ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​ប្តឹង​ក្រុមហ៊ុន Oikocredit ដែល​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា


រូបឯកសារ៖ ប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​មុខ​គ្រឹះសា្ថន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ នៅ​រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ គ្រឹះសា្ថន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ស្ថិត ក្នុងចំណោមស្ថាប័ន​មីក្រូហិរញ្ញវត្ថុចំនួន​បី​ដែល​ទទួលបាន​ប្រាក់ពី​ក្រុមហ៊ុន​អយកូក្រេឌីត។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ ប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​មុខ​គ្រឹះសា្ថន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ នៅ​រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ គ្រឹះសា្ថន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ស្ថិត ក្នុងចំណោមស្ថាប័ន​មីក្រូហិរញ្ញវត្ថុចំនួន​បី​ដែល​ទទួលបាន​ប្រាក់ពី​ក្រុមហ៊ុន​អយកូក្រេឌីត។ (លាស់ លីបលីប/វីអូអេ)

អង្គការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ចូលរួមដាក់ពាក្យបណ្ដឹងប្រឆាំង​នឹង​ក្រុមហ៊ុន​អយកូក្រេឌីត (Oikocredit) ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ​ដែល​ពួកគេ​ថា នាំឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​បី​ស្ថាប័ន​ដែល​បាន​ចេញ​ផ្សាយ​នៅ​ចន្ទ​នេះ។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​បី​ដែល​បាន​ដាក់ពាក្យ​បណ្ដឹង​នេះ ក្នុង​នោះ​រួមមាន អង្គការ​សិទ្ធិ​មនុស្ស​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​អង្គការ​លីកាដូ និង​អង្គការ​សមធម៌កម្ពុជា ក៏ដូចជា​អង្គការ​ FIAN អាល្លឺម៉ង់។ ពួកគេ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ស្ថាប័ន​ទទួល​ពាក្យ​បណ្ដឹង​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល​ប្រទេស​ហូឡង់ សម្រាប់​ការ​ទទួល​ខុស​ត្រូវ​សកម្មភាព​អាជីវកម្ម ដោយ​ចោទ​ប្រកាន់​ក្រុមហ៊ុន​អយកូក្រេឌីត ដែល​ជា​វិនិយោគិន​សង្គម​ជា​សកល​ថា​បាន​បរាជ័យ​ក្នុងការ​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ធ្វើការវិនិយោគ​ ដែល​ផ្ដល់​ផល​ប៉ះពាល់​អវិជ្ជមាន​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុនៅ​កម្ពុជា ចាប់តាំង​ពី​ឆ្នាំ ២០១៧ បើទោះជា​មាន​ភស្តុតាង​យ៉ាង​ច្បាស់លាស់​អំពី​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ទាំង​នោះ​ក៏​ដោយ។

ក្រុម​អង្គការ​បញ្ជាក់​ថា ក្រុមហ៊ុន​អយកូក្រេឌីត​បាន​វិនិយោគ​យ៉ាង​ធំ និង​បង្កើន​ការ​វិនិយោគ​ទៅលើ​ស្ថាប័ន​មីក្រូហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ចាប់​តាំងពី​ឆ្នាំ ២០១៧ រហូត​មកដល់​ឆ្នាំ ២០២២ នេះ នៅ​ពេល​ដែល​មាន​ភស្តុតាង​ជា​ច្រើន ដែល​បង្ហាញ​ពី​ការ​ជាប់​ពាក់ព័ន្ធ​បំណុល​ច្រើន​លើសលុប និង​ផល​ប៉ះពាល់​អវិជ្ជមាន​ផ្នែក​សង្គម តាម​ការ​ចេញ​ផ្សាយ​របាយការណ៍​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក អ្នក​សារព័ត៌មាន អង្គការ​មិន​មែន​រដ្ឋាភិបាល​អន្តរជាតិ​នានា និង​រួមទាំង​ក្រុមហ៊ុន​អយកូក្រេឌីត​ខ្លួនឯង​ផ្ទាល់។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍។

អង្គការ​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា បើ​ទោះ​ជា​ភស្តុតាង​ជាច្រើន​ក្តី ក៏​ក្រុមហ៊ុន​អយកូក្រេឌីត​នៅតែ​បង្កើន​ការ​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ដោយ​កើន​ឡើង​ពី ៥០ លាន​អឺរ៉ូ នៅ​ឆ្នាំ ២០១៧ ទៅ​ដល់​ជាង ៦៧ លានអឺរ៉ូ គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ ២០២២ នេះ ដែល​ការ​វិនិយោគ​នេះ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស ដែល​ទទួល​បាន​ការ​វិនិយោគ​ធំ​ទី ២ របស់​ក្រុមហ៊ុនអយកូក្រេឌីត ។

អង្គការ​បន្ថែម​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​អយកូក្រេឌីត​បាន​ចូលរួម​ចំណែក​ក្នុង​ការបង្កើត​ឱ្យមាន​វិបត្តិ​សិទ្ធិ​មនុស្ស​ដោយសារ​បញ្ហា​បំណុល​នៅ​កម្ពុជា។ វិបត្តិ​នេះ​បង្ក​ឱ្យ​មាន​ការ​លក់ដី​ដោយ​បង្ខំ អសន្តិសុខ​ស្បៀង និង​ការ​បាត់បង់​ជីវភាព​រស់នៅ​សមរម្យ​របស់​ប្រជាពលរដ្ឋ ដែល​ជំពាក់​បំណុល​រាប់សែននាក់។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី ប្រាប់​វីអូអេ​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ចំនួនបី ដែល​ទទួល​បាន​ប្រាក់​ពី​ក្រុមហ៊ុន​អយកូក្រេឌីត រួម​មាន​ ប្រាសាក់ អិលអូអិលស៊ី​ និង​អម្រឹត។

លោក​បញ្ជាក់​ថា៖ «មូលហេតុ​ដែល​យើង​ដាក់​ពាក្យ​ទៅ​ខាង​យន្តការ OECD នៅ​ប្រទេស​ហូឡង់ គឺ​ដោយសារ​តែ​យើង​យល់ឃើញ​ថា ខាង​ធនាគារ​អយកូក្រេឌីត ​របស់​ខាង​ហូឡង់ គឺ​មិនបាន​ធ្វើការ​ត្រួត​ពិនិត្យ​ឲ្យ​ជាក់លាក់​ទៅ​នឹង​គោល​នយោបាយ​របស់​ខ្លួន ហើយ​មាន​ការ​វិនិយោគ​ថ្មីៗ​នេះ​ថែមទៀត​មក​ខាង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នៅ​ស្រុក​ខ្មែរ​ហ្នឹង»។

នៅ​ក្នុង​ការ​ឆ្លើយតប​តាម​សារ​អ៊ីមែល​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រុមហ៊ុន​អយកូក្រេឌីត​បាន​លើកឡើង​ថា ពួកគេ​បាន​ដឹង​អំពី​បណ្ដឹង​នេះ ហើយ​នឹង​សហការ​យ៉ាង​ពេញ​ទំហឹង​ជាមួយ​ស្ថាប័ន​ទទួល​ពាក្យ​បណ្ដឹង​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល​ប្រទេស​ហូឡង់ សម្រាប់​ការ​ទទួល​ខុស​ត្រូវនូវ​សកម្មភាព​អាជីវកម្ម ហើយ​ផ្ដល់​ព័ត៌មាន​ចាំបាច់​ទាំងអស់។

ក្រុមហ៊ុន​បន្ថែមថា គោលបំណង​របស់​ក្រុមហ៊ុន​គឺ​ដើម្បី​ធ្វើ​ប្រសើរ​ដល់​គុណភាព​ជីវិត​របស់​ប្រជា​ពលរដ្ឋ ដែល​មាន​ចំណូល​ទាប​ប្រកប​ដោយ​ចីរភាព។ ក្រុមហ៊ុន​នឹង​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អាកប្បកិរិយា ដែល​គ្មាន​សីលធម៌​ធ្ងន់ធ្ងរ​របស់​ដៃគូ​របស់​ក្រុមហ៊ុន។ ក្រុមហ៊ុន​បាន​ស៊ើប​អង្កេត ហើយនឹង​ស៊ើបអង្កេត​រាល់​ការ​ចោទ​ណា​មួយ​ទៅ​លើ​ការ​អនុវត្ត ដែល​មិន​មាន​ក្រម​សីលធម៌​នានា។

លោក កាំង តុងងី អ្នក​នាំ​ពាក្យ​របស់​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា (CMA) ប្រាប់​វីអូអេថា ក្រុម​សិទ្ធិមនុស្ស​បាន​ប្រើប្រាស់​បញ្ហា​តិចតួច​ដែល​កើត​ឡើង មក​វាយប្រហារ ឬ​វាយតម្លៃ​វិស័យ​មីក្រូហិរញ្ញ​ទាំងមូល ដែល​លោក​ថា វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​មួយ​នេះ។

លោក​បន្ថែម​ថា យន្តការ​ការពារ​អតិថិជន គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​ការ​ប្រកប​អាជីវកម្ម​នៅក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​នៅ​ប្រទេស​កម្ពុជា។

លោក​ថ្លែង​ថា៖ «ហើយ​យើង​ទទួល​ស្គាល់​ថា វិស័យ​នេះ​វា​មិន​មាន​ភាព​ឥត​ខ្ចោះ​ទេ តែ យ៉ាងណា គឺ​យើង​តែងតែ​ធ្វើ​កិច្ចការ​ជា​ច្រើន ដើម្បី​ធានា​បាន​ថា អតិថិជន​របស់​យើង​ត្រូវ​បាន​ការពារ​ដោយ​យន្តការ​តើ​ការ​អនុវត្ត​ពាណិជ្ជកម្ម​របស់​សមាជិក ឬក៏គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​មួយ​ចំនួន ជា​សមាជិក​របស់​សមាគម​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា»។

បើ​តាមលោក​ កាំង តុងងី មួយ​រយៈពេលចុង​ក្រោយ​នេះ សមាគម​បាន​ដាក់​ចេញ​នូវ ​វិធានការ​សំខាន់ៗ ដើម្បី​ធានា​ថា វិស័យ​នេះ​ប្រកប​អាជីវកម្ម​ដោយ​ការ​ទទួល​ខុស​ ត្រូវ មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​ការពារ​អតិថិជន និង​ធានា​ថា វិស័យនេះ​មាន​និរន្តរភាព។

បើតាម​អង្គការ​សិទ្ធិ​មនុស្ស កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​បំណុល​មីក្រូហិរញ្ញវត្ថុ ក្នុង​មនុស្ស​ម្នាក់​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភព​លោក ដោយ​ទំហំ​បំណុល​ជា​មធ្យម គឺ​ច្រើន​ជាង​បីដង​នៃ​ចំណូល​របស់​ពលរដ្ឋ​កម្ពុជា៕

XS
SM
MD
LG