គណៈកម្មាធិការអចិន្ត្រៃយ៍សភាជាតិនៅរសៀលថ្ងៃច័ន្ទនេះបានសម្រេចទទួលយកសេចក្តីស្នើវិសោធនកម្មមាត្រាចំនួនប្រាំនៃរដ្ឋធម្មនុញ្ញ មកពិនិត្យ និងសិក្សា ហើយបានកំណត់យកថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ ជាថ្ងៃប្រជុំវិសាមញ្ញ ដើម្បីពិភាក្សា មុននឹងអនុម័តសេចក្តីស្នើវិសោធនកម្មមាត្រាទាំងនោះ។ ការប្រជុំវិសាមញ្ញរបស់សភាក៏នឹងពិភាក្សាលើសេចក្តីស្នើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បីផ្តល់សេចក្តីយល់ព្រមផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាជាតិដែល VOA ទទួលបាននៅរសៀលថ្ងៃច័ន្ទ និងតាមការបញ្ជាក់របស់អ្នកនាំពាក្យសភាជាតិ។
ក្រុមអ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជានិយាយថា កិច្ចខិតខំកែមាត្រាជាច្រើននៃរដ្ឋធម្មនុញ្ញកម្ពុជានេះគឺជាផ្នែកមួយនៃការរក្សាអំណាចរបស់គណបក្សគ្រប់គ្រងប្រទេស ដោយមិនបានតម្កល់ប្រយោជន៍ប្រជាជនជាធំនោះទេ តែបានពង្រីកឥទ្ធិពលនយោបាយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ផ្នែកខ្លះនៃសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាចេញផ្សាយនៅថ្ងៃច័ន្ទនេះ បានបញ្ជាក់ឲ្យដឹងថា អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍បានអនុម័តកោះប្រជុំវិសាមញ្ញ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនបួន រួមមាន«សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ»។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា«អង្គប្រជុំបានកំណត់កាលបរិច្ឆេទសម្រាប់សម័យប្រជុំរដ្ឋសភាវិសាមញ្ញនីតិកាលទី៥ នៅព្រឹកថ្ងៃពុធ ទី១៤ខែកុម្ភៈ ឆ្នាំ២០១៨»។
សេចក្តីសម្រេចរបស់គណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភាដែលគ្របដណ្ដប់ដោយតំណាងរាស្ត្រគណបក្សកាន់អំណាច នៅថ្ងៃច័ន្ទនេះ ធ្វើឡើងមួយសប្តាហ៍ក្រោយពីមានប្រតិកម្មពីសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ដែលបានព្រមានថា សេចក្តីស្នើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ នឹងធ្វើឲ្យកម្ពុជាក្លាយជាសង្គមមួយ ដែលកាន់តែរឹតបន្តឹងលើសិទ្ធិនយោបាយរបស់ពលរដ្ឋ និងការអនុវត្តសិទ្ធិផ្សេងទៀត។
កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍មួយឆ្លើយតបទៅនឹងការសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានផ្តល់ភ្លើងខៀវឲ្យមានសេចក្តីស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានព្រមានថា ការប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការសុំឲ្យមានវិសោធនកម្មទាំងអម្បាលម៉ាននេះ បានបង្កឲ្យមានការព្រួយបារម្ភបន្ថែមទៀត ចំពោះដំណើរការធ្លាក់ចុះនៃប្រទេសកម្ពុជាទៅរកភាពផ្តាច់ការ ក្រោយពីមានការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង គឺលោក កឹម សុខា ក្នុងខែកញ្ញា និងការរំលាយគណបក្សសង្គ្រោះជាតិ (CNRP)នៅខែវិច្ឆិកា ឆ្នាំ២០១៧។
ប្រធានសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស លោក Charles Santiago ត្រូវបានស្រង់សម្តីក្នុងសេចក្តីថ្លែងការណ៍របស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សដែល VOA បានទទួលកាលពីថ្ងៃទី ៦ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងន័យដើមថា៖
«ប្រសិនបើវិសោធនកម្មនេះត្រូវបានអនុម័ត វានឹងធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ និងយូរអង្វែងដល់ក្របខណ្ឌស្ថាប័នរបស់ប្រទេសកម្ពុជា ដែលធ្វើឲ្យរិចរិលបន្ថែមទៀតដល់នីតិរដ្ឋ និងពង្រឹងប្រព័ន្ធផ្តាច់ការ ដែលបានបង្ហាញឲ្យឃើញកាន់តែច្បាស់ ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ»។
លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គម និងជាអ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជា មានប្រសាសន៍ប្រាប់ VOA ថា ការកែរដ្ឋធម្មនុញ្ញញឹកញាប់ដែលបានធ្វើឡើងក្រោយការបោះឆ្នោតឆ្នាំ២០១៣ រហូតដល់ការរំលាយចោលគណបក្សប្រឆាំងនោះ មិនបានផ្តល់ប្រយោជន៍ដល់ប្រជាជននោះឡើយ។ លោកមានប្រសាសន៍ថា៖
«បើសិនជាយើងមើលការធ្វើវិសោធនកម្មច្បាប់ ឬក៏រដ្ឋធម្មនុញ្ញមកដល់ពេលនេះបាទ ការព្រួយបារម្ភមួយរបស់យើងហ្នឹងគឺយើងឃើញថា ការកែហ្នឹងហាក់ដូចជាញាប់ពេក មួយឆ្នាំបីបួនដងហើយ ហើយការកែច្បាប់ហ្នឹងទៀតសោតក៏មិនសូវ មិនឃើញមានច្បាប់ណា ដែលធ្វើការកំណែទម្រង់ដើម្បីផលប្រយោជន៍ពលរដ្ឋទេ គឺជាច្បាប់ដើម្បីគ្រាន់តែជាការបង្ក្រាបនូវ ដូចជាគូបដិបក្ខរបស់ខ្លួន ឬក៏ច្បាប់ដើម្បីធ្វើម៉េចឲ្យរដ្ឋាភិបាលនេះមានសិទ្ធិអំណាចកាន់តែច្រើនថែមទៀត ដើម្បីគ្រប់គ្រង ឬមួយក៏ធ្វើការគាបសង្កត់ទៅលើពលរដ្ឋខ្លួនឯង ពិសេសដូចទៅលើគណបក្សប្រឆាំង បាទ! នេះជាការមើលឃើញរបស់យើងក្នុងពេលនេះ បាទ»។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលដោយតុលាការកំពូលតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ បានចាត់ទុកថាសកម្មភាពកែប្រែរដ្ឋធម្មនុញ្ញជាការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ។
«ជាការរំលោភធម្មនុញ្ញធ្ងន់ហើយ ធ្ងន់ទៀត បាទ»។
លោកអះអាងថា សភាមិនមានសំឡេង២ភាគ៣ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានទេ ព្រោះថា គណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយតំណាងរាស្ត្រដែលមកកាន់កាប់អាសនៈសភា ដោយយកអាសនៈគណបក្សប្រឆាំងនោះ មិនបានឆ្លុះបញ្ចាំងភាពជាតំណាងរបស់ម្ចាស់ឆ្នោតដែលបោះឆ្នោតផ្តល់ការគំាទ្រដល់គណបក្សប្រឆាំងនោះឡើយ។
«ហើយយើងដឹងហើយថា ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយតាំងពីថ្ងៃ១៦ ខែវិច្ឆិកាមក យើងយល់ថា វាជាការមិនគ្រប់ចំនួនទៅរដ្ឋសភាគឺជាការប្រព្រឹត្តទៅ ដោយមិនស្របទៅតាមរដ្ឋធម្មនុញ្ញ ហើយសភាមិនអាចប្រើប្រាស់អ្នកតំណាងរាស្ត្រដែលយកទៅបន្តុបហ្នឹង ទៅធ្វើការសម្រេច វិសោធនកម្មរដ្ឋធម្មនុញ្ញបានទេ បាទ»។
ប៉ុន្តែលោក ឡេង ប៉េងឡុង អ្នកនាំពាក្យសភាជាតិ បានការពារកិច្ចការរបស់សភាយ៉ាងដូច្នេះ៖
«បាទ អានេះគឺលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សហ្នឹង មិនមានការប៉ះពាល់អីទេ បាទ ពីព្រោះថា ហ្នឹងគឺកំណត់ដោយច្បាប់។ អ្វីៗត្រូវកំណត់ដោយច្បាប់ ដូច្នេះហើយ ច្បាប់មានសភាជាអ្នកធ្វើ ដូច្នេះហើយមិន មិនបានប៉ះពាល់ទៅលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សទេបាទ»។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ សហគមន៍ប្រទេសប្រជាធិបតេយ្យមួយចំនួនរួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសស៊ុយអែត បានប្រកាសមិនទទួលស្គាល់ការបោះឆ្នោតឆ្នាំ២០១៨ និងកាត់ផ្តាច់ជំនួយអភិវឌ្ឍន៍មកដល់រដ្ឋាភិបាលកម្ពុជា។ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបានកត់សម្គាល់ផងដែរថា ការបែងចែកអាសនៈសភា បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យសភា [កម្ពុជា] លែងមានលក្ខណៈប្រជាធិបតេយ្យមូលដ្ឋាន និងមិនអាចធ្វើឲ្យវិសោធនកម្មនេះស្របតាមលក្ខខណ្ឌនៃរដ្ឋធម្មនុញ្ញជាធរមាននោះឡើយ»៕