ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ថា​ បណ្តឹង​អំពី​ការ​រំលោភ​បំពាន​ទាក់ទិន​កម្ចី​ខា្នត​តូច​ត្រូវ​បាន​ទទួល​យក​ដោយ​ស្ថាប័ន​ឃ្លាំ​មើល​ហិរញ្ញវត្ថុ ​IFC


រូបឯកសារ៖ ធនាគារ​អេស៊ីលីដា​បាន​ផ្លាស់ប្តូរ​ស្លាកសញ្ញា​ប្រចាំក្រុមហ៊ុន​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ប្រកាស​ថា​ស្លាក​សញ្ញា​របស់​ធនាគារ​នេះ​ស្រដៀង​នឹង​ស្លាកសញ្ញា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុកាល​ពី​ថ្ងៃទី​​១៩ កុម្ភៈ ២០១៧។ (នៅ វណ្ណារិន/វីអូអេ)
រូបឯកសារ៖ ធនាគារ​អេស៊ីលីដា​បាន​ផ្លាស់ប្តូរ​ស្លាកសញ្ញា​ប្រចាំក្រុមហ៊ុន​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ប្រកាស​ថា​ស្លាក​សញ្ញា​របស់​ធនាគារ​នេះ​ស្រដៀង​នឹង​ស្លាកសញ្ញា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុកាល​ពី​ថ្ងៃទី​​១៩ កុម្ភៈ ២០១៧។ (នៅ វណ្ណារិន/វីអូអេ)

អង្គការ​សង្គម​ស៊ីវិល​ចំនួន​ពីរ​ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ការិយាល័យ​ភាព​អនុលោម​ទីប្រឹក្សា​ដោះ​ស្រាយ​វិវាទ​នៃ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ ហៅ​កាត់​ថា​ IFC​ បាន​ទទួល​ពាក្យ​បណ្តឹង ​និង​បន្ត​ដំណើរ​ការ​ការ​ពិនិត្យ​មើល​បណ្តឹង​ចោទ​ប្រកាន់​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​រំលោភ​លើ​បទដ្ឋាន​អនុវត្ត​ស្តង់ដា​របស់សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ។​

បើតាម​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​សមធម៌​កម្ពុជា​ និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ការ​រំលោភ​បំពាន​ជុំវិញ​កម្ចី​ឥណទាន​ខ្នាត​តូច​ ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ និង​ធនាគារ​ចំនួន​ប្រាំមួយ​ ដែល​ផ្តល់​កម្ចី​ឥណទាន​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

ស្ថាប័ន​ហិញ្ញវត្ថុ​ទាំង​នោះ​ រួម​មាន​ ធនាគារ​អេស៊ីលីដា​ ធនាហត្ថា ធនាគារ​ស្ថាបនា​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​អិលអូអិលស៊ី​ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រាសាក់​ ដែល​រួមគ្នា​កាន់​កាប់​ប្រមាណ​៧៥​ភាគ​រយ​ នៃ​កម្ចី​ឥណទាន​ខា្នតតូច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​ទី​៣ ​ខែ​ឧសភា​នេះ។​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក ​អំ សំអាត ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ក្រោយ​ទទួល​បាន​ពាក្យ​បណ្តឹង​នេះ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​នឹង​បន្ត​នីតិវិធី​ដោះស្រាយ​បណ្តឹង​របស់​អតិថិជន​ ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ផ្សេងៗ​ក្នុង​ការ​ខ្ចីបុល​នោះ។ ​លោក​និយាយ​ថា៖​

«យើង​រង់​ចាំ​មើល​ដំណើរការ​នីតិវិធី​ តើ​ដំណើរ​ការ​នីតិវិធី​របស់​ស្ថាប័ន​ឃ្លាំមើល​សាជីវ​កម្ម​អន្តរជាតិ​នេះ​ មាន​វិធានការ​ និង​នីតិវិធី​ក្នុង​ការ​ដោះស្រាយ​ បណ្តឹង​របស់​អតិថិជន​ហ្នឹង​យ៉ាង​ម៉េច។ ​ អ៊ីចឹង​ យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ទាំង​ពីរ​នេះ​ គ្រាន់​តែ​ជា​ការ​ជួយ​ទៅ​លើ​អតិថិជន​ដែល​គាត់​មិន​ដឹង​ថា​ មាន​ការ​ប្តឹង​តាម​នីតិវិធី​ឬ​ក៏​ទៅ​ស្ថាប័ន​ណា​ប៉ុណ្ណោះ»។​

បើ​តាម​លោក ​អំ សំអាត​ សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ (IFC)​ ដែល​ជា​ស្ថាប័ន​ឃ្លាំ​មើល​ដំណើរ​ការ​ផ្តល់​កម្ចី​ទូទាំង​សាកល​លោក​ គឺ​ជា​សមាជិក​មួយ​របស់​ធនាគារ​ពិភពលោក។​ សាវជី​កម្ម​នេះ​ក៏​ជា​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ដល់​ធនាគារ​ និង​គ្រឹះ​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​ពិភពលោក​ ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។​

​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សមធម៌​កម្ពុជា​ និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ឱ្យ​ដឹង​ទៀត​ថា​ ស្ថាប័ន​ទាំង​ប្រាំ​មួយ​ខាង​លើ​ទទួល​បាន​ការ​អនុម័ត​ទឹកប្រាក់​ច្រើន​ជាង​៤០០​លាន​ដុល្លារ​ ពី​មូលនិធិ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ នៅ​រយៈ​ពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ​ រួមមាន​កម្ចី​ឥណទាន​ដោយ​ផ្ទាល់​ កម្ចី​បញ្ចូល​គ្នា​ កម្ចី​ឥណទាន​ និង​ការ​វិនិយោគ​ផ្អែក​លើ​សមភាព​ពី​មូលនិធិ​ដែល​គាំទ្រ​ដោយ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ៕​

XS
SM
MD
LG