លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នឹងត្រូវបានបញ្ជូនខ្លួនឲ្យទៅចូលរួមសវនាការ ជាលើកដំបូងនៅសាលាឧទ្ធរណ៍នាព្រឹកថ្ងៃព្រហស្បតិ៍ស្អែក។ នេះបើតាមការលើកឡើងរបស់មេធាវីការពារក្តីឲ្យលោក កឹម សុខា។
លោក ផែង ហេង មេធាវីមួយរូប ក្នុងចំណោម៧រូប ដែលការពារក្តីឲ្យលោក កឹម សុខា អះអាងប្រាប់ VOA នៅរសៀលថ្ងៃពុធនេះថា លោកទើបទទួលបានដំណឹងពីភរិយារបស់លោក កឹម សុខា ដែលបានចូលសួរសុខទុក្ខលោកនៅក្នុងពន្ធនាគារថា តុលាការនឹងបញ្ជូនលោក កឹម សុខា ឲ្យទៅចូលរួមសវនាការសាលាឧទ្ធរណ៍នៅថ្ងៃស្អែក។
មេធាវី ផែង ហេង មានប្រសាសន៍ថា៖
«តាមរយៈភរិយារបស់គាត់ដែលទៅសួរសុខទុក្ខគាត់នៅពន្ធនាគារថា គេជូនដំណឹងគាត់ថា គេនឹងយកគាត់ទៅចូលរួមសវនាការសុំនៅក្រៅឃុំនៅថ្ងៃស្អែក នៅសាលាឧទ្ធរណ៍»។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនពីក្នុងផ្ទះទាំងកណ្តាលយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ដោយចោទលោកពីបទ«ក្បត់ជាតិ» និងបញ្ជូនលោកទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ដែលជាខេត្តមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។ ក្រោយការចាប់ខ្លួន អតីត មេដឹកនាំបក្សប្រឆំាង ដ៏ចម្រូងចម្រាស់ តុលាការកំពូលកម្ពុជា បានសម្រេចរំលាយបក្សសង្គ្រោះជាតិ តាមពាក្យបណ្តឹងរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
ចាប់តំាងពីត្រូវបានឃុំខ្លួន លោក កឹម សុខា មិនត្រូវបានអនុញ្ញាតឲ្យនាំខ្លួនចេញពីពន្ធនាគារ ដើម្បី ចូលរួមក្នុងសវនាការ និងការសាកសួរអ្វីនោះទេ។ លើសពីនេះទៀត តុលាការរាជធានីភ្នំពេញ ក៏មិនអនុញ្ញាត ឲ្យមានការចុះសួរសុខទុក្ខ លោក កឹម សុខា នោះដែរ លើកលែងតែ ក្រុមគ្រួសារ និងមេធាវីរបស់លោក។
រហូតដល់ល្ងាចថ្ងៃពុធនេះ VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ ដើម្បីសុំការអធិប្បាយលើការនាំខ្លួន លោក កឹម សុខាមកសវនាការថ្ងៃស្អែក បានទេ។
យ៉ាងក៏ណាលោក ទូច ថារិទ្ធ បានប្រាប់ទៅអង្គភាពសារព័ត៌មានFresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល នៅរសៀលថ្ងៃពុធនេះថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងត្រូវបញ្ជូនខ្លួនពីពន្ធនាគារត្រពាំងផ្លុង ទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី០១ ថ្ងៃកុម្ភៈ ដើម្បីចូលរួមសវនាការលើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន។
លោក ទូច ថារិទ្ធ ប្រាប់សារព័ត៌មានដដែលនោះបន្តថា លោក កឹម សុខា នឹងត្រូវទៅដល់សាលាឧទ្ធរណ៍ នៅវេលាម៉ោង៧ព្រឹក និងថាសវនាការនេះដឹកនាំដោយលោក លោក ផូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ និងលោកព្រះរាជអាជ្ញា ហ៊ឹង ប៊ុនជា ជាតំណាងមហាអយ្យការ។
នៅរសៀលថ្ងៃពុធនេះដែរ ប្រធានពន្ធនាគារត្រពាំងផ្លុង លោក ពិន យ៉ាន បានប្រាប់ VOAថា លោកមិនទាន់បានទទួលលិខិតបញ្ជាណាមួយពីខាងសាលាឧទ្ធរណ៍នៅឡើយនោះទេ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំអត់ទាន់ដឹងផង ព្រោះអត់ទាន់មានគោលការណ៍ផង។ អាហ្នឹងខាងតុលាការគេចេញដីកាបង្គាប់មក ខ្ញុំអត់ទាន់ទទួលផង»។
កន្លងមកក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានប្តឹងទៅតុលាការគ្រប់ជាន់ថ្នាក់ ដើម្បីសុំមោឃភាពការចាប់ឃុំខ្លួនលោក កឹម សុខា ដោយអះអាងថា ការចាប់ឃុំឃាំងតំណាងរាស្ត្រមណ្ឌលកំពង់ចាមដែលមានអភ័យឯកសិទ្ធិសភាទាំងកណ្តាលយប់ គឺជាអំពើខុសច្បាប់កំពូលរបស់កម្ពុជា។ ក្រុមមេធាវីទាំងនោះក៏បានប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញសុំឲ្យលោក កឹម សុខា បាននៅក្រៅឃុំ ប៉ុន្តែបណ្តឹងរបស់ពួកគេត្រូវបានតុលាការទាំងនោះច្រានចោល។
សវនាការនៅតុលាការគ្រប់ជាន់ថ្នាក់ទាំងអស់សម្រាប់បណ្តឹងរបស់ក្រុមមេធាវី ដែលប្តឹងសុំមោឃភាពនីតិវិធីនៃការចាប់ឃុំខ្លួនលោក កឹម សុខា កន្លងមក និងបណ្តឹងសុំនៅក្រៅឃុំនាពេលថ្មីៗនោះ សុទ្ធតែមិនមានវត្តមានរបស់លោក កឹម សុខា ចូលរួមនោះទេ។ មន្ត្រីតុលាការកម្ពុជាបានបញ្ជាក់កន្លងមកថា ការមិនបញ្ជូនលោក កឹម សុខា ពីពន្ធនាគារទៅចូលរួមសវនាការនៅតុលាការ គឺដោយសារបារម្ភពីសន្តិសុខ និងសុវត្ថិភាពរបស់លោក។ ក្រោយមក ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក៏បានទៅសួរចម្លើយលោក កឹម សុខា ដោយផ្ទាល់ក្នុងពន្ធនាគារ។
លោក ផែង ហេង មេធាវីការពារក្តីឲ្យលោក កឹម សុខា ប្រាប់ VOA ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសួរចម្លើយលោក កឹម សុខា ពីក្នុងពន្ធនាគារចំនួនបីដងរួចមកហើយ។ លោកបន្ថែមថា សម្រាប់សវនាការបណ្តឹងជំទាស់នឹងការសម្រេចរបស់តុលាការភ្នំពេញ ដែលបានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក កឹម សុខា នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ មេធាវីចំនួន៧រូប នឹងទៅចូលរួមតតាំងក្តីនៅសាលសវនាការ។
មានការលើកឡើងថា សំណុំរឿងរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិហាក់កំពុងត្រូវបានពន្យារពេលការបើកសវនាការដោយមិនមានហេតុផល ខណៈដែលអតីតគណបក្សប្រឆាំងដ៏ធំមួយនេះត្រូវបានតុលាការកំពូលបើកសវនាការរំលាយចោលយ៉ាងលឿន ដោយមូលហេតុចោទពីបទពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលដូចគ្នា៕