ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​គង់ គាំ ​ថា​ បាតុកម្ម​ទាមទារ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង​ជា​ទម្រង់​បដិវត្តន៍


រូបឯកសារ៖ លោក គង់ គាំ អតីតមន្រ្តី និងជាទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដើរ​ចេញពីសវនាការ​ឆ្លើយបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក គង់ គាំ អតីតមន្រ្តី និងជាទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដើរ​ចេញពីសវនាការ​ឆ្លើយបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

អតីត​ទីប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ លោក ​គង់ គាំ​ ប្រាប់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ពុធនេះ​ថា​ ការ​ទាមទារ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ចុះ​ចេញពី​តំណែង ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​បាតុកម្ម​ដ៏​ចម្រូង​ចម្រាសក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ គឺ​ជា​ទ្រង់​ទ្រាយ​នៃ​ការ​ធ្វើ​បដិវត្តន៍។​

ការ​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​របស់​លោក ​គង់ គាំ​ ធ្វើ​ឡើង​នៅ​ពេល​លោក​បង្ហាញ​ខ្លួនក្នុង​សវនា​ការ​លើក​ទី​៥៩​របស់​លោក​ កឹម សុខា ​ក្រោម​ការ​ឃ្លាំមើល​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​តំណាង​ស្ថានទូត​មួយ​ចំនួន។​

អង្គុយ​នៅ​ក្បែរ​អតីត​មេ​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក​ កឹម សុខា​ លោក​ គង់​ គាំ វ័យ​៨១​ឆ្នាំ​ ក្នុង​នាម​ជា​សាក្សី​ បាន​ឆ្លើយ​តប​សំណួរ​ជា​ច្រើន​របស់​តំណាង​អយ្យការ​ ជុំវិញ​ប្រវត្តិ​នយោបាយ​របស់​លោក​ និង​ការ​ដឹង​ឮ​របស់​លោក​ក្នុង​ព្រឹត្តិ​ការណ៍​បាតុកម្ម​ផ្សេងៗ​ ដែល​បាន​កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣។​

នៅ​ពេល​ត្រូវ​បាន​សួរ​ដោយ​ភាគី​តំណាង​អយ្យការ​លោក ​ឆាយ ហុង​ អំពី​សកម្មភាព​តវ៉ា​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ ដែល​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដូច​យ៉ាង​អ្នកស្រី​ មូរ សុខហួរ​ លោក ​ហូរ វ៉ាន់​ និង​លោក​ អេង​ ឆៃអ៊ាង​នោះ ​លោក​គង់ គាំ​ បាន​លើក​ឡើង​ថា ​ទីមួយ​គោល​បំណង​របស់​ការ​ប្រមូល​ផ្តុំ​ គិត​ថា​ រាប់​សន្លឹក​ឆ្នោត​ ហើយ​ហួស​ទៅ ​គឺ​មាន​ការ​ទាមទារ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ចុះ​ពី​តំណែង។​

តំណាង​អយ្យការ​ លោក​ ឆាយ ហុង​ បាន​បន្ត​សំណួរ​ដោយ​ភ្ជាប់​ទៅ​នឹង​ជន​ជាប់​ចោទ​លោក​ កឹម សុខា​ ថា​ ជន​ជាប់​ចោទ​លើក​ឡើង​ថា​ ការ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជា​ធិបតេយ្យជា​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល ​មិន​មែន​បក្ស​ទេ?​ អយ្យការ​ចង់​ឱ្យ​សាក្សី​ជួយ​បញ្ជាក់​ តើ​ទាមទារ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ដើម្បី​ប្រយោជន៍​បុគ្គល​ ឬ​បក្ស​ទាំង​មូល?​

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជាអ្នកស្រី​ ចក់​ សុភាព​ (ឆ្វេង) បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្រុងភ្នំពេញ​ ក្នុងនាម​ជាសាក្សីក្នុង​ចំណោម​សាក្សីផ្សេង​ទៀត​ ​ក្នុង​សំណុំ​រឿង​មេដឹកនាំ​នយោបាយ​ជំទាស់​លោក​ កឹម សុខា ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៥ ខែតុលា ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/​វីអូអេ)
នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជាអ្នកស្រី​ ចក់​ សុភាព​ (ឆ្វេង) បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្រុងភ្នំពេញ​ ក្នុងនាម​ជាសាក្សីក្នុង​ចំណោម​សាក្សីផ្សេង​ទៀត​ ​ក្នុង​សំណុំ​រឿង​មេដឹកនាំ​នយោបាយ​ជំទាស់​លោក​ កឹម សុខា ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៥ ខែតុលា ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/​វីអូអេ)
អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​លោក​ ឈឹម ផលវរុណ​ អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ បង្ហាញ​ខ្លួននៅសាលាដំបូងរាជធានី​ភ្នំពេញ​ ថ្ងៃទី​៥ ខែតុលា​ ឆ្នាំ​ ២០២២។ ​(ហ៊ុល រស្មី/​វីអូអេ)​
អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​លោក​ ឈឹម ផលវរុណ​ អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ បង្ហាញ​ខ្លួននៅសាលាដំបូងរាជធានី​ភ្នំពេញ​ ថ្ងៃទី​៥ ខែតុលា​ ឆ្នាំ​ ២០២២។ ​(ហ៊ុល រស្មី/​វីអូអេ)​

លោក ​គង់ គាំ​ ប្រាប់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ឱ្យ​ពិចារណា​លើ​សារ​សំឡេង​អំពាវនាវ​របស់​លោក​ ហូរ វ៉ាន់​ ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​អំពី​ការ​ប្រមូល​ផ្តុំ​មនុស្ស​មក​តវ៉ា​ជំនួស​វិញ​ និង​ថា​ លោក ​ហូរ វ៉ាន់​ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​គណបក្ស​សង្គ្រោះ​ជាតិ។ ​

បន្តិច​ក្រោយ​មក​លោក​ ឆាយ ហុង​ បាន​បន្ថែម​សំណួរ​មួយ​ចំនួន​ទៀតទាក់​ទង​នឹង​ព្រឹត្តិ​ការណ៍​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ និង​ការ​ថ្លែង​របស់​លោក​ កឹម សុខា​ នៅ​ប្រទេស​អូស្ត្រាលី​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣។ ​នៅ​ក្នុង​កា​រ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ទាក់​ទង​នឹង​ការ​ថ្លែង​របស់​លោក​ កឹម សុខា​ នៅ​ប្រទេស​អូស្ត្រាលី​នោះ​ លោក​ គង់​ គាំ ​ថា​ លោក​មិន​ដឹងជាមុន​ទេ​ ថា​ លោក ​កឹម សុខា ​មាន​ការថ្លែង​នៅ​ប្រទេស​អូស្ត្រាលី ​ព្រោះ​លោក ​កឹម សុខា ​មិន​ដែល​បង្ហើប​ឱ្យ​ដឹង។ ​ដូច្នេះ​លោក​គ្រាន់​តែ​មាន​ការ​ភ្ញាក់​ផ្អើល​តាម​សំឡេង​វីដេអូ​របស់​លោក​ កឹម សុខា។ ​

តំណាង​អយ្យការ​លោក​ ឆាយ ហុង ​ចោទ​សួរ​ដោយសំដៅ​ដល់​លោក​ កឹម សុខាទៀត​ ថា៖​ «ជន​ជាប់​ចោទ​ថា ​បើ​មិន​ប្រថុយ​ មិន​មានការ​ផ្លាស់ប្តូរ? ​តើ​ជន​ជាប់​ចោទ​មាន​បំណង​អ្វី?»​

លោក​ គង់ គាំ​ ឆ្លើយ​ភ្លាម​ថា៖ ​«ភ្ជាប់​សំឡេង​ វីដេអូ​ ... ​ប្រមូល​ផ្តុំ​កាន់​តែ​យូរ​ ធំ​[ទៅ] និង​ទាម​ទារ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ចុះ​ពី​តំណែង​ ខ្ញុំ​គិត​ថា​ ​នេះ​ជា​ទ្រង់​ទ្រាយ​បដិវត្តន៍​ក្រៅ​សំឡេង​ឆ្នោត»។ ​

ក្រៅ​ពី​ព្រឹត្តិ​ការណ៍​បាតុកម្ម​លោក​ គង់ គាំ​ ក៏​ត្រូវ​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​សួរ​ឱ្យ​បញ្ជាក់​ពី​ទំនាក់​ទំនង​របស់​អង្គ​ការ ​IRI​ (វិទ្យាស្ថានអន្តរ​ជាតិ​សាធារណ​រដ្ឋ​របស់​សហ​រដ្ឋ​អាមេរិក)​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ ​លោក​ គង់ គាំ ​ថា​ អង្គ​ការ​អាមេរិកាំង​ដែល​ជួយ​ជំរុញ​ឱ្យ​មាន​លទ្ធិប្រជា​ធិបតេយ្យ​នៅ​ទូទាំង​ពិភពលោក​នេះ​បានជួយ​ក្នុង​ការ​បណ្តុះ​បណ្តាល​អំពី​ប្រជា​ធិបតេយ្យ​ និង​រៀប​ចំ​រចនា​សម្ព័ន្ធ​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​

អ្នក​នយោបាយ​ជំទាស់​រូប​នេះ​ក៏ត្រូវ​បាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះសួរ​ឱ្យ​បញ្ជាក់​ពី​ការ​ទាក់​ទង​ជាមួយ​នឹង​អង្គការ​អាល្លឺម៉ង់​ពីរ​ទៀត​ក្នុង​នោះ​ គឺអង្គការ​ Konrad​ ដែល​ផ្តល់​តម្លៃ​ដល់​យុត្តិធម៌ ​និង​សេរីភាពពាក់​ព័ន្ធ​នឹង​ការផ្តល់​ទីតាំង​ឱ្យ​មាន​ការ​ជួប​គ្នា​រវាង​លោក ​សម រង្ស៊ី ​និង​លោក​ កឹម​ សុខា ​ក្នុង​ទីក្រុង​ម៉ានីល​ ​ប្រទេស​ហ្វីលីពីន ​កាល​ពី​ឆ្នាំ​២០១២​ ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ។​

យ៉ាង​ណា​ក៏ដោយ​ នៅ​ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ លោក​ កឹម សុខា​ បន្ត​ការ​ពារ​ខ្លួន​នៅ​មុន​ការ​ផ្តល់​សក្ខីកម្ម​របស់​លោក​ គង់ គាំ​ ថា ​លោក​មិន​ចាប់​អារម្មណ៍​នឹង​ការ​ធ្វើ​បដិវត្តន៍​ ហើយ​វិធីសាស្ត្រ​នៃ​ការ​យក​ឈ្នះ​គូ​ប្រជែង​របស់​លោក គឺ​តាម​រយៈ​ការបោះ​ឆ្នោត។​

កន្លង​មក​ លោក ​កឹម​ សុខា ក៏​បាន​ច្រាន​ចោល​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បាតុកម្ម​ហិង្សា​បណ្តាល​ឱ្យ​ស្លាប់មនុស្ស​នៅ​ផ្លូវ​វេងស្រេង ​និង​បាតុកម្ម​ដែល​ក្លាយជា​ហិង្សា​នៅ​ទីតាំង​ផ្សេង​ទៀត​ ក្រៅ​ពី​ទីលាន​ប្រជា​ធិបតេយ្យ។ ​

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក យី សុខ​សាន្ត និយាយ​ជាមួយ​អ្នកកាសែត​នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃ ទី​៥ ខែតុលា​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)​
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក យី សុខ​សាន្ត និយាយ​ជាមួយ​អ្នកកាសែត​នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃ ទី​៥ ខែតុលា​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)​

លោក ​យី សុខសាន្ត ​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ដែល​បាន​តាម​ដាន​សវនាការ ​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ​ថា​ ការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃពុធ​នេះ​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា​ ដោយ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សួរ​ដដែល​អំពី​ការ​ថ្លែង​របស់​លោក​ កឹម សុខា​ នៅ​អូស្ត្រាលី​ ហើយ​មាន​សាក្សី​តែ​ម្នាក់ប៉ុណ្ណោះ​ក្នុង​ចំណោម​៦​នាក់​ត្រូវ​បាន​សាក​សួរ​បំភ្លឺ​បន្ថែម។​

លោក​ថ្លែង​ថា៖ ​«វា​ជា​ការ​ខ្ជះ​ខ្ជាយ​ពេល​វេលា​មួយ​ដែល​អង្គ​សវនាការ​ទាំង​មូល​ គឺ​ថ្ងៃ​នេះ​ គឺ​សួរ​សាក្សី​ ហើយ​បាន​អញ្ជើញ​សាក្សី​ ដែល​មាន​វត្តមាន​៦​នាក់​ ប៉ុន្តែ​បែរ​ជា​សួរ​ទៅ​លើ​ជន​ជាប់​ចោទ​បន្ត​អង្គ​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពេល​វេលា​ នៅពេល​ដែល​សួរ​សាក្សី​ គឺ​បាន​តែ​ម្នាក់​រួច​ក៏​អស់​ពេល»។ ​

លោក​បន្ថែម​ថា៖ ​«ចំណុច​នេះ​ យើង​ តាម​ការ​កត់​សម្គាល់​មាន​ន័យ​ថា​ ការ​សួរ​ដេញ​ដោល​ហាក់​ដូច​ជា​មិន​មាន​ពេល​វេលា​ជាក់​លាក់​សម្រាប់​កំណត់​ថា​ តើ​ម្នាក់​ត្រូវ​សួរ​ប៉ុន្មាន​នាទី​ ដើម្បី​ឱ្យ​បញ្ចប់​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សាក្សី​ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ចំណាយ​ពេល​វេលា​ហើយ​មិន​បាន​ឆ្លើយ​នៅ​ពេល​ដែល​សវនា​ការ​នេះ​បាន​បន្ត​បាទ»។​

នៅ​ក្នុង​សវនាការ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ តុលាការ​បាន​អញ្ជើញ​សាក្សី​ចំនួន​៦​នាក់​ ក្នុងនោះ​គឺ​មាន​លោក​ គង់ គាំ អ្នក​ស្រី ​ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ​ឈឹម ផលវរុណ ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច ​និង​ជា​អតីត​បុគ្គលិក​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស ​និង​អតីត​សកម្ម​ជន​ដីធ្លី​មួយ​រូប​នៅ​តំបន់​បុរីកីឡា។​

អំឡុង​ពេល​នៃ​ការ​សួរ​ដេញ​ដោល​អង្គហេតុ​ពាក់​ព័ន្ធ​នឹង​ចលនា​បដិវត្តន៍​នៅ​ប្រទេសស៊ែប៊ី​ (Serbia) ​និង​ការ​ថ្លែង​របស់​លោក ​កឹម សុខា ​នៅ​ប្រទេស​អូស្ត្រាលី​នោះ​ ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​លោក​ កូយ សៅ​ បាន​ព្រមាន​ឃុំ​ខ្លួន​លោក ​កឹម សុខា​ ជា​បណ្តោះ​អាសន្ន​ នៅ​ពេល​លោក ​កឹម សុខា ​ព្យាយាម​និយាយ​ឌឺដង​ទៅ​កាន់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ទាក់​ទង​នឹង​ការ​ឆ្លើយ​សំណួរ​របស់​ចៅ​ក្រម​ផង​ដែរ។ ​លោក​ កូយ សៅ ​ចាត់​ទុក​ថា ទង្វើ​នេះ​ ជា​ការ​មាក់​ងាយ​មក​លើ​តុលាការ៕

XS
SM
MD
LG