ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ចែក​រំលែក​សេចក្តី​ព្រាង​ច្បាប់​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន ដែល​អ្នកជំនាញ​អាមេរិក​ចូលរួម​ផ្តល់​យោបល់


រូបឯកសារ៖ កម្មវិធី​ទូរស័ព្ទ Instagram Snapchat Twitter Facebook Google និង Messenger នៅ​លើ​អេក្រង់ទូរស័ព្ទ​ទំនើប​មួយ ដែល​បាន​ថត​នៅ​ថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៩។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​លោក ​សឿង សារឿន ​ថ្លែង​ថា​ សង្គម​ស៊ីវិល​ចង់​ផ្តល់​ធាតុ​ចូល​សម្រាប់​សេចក្តី​ព្រាង​ច្បាប់​នេះ ​ ហើយ​វា​ជា​ពេល​វេលា​សំខាន់​មួយ ​ដោយសារ​អវត្តមាន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋ​សភា​ក្នុង​ការ​ត្រួត​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​នេះ។​

អង្គការ​សង្គម​ស៊ីវិល​ជាង​៥០០ ​បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក ​ស ខេង​ ដើម្បី​ស្នើ​សុំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​ ដែល​ពួកគេ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា​ ច្បាប់​នេះ​ នឹង​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ជាពិសេស​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដែល​មាន​អ្នក​ប្រើប្រាស់​ដល់ទៅជិត​៩​លាន​នាក់ ​ក្នុង​ប្រទេស​កម្ពុជា។​

ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​១១​ ខែ​សីហា​ ឆ្នាំ​២០២០​ និង​បាន​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ​ជាង​២​សប្តាហ៍​មក​ហើយ​នោះ សង្គម​ស៊ីវិល​ដែល​មាន​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិ​ការ​ ដើម្បី​កម្ពុជា​ហៅ​កាត់​ថា​ CCC​ ជា​តំណាង​ បាន​ស្នើ​សុំ​ជួប​ពិភាក្សា​លើ​ខ្លឹម​សារ​នៃ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ពីរ ​ក្នុង​នោះ​មាន​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈ ​និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ​ក្នុង​គោល​បំណង​ដើម្បី​យក​ធ្វើ​ជា​មូលដ្ឋាន​នៃ​ការ​សិក្សា ​វិភាគ ​និង​រួម​ចំណែក​ដើម្បី​ផ្តល់​ជា​ធាតុ​ចូល។​

លិខិត​របស់​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា៖​ «បច្ចុប្បន្ន​នេះ ​អង្គការ​សង្គមស៊ីវិល​ អ្នក​សិក្សា​ស្រាវជ្រាវ​ និង​មហា​ជន​ទូទៅ​ ជាពិសេស​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​នៅ​កម្ពុជា ​ក៏​បាន​និង​កំពុង​ទន្ទឹង​រង់​ចាំ​មើល ​និង​ចង់​ឈ្វេង​យល់​នូវ​ខ្លឹម​សារ​ពិត​ប្រាកដ​ជាក់​ស្តែង​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​ ដែល​ទើប​តែ​ត្រូវ​បាន​បញ្ចប់​ការ​ពិភាក្សា​លើ​សេចក្តី​ព្រាង​សូន្យ​រវាង​ក្រុម​ការងារ​អន្តរ​អគ្គ​នាយកដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ​កន្លង​ទៅ​ថ្មីៗ​នេះ»។​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​លោក ​សឿង សារឿន ​ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​មាន​អង្គការ​ជាង​៥០០​ ដែល​ជា​សមាជិក​នៃ​អង្គការ​របស់​លោក​ បាន​ស្នើ​សុំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​នេះ ​ដោយ​សារ​ពួកគេ​ចង់​ឲ្យ​ច្បាប់​មួយ​នេះ ​គោរព​ទៅ​តាម​ស្តង់ដារ ​ដែល​ធានា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​ លោក​បន្ត​ថា​ នេះ​ជា​ការ​ស្នើ​សុំ​លើក​ទីពីរ​ហើយ​ ដោយ​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​សុំ​សេចក្តី​ព្រាង​ច្បាប់​នេះ ​ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ជា​ផ្លូវ​ការ​ណា​ពី​ក្រសួង​មហាផ្ទៃ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«អង្គការ​សង្គម​ស៊ីវិល​គាត់​ចង់​ចូលរួម​មើល​ខ្លឹម​សារ​ច្បាប់​ហ្នឹង​បន្ថែម​ទៀត​ដើម្បី​ជួយ​ឲ្យ​ខ្លឹម​សារ​នៃ​សេចក្តី​ព្រាង​ច្បាប់​ហ្នឹង​មាន​សុគត​ភាព​ទៅ​នឹង​រដ្ឋ​ធម្មនុញ្ញ​របស់​ជាតិ​យើង​ ក៏​ដូច​ជា​ច្បាប់​នានា​ដែរ ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​កន្លង​មក​ហ្នឹង»។​

លោក​បន្ត​ថា​ សង្គម​ស៊ីវិល​ចង់​ផ្តល់​ធាតុ​ចូល​សម្រាប់​សេចក្តី​ព្រាង​ច្បាប់​នេះ ​ ហើយ​វា​ជា​ពេល​វេលា​សំខាន់​មួយ ​ដោយសារ​អវត្តមាន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋ​សភា​ក្នុង​ការ​ត្រួត​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ហើយ​ខ្ញុំ​គិត​ថា ​វា​ជា​រដូវ​មួយ​សំខាន់​ណាស់​ដែល​សាធារណជន​យល់​ថា​ ការ​តាក់​តែង​ច្បាប់​បច្ចុប្បន្ន​នេះ ​វា​ជា​សភា​ឯកបក្ស​ ហើយ​បើ​សិន​ជា​មិន​បើក​ឱកាស​ឲ្យ​មាន​ការ​ចូលរួម​ពី​អង្គការ​សង្គមស៊ីវិល​ និង​សាធារណជន​ទេ​អា​តម្លៃ​នៃ​ការ​ដឹក​នាំ​បែប​ឯកបក្ស​ហ្នឹង​ វា​មិន​សូវ​ជា​មាន​ប្រជា​ប្រិយភាព​អី​ទៅ​មុខ​ទៀត​ទេ»។​

លោក​ អ៊ុល វ៉ាន់​ ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (CYN) ​ដែល​ធ្វើ​ការងារ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​សង្គម​ មាន​ប្រសាសន៍​ថា​ លោក​ព្រួយ​បារម្ភ​ ប្រសិន​បើ​មាន​ការ​ចែង​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ និង​ប្រជា​ពលរដ្ឋ​ដែល​ប្រើប្រាស់​សិទ្ធិ​របស់​គាត់​ក្នុង​ការ​ទាមទារ​យុត្តិធម៌​សង្គម​ជា​ដើម។

លោក​មាន​ប្រសាសន៍​ថា៖​ «សម្រាប់​យើង​ក្នុង​នាម​ជា​អ្នក​ធ្វើ​ការងារ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ ​ ​យើង​មាន​ការ​បារម្ភ​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ ​អាច​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ដាក់​បញ្ចូល​នូវ​ចំណុច​ដែល​អាច​រឹត​ត្បិត​ទៅ​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ ​ជាពិសេស​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ​ សិទ្ធិ​សេរីភាព​នៅ​ក្នុង​ការ​ចូលរួម​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​យើង​មើល​ឃើញ​កន្លង​មក​ហ្នឹង»។​

លោក​បន្ថែម​ថា​ បើ​ទោះ​ជា​កម្ពុជា​ មិន​ទាន់​មាន​ច្បាប់​នេះ ​ ​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ក្រម​ព្រហ្មទណ្ឌ​ដាក់​ទោសទណ្ឌ​លើ​ប្រជា​ពលរដ្ឋ​ដែល​ប្រើប្រាស់​អ៊ីនធឺណិត ​ដោយ​មាន​ការ​ព្រមាន​ និង​ចាប់​ដាក់​ពន្ធនាគារ​ជា​ដើម។​

លោក​បញ្ជាក់​ថា៖ ​«ខ្ញុំ​មើល​ឃើញ​ថា​ រដ្ឋាភិបាល​ជាពិសេស​ក្រសួង​មហាផ្ទៃ​ក៏​ដូច​ជា​ក្រសួង​ពាក់​ព័ន្ធ​ដទៃ​ទៀត​ហ្នឹង​ គួរ​តែ​ធ្វើ​ការ​អប់រំ ​ក៏​ដូច​ជា​ណែនាំ​ប្រជា​ពលរដ្ឋ​ដែល​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ហ្នឹង​ឲ្យ​សម​រម្យ ​ ប្រកប​ដោយ​សីលធម៌​ ជាជាង​ការ​ចាត់​នូវ​វិធានការ​ច្បាប់​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ»។​

កាល​ពី​ឆ្នាំ​២០១២​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​នេះ​ ត្រូវ​បាន​បែក​ធ្លាយ​ហើយ​សង្គម​ស៊ីវិល​បាន​យក​មក​ពិភាក្សា ​ដោយ​រក​ឃើញ​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ។​ ប៉ុន្តែ​កាល​នោះ រដ្ឋាភិបាល​មិន​បាន​បញ្ជាក់​ថា​ តើ​ជា​សេចក្តី​ព្រាង​ច្បាប់​ផ្លូវ​ការ ​ឬ​ យ៉ាង​ណា​នោះ​ទេ។ ​ ក្រោយ​មក​ ក្នុង​ឆ្នាំ​២០១៤​ មន្រ្តី​រដ្ឋាភិបាល​អះអាង​ថា​ ការ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ ​ត្រូវ​បាន​ទម្លាក់​ចោល។​

លោក ​ប៊ុន ហុន ​រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ ​ទទួល​បន្ទុក​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ ​ ថ្លែង​ប្រាប់​ VOA​ ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ ​ស្ថិត​ក្នុង​ដំណាក់​កាល​ពិភាក្សា​ក្នុង​ចំណោម​មន្រ្តី​ជំនាញ​របស់​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ​ទេ​ដែល​លោក​ថា​ មិន​ទាន់​ជា​សេចក្តី​ព្រាង​ផ្លូវ​ការ​នៅ​ឡើយ ​ដូច្នេះ​ក្រសួង​មិន​ទាន់​អាច​ចែក​រំលែក​ដល់​អង្គការ​សង្គមស៊ីវិល​បាន​ទេ។ ​លោក​បន្ត​ថា​ មិន​គួរ​មាន​ការ​រិះគន់​ទៅ​លើ​សេចក្តី​ព្រាង​នេះ​ នៅ​ពេល​នេះ​ទេ​ ដោយសារ​វា​គ្រាន់តែជា​សេចក្តី​ព្រាង​ មិន​ទាន់​ផ្លូវ​ការ​នៅ​ឡើយ។​

លោក​មាន​ប្រសាសន៍​ថា៖​ «គាត់​បារម្ភ​អត់​ទាន់​ត្រូវ​ទេ ​ដោយសារ​វា​អត់​ទាន់​ចេញ​ជា​សេចក្តី​ព្រាង​ផ្លូវ​ការ។​ បើ​ចេញ​ជា​សេចក្តី​ព្រាង​ផ្លូវការ​ ចាំ​គាត់​យក​មក​បារម្ភ​ថា​ សុំ​ចូលរួម​មតិ​អី ​អាហ្នឹង​គេ​អាច​នឹង​មាន​រៀបចំ​ជា​សិក្ខា​សាលា​ថ្នាក់​ជាតិ ​ឬ​ ក៏​មាន​ការ​រៀបចំ​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល​អីហ្នឹង។ ​សំខាន់ ​វា​ទាល់​ដល់​ដំណាក់​កាល​ហ្នឹង​ បាន​គាត់​អាច​ដឹង​ថា​ សេចក្តី​ព្រាង​ហ្នឹង​វា​យ៉ាង​ម៉េច»។​

លោក​បន្ត​ថា​ ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​នេះ​ ក៏​មាន​ជំនួយ​បច្ចេក​ទេស​ពី​ក្រសួង​យុត្តិធម៌​របស់​សហ​រដ្ឋ​អាមេរិក ​និង​ការ​ពិគ្រោះ​យោបល់​ពី​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​ផង​ដែរ រួម​មាន ​Google ​និង ​Amazon ជាដើម។​

អ្នក​នាំពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក​ Chad Roedemeier ​មាន​ប្រសាសន៍​ថា​ កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា​ អ្នក​ជំនាញ​មក​ពី​ក្រសួង​យុត្តិធម៌​អាមេរិក​ បាន​ដឹកនាំ​សិក្ខា​សាលា​មួយ​ ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ ​ដោយ​មាន​ការ​ផ្តល់​មតិ​យោបល់​ពី​តំណាងរបស់​ក្រុមហ៊ុន​មួយ​ចំនួន​ ស្តីពី​ការ​អនុវត្ត​ល្អ​បំផុត​ ដើម្បី​ធានា​ថា ​ច្បាប់​នេះ​ការពារ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ​និង​ការពារ​សុចរិត​ភាព​របស់​បណ្តាញ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​កម្ពុជា។​

របាយ​ការណ៍​មួយ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​កក្កដា ​ឲ្យ​ដឹង​ថា​ នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​របាយ​ការណ៍​ជា​ច្រើន​លើក​ឡើង​អំពី​វិធាន​ការ​របស់​រដ្ឋាភិបាល​ធ្វើ​ការ​រាំង​ខ្ទប់​គេហ​ទំព័រ​ការ​ លុប​មាតិកា ​ ការ​ត្រួត​ពិនិត្យ​លើ​ការ​ចង​ក្រង​បណ្តាញ ​ការ​យាយី​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​គណបក្ស​ជំទាស់ ​អ្នក​សារ​ព័ត៌មាន ​និង​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​សកម្មភាព​របស់​ខ្លួន​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ ​របាយ​ការណ៍​នេះ​ បន្ត​ថា​ រដ្ឋាភិបាល​បាន​ប្រើប្រាស់​ច្បាប់​ ដែល​មាន​ខ្លឹម​សារ​ទូលំទូលាយ​ និង​មិន​ច្បាស់​លាស់​ដើម្បី​រឹតត្បិត​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ ​និង​ចង​ក្រង​សមាគម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត៕​

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG