នៅមុនការបោះឆ្នោតថ្នាក់ជាតិដែលខិតជិតមកដល់ ហើយក៏ជាអន្តរកាលនៃគម្រោងផ្ទេរអំណាចទៅឱ្យកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបន្តបន្ទាប់ត្រូវបានអ្នកតាមដានយល់ថា លោកបាននិងកំពុងតែពង្រឹងអំណាចកាន់តែខ្លាំង ដោយការធ្វើទុក្ខបុកម្នេញទៅលើគណបក្សប្រឆាំង។
ចាប់តាំងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ រហូតដល់ខែមេសា ឆ្នាំ២០២៣ អ្នកនយោបាយរបស់គណបក្សភ្លើងទៀនយ៉ាងតិច ១០នាក់ ត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារ ដែលក្នុងនោះក៏មាន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនផងដែរ ខណៈសកម្មជននយោបាយគណបក្សជាច្រើនផ្សេងទៀត កំពុងរងបទក្តីក្តាំនៅតុលាការ ព្រមទាំងខ្លះទៀតរងការវាយប្រហារដោយមិនដឹងមូលហេតុ។
បន្ថែមពីនេះ កាលពីកន្លងទៅ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោស លោក កឹម សុខា ដាក់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលត្រូវបានចោទប្រកាន់តាំងពីឆ្នាំ២០១៧។ ការកាត់ទោសទៅលើអ្នកនយោបាយជើងចាស់រូបនេះ ត្រូវបានអ្នកតាមដានយល់ថា ជាការរំលោភទៅលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរផងដែរ។
លោកបណ្ឌិត អ៊ា សុផល ព្រឹទ្ធបុរសរងនៃកម្មវិធីថ្នាក់បរិញ្ញាបត្រ និងការអភិវឌ្ឍនៃសាកលវិទ្យាល័យ Arizona State University ប្រាប់វីអូអេតាមសារអ៊ីមែលថា លោក ហ៊ុន សែន កំពុងស្រវាអំណាចមកដាក់ក្នុងកណ្តាប់ដៃរបស់លោកបន្ថែមនៅមុនការបោះឆ្នោត ហើយក៏ស្ថិតនៅក្នុងបរិបទនៃការផ្ទេរអំណាចទៅកូនប្រុសរបស់លោកផងដែរ។
បើតាមបណ្ឌិតរូបនេះ លោកនាយករដ្ឋមន្ត្រីបានដាក់គោលដៅគំរាមកំហែង និងបំបិទមាត់រាល់អ្នករិះគន់ មិនថាអ្នកនយោបាយឬប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនោះទេ។ លោកបញ្ជាក់ថា លោក ហ៊ុន សែន ធ្វើសង្គ្រាមជាមួយគណបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយ។
នៅពេលសួរថាតើលោកមានសុទិដ្ឋិនិយមយ៉ាងម៉េចចំពោះការបោះឆ្នោតនាពេលខាងមុខនេះ លោក អ៊ា សុផល ថ្លែងក្នុងន័យដើមថា៖ «ខ្ញុំមិនមានសុទិដ្ឋិនិយមអ្វីបន្តិចសោះ ដោយសារតែរូបភាពនៃការរំលោភបំពាន។ យើងកំពុងតែបោះជំហានទៅរកការបោះឆ្នោតដែលមិនសេរីនិងយុត្តិធម៌ ព្រមទាំងមិនមានភាពស្របច្បាប់ផងដែរ»។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិតកត់សម្គាល់ថា ស្ថានការណ៍នយោបាយនៅមុនការបោះឆ្នោត មិនមានអ្វីប្រែប្រួលជាវិជ្ជមានឡើយ ខណៈការគាបសង្កត់ រឹតត្បិត និងធ្វើទុក្ខបុកម្នេញទៅលើគណបក្សប្រឆាំងដោយប្រើគ្រប់មធ្យោបាយ នៅតែបន្តអូសបន្លាយ។
បើតាមបណ្ឌិតរូបនេះ អ្នកនយោបាយកម្ពុជានៅតែលេងនយោបាយ«បែបបុរាណ» ដែលមានន័យថាប្រើអំណាចគ្រប់មធ្យោបាយ ដើម្បីផ្តួលដៃគូរបស់ខ្លួន មិនមែនប្រកួតប្រជែងគ្នាដោយគោលនយោបាយឡើយ។
លោកថ្លែងថា៖«ការរឹតត្បិតទៅលើសេរីភាពនៃការបញ្ចេញមតិ និងការគាបសង្កត់ទៅលើលំហប្រជាធិបតេយ្យ និងលំហប្រជាពលរដ្ឋនេះ គឺតិចឬក៏ច្រើនវាប៉ះពាល់ទៅដល់ភាពសេរី និងភាពយុត្តិធម៌នៅក្នុងការប្រកួតប្រជែងនៃការបោះឆ្នោតនៅក្នុងខែ៧ ខាងមុខនេះ»។
លោក ប៉ា ច័ន្ទរឿន អះអាងថា បើការលេងនយោបាយបែបនេះ នៅតែកើតមាន នោះវានឹងនាំឱ្យមានវិបត្តិនយោបាយ ការបែកបាក់សង្គម ដែលលោកហៅថា«ជំងឺសង្គម» នឹងកាន់តែរីកធំធាត់ឡើង ដែលជាហានិភ័យសម្រាប់ជាតិនាពេលអនាគត។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីរបស់អង្គការ Human Rights Watch ប្រាប់វីអូអេតាមសារអ៊ីមែលថា វានឹងគ្មានឡើយការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដោយសារតែរដ្ឋាភិបាលតែងតាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមិនមានគុណសម្បត្តិគ្រប់គ្រាន់ មានការគ្រប់គ្រងទៅលើប្រព័ន្ធផ្សព្វផ្សាយ និងការគំរាមកំហែងយ៉ាងមានប្រសិទ្ធភាពទៅលើគណបក្សប្រឆាំង។
បើតាមលោក Phil លោកនាយករដ្ឋមន្ត្រីកំពុងតែប្រើប្រាស់ការគំរាមកំហែង និងការគាបសង្កត់ តាមរយៈការផ្តល់ភ្លើងខៀវទៅឱ្យក្រុមមនុស្សដែលជិតស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីវាយប្រហារបេក្ខជនគណបក្សប្រឆាំងផងដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេថា នៅក្នុងសង្គមប្រជាធិបតេយ្យតាមបែបពហុបក្ស គណបក្សនីមួយៗតែងតែខិតខំប្រឹងប្រែងដើម្បីយកឈ្នះដៃគូរបស់ខ្លួន ខណៈថាគណបក្សប្រជាជនកម្ពុជាប្រឹងកសាងគុណសម្បត្តិ និងស្នាដៃដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងការដឹកនាំប្រទេស។
លោកថ្លែងថា៖ «ហើយគណបក្សប្រកួតប្រជែង ឬជាគណបក្សប្រឆាំងហ្នឹងដែលខ្លួនបរាជ័យ គ្មាននរណាផ្តួលរលំខ្លួនទេ គឺមកពីកម្មវិធីនយោបាយរបស់ខ្លួន វាមិនកើត។ អត់មានស្នាដៃ អត់មានគុណសម្បត្តិជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ហេតុនេះបានប្រជាពលរដ្ឋលោកមិនគាំទ្រ មិនបោះឆ្នោតឱ្យជារៀងរហូត»។
បើតាមអ្នកនាំពាក្យរូបនេះ អំណាចដែលបានមកពីឆន្ទៈរបស់ប្រជាពលរដ្ឋ គណបក្សត្រូវតែការពារនិងថែរក្សាឱ្យបានជាដាច់ខាត។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ស្ថានភាពនយោបាយនៅមុនការបោះឆ្នោតមិនមានភាពល្អប្រសើរឡើយ ខណៈការគំរាមកំហែងតាមផ្លូវកាយ និងចិត្ត នៅតែមានមកលើគណបក្សភ្លើងទៀន ជាពិសេសនោះមានការប្រើប្រាស់ប្រព័ន្ធតុលាការ។
លោកថ្លែងថា៖ «ប្រសិនបើស្ថានភាពបែបនេះនៅតែអូសបន្លាយតទៅទៀត ការបោះឆ្នោតខាងមុខនេះ យើងពិបាកវាយតម្លៃណាស់ថាវាត្រឹមត្រូវណាស់ ពីព្រោះបរិយាកាសនយោបាយ ក៏ជាផ្នែកមួយនៅក្នុងការចូលរួមការឱ្យតម្លៃដល់ការបោះឆ្នោតដែរ»។
នៅពេលសួរថាតើគណបក្សប្រឆាំងគួរធ្វើបែបណានៅក្នុងស្ថានភាពនេះ បណ្ឌិត អ៊ា សុផល ដែលជាអ្នកតាមដាននយោបាយកម្ពុជាមួយរូប ផ្តល់ជាយោបល់ថា«ដរាបណាបុគ្គលម្នាក់ៗដឹងពីការណ៍ពិត គណបក្សប្រឆាំងនៅតែមាន។ គ្មាននរណាជឿការកុហកជារៀងរហូតនោះទេ។ គណបក្សប្រឆាំងដឹងអំពីការណ៍នេះ។ គណបក្សប្រឆាំងត្រូវបន្តប្រយុទ្ធ។ ពន្លឺកើតមាន នៅពេលដែលមានងងឹត»៕