ័ព​ជើង​ទឹក​ និង​នាយក​ដ្ឋាន​ទាក់​ទង​អន្តរជាតិ​ ក៏​ដូច​ជា​កង​យោធ​ពល​ខេមរ​ភូមិន្ទ»។

នាយកដ្ឋាន​កណ្ដាល​សន្ដិសុខ​នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ ដែល​មាន​លោក ឌី វិជ្ជា ជា​ប្រធាន​ផង​ដែរ​នោះ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ បានចេញសេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​ករណីខាង​លើ​ថា ​មាន​ជនក្លែង​ឈ្មោះលោក​ ទាក់ទង​ទៅ​មន្ត្រី​យោធា «ស្នើ​សុំនិង​សាក​សួរ​អំពី​ព័ត៌មានសន្ដិសុខ​ជាតិ»។

សេចក្តី​ប្រកាស​ដដែល​ឲ្យ​ដឹង​ថា ទង្វើ​នេះ «ធ្វើ​ឡើង​ដោយ​ជន​អនាមិក​ក្នុង​គោល​ដៅ​ ដើម្បី​ចែក​ចាយ​នូវមេរោគ​កុំព្យូទ័រ»។

នៅ​ថ្ងៃ​សុក្រ​នេះ អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ក៏​បាន​ចេញ​សេចក្ដី​ប្រកាសមួយ​ដែរ ដោយ​រាយការណ៍​អំពី​វត្តមាននៃ​ជន«អនាមិក»ប្រើ​ឈ្មោះ​លោក នេត សាវឿន ទាក់ទង​មន្ត្រី​កងទ័ព​ជើង​ទឹក។

អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ឲ្យ​ដឹង​ទៀត​ថា ជន​ទាំង​នោះ​មាន«គោល​បំណងទុច្ចរិត​ ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ បំផុស​បំផុល នាំ​ឱ្យ​មាន​ចលនាក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ»។

លោក ឆាយ​ គឹមខឿន អ្នកនាំពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ប្រាប់ ​VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​កម្លាំង​នគរបាល​កំពុង​តាមដាន​វែក​មុខអ្នក​ដែល​ប្រព្រឹត្ត ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ថា ​តើការ​ស៊ើបអង្កេត បាន​តម្រុយ​អ្វី​ខ្លះ​ហើយ​នោះ​ទេ។

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​បណ្ដា​ជន​សង្ស័យ​ថា​ជា​ក្រុម​ណា​ ឬ​ជនជាតិ​ណា មន្ត្រី​នាំ​ពាក្យ​នគរ​បាល​រូប​នេះ​ មាន​ប្រសាសន៍​ថា៖

«ចាំ​ពូ​ពិចារណា​មួយ​អាទិត្យ​អី​សិន​មើល៍​ហ្អា តើ​ខាង​ណា? បើ​មិន​ទាន់​មាន​តម្រុយ​ផង យើង​ទៅ​សង្ស័យ​គេ​ផ្ដេសផ្ដាស​យ៉ាង​ម៉េច»។

មន្ត្រី​ប៉ូលិស​រូប​នេះ​ បាន​បន្ថែម​ថា៖ «បើ​មាន​តម្រុយ​សមត្ថកិច្ច​វាយ​ខ្នោះ​ហើយ»។

នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​ បាន​បង្ហោះ​សារ​ក្លែង​បន្លំ​ទាំង​នោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ តែ​ក្រោយមក​ បាន​លុប​ចោល​វិញ​នូវ​ខ្លឹមសារ​នៃ​ការ​ឆ្លើយឆ្លង​ពី​សំណាក់​គណនី​ដែល​ខ្លួន​ថា​ បន្លំ​ក្រោម​ឈ្មោះ​លោក នេត សាវឿន។

រូបឯកសារ៖ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅក្នុង​អំឡុងពេល​សមាជ​នគរបាល​នៅ​ក្រសួង​មហាផ្ទៃ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/វីអូអេ)
រូបឯកសារ៖ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅក្នុង​អំឡុងពេល​សមាជ​នគរបាល​នៅ​ក្រសួង​មហាផ្ទៃ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/វីអូអេ)

ក្នុង​នោះ​គេ​ឃើញ​ឈ្មោះ​គណនី ​Neth Savoeun បាន​ព្យាយាម​សួរ​គណនី Telegram មួយ​ដែល​មិន​បាន​បង្ហាញ​ឈ្មោះ ដោយ​ហាក់​ដូចជា​ព្យាយាម​សាក​សួរ​អំពី​ករណី​ក្លែង​បន្លំ​មុន​ដែល​ប្រើ​ឈ្មោះលោក Dy Vichea។

អ្នក​ប្រើ​ប្រាស់​គណនី ​Telegram ខាង​លើ​បានតប​ថា «បាទ​ លោក​នាយ! ខ្ញុំបានទទួលព័ត៌មាននេះដែរ​ពីសំណាក់នាយផ្នែក​ទាក់ទង​បរទេស​នៃ​កងទ័ព​ជើង​ទឹក​ខេមរ​ភូមិន្ទ»។​

គណនី​ដែល​ប្រើ​ឈ្មោះ Neth Savoeun ​នោះក៏​តប​ថា៖ «ខាង​ខ្ញុំ​ឯ​នេះ កំពុង​ចង​ក្រង​អង្គ​ហេតុ​នៃ​គម្រោង​ការណ៍​[នៃ​ការ​ក្លែង​បន្លំ]​នេះ ព្រោះ​ឥរិយាបថ​នេះ ​មាន​សភាព​គ្រោះ​ថ្នាក់​ណាស់។ តើ​នរណា​នៅ​[មូលដ្ឋាន​សមុទ្រ]រាម ដែល​យើង​អាចទាក់ទង​បាន ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាពបញ្ហា​ពាក់ព័ន្ធ​នេះ»។

ភ្លាម​នោះ​ គណនី ​Telegram ដែល​មិន​បង្ហាញឈ្មោះខាង​លើ ហាក់​បានសម្ដែងការ​សង្ស័យ​ និងទាមទារ​ឱ្យគណនី​ដែល​ប្រើ​ឈ្មោះ Neth Savoeun នោះ​បង្ហាញ​អត្ត​សញ្ញាណពិតប្រាកដ ដោយ​ឱ្យ​បន្លឺ​សារសំឡេង​ ដើម្បី​ផ្ទៀងផ្ទាត់ ​តែ​ត្រូវ​បដិសេធ​ដោយ​លើក​ហេតុផល​ថា ​ជាប់ធ្វើចត្តាឡីស័ក។

ដោយ​លើក​ហេតុ​ផល​ថា ​ខ្លួន​មាន​គ្រុនក្ដៅ​និង​ឈឺ​បំពង់ក គណនី​ដែល​ប្រើ​ឈ្មោះ Neth Savoeun ​នោះក៏បានបដិសេធ​ ហើយ​បែរ​ជា​បាន​ផ្ញើ​ឯកសារ​មួយ​ឈ្មោះ​ «Document_Ream.zip»។

លោក ឆាយ គឹមខឿន ​អ្នក​នាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជាក់​ថា៖

«ពួក​ហេគ​ឃ័រ​ (Hacker) ​នេះ វា​សុទ្ធ​តែ​មាន​ចេតនាទុច្ចរិត ដើម្បី​យក​ទិន្នន័យ​ទៅ​ធ្វើ​អ្វី​ផ្ដេសផ្ដាស។ យើង​មិន​ដឹង​គោល​បំណង​ច្បាស់​ទេ តែ​ដឹង​តែទុច្ចរិត​មិន​ល្អ​ហើយ»។

លោក​បន្ថែម​ថា​ ករណី​នេះ​ ជា​តឹកតាង​ថា ​ពិត​ជា​ត្រូវការ​ច្បាប់ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដែល​ក្រសួង​មហាផ្ទៃ​កំពុង​រៀបចំ។

លោក ង៉ែត ម៉ូសេ អ្នកប្រឹក្សា​ឯករាជ្យ​ផ្នែក​សន្ដិសុខ​បច្ចេកវិទ្យា បាន​ឯកភាព​អំពី​វត្តមាន​នៃ​ច្បាប់​ដែលទាក់ទង​នឹង​ការ​ប្រឆាំង​បទល្មើសបច្ចេកវិទ្យា តែ​ចាំបាច់​ត្រូវ​ឆ្លង​កាត់​ការ​ពិគ្រោះ​យោបល់​លម្អិតលើ​អត្ថន័យ​ខ្លឹមសារជាមួយ​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ មិន​ប៉ះពាល់​សិទ្ធិ​របស់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​សង្គម និង​អ៊ីនធឺណិត។

លោក​បន្ត​ថា ​រដ្ឋ​ក៏​គួរ​តែ​មាន​បទបញ្ញត្តិ«ពិធីការ​សន្ដិសុខ (Security Protocol)»​កំណត់​ពីយន្តការ ​ប្រាស្រ័យ​ទាក់ទង​បញ្ជូន​សារ​ផ្ទៃ​ក្នុង​របស់​ខ្លួន​ថា ព័ត៌មាន​ ឬ​ទិន្នន័យ​បែប​ណា​គួរ​ផ្ញើ​តាម​ប្រព័ន្ធ​មួយ​ណា។

លោក​មាន​ប្រសាសន៍​ថា៖

«ដល់​ពេល​យើងអត់​មាន​អា​ហ្នឹង ស្អី​ក៏​មក​តែ​តាម​ហ្នឹង ស្អី​ក៏​មក​តែ​តាម​ហ្នឹង អា​ហ្នឹង​វា​ជួប​ប្រទះ​ដូច​បញ្ហា​ខាង​លើ។ ទី​ពីរ​បញ្ហា​បែក​ធ្លាយ​នៃ​ទិន្នន័យ​ដែល​យើង​អត់​ដឹង ដែល​អាច​ប្រឈម​មុខ។ ​តែ​បើ​យើង​មាន​ពិធីការ​សន្ដិសុខ (Security Protocol) ទៅ​លើ​ការ​ប្រើប្រាស់បណ្ដាញ​សង្គម សម្រាប់​មន្ត្រី​ជាន់​ខ្ពស់ នោះ​ខ្ញុំ​គិត​ថា​ ការ​កាត់​បន្ថយ​ខ្លះ​ ឬ​ភាគច្រើន​សម្រាប់​ហានិភ័យ​នៃ​ការ​វាយ​ប្រហារ​បែប​នេះ»។

តំណាង​ក្រុមហ៊ុន ​Telegram មិន​ទាន់​ឆ្លើយ​តប​នឹង​សារ​សុំ​ការ​បំភ្លឺ​ផ្ទៀងផ្ទាត់​របស់​VOA ​នៅ​ឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃ​សុក្រ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ឌី វិជ្ជា ជា​កូន​ប្រសារ​របស់​លោក ហ៊ុន សែន រីឯ​លោក នេត សាវឿន ក៏​ជា​ក្មួយ​ប្រសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ផងដែរ៕

XS
SM
MD
LG