ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ផ្តល់​អំណាច​កាន់​តែខ្លាំង​ដល់​រដ្ឋាភិបាល​និង​អាជ្ញាធរ​កម្ពុជា


រូបឯកសារ៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ការប្រជុំវិសាមញ្ញនៅរដ្ឋសភា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ការប្រជុំវិសាមញ្ញនៅរដ្ឋសភា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

ក្រោយ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដ៏​ចម្រូង​ចម្រាស​ ​តាម​បណ្តឹង​របស់​រដ្ឋាភិបាល ​ ​រដ្ឋ​សភា​ជាតិ​នៃ​ប្រទេស​កម្ពុជា​បាន​​បោះឆ្នោត​ទទួល​យកការ​កែប្រែ​មាត្រា​មួយ​ចំនួន​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ​និង​ក្រម​ព្រហ្មទណ្ឌ។​ ​ក្រុម​អ្នក​វិភាគ​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​យល់​ថា​ ​ឥទ្ធិ​ពល​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​ដែល​កា្តប់​អំណាច​ជាង​៣០​ឆ្នាំ​មក​នោះ​ ​នឹង​មាន​អំណាច​កាន់តែ​ធំទៅៗ​ ​ហើយ​សិទ្ធិ​ពលដ្ឋ​នឹង​រួញ​កាន់​តែតូច​ទៅៗ។

ក្រុម​សមាជិករដ្ឋ​សភា​ខ្មែរ​ ​កាលពី​ថ្ងៃ​ពុធ​ម្សិល​ម៉ិញនេះ​ ​បាន​បោះ​ឆ្នោត​អនុម័ត​ជា​ឯក​ច្ឆន្ទ​នៃ​សេចក្តី​ស្នើ​វិសោធន​កម្ម​មាត្រា​ចំនួន​ប្រាំ​នៃ​រដ្ឋ​ធម្មនុញ្ញ​ ​និង​វិសោធន​កម្ម​ក្រម​ព្រហ្មទណ្ឌ ដោយ​បន្ថែម​ទោស​ទណ្ឌ​ដល់​ជន​ណា​ដែល​ប្រមាថ​ព្រះ​មហា​ក្សត្រ​ខ្មែរ។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​របស់​សភា​ ​និង​សេចក្តី​រាយ​ការណ៍​របស់​អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល។​

សមាជិក​សភា​ចំនួនសរុប​១២៣​រូប​បាន​ចូលរួម​ប្រជុំ​ពេញ​អង្គ​វិសាមញ្ញ​នៅ​ថ្ងៃ​ពុធ​ ​ដោយ​ក្នុង​នោះ​មាន​វត្តមាន​លោក ហ៊ុន សែន​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​ ​ស ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ និង​ជា​អនុ​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។ អ្នក​សារ​ព័ត៌មាន​របស់​ ​VOA​ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​យក​ព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​សភា​នោះ​ទេ។​

លោក​ ​ឡេង ប៉េងឡុង​ ​អ្នក​នាំពាក្យ​រដ្ឋ​សភា​ជាតិ​ មាន​ប្រសាសន៍​ប្រាប់ VOA​ ​ថា​ ​អង្គ​សភា​បាន​សម្រេច​ផ្តល់​សេចក្តី​យល់​ព្រមឲ្យ​មាន​វិសោធន​កម្ម​នៃ​រដ្ឋ​ធម្មនុញ្ញ​ និង​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ ដែល​ជា​ការ​ពង្រឹង​នីតិរដ្ឋ​ និង​ដំណើការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

លោក​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ៖​

«វិសោធន​កម្ម​នេះ​គឺ​សំដៅ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​ សេរី​ពហុបក្ស​ ពង្រឹង​នែ៎​ ការ​ស្រឡាញ់​ផលប្រយោជន៍​ប្រទេស​ជាតិ​ ផល​ប្រយោជន៍​ប្រជាជន​ ការ​ការពារ​ ឯករាជ្យ​ អព្យាក្រឹត្យ បូរណភាព​ដែន​ដី​ ​និង​ការ​ប្រឆាំង​មិន​ឲ្យ​មានការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ដូចជា​ច្បាប់​បាន​ចែង​ស្រាប់​ហើយ»។​

​សេចក្តី​រាយ​ការណ៍​របស់​អង្គភាព Freshnews​ ដែល​បាន​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រជុំ​ពេញ​អង្គ​សភា​នៅ​ថ្ងៃ​ពុធ​នេះ​តាម​គេ​ទំហព័រ​របស់​ខ្លួន ​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ខ្លឹម​នៃ​មាត្រា​មួយ​ចំនួន​ដែល​ត្រូវ​បាន​ព្រាង​សម្រាប់​ធ្វើ​វិសោធន​កម្ម។​

មាត្រា​ ​៤២​ថ្មី​ ​បាន​សរសេរ​ថា៖​

«គណបក្ស​នយោបាយ​ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ​ហើយ​មិន​ត្រូវ​ធ្វើ​សកម្ម​ភាព​ណា​មួយទេ​ ​ទោះ​ដោយ​ផ្ទាល់​ ​ឬ​ដោយ​ប្រយោល​ក្តី ​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ឡើយ»។​

មាត្រា​៤៩​ថ្មី​ ​បាន​សរសេរ​ថា​«ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​ ​ហើយ​មិន​ត្រូវ​ធ្វើ​សកម្ម​ភាព​ណា​មួយ​ទោះ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្តី​ ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ឡើយ»។ ​

រីឯ​មាត្រា​៥៣​ថ្មី​បាន​សរសេរថា​ «ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រឆាំង​ដាច់​ខាត​ការ​ជ្រៀត​ជ្រែក​ពី​បរទេស ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ខ្លួន​ ទោះ​ក្រោម​រូបភាព​ណា​ក៏​ដោយ»។

អង្គភាព​ព័ត៌មាន​ដដែល​នេះ​បាន​រាយ​ការណ៍​ឲ្យ​ដឹង​ថា​ មាតា្រ​ថ្មីមួយ ​គឺ​មាត្រា​ ៤៣៧​ស្ទួន​ ត្រូវបាន​ដាក់​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធន​កម្មក្រម​ព្រហ្មទណ្ឌ។​

មាត្រា​៤៣៧​ស្ទួន​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សភាសរសេរ​ថា​«ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហា​ក្សត្រ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល​ទៅ​១០​លាន​រៀល។​ ចំពោះ​នីតិបុគ្គល​ក៏អាច​ត្រូវ​បាន​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀលទៅ​៥០​លាន​រៀល​ ព្រមទាំងទោស​បន្ថែម​មួយ​ ឬ​ច្រើន​ ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ​ថា​ មាន​ពិរុទ្ធភាព​ពាក់​ព័ន្ធ​នឹង​ការ​ប្រមាថ​ចំពោះអង្គ​ព្រះ​មហា​ក្សត្រ»។​

លោក​ ឡេង ប៉េងឡុង​ អ្នក​នាំពាក្យ​រដ្ឋ​សភា​ជាតិ​ បាន​បញ្ជាក់​បន្ថែម​ថា​ ទម្ងន់​ទោស​ដែល​កំណត់​ក្នុង​មាត្រា​ថ្មី​នេះ​គឺ​នៅមាន​កម្រិត​ទាប​នៅ​ឡើយ​ បើធៀប​នឹង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ រួមមាន​ប្រទេសម៉ាឡេស៊ី​ អារ៉ាប់ប៊ីសាអូឌីត​ និង​ប្រទេស​ថៃ។​

«បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ថៃ​ វាៗ​អន់​ជាង​ប្រទេស​ថៃ​ខ្លាំង​ណាស់​ ប្រទេស​ថៃ​ ១៥ឆ្នាំ​ឯ​ណោះ​ ជាប់​គុក​១៥​ឆ្នាំ​ ហ្នឹង​ហើយ។ ​អឺ​ប៉ុណ្ណេះ​យើងៗ​នែ៎ ​ប៉ុណ្ណេះ​គឺ​ថា​ យើង​ចាត់​ទុក​ជា​ការ​សមរម្យ​ ព្រោះថា​ មានប្រទេស​ដទៃ​ទៀត​ ច្រើន​ជាង​កម្ពុជា​ ដូច​ប្រទេស​ម៉ាឡេស៊ី​ ប្រាំឆ្នាំ ប្រទេស​អារ៉ាប់​ប៊ីសាអូឌីត​នោះ​ក៏​ធ្ងន់​ទៀត។ ​អីចឹង​នែ៎​ ការណ៍ដែល​យើង​គោរព​បូជា​ព្រះ​មហា​ក្សត្រ​ តាម​រយៈ​ការ​ប្រឆាំងការ​ប្រមាថ​ព្រះ​មហាក្សត្រ​ហ្នឹង​ វា​ជា​ការ​ត្រឹម​ត្រូវ​ហើយ។ ​ដូចជា​ខ្ញុំ​គិត​ថា​ សម​រម្យ​ហើយ​បាទៗ»។​

ក្រុម​អ្នក​វិភាគ​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​និយាយ​ថា​ ​កិច្ច​ខិតខំ​កែ​មាត្រា​ជា​ច្រើន​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រក្សា​អំណាច​របស់​គណបក្ស​គ្រប់​គ្រង​ប្រទេស​ ដោយ​មិន​បាន​តម្កល់​ប្រយោជន៍​ប្រជាជន​ជា​ធំ​នោះ​ទេ ​តែ​បាន​ពង្រីក​ឥទ្ធិពល​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន។​

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​បាន​បង្ហាញ​ក្តី​បារម្ភ​ផង​ដែរ​ថា​ ការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​ និង​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​នឹង​កាន់​តែ​កាត់​បន្ថយ​សិទ្ធិ​តវ៉ា​ប្រឆាំង​អំពើ​អយុត្តិ​ធម៌​សង្គម ហើយ​ការ​កែប្រែ​ទាំង​នោះ​នឹង​រឹត​តែ​ធ្វើ​ឲ្យ​អំណាច​របស់​គណបក្ស​ប្រជាជន​របស់​លោក​ ហ៊ុន សែន ​កាន់​តែ​រីកធំ​ទៅ​ ហើយ​បើក​ផ្លូវ​ឲ្យ​មាន​ការ​រីក​ធំ​ឡើង​នៃប្រព័ន្ធ​គ្រប់​គ្រង​ផ្តាច់ការ​ ដែល​ផ្ទុយពី​គោល​ការណ៍​ដើម​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​

ប្រធាន​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​គឺលោក​ Charles Santiago​ ​ត្រូវ​បាន​ស្រង់​សម្តីក្នុង​ន័យ​ដើម​ថា៖​«ប្រសិន​បើ​វិសោធន​កម្ម​នេះ​ត្រូវ​បាន​អនុម័ត​ វា​នឹង​ធ្វើ​ឲ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ និង​យូរ​អង្វែង​ដល់​ក្រប​ខណ្ឌ​ស្ថាប័ន​របស់​ប្រទេស​កម្ពុជា​ ដែល​ធ្វើ​ឲ្យ​រិចរិល​បន្ថែម​ទៀត​ដល់​នីតិរដ្ឋ​ និង​ពង្រឹង​ប្រព័ន្ធ​ផ្តាច់ការ​ ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ»។ នេះបើយោងតាមសេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ទី​៦​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ដែល​ VOA ​បាន​ទទួល៕

XS
SM
MD
LG