ប្រជាពលរដ្ឋខ្មែរជាង១៦៧.០០០នាក់បានកំពុងលក់ដី ដើម្បីសងកម្ចីឥណទានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ នេះបើតាមការសិក្សាស្រាវជ្រាវដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិលធ្វើការក្នុងវិស័យសិទ្ធិមនុស្សចំនួនពីរនៅកម្ពុជា។ អង្គការទាំងនោះអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការជាក់លាក់ដើម្បីបើកផ្លូវឱ្យកូនបំណុលដែលជាជនរងគ្រោះទទួលបានមកវិញនូវបណ្ណកម្មសិទ្ធិដីធ្លីរបស់ពួកគេ។
អង្គការសិទ្ធិមនុស្សទាំងពីរ គឺអង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី១៤ ខែកញ្ញាថា ការសិក្សាមួយដែលគាំទ្រដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) បានផ្តល់ភ័ស្តុតាងបន្ថែមទៀតនៃការរីករាលដាលបញ្ហាជំពាក់បំណុលច្រើនលើសលប់នៅកម្ពុជា ដែលនាំឱ្យមានការលក់ដីដោយបង្ខំជាច្រើនករណី ពោលគឺក្នុងកម្រិតមួយ «ខ្ពស់ខ្លាំង» និង «មិនអាចទទួលយកបាន»។
ការសិក្សានោះបានរកឃើញបញ្ហាមួយចំនួនក្នុងចំណោមបញ្ហាផ្សេងទៀត ដូចជាកម្រិតខ្ពស់ខ្លាំងនៃទំហំកម្ចីគិតជាមធ្យមគឺ៥១៨៣ដុល្លារក្នុងចំណោមគ្រួសារដែលជាប់ជំពាក់បំណុលដែលភាគច្រើននៃអ្នកទាំងនោះ គឺជាគ្រួសារក្រខ្សត់ខ្លាំង ហើយជិតពាក់កណ្តាលនៃគ្រួសារដែលជាប់ជំពាក់បំណុលជួបការលំបាកក្នុងការបង់សង។ លើសពីនេះ«នៅក្នុងករណីជាច្រើន» អ្នកខ្ចីប្រាក់បានរងគ្រោះពីការរំលោភសិទ្ធិមនុស្ស និងមានការបន្ថយការបរិភោគអាហារ «ត្រូវបានប្រើប្រាស់ជាញឹកញាប់» ដើម្បីឆ្លើយតបនឹងបន្ទុកបំណុល ហើយអ្នកចូលរួមក្នុងការពិភាក្សាជាក្រុម បានឱ្យដឹងដែរថា ក្មេងៗត្រូវឈប់រៀនដើម្បីធ្វើការរកប្រាក់សងបំណុល ដែលស្រដៀងទៅនឹងការអះអាងរបស់អាជ្ញាធរមូលដ្ឋានដែរ។
ការសិក្សាដែលធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានសម្រាប់ការអភិវឌ្ឍ និងសន្តិភាព (INEF) មានចំណងជើងថា «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ ការអភិវឌ្ឍ បញ្ហាប្រឈម និងអនុសាសន៍» នេះជាផ្នែកមួយនៃការបន្ថែមទៅលើភ័ស្តុតាងដែលមានស្រាប់អំពីវិបត្តិដែលកំពុងកើតមានជាបន្តបន្ទាប់ ដែលមិនអាចព្រងើយកន្តើយតទៅទៀត។
បើតាមសេចក្តីថ្លែងការណ៍ដដែល អង្គការមួយផ្សេងទៀត គឺអង្គការ FIAN ព្រមទាំងអង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការសមធម៌កម្ពុជា បានអំពាវនាវឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ និងម្ចាស់ជំនួយផ្សេងទៀតនៃវិស័យមីក្រូហិរញ្ញវត្ថុ«គោរពការទទួលខុសត្រូវរបស់ពួកគេ» និង«ចាត់វិធានការជាក់លាក់ និងជាបន្ទាន់ដើម្បីដោះស្រាយស្ថានភាពដែលមិនអាចប្រកែកបាន»។
សេចក្តីថ្លែងការណ៍នេះលើកឡើងក្នុងន័យដើមថា៖ «ជាថ្មីម្តងទៀត អង្គការលីកាដូ អង្គការសមធម៌កម្ពុជា និងអង្គការ FIAN សូមអំពាវនាវឱ្យមានការប្រគល់ប្លង់កម្មសិទ្ធិដីធ្លីរាប់សែនប្លង់ដែលបច្ចុប្បន្នកាន់កាប់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារជូនទៅម្ចាស់កម្មសិទ្ធិជាអ្នកខ្ចីប្រាក់វិញឱ្យបានឆាប់។ ការណ៍នេះនឹងជួយកាត់បន្ថយសម្ពាធរបស់គ្រួសារពួកគាត់ និងកាត់បន្ថយការលក់ដីដោយបង្ខំ»។
ការសិក្សាចុងក្រោយអំពីស្ថានភាពនៃការជំពាក់បំណុលនៅកម្ពុជានេះគឺស្រដៀងគ្នានឹងការសិក្សាមួយក្នុងឆ្នាំ២០១៧ ដែលអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានសម្រាប់ការអភិវឌ្ឍ និងសន្តិភាព (INEF)បានកត់សម្គាល់អំពីភាពជំពាក់បំណុលច្រើនលើសលប់ និងបានសន្និដ្ឋានថា នៅចន្លោះពី២៥ភាគរយ ទៅ៥០ភាគរយនៃប្រជាជន២,៨លានគ្រួសារ ដែលជាប់បំណុលនៅកម្ពុជាគឺ«កំពុងជាប់បំណុលវ័ណ្តក»។
ផ្អែកតាមការរកឃើញទាំងនេះ ការសិក្សារបស់វិទ្យាស្ថានសម្រាប់ការអភិវឌ្ឍ និងសន្តិភាព (INEF)បានដាក់ចេញនូវអនុសាសន៍មួយចំនួន ដូចជាការលុបចោលបំណុលទូទៅសម្រាប់គ្រួសារដែលក្រខ្សត់ខ្លាំង បញ្ចប់កិច្ចសន្យា និងផ្តល់សំណងដល់គ្រួសារដែលត្រូវបានបង្ខំឱ្យលក់ដីដោយកើតចេញពីកំហុស ឬការធ្វេសប្រហែសរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រមទាំងការកម្រិតការប្រើប្រាស់ប្លង់កម្មសិទិ្ធដីធ្លីដាក់ជាទ្រព្យធានាជាដើម។ ការសិក្សានេះក៏បានបង្ហាញផងដែរថា ប្រជាពលរដ្ឋខ្មែររហូតដល់១០០គ្រួសារក្នុងមួយថ្ងៃត្រូវលក់ដីដើម្បីសងបំណុល។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការផ្តល់អនុសាសន៍តាមរយៈការសិក្សាចុងក្រោយគាំទ្រដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) មិនមែនជារឿងថ្មីទេ តែជាការជំរុញបន្តបន្ទាប់មកឱ្យអ្នកផ្តល់ប្រាក់កម្ចីគិតគូរឡើងវិញពីស្ថានភាពហិរញ្ញវត្ថុរបស់កូនបំណុលដែលគួរទទួលបានបណ្ណកម្មសិទ្ធិដីធ្លីត្រឡប់មកវិញចំពោះកម្ចីខ្នាតតូច និងមធ្យម។
លោកបន្ថែមថា៖ «ពីព្រោះនេះជាបញ្ហាប្រឈមក្នុងការបាត់បង់ដីធ្លីរបស់ពលរដ្ឋនៅពេលដែលមិនអាចមានលទ្ធភាពក្នុងការសងត្រឡប់ត្រូវមានការ អាចនឹងមានការដាក់សម្ពាធ ឬក៏បង្ខិតបង្ខំឱ្យលក់ដីហ្នឹងដើម្បីសង បំណុល មិនអនុវត្តទៅតាមស្តង់ដារអន្តរជាតិស្តីអំពីសាជីវកម្មអន្តរជាតិនោះទេ។ ហើយមួយទៀត យើងឃើញថា ការបង្ខំឱ្យលក់ដីក្រៅពីប្រព័ន្ធតុលាការ វាជារឿងមួយដែលខុសច្បាប់ផងដែរ»។
ប៉ុន្តែប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាអ្នកនាំពាក្យ លោក កាំង តុងងី ប្រាប់វីអូអេតាមសារតេឡេក្រាមថា អង្គការទាំងពីរខាងលើ ដែលធ្វើសេចក្តីថ្លែងការណ៍រួមគ្នានោះ មិនបានច្បិចយកចំណុចវិជ្ជមាននៃសកម្មភាពផ្តល់ប្រាក់កម្ចីទេ តែបានបង្ហាញតែចំណុចអាក្រក់ៗប៉ុណ្ណោះ ដែលអាចនាំឱ្យសាធារណជនមានការភាន់ច្រឡំ។
លោកថ្លែងថា៖ «ជារួមយើងចាត់ទុកថា សេចក្តីថ្លែងការណ៍របស់អង្គការទាំង៣នេះ មានភាពលម្អៀងដែលធ្វើឱ្យមានការយល់ច្រឡំទៅកាន់របាយការណ៍ទាំងមូលរបស់រដ្ឋាភិបាលអាល្លឺម៉ង់ដែលគាត់បានរកឃើញហ្នឹង ដោយសារតែសេចក្តីថ្លែងការណ៍របស់អង្គការទាំងបីនេះ គឺមិនបានផ្តល់ជារូបភាពធំទេ។ គាត់ផ្តោតតែផ្នែកអវិជ្ជមាន ហើយយកផ្នែកអវិជ្ជមានហ្នឹងមកបំប៉ោងបន្ថែម ដែលធ្វើឱ្យយើងមើលឃើញការរកឃើញថា របាយការណ៍នោះ វាផ្ទុយពីរូបភាពនៃរបាយការណ៍ដើមរបស់គេហ្នឹង»។
បើតាមលោក កាំង តុងងី របាយការណ៍នោះបានបង្ហាញនូវចំណុចវិជ្ជមានជាច្រើន ដែលវិស័យមីក្រូហិរញ្ញវត្ថុបានជួយដល់ពលរដ្ឋ ដូចជាការបន្ថយនូវអត្រាការប្រាក់ពីមួយឆ្នាំទៅមួយឆ្នាំ បើធៀបនឹងកម្ចីក្រៅផ្លូវការ ហើយរបាយការណ៍ក៏បានរកឃើញពីតម្លាភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាដែលមានការចូលរួមពីអាជ្ញាធរ។ លោកថា បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ប្រាក់កម្ចីដល់អតិថិជនប្រមាណជា២លាននាក់ជាមួយទំហំប្រាក់កម្ចីចំនួន៨ពាន់លានដុលា្លរ។
ទោះជាមានការបកស្រាយបែបនេះពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក្តី អ្នកស្រី ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូត្រូវបានស្រង់សម្តីក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៤ ខែកញ្ញា តាមន័យដើមថា៖ «ពេលនេះ ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ និងម្ចាស់ជំនួយផ្សេងទៀតគួរតែប្រើប្រាស់ប្រាក់ចំណេញដែលបានមកពីប្រជាពលរដ្ឋខ្មែរអ្នកខ្ចីប្រាក់ ដែលជាប់ជំពាក់បំណុលច្រើនលើសលប់អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីផ្តល់ការអនុគ្រោះបំណុល និងផ្តល់សំណងប្រកបដោយប្រសិទ្ធភាពសម្រាប់ជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្ស។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអគ្គនាយិកានៃធនាគារជាតិនៃកម្ពុជា អ្នកស្រី ជា សិរី តាមសារអេឡិចត្រូនិកអ៊ីមែលបាននៅឡើយទេគិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះ៕