ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការរឹតត្បិត​បក្ស​ប្រឆាំង​នៅ​មុន​ការបោះឆ្នោត


រូបឯកសារ៖ ស្លាកសញ្ញា​របស់​​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​​ Human Rights Watch។
រូបឯកសារ៖ ស្លាកសញ្ញា​របស់​​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​​ Human Rights Watch។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch លើកឡើងថា រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើនវោហាសាស្ត្រ​វាយប្រហារ​លើ​សមាជិក​គណបក្ស​ប្រឆាំង​មុន​ការបោះឆ្នោត​ជាតិ ខណៈក្រុមអង្គការសង្គម​ស៊ីវិល​ក្នុងស្រុក​ដែល​ធ្វើ​ការ​ក្នុងផ្នែក​សិទ្ធិមនុស្ស​សង្កេត​ឃើញ​ថា ​ស្ថាន​ភាពនយោបាយ​កម្ពុជានៅតែ​ធ្លាក់ចុះ​ខ្លាំងជា​បន្ត​បន្ទាប់។

ក្នុង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ​ចេញ​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២៣ ស្តីពីការវាយប្រហារជាថ្មីលើបក្សប្រឆាំងនយោបាយ វោហាសាស្ត្រ​យុទ្ធនាការ​របស់​លោក ហ៊ុន សែន ជំរុញ​ឲ្យ​មាន​ការ​វាយ​ដំ ការ​ចាប់​ខ្លួន​ដោយ​ខុសច្បាប់ ​បាន​លើកអំពីសុន្ទរកថា​របស់​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​ថ្លែង​កាល​ពីថ្ងៃទី៩ ខែមករា ​ថា លោក​ ហ៊ុន សែន​ បាន​ផ្តល់​ជម្រើស​ដល់​គូ​ប្រជែង​របស់​ខ្លួន​រវាង​ការទទួល​យក​ប្រព័ន្ធច្បាប់ ឬដោយ​ហិង្សា។

អង្គការឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «អាជ្ញាធរ​គួរ​តែ​បញ្ឈប់​ជា​បន្ទាន់​នូវ​វោហារ​សាស្ត្រ​ដ៏​ឃោរឃៅ​រ​បស់​រដ្ឋាភិបាល ហើយដោះលែង​សកម្មជន​នយោបាយដែ​ល​កំពុង​ឃុំ​ខ្លួន​នា​ពេល​បច្ចុប្បន្ន ហើយ​ស៊ើប​អង្កេត និង​កាត់ទោស​ឱ្យ​បាន​ត្រឹមត្រូវ​ចំពោះ​អ្នក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការវាយ​ដំ​នា​ពេល​ថ្មីៗ​នេះ​លើ​សមាជិក​គណបក្ស​ភ្លើងទៀន»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​បន្ថែម​ថា ចាប់​តាំងពី​សុន្ទរកថា​នោះ​មក អំពើ​ហិង្សា​ចំនួន​ប្រាំពីរត្រូវ​បាន​រាយការណ៍​ថាបា​ន​កំណត់​គោលដៅ​លើ​សមាជិក​គណបក្ស​ប្រឆាំង​សរុប​ចំនួន​ប្រាំ​មួយនាក់។ ករណី​ចំនួន​បី​បាន​កើត​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​រៀបចំ​ផែនការ​របស់​គណបក្សភ្លើងទៀននៅរាជធានីភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា សម្រាប់​ការ​បោះ​ឆ្នោត​ខែកក្កដា។ ករណី​បន្ថែម​ចំនួន​បួន​ត្រូវ​បាន​រាយការណ៍​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ចរបស់​សកម្ម​ជន​គណបក្ស​ទៅ​កាន់​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី២០ ខែ​មីនា ​និង​ការចូល​រួមក្នុង​ការប្រមូល​ផ្តុំ​សាធារណៈ​ទាមទារ​ឱ្យមាន​ការ​ដោះលែង​អ្នកទោស​នយោបាយ។​

បើតាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ក្រោយ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន តុលាការ​រាជធានីភ្នំពេញ​បាន​កាត់​ទោស​សមាជិក​បក្សប្រឆាំងចំនួន​ ១៣ នាក់​ឱ្យជាប់​ពន្ធនាគារ​។ ហើយ​កាលពី​ថ្ងៃទី​២៤ ខែមីនា ​តុលាការ​បាន​ប្រកាសផ្ដន្ទាទោស​លោក​ សៀម ភ្លុក​ សហ​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ និង​១២នាក់​ទៀត​ជាប់​ពន្ធនាគារ​ ក្រោម​ការចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការក្លែង​បន្លំ​ឯកសារ​ចុះ​ឈ្មោះគណបក្ស។ លោក​ សៀម ភ្លុក ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣០​ខែ ខណៈ​ជនជាប់​ចោទ​១២​នាក់​ផ្សេង​ទៀត​ត្រូវ​កាត់​ទោសឱ្យ​ជាប់​ពន្ធនាគាររយៈពេល២​ឆ្នាំ។​

នៅថ្ងៃទី​១២ ខែមេសា ​អាជ្ញាធរ​បានចាប់ខ្លួន និង​បន្តឃុំ​ខ្លួនសមាជិក​គណបក្ស​ភ្លើងទៀន​ពីរនាក់​បន្ថែម​ទៀត ពីបទ​ក្លែងបន្លំ​ពាក់ព័ន្ធ​នឹង​បញ្ជី​បេក្ខជន​របស់​គណបក្ស​ដែល​ត្រូវ​បាន​អនុម័ត​ជិត​មួយ​ឆ្នាំមុន។ ហើយ​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា អតី​តសមាជិក​គណបក្ស​ប្រឆាំង​ពីរ​នាក់ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ «ប្រមាថ​ព្រះមហាក្សត្រ» តាម​បណ្ដាញ​សង្គម Facebook។ ពួកគេ​ទាំង​ពីរ​ត្រូវ​បាន​ដោះ​លែង​ ​បន្ទាប់​ពីបាន​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ព្រះមហាក្សត្រ និង​លោក ហ៊ុន សែន ហើយ​ទទួល​បាន​តំណែងជាអនុរដ្ឋលេខាធិការក្រសួង​ការងារ និងក្រសួង​ដែនដី។ នេះ​បើតាម​របាយ​ការណ៍​ដដែល​របស់អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ និង​សេចក្តី​រាយការណ៍របស់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក។

ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ គាំទ្រ​លើការ​រកឃើញ​ ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ដែល​បានបង្ហាញ​ ​អំពីការ​រឹតត្បិត និងការវាយ​ប្រហារ​លើ​គណបក្សប្រឆាំង នៅ​មុនការ​បោះឆ្នោត​ថ្នាក់​ជាតិ នា​ខែកក្កដា​ខាងមុខ។​

អ្នក​ស្រី ចក់ សុភាព ​នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ប្រាប់ VOA នៅថ្ងៃ​អង្គារ​នេះ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​មាន​ការ​ប្រឈមខ្លាំង ទាំងគណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន។ អ្នកស្រី​បន្ថែម​ថា ​ការ​រឹត​ត្បិតនានាក្នុង​អំឡុង​ពេល​នេះ នឹងអាច​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​ភាព​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​ថ្នាក់​ជាតិនា​ខែ​កក្កដា​ខាងមុខ។

អ្នកស្រី​ថ្លែងថា៖ «យើង​ដឹង​ហើយ​ថា​ប្រទេស​កម្ពុជា​យើង​នឹង​រៀប​ចំការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ​ដែរ អ៊ីចឹង​ជាធម្មតាបរិយាកាស​នៅ​មុនការ​បោះឆ្នោត​នេះ​គឺ​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​ធានា​លម្ហសង្គម​ស៊ីវិល​មួយ​ដែល​ប្រសើរ​ ហើយ​ដែល​សមាជិក​ទាំង​ឡាយ​គឺ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​និង​រួច​ផុត​ពីការ​គំរាម​កំហែង​នានា ដើម្បី​ធានា​ដល់​ការ​បោះឆ្នោត​មួយ​ដែល​សេរី និង​យុត្តិធម៌។ ​ប៉ុន្តែ​យើង​ឃើញ​ថា ទិដ្ឋភាព​វាហាក់​ដូចជា​ផ្ទុយ​ពី​លក្ខខណ្ឌ​ទាំងអស់​ហ្នឹង»។​

​ស្រដៀងគ្នា​នេះដែរ លោក ស៊ឹង សែនករុណា​ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លើកឡើង ថា​ ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ​តាំង​ពី​ឆ្នាំ​២០១៧​មក ហើយ​ថា បច្ចុប្បន្ន​ស្ថានភាពនេះ​កាន់តែ​អាក្រក់​ ដោយសារ​មាន​ករណី​ប្រើហិង្សា​លើសកម្មជន និង​សមាជិក​គណបក្ស​ប្រឆាំង​ព្រមទាំង​ការប្រើ​ប្រព័ន្ធតុលាការចោទប្រកាន់​អ្នកនយោបាយ​ប្រឆាំង​ជាច្រើន​ករណី​ទៀត។​

លោក​បញ្ជាក់​ថា៖ «អំពើហិង្សា​ចុងក្រោយ​នេះ ក៏​យើងមានរូបភាព​ប្លែកៗ​ដែរ មាន​ទាំងការ​វាយដំ ទាំង​ការកើត​ឡើង និង​គ្រោះ​ថ្នាក់​ចរាចរណ៍​សកម្មជន​គណបក្ស​ជំទាស់​ហ្នឹង កើត​ឡើង​ជាហូរ​ហែ ហើយ​ផ្តោត​ទៅលើ​តែសកម្មជន​នៃគណបក្ស​ប្រឆាំង​ដែល​គេ​យល់ថា​អាចមាន​សំឡេង​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​បាន»។​

លោក ស៊ឹង សែន​ករុណា បន្ថែម​ថា​ រដ្ឋាភិបាល​គួរបើក​លម្ហ​សេរីភាព​ទាំង​នេះ​ឡើងវិញ​ ដើម្បី​ជំរុញឱ្យ​ស្ថានភាព​ប្រជាធិបតេយ្យ ​សិទ្ធិមនុស្ស ​និងការ​អភិវឌ្ឍ​នៅកម្ពុជា​មាន​ភាព​រីកចម្រើន​។

លោក​បញ្ជាក់​ថា៖ «យើង​មាន​តែទទូច​ឱ្យ​មានការ​បើក​នូវ​លម្ហសិទ្ធិ​សេរីភាព​ទាំងអស់​នោះ​ឡើង​វិញ ដើម្បីឱ្យ​ដំណើរ​ការ​សង្គម​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​យើង​ហ្នឹង​ឱ្យ​មានភាព​ល្អ​ប្រសើរ​ឡើង ហើយមានការ​ទទួល​ស្គាល់​ពីគ្រប់​ភាគី​ពាក់ព័ន្ធ​ ពីសហគមន៍​ជាតិ និង​អន្តរជាតិ​ឡើង​វិញ ដើម្បីជា​ផល​ប្រយោជន៍​រួមទៅដល់​សង្គម​ជាតិ និង​ទៅដល់​ប្រទេស​កម្ពុជា​យើង​ឱ្យ​មាន​ភាព​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត»។

លោក ជិន ម៉ាលីន ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ និង​ជាអនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ច្រាន​ចោល​ការ​លើកឡើង​របស់​ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ​ទាំង​នេះ ថា​មិន​ឆ្លុះ​បញ្ចាំង​ពីការ​ពិត។​

លោក​ថ្លែងថា៖ «ហើយ​របាយការណ៍របស់​គាត់​កន្លងមក​ហ្នឹង​ក៏​មិនផ្អែកទៅលើ​មូល​ដ្ឋាន​ច្បាប់ នីតិវិធី​ច្បាប់​របស់​កម្ពុ​ជាដែលមាន​ជាធរមានដែរ​ គឺ​ជារបាយការណ៍​ចោទ​ប្រកាន់​ដោយផ្អែក​លើ​របៀប​វារៈ​នយោបាយច្រើន​ជាង។ ហើយ​សម្រាប់​កម្ពុជា ​វិធានការ​ច្បាប់ ការ​ឃាត់​ខ្លួន​ ការ​ផ្តន្ទាទោស​ សកម្មជន​ដែលប្រព្រឹត្តល្មើសច្បាប់​ហ្នឹង មិនមែន​ជាការ​រឹតត្បិត​គាប​សង្កត់​សិទ្ធិ​សេរីភាព​នយោបាយ​ទេ ប៉ុន្តែ​វាជា​វិធានការ​ច្បាប់»។

លោក ជិន ម៉ាលីន​ បន្ថែម​ថា ការ​ស្វែង​រក​ជន​ល្មើស​ដែល​ប្រព្រឹត្តអំពើ​ហិង្សា ឬ​បទល្មើស​ណាមួយ គឺ​ជាតួនាទី​របស់សមត្ថកិច្ច​ដែលត្រូវ​អនុវត្ត​ជាទូទៅ មិនមែនសម្រាប់តែ​សកម្មជន​បក្ស​ប្រឆាំង​នោះទេ។

​កម្ពុជា​នឹង​រៀប​ចំការ​បោះឆ្នោត​ថ្នាក់ជាតិ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣​ខាង​មុខ ខណៈក្រុម​អ្នកឃ្លាំ​មើល​សង្គម និង​សិទ្ធិមនុស្សលើកឡើងថា​ សិទ្ធិ​និង​សេរីភាព​ជា​មូលដ្ឋាន​ដែល​រួម​មានសិទ្ធិពលរដ្ឋ​ និង​នយោបាយ​ សេរីភាពបញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន​ជាដើម កំពុង​រងការ​រឹតត្បិត​ និង​គំរាម​កំហែង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG