រដ្ឋសភាដែលមានតំណាងរាស្ត្រទាំងអស់មកពីគណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ បានសម្រេចអនុម័តលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ឥស្សរជននយោបាយដែលធ្វើជាប្រធានស្ថាប័នកំពូលៗចំនួន៤របស់ជាតិ។
សេចក្តីព្រាងនេះ កំណត់ឥស្សរជននយោបាយ ដែលកាន់តំណែងជាប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែមាន «សញ្ជាតិខ្មែរតែមួយគត់»។
រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដោយសំឡេង១១១លើ១១១។ សេចក្តីព្រាងវិសោធនកម្មនេះ សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា។
សេចក្តីព្រាងដែលត្រូវបានអនុម័តនេះ នឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងឲ្យយោបល់តាមនីតិវិធីនៃការរៀបចំច្បាប់ មុនពេលទូលថ្វាយព្រះមហាក្សត្រ ឡាយព្រះហត្ថលេខា ដើម្បីប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បាននៅឡើយទេ។
លោក ហ៊ុន ម៉ានី ជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាសមាជិកសភាមណ្ឌលកំពង់ស្ពឺ បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃចន្ទថា វិសោធនកម្មនេះ គឺសម្រាប់«ផលប្រយោជន៍ជាតិ និងសន្ដិសុខជាតិ» ដែលមិនឲ្យបរទេសណាមួយជះឥទ្ធិពលលើការសម្រេចចិត្តរបស់កម្ពុជា។
លោកសរសេរថា៖ «ការចែងក្នុងច្បាប់កំពូលរបស់ប្រទេសយើងឲ្យបានច្បាស់ ដោយតម្រូវឲ្យតួនាទីកំពូលទាំង៤ ដែលជាតួនាទីមានសិទ្ធិសម្រេចជោគវាសនា និងមាគ៌ាប្រទេសជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ គឺមានគោលដៅតែមួយគត់ គឺការដាក់ចិត្ត និងតាំងចិត្តបម្រើប្រទេស និងប្រជាជនខ្មែរដោយឥតលក្ខខណ្ឌ ក្នុងនោះមិនឲ្យបរទេសមួយណាយកគំនិត ឬផលប្រយោជន៍នយោបាយរបស់ប្រទេសផ្សេងមកជះឥទ្ធិពលទៅលើសិទ្ធិសម្រេចក្នុងតួនាទីទាំង៤»។
លោកក៏បានចោទសួរផងដែរថា៖ «ហេតុអ្វីទៅជាមានការមិនគាំទ្រ ហើយមានប្រតិកម្ម និងការអធិប្បាយផ្សេងៗជាបន្តបន្ទាប់ ហាក់បីដូចជាចង់ការពាររឿងអនុញ្ញាតឲ្យតួនាទីទាំង៤ មានសញ្ជាតិលើសពីមួយ ដែលអាចឲ្យបរទេសជះឥទ្ធិពលមនោគមន៍វិជ្ជារបស់គេ មកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ តើពាក្យថា បម្រើប្រទេសជាតិ ដោយឥតលក្ខខណ្ឌនិយាយបាន តែធ្វើមិនបាន ឬយ៉ាងណា? តើមិនអាចលះបង់សញ្ជាតិផ្សេង ដើម្បីបម្រើប្រជាជនខ្លួនឯងដោយឥតលក្ខខណ្ឌ ឬយ៉ាងណា»?
ចំណែកអតីតតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន ដែលមានសញ្ជាតិអាមេរិកផងដែរ បានប្រាប់វីអូអេនៅថ្ងៃចន្ទថា ការអនុម័តច្បាប់កំណត់ថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយនេះ គឺមិនអាចយកជាផ្លូវការបាននោះទេ ដោយសារតែវាជាការសម្រេចចិត្ត ដោយឯកបក្ស។ លោកបន្តថា ការអនុម័តច្បាប់នេះ គឺដើម្បីគ្រាន់តែជាផលប្រយោជន៏ផ្ទាល់ខ្លួន និងគំនុំផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយលោក សម រង្ស៊ី តែប៉ុណ្ណោះ ហើយវាមិនមែនជាប្រយោជន៍របស់ប្រជាជននោះទេ។
លោកបន្ថែមថា ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមតែ២អាណត្តិ គឺជារឿងសំខាន់ជាង។
លោក អ៊ុំ សំអាន អះអាងថា លោកនឹងបោះបង់សញ្ជាតិអាមេរិក ប្រសិនបើគណបក្សរបស់លោកឈ្នះការបោះឆ្នោត និងអាចកាន់តំណែងធំៗណាមួយក្នុងជួររដ្ឋាភិបាល។
លោកថ្លែងថា៖ «ដើម្បីកុំឲ្យចម្រូងចម្រាស អាចមានការច្របូកច្របល់ អាចមានបញ្ចេញទ័ព ការគំរាមកំហែងពីគណបក្សកាន់អំណាច[របស់]លោក ហ៊ុន សែន បែបហ្នឹងយើងលាលែងសញ្ជាតិទី២ [សញ្ជាតិអាមេរិក]សិនទៅ [ក្នុងការ]យើងអាចទៅកាន់តំណែងទៅ។ ដល់ពេលយើងកាន់តំណែងហើយ ចាំយើងឲ្យសភាពិនិត្យមើលច្បាប់ទាំងឡាយ ដែលសភាឯកបក្ស ឬសភាខុសច្បាប់ហ្នឹង អនុម័តកន្លងមកនេះ ថាត្រូវទុកជាមោឃៈ ឬយ៉ាងណា»។
អ្នកវិភាគនយោបាយ លោក សេង សារី បានប្រាប់វីអូអេនៅថ្ងៃចន្ទថា ច្បាប់សញ្ជាតិខ្មែរតែមួយនេះ មិនអាក្រក់ទេ ប៉ុន្តែវាគ្រាន់តែកើតនៅក្នុងដំណាក់កាលមួយ ដែលមានការប្រទាំងប្រទើសខាងផ្នែកនយោបាយ ធ្វើឲ្យមានការយល់ឃើញពីរផ្សេងគ្នាទៅលើច្បាប់នេះតែប៉ុណ្ណោះ។ លោកបន្តថា ច្បាប់នេះអាចនឹងមានផលប្រយោជន៍រយៈពេលវែង សម្រាប់អ្នកនយោបាយ ក្នុងការបញ្ជាក់ភក្តីភាពចំពោះជាតិ។
លោកបញ្ជាក់ថា៖ «ក៏ប៉ុន្តែរយៈពេលវែង ខ្ញុំគិតថាច្បាប់ហ្នឹង នឹងមានផលប្រយោជន៍។ ផលប្រយោជន៍ដែលជាប្រយោលនោះ គឺតាំងពីការកសាងឲ្យមានជាតិនិយម ការបង្ហាញអំពីភក្តីភាពរបស់អ្នកនយោបាយចំពោះជាតិ។ ដូចខ្ញុំលើកដដែលៗថា ការផ្តល់នូវចម្លើយ ឬការពន្យល់បែបនេះ មិនមានន័យថា អ្នកដែលមានសញ្ជាតិ២ហ្នឹង មិនស្នេហាជាតិ អ្នកដែលមានសញ្ជាតិមួយហ្នឹង ស្នេហាជាតិជាងទេ»។
លោកបន្តថា៖ «អ្វីដែលយើងចង់ផ្តោតសំខាន់ យើងចង់ឲ្យមនុស្សជំនាន់ក្រោយហ្នឹង ប្រសិនបើខ្លួនចង់ធ្វើជាអ្នកនយោបាយដែលមានភាពភក្តីចំពោះជាតិ ពិតប្រាកដហ្នឹង គឺមិនគួរមានសញ្ជាតិ២ទេ ពីព្រោះស្ថានភាពបច្ចុប្បន្ននេះ[បន្ត]ទៅ វាជាស្ថានភាពមួយ ដែលមិនមែនយើងរត់ទៅរកសញ្ជាតិផ្សេង ដោយសារសង្គ្រាមអ្វីនោះទេ»។
គួរបញ្ជាក់ថា ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងការកំណត់សញ្ជាតិតែមួយនេះ កើតឡើងក្រោយមានការចុះផ្សាយរបស់សារព័ត៌មានបរទេសថា លោក ហ៊ុន សែន មានសញ្ជាតិស៊ីប ដែលជាប្រទេសមួយនៅអឺរ៉ុប។ អត្ថបទព័ត៌មាននេះ ត្រូវបានលោក សម រង្ស៊ី ដែលមានសញ្ជាតិបារាំង យកមកវាយប្រហារលោក ហ៊ុន សែន កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។
មេដឹកនាំបក្សជំទាស់លោក សម រង្ស៊ី បានចោទ លោក ហ៊ុន សែន ថា ជាជនដែល«គ្មានភក្តីភាព»ចំពោះជាតិ ដោយលើកហេតុផលថា មេដឹកនាំកម្ពុជារូបនេះ បានទិញសញ្ជាតិ និងលិខិតឆ្លងដែនពីប្រទេសស៊ីប។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក សម រង្ស៊ី កាលពីពេលកន្លងទៅ។
ប៉ុន្តែក្រោយមក សារព័ត៌មាន The Guardian បានកែតម្រូវអត្ថបទ ត្រង់ចំណុចសរសេរថា លោក ហ៊ុន សែន មានសញ្ជាតិស៊ីប ប៉ុន្តែការស្នើរបស់នាយករដ្ឋមន្ត្រីឲ្យធ្វើសេចក្តីព្រាងវិសោធនកម្ម ដើម្បីកំណត់សញ្ជាតិតែមួយនេះ នៅតែបន្ត៕