ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​ពីរ​ស្នើ​ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​ដីធ្លី​ផ្តើម​ចេញ​ពី​ការ​ខ្ចី​ប្រាក់​ពី​ធនាគារ ​និង​មីក្រូហិរញ្ញ​វត្ថុ


រូបឯកសារ៖ ប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​មុខ​គ្រឹះសា្ថន​មីក្រូហិរញ្ញវត្ថុប្រាសាក់ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ ប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​មុខ​គ្រឹះសា្ថន​មីក្រូហិរញ្ញវត្ថុប្រាសាក់ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​ពីរ​បាន​បន្ត​ទាម​ទារ​ឲ្យ​មាន​ការ​កែ​ទម្រង់វិធី​ទូទាត់​បំណុល​ ដោយ​ម្ចាស់​បំណុល​ត្រូវ​បញ្ឈប់​ការ​រឹបអូស​ដីធ្លី​ពី​អ្នក​ខ្ចី​ប្រាក់​ ​ដើម្បី​លក់​សង​ប្រាក់​ជំពាក់​ដែល​ការ​ធ្វើ​បែប​នេះ​ត្រូវ​បាន​សង្ស័យ​ថា​ កំពុង​បង្ក​ឡើង​ដោយ​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ឯកជន​ធំៗ​ចំនួន​៦​ក្នុង​ប្រទេស​កម្ពុជា។​

ការ​ទាមទារ​ ធ្វើឡើង​តាម​រយៈ​ពាក្យ​បណ្តឹង​មួយ​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ និង​អង្គការ​សមធម៌​កម្ពុជា​ដែល​ត្រូវ​បាន​ដាក់​ទៅកាន់​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដ៏​ចាំបាច់​មួយ​ចំពោះ​ការ​រំលោភ​បំពាន​ជា​ច្រើន​ឆ្នាំ​ទៅ​លើ​ស្ដង់ដារ​អនុវត្តន៍​ របស់​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ ​ពី​សំណាក់​ស្ថាប័ន​ផ្ដល់​កម្ចី​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា។

ពាក្យ​បណ្តឹង​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ និង​អង្គការ​សមធម៌​កម្ពុជា​ដែល​បាន​ដាក់​ទៅ​កាន់​ការិយា​ល័យ​ភាព​អនុលោម​ ទីប្រឹក្សា​ដោះស្រាយ​វិវាទ​ (CAO) ​នៃ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ ហៅ​កាត់​ថា​ IFC ​ កាល​ពី​ខែ​កុម្ភៈ​ បង្ហាញ​ថា​ ​ធនាគារ​អេស៊ីលីដា​ ​ធនាគារ​ហត្ថា ធនាគារ​ស្ថាបនា​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​អម្រឹត​ ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​អិលអូអិលស៊ី​ ​និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រាសាក់​ បាន​រំលោភ​បំពាន​ទៅ​លើ​ «បញ្ជី​លើកលែង» ​របស់​សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ ចំពោះ​ការ​ហាម​ឃាត់​ការ​វិនិយោគ​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង ​ពលកម្ម​កុមារ ​និង​ការ​រំលោភ​សិទ្ធិ​ដីធ្លី​របស់​ជន​ជាតិ​ដើម​ភាគតិច​ដោយ​គ្មាន​ការ​យល់ព្រម ​ក៏​ដូច​ជា​ការ​រំលោភ​បំពាន​ទៅ​លើ​បទដ្ឋាន​អនុវត្តន៍​ស្តង់ដារ​របស់​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​មួយ​ចំនួន​ទៀត។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​អង្គការ​ទាំង​ពីរ​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​អង្គារ។​

សេចក្តី​ថ្លែង​ការណ៍​លើក​ឡើង​ថា​ ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ ដែល​គាំទ្រ​ថវិកា​ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់​ បាន​រក​ឃើញ​ថា​ ​មាន​ការ​លក់​ដី​ដោយ​សារ​ការ​ជំពាក់​បំណុល​កើត​ឡើង​នៅ​រៀង​រាល់​១៦​នាទី​ម្ដង​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​លោក​អំ សំអាត​ ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ពុធថា​ ពាក្យ​បណ្តឹង​ដែល​ដាក់​ជូន​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះ​ស្រាយ​វិវាទ​ (CAO) ​នៃ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ មាន​បំណង​ទាមទារ​ឲ្យ​មាន​ការ​ការពារ​អ្នក​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ទាំង​៦​នោះ​ និង​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​ដី​ធ្លី​របស់​កូន​បំណុល។​

លោក​ថ្លែង​ថា៖«យើង​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅលើ​ការ​រំលោភ​បំពាន​ ដែល​កើត​ចេញ​អំពី​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ និង​ធនាគារ​ទាំង​៦​ហ្នឹង​ដោយ​ឯក​រាជ្យ​ ហើយ​និង​ផ្តល់​សំណង​សមរម្យ​ដល់​ជន​រងគ្រោះ​ដែល​រង​ការ​ខូច​ខាត​ ដោយ​ការ​វិនិយោគ​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ របស់​ពួក​គេ​ហ្នឹង។​ ហើយ​អ្វី​ដែល​សំខាន់​សុំ​ឲ្យ​មាន​ការ​ពង្រឹង​កិច្ច​ការពារ​សម្រាប់​អ្នក​ខ្ចី​ហ្នឹង»។

លោក​បន្ថែម​ថា៖​ «មួយ​ទៀត​ គឺ​គួរ​ពិនិត្យ​ទៅ​លើការ​ផ្តល់​ បណ្ណ​កម្ម​សិទ្ធិ​ត្រឡប់​វិញ​ ទៅ​ដល់​ប្រជា​ពលរដ្ឋ​ទាក់​ទង​នឹង​រឿង​កម្ចី​ខ្នាត​ហ្នឹង​ ដើម្បី​ចៀស​វាង​ការ​បាត់​បង់​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ​ទៅ​ថ្ងៃ​ក្រោយ​ជា​ពិសេស​គឺ​ការ​លក់​ដី​ដោយ​បង្ខំ​ដើម្បី​សង​ទៅ​មីក្រូ​ហិរញ្ញ​វត្ថុ​ និង​ធនាគារ​ហ្នឹង»។​

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ និង​អង្គការ​សមធម៌​កម្ពុជា​កំពុង​ធ្វើ​ជា​តំណាង​ពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នក​ខ្ចី​ប្រាក់​ពី​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ខាងលើ។​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​ លោក​អៀង វុទ្ធី​ លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​ធ្វើ​រួម​គ្នា​ជាមួយ​អង្គការ​លីកាដូ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ នៅ​តែ​កំពុង​ជាប់​ផុង​ក្នុង​វិបត្តិ​បំណុល​ ដូច្នេះ​ហើយ​តម្រូវ​ឲ្យ​មាន​ការ​កែទម្រង់​ពិត​ប្រាកដ​ដើម្បី​បញ្ចប់​ការ​អនុវត្ត​បែប​កេង​ប្រវ័ញ្ច​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ។​

លោក​ប្រាប់​វីអូអេ​បន្ថែម​កាលពី​ថ្ងៃ​ពុធ​ថា បណ្តឹង​ដែល​ដាក់​ទៅ​ការិយាល័យ​ភាព​អនុ​លោម​ ​ទីប្រឹក្សា​ដោះ​ស្រាយ​វិវាទ​ (CAO) ​នៃ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​មាន​បំណង​ជំរុញ​ឲ្យ​មាន​ការ​សើ​រើ​ឡើង​វិញ​នូវ​គោល​នយោបាយ​សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ ទាក់​ទិន​ការ​ផ្តល់​ប្រាក់​កម្ចី​ និង​ការ​ការពារ​សិទ្ធិ​កាន់​កាប់​ដីធ្លី​របស់​កូន​បំណុល​ ហើយ​បណ្តឹង​នោះ​ក៏​ទាម​ទារ​ឲ្យ​មាន​ការ​សង​ជំងឺ​ចិត្ត​ទៅ​អ្នក​ខ្ចី​ប្រាក់​ផង​ដែរ។​

លោក​ថ្លែង​ថា៖​«យើង​ចង់​ឃើញ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ទៅលើ​ការ​អនុវត្ត​គោល​នយោបាយ​ផង ការ​ដោះស្រាយ​ទៅ​លើ​ផល​ប៉ះពាល់​ផ្សេងៗ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ ជាពិសេស​អ្នក​ដែល​បាត់​បង់​ដីធ្លី​ អ្នក​ដែល​រង​នូវ​គេ​ហៅ​ថា​ បញ្ហា​ប្រឈម​កន្លង​មក​ហ្នឹង​ គឺ​ឲ្យ​អាច​ឈាន​ទៅ​ដល់​រក​គេ​ហៅ​ថា​ ដំណោះ​ស្រាយ​ដើម្បី​អាច​ឲ្យ​គាត់​ស្តារ​នូវ​ជីវភាព»។​

មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា​ ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​របស់​កូន​បំណុល​ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​គួរតែ​ត្រូវ​បាន​ប្រគល់​តឡប់​មក​វិញ​ ដើម្បី​ធានា​ថា​ ដីធ្លី​នោះ​មិន​ត្រូវ​បាន​យក​ទៅ​លក់​ សម្រាប់​ទូទាត់​ប្រាក់​កម្ចី​ ហើយ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ ដែល​ជា​សមាជិក​របស់​ធនាគារ​ពិភព​លោក​ ត្រូវ​បង្កើត​ឲ្យ​មាន​យន្តការ​ពិនិត្យ​លើ​កិច្ច​ព្រមព្រៀង​ដែល​បាន​ធ្វើ​ជាមួយ​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​បង្ក​ឡើង​ដោយ​សារ​ការ​រំលោភ​សិទ្ធិ​មនុស្ស។​

បើ​តាម​លោក​អៀង វុទ្ធី​ យន្តការ​ដោះស្រាយ​របស់​បណ្តឹង​ដែល​ដាក់​ទៅ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ មាន​ពីរ​ដំណាក់​កាល​ គឺ​ទីមួយ​ការ​សម្រប​សម្រួល​ ដែល​បាន​បរាជ័យ​រួច​ហើយ​នៅ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​ (CAO)​ ក្រោម​ហេតុផល​ខ្វះការ​សហការ​ចូលរួម​ចរចា​ពី​ភាគី​ពាក់​ព័ន្ធ​ ហើយ​ទីពីរ​ គឺ​យន្តការ​ពិនិត្យ​អនុលោម​ភាព​ ​ឬ​ឯកសារ​ និង​គោល​នយោបាយ​ដែល​ព្រមព្រៀង​គ្នា​ កន្លង​មក​រវាង​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ ​និង​គ្រឹះស្ថាន​ហិញ្ញ​វត្ថុ​នៅ​កម្ពុជា។ ​យន្តការ​ពិនិត្យ​អនុ​លោម​ភាព​នេះ​កំពុង​ចាប់​ផ្តើម​ដំណើរ​ការ។​

គួរ​បញ្ជាក់​ថា​ គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ទាំង​៦​ខាង​លើ​ បាន​ទទួល​មូលនិធិ​ពី​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ (IFC)​ ដែល​បាន​កំណត់​បទដ្ឋាន​អនុវត្តន៍​ស្តង់ដារ​សម្រាប់​ការ​ផ្តល់​មូលនិធិ​របស់​ខ្លួន​ ក្នុង​នោះ​គឺ​ការ​វាយ​តម្លៃ​ និង​ការ​គ្រប់គ្រង​ផល​ប៉ះពាល់​និង​ហានិភ័យ​លើ​បរិស្ថាន​សង្គម​ លក្ខខណ្ឌ​ការងារ​ និង​ពលកម្ម​ លទ្ធកម្ម​ដីធ្លី​ ឬ​ការ​ទទួល​បាន​ដី​ និង​បទដ្ឋាន​អនុវត្តន៍​ចំពោះ​ជនជាតិ​ដើម​ភាគ​តិច។​

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ លោក​អ៊ិន ចាន់នី ​ថ្លែង​ថា​សេចក្តី​ថ្លែង​ការណ៍​របស់​ អង្គការ​សង្គមស៊ីវិល​ ដែល​បង្ហាញ​ពី ​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​រឹបអូស​ និង​លក់​ដូរ​ដីធ្លី​របស់​ពលរដ្ឋ​ ដែល​ផ្តើម​ចេញ​ពី​ការ​ផ្តល់​ប្រាក់​កម្ចី​នោះ ​គឺ​ជា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន។​

លោក​ប្រាប់​វីអូអេ​កាលពី​ថ្ងៃ​ពុធ​ថា៖​ «ខ្ញុំ​សូម​បញ្ជាក់​ថា​ សេចក្តី​ថ្លែង​ការណ៍​ហ្នឹង​គ្មាន​មូលដ្ឋាន​ទេ។ ​ហើយ​យើង​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ។ ​ហើយ​សូម​បញ្ជាក់​ថា​ ធនាគារ​អេស៊ីលីដា​គឺ​ជា​ក្រុមហ៊ុន​បោះផ្សាយ​មូលបត្រ​កម្ម​សិទ្ធិ​នៅ​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​ ដែល​ជា​ធនាគារ​មួយ​មាន​តម្លាភាព​ ជា​ទី​បំផុត​ទៅ​តាម​ច្បាប់​របស់​ជាតិ​យើង​ស្តី​អំពី​ការ​បោះផ្សាយ»។​

លោក​បន្ថែម​ថា៖​ «អ៊ីចឹង​ការ​យក​មូលនិធិ​ពី​បរទេស​មក​ប្រើប្រាស់​ សម្រាប់​ជា​កម្ចី​ទៅ​ឲ្យ​សហ​គ្រាស​គ្រប់​ខ្នាត​ហ្នឹង​ គឺ​យើង​មាន​គោល​ច្បាប់​ គោល​នយោបាយ​របស់​យើង​ស្រប​ទៅ​តាម​ច្បាប់​ជាតិ​ ហើយ​មាន​គោល​នយោបាយ​របស់​យើង​ដែល​យក​ចិត្ត​ទុក​ដាក់​ជាពិសេស​ទៅ​លើ​ ការ​គោរព​កិច្ច​សន្យា​នានា​ជា​មួយ​នឹង​អ្នក​ផ្តល់​ហិរញ្ញ​ប្បទាន​ដល់​យើង​ដើម្បី​យើង​យក​ទៅ​ប្រើ​ជា​ទូ ទៅ​ដល់​សហគ្រាស​គ្រប់​ខ្នាត​ហ្នឹង​ គឺ​បាន​ចែង​ច្បាស់​ណាស់​ ហើយ​គ្មាន​អ្វី​ទៅ​ធ្វើ​ឥណទាន​ ឬ​ក៏​ផ្តល់​ឥណទាន​ដល់​សហគ្រាស​ដែល​ប្រើ​ពលកម្ម​កុមារ​ ឬ​ក៏​រំលោភ​ សិទ្ធិ​ដីធ្លី​ គឺ​វា​មិន​មែន​ជា​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ»។ ​

ចំណែក​ ប្រធាន​នាយក​ដ្ឋាន​ទំនាក់​ទំនង​នៃ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​និង​ជា​អ្នក​នាំពាក្យ​លោក​ កាំង តុងងី ​យល់​ថា​ សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លីកាដូ ​និង​អង្គការ​សមធម៌​កម្ពុជា​ ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​ប្រាក់​កម្ចី ​និង​ការ​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ​នោះ​ ជា​រឿង​ច្រំ​ដែល​ និង​មិន​ស្របតាម​ស្ថានភាព​ពិត​ទេ​ ព្រោះ​អង្គការ​ទាំង​ពីរ​នេះ​បាន​ប្រើប្រាស់​របាយ​ការណ៍​ ដែល​បាន​មក​ពី​ការ​ស្រាវជ្រាវ​មួយ​ខ្វះការ​ពិគ្រោះ​យោបល់​ពី​ភាគី​ពាក់​ព័ន្ធ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ។​

លោក​ថ្លែង​ថា៖​ «អ្វីដែល​យើង​កត់​សម្គាល់​ គឺ​របាយ​ការណ៍​ហ្នឹង​គឺ​ជា​របាយ​ការណ៍​ដែល​គាត់​រក​តែ​ខ្លួន​គាត់​ ក្រុម​គាត់​តែ​ប៉ុន្មាន​នាក់​ហ្នឹង​ទេ​ ដោយសារ​កន្លង​មក​យើង​ធ្លាប់​ទាក់​ទង​ទៅ​គាត់​ដែរ​ ដើម្បី​ស្វែង​យល់​បន្ថែម​ ប៉ុន្តែ​ហាក់​ដូច​ជា​មិន​មាន​ការ​ទទួល​ស្វាគមន៍​នៅ​ក្នុង​ការ​ចូលរួម​ការ​សិក្សា​ស្រាវជ្រាវ​ហ្នឹង​ទេ»។​

យ៉ាង​ណាក៏​ដោយ​ លោក​កាំង តុងងី​និយាយ​ថា​ សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ទទួល​ស្វាគមន៍​ចំពោះ​ការ​ស្រាវជ្រាវ​របស់​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ (IFC)​ ដើម្បី​បាន​ជា​ទុន​នៅ​ក្នុង​ការ​ចាត់​វិធានការ​ជាក់​លាក់​ទៅលើ​សមាជិក​សមាគម​ណា​មួយ​ដែល​ពិត​ជា​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​ប្រកាន់​របស់​អង្គការ​លីកាដូ​ និង​អង្គការ​សមធម៌​កម្ពុជា។​

លោក​លើក​ឡើង​ថា៖​ «យើង​ទទួល​ស្វាគមន៍​ទៅ​លើ​ការ​ស្រាវ​ជ្រាវ​របស់ ​IFC​ ហើយ​ប្រសិន​បើ​ពិត​ជា​រក​ឃើញ​ថា​ មាន​សមាជិក​ណាមួយ​របស់​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រព្រឹត្ត​ខុស​ ដូច​ការ​ចោទ​ប្រកាន់​របស់​អង្គការ​លីកាដូ​ ឬ​ក៏​អង្គការ​សមធម៌​មែន​ សមាគម​នឹង​ចាត់​វិធាន​ការ​ទៅ​តាម​ច្បាប់​ជាមួយ​នឹង​សមាជិក​ទាំង​អស់​នោះ។ ​តែ​យ៉ាង​ណា​ ដូច​ជា​ខ្ញុំ​លើក​ឡើង​ អ្វី​ដែល​សមាគម​បាន​ចុះ​ទៅ​រក​ ពិនិត្យ​ផ្ទាល់ហ្នឹង​គឺ​យើង​មិន​ឃើញ​ក្នុង​ទម្រង់​ធ្ងន់​ធ្ងរ​ដូច​ការ​ចោទ​ប្រកាន់​ហ្នឹង​ទេ​ គឺ​ក្នុង​កម្រិត​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ហើយ​យើង​តម្រូវ​ឲ្យ​សមាជិក​របស់​យើង​ហ្នឹង​ចាត់​វិធាន​ការ​ដោះស្រាយ​លើ​បញ្ហា​ហ្នឹង​ហើយ»។​

ដោយ​ឡែក​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៨ ​ដែល​ក្នុង​នោះ​មាន​អង្គការ​លីកាដូ ​និង​អង្គការ​សមធម៌​កម្ពុជា​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​សម្រេច​របស់​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី​ (AIIB) ​ដែល​ផ្តល់​ឥណទាន​ចំនួន​១៧៥​លាន​ដុល្លារ​ ដល់​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ចំនួន​ពីរ​ គឺ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រាសាក់​ និង​ធនាគារ​អេស៊ីលីដា។ ​ សេចក្តី​ថ្លែង​ការណ៍​លើក​ឡើង​ថា ការ​ផ្តល់​កម្ចី​របស់​ធនាគារ​ AIIB​ នេះ​នាំឲ្យ​មាន​ហានិភ័យ​កាន់​តែ​អាក្រក់​ឡើង​ដល់​វិបត្តិ​សិទ្ធិ​មនុស្ស​ ដែល​កើតចេញ​ពី​ការ​ផ្តល់​ប្រាក់​កម្ចី​ ជាមួយ​នឹង​ការ​តម្រូវ​ឲ្យ​ដាក់​តម្កល់​បណ្ណកម្ម​សិទ្ធិ​ដីធ្លី។​

សេចក្តី​ថ្លែង​ការណ៍​លើក​ឡើង​ថា៖ «ជាទូទៅ​ ស្ថាប័ន​ផ្តល់​កម្ចី​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា​ ទាមទារ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ ដើម្បី​ដាក់​ជា​ទ្រព្យ​ធានា​ដែល​ជា​ការ​អនុវត្ត​មួយ​ត្រូវ​បាន​រិះ​គន់​ថា​ ជា​ គម្រោង​ដែល​គ្មាន​ក្រម​សីលធម៌​ និង​បង្កើត​ឲ្យ​មាន​ការ​បាត់​បង់​ជម្រក​ជាច្រើន»។​

សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា ជា​រឿង​គួរ​ឲ្យ​សោក​ស្តាយ​ដែល​ធនាគារ​ AIIB ​បាន​សម្រេច​ចិត្ត​ចាប់​ផ្តើម​វិនិយោគ​នៅ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ ក្នុង​ពេល​ដែល​រឿង​នេះ​វា​ជា​បញ្ហា​ក្តៅ​គគុក​ ក្រោយ​ពីមាន​របាយ​ការណ៍​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​មួយ​ចំនួន​របស់​អង្គការ​សង្គម​ស៊ីវិល​ អ្នក​សារ​ព័ត៌មាន​ និង​ការ​សិក្សា​ដែល​ផ្តល់​ជំនួយ​ដោយ​វិនិយោគិន​ បាន​រក​ឃើញ​បញ្ហា​ជា​ច្រើន​នៃ​ការ​រឹប​អូស​ដីធ្លី​ ការ​បាត់​បង់​ជីវភាព​រស់​នៅ​សមរម្យ​ ផល​ប៉ះពាល់​លើ​បញ្ហា​សុខភាព​ ការបាត់​បង់​ដីធ្លី​ របស់​ជនជាតិ​ដើម​ភាគតិច​ អសុវត្ថិ​ភាព​ស្បៀង​អាហារ​ និង​ពលកម្ម​កុមារ​ជាដើម។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​ភាគី​ធនាគារ​ AIIB​ ដែល​មាន​ទីស្នាក់​កណ្តាល​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ តាម​ប្រព័ន្ធ​ទូរសព្ទ​បាន​នៅ​ឡើយ​ទេ​ គិតត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ៕​

លោក​ លាស់ លីបលីប ​រួម​ចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ។

XS
SM
MD
LG