ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​គណបក្ស​ភ្លើងទៀន​៤​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​«ប្រើ​ប្រាស់​ឯកសារ​ក្លែង»


រូប​ឯកសារ៖ ស្លាក​គណបក្ស​ភ្លើង​ទៀន​មួយ​នៅ​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប កាលពីឆ្នាំ​២០២២។ (ហ៊ុល រស្មី​/វីអូអេ)
រូប​ឯកសារ៖ ស្លាក​គណបក្ស​ភ្លើង​ទៀន​មួយ​នៅ​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប កាលពីឆ្នាំ​២០២២។ (ហ៊ុល រស្មី​/វីអូអេ)

សាលា​ដំបូង​ខេត្ត​ព្រៃវែង​បាន​ចោទ​ប្រកាន់សកម្ម​ជន​គណ​បក្ស​ភ្លើងទៀន​ប្រចាំខេត្ត​ព្រៃវែង​ចំនួន​៤​នាក់ ពី​បទ«ប្រើប្រាស់​ឯកសារ​ក្លែង» និង​ «សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​» ហើយ​បាន​ឃុំ​ខ្លួន​ពួកគេ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង។ មន្ត្រី​គណ​បក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​ព្រៃវែងចាត់​ទុក​ថា ​នេះ​ជា​ការ​គាប​សង្កត់សកម្មជន​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា ​តុលាការ​ខេត្ត​ព្រៃវែង​ បាន​សម្រេច​ឃុំ​ខ្លួន​សកម្ម​ជន​គណ​បក្ស​ប្រឆាំង​ ២​នាក់ ហើយ​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​សកម្ម​ជន​ ២នាក់​ទៀត។

​បើ​តាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​ខេត្ត​ព្រៃវែង ចុះ​ថ្ងៃទី​១៩ ខែ​មេសា​ ឆ្នាំ​២០២៣ តំណាង​អយ្យការ​បាន​ចោទ​ប្រកាន់​ឈ្មោះ អៀង ជា និង​ឈ្មោះ ហេង សំអឿន ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ ​ចុះ​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២២​ ពីបទ​«ការ​ក្លែង​បន្លំ ការ​ប្រើប្រាស់​លិខិត​ក្លែង» និង​បទ​«សមគំនិត​ក្នុង​អំពើ​ក្លែង​បន្លំ» ដែលដើម​បណ្តឹង​រដ្ឋប្បវេណីឈ្មោះ ឈឺ ឈាន។ ​តុលាការ​មិន​បាន​បញ្ជាក់ឱ្យ​ចំៗ​ថា​តើ​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ឯកសារ​អ្វី​ឡើយ។

ចំណែក​សកម្ម​ជន​នយោបាយ​របស់​គណបក្ស​ភ្លើងទៀន​ ២​នាក់​ទៀត ឈ្មោះ សេង វិសាល និង​លោក ប៊ិន ចូង ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ«ការ​ក្លែង​បន្លំ ប្រើ​ប្រាស់​លិខិត​ក្លែង និង​សមគំនិត​ក្នុង​អំពើ​ក្លែង​បន្លំ ប្រើ​ប្រាស់​លិខិត​ក្លែង» ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ ចុះ​ថ្ងៃទី៤ ​ខែ​មេសា​ ឆ្នាំ​២០២២​ ដែលដើម​បណ្តឹង​រដ្ឋប្បវេណីឈ្មោះ ប៉ង់ ​ហ៊ុន។ ដូច​គ្នា​ផង​ដែរ តុលាការ​មិន​បាន​បញ្ជាក់ឱ្យ​ចំៗ​ថា​ តើ​ការ​ចោទ​ប្រកាន់​នោះ ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ឯកសារ​អ្វី​ឡើយ។

ប្រធាន​ប្រតិ​បត្តិ​គណ​បក្ស​ភ្លើងទៀន​ខេត្ត​ព្រៃវែង​ លោក ឌឹម យ៉ុន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ​ថា​លោក អៀង ជា ជា​ជំទប់​ទី២​នៃ​ឃុំ​កន្សោម​អក ស្រុក​កំពង់​ត្របែក និង​លោក ហេង សំអឿន ប្រធាន​ប្រតិបត្តិ​ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដោយ​មិន​មាន​ដីកា ​រួច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២៣។ លោកបន្ត​ថា​អ្នក​ស្រី សេង វិសាល ​ជា​ហិរញ្ញិក​គណ​បក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​ព្រៃវែង និង​លោក ប៊ិន​ ចូង​ ជា​ជំទប់​ទី២​នៃ​ឃុំប្រាសាទ ​ស្រុក​កំពង់​ត្របែក ត្រូវ​បាន​តុលាការ​ឃុំ​ ​នៅ​ពេល​ដែល​ពួក​គេចូល​ទៅ​បំភ្លឺ​ តាម​ការ​កោះ​របស់​តុលាការ កាល​ពី​ថ្ងៃទី១៩​ ខែ​មេសា។


គេ​មិន​ទាន់​ដឹង​នៅឡើយ​ទេថា ​មូល​ហេតុ​អ្វី​បាន​ជា​ឈ្មោះ ឈឺ ឈាន និង​ឈ្មោះ ប៉ង់ ​ហ៊ុន ​ប្តឹង​សកម្ម​ជន​គណបក្ស​ភ្លើងទៀន​ទាំង​ ៤​នាក់​នេះ និង​ថា​តើ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​ទើប​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​នា​ពេល​នេះ ​ខណៈ​នៅ​សល់​តែ​ប៉ុន្មាន​ខែទៀត ការ​បោះ​ឆ្នោត​ថ្នាក់ជាតិ​នឹង​ចូល​មក​ដល់។

​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ឈ្មោះ ​ឈឺ ឈាន​ និង​ឈ្មោះ​ ​ប៉ង់ ​ហ៊ុន ​បាន​នៅ​ឡើយ​ទេ។


លោក ឌឹម យ៉ុន ប្រធាន​ប្រតិ​បត្តិ​គណ​បក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​ព្រៃវែងថ្លែង​ថា ​តុលា​ការ​ចោទ​ប្រកាន់​សកម្មជន​នយោបាយ​នោះ​ ទាក់​ទង​នឹង​ការ​ដាក់​បញ្ជី​ឈ្មោះបេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កាល​ពីឆ្នាំ២០​២២។ លោក​ចាត់​ទុក​ថា​ នេះ​ជា​ការ​គាប​សង្កត់សកម្ម​ជននយោបាយ​របស់​គណ​បក្ស​ភ្លើងទៀន នៅ​មុន​ការ​បោះ​ឆ្នោត។

លោក​ប្រាប់​វីអូអេ​ថា៖ «អ៊ីចឹង​រៀប​ពេល​ដែល​ឃោសនា​ហ្នឹង​ហើយ​ចាប់​ផ្តើម​សើរើ​សំណុំ​រឿង​ហ្នឹង​ ដើម្បី​គាប​សង្កត់គណ​បក្ស​នយោបាយ អំពី​បញ្ហា​ការងារ​ធ្វើ​សកម្ម​ភាព​នៅ​ពេល​រៀបចំ​ការ​បោះឆ្នោត​ហ្នឹង។ អ៊ីចឹង​ថា​ខ្ញុំ​ខក​ចិត្ត​អំពី​បញ្ហា​ ការ​ងារ​ដែល​តុលាការ​ចោទ​ប្រកាន់ ដោយ​មិន​សម​ហេតុ​ផល​នេះ»។

លោក​បន្ថែម​ថា៖ «ដោយ​សារ​បញ្ហា​អ្នកទាំង​២​នាក់ ដូច​អ្នក​ខាង​ក្រោយ​ គាត់​ប្តេជ្ញា​ចិត្ត​ខ្លួន​គាត់​ដូច​ក្នុង​អាស៊ី​សេរី ថា​គាត់​មិន​បាន​ក្លែង​ឯកសារ​ ទៅ​តាម​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ទេ។ បើសិនអាជ្ញាធរ​ចោទ​ថា​គាត់​ក្លែង​ឯកសារ សូម​ទាម​ទារ​ភស្តុ​តាង​មក​[តើ]ស្អី​ខ្លះ​ដែល​ក្លែង​ហ្នឹង​ កុំ​ចោទ​ប្រកាន់​តែ​ក្លែង​ឯកសារ​ [ដោយ​] គ្មានឱ្យ​គេ​ឃើញ។ ចាប់​គេ​អ៊ីចឹង [គឺ​]​វា​អយុត្តិ​ធម៌​»។

លោក​ស្នើ​អាជ្ញាធរ​ឱ្យដោះលែង​សកម្មជន​ទាំង​៤នាក់​របស់​ខ្លួន​ដោយ​គ្មាន​លក្ខ​ខណ្ឌ ដើម្បី​អាច​ធ្វើ​ការឃោស​នា​នយោ​បាយ​ និង​ឈានទៅ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ដោយ​ស្មើភាព​គ្នា គឺ​«អ្នក​ចាញ់​ដោយ​អស់​ចិត្ត ​អ្នក​ឈ្នះ​ដោយ​ថ្លៃ​ថ្នូរ»។

លោក ចាន់ វណ្ណៈ អ្នកនាំ​ពាក្យ​របស់​សាលា​ដំបូង​ខេត្ត​ព្រៃវែង​ បាន​បដិសេធ​មិន​អត្ថា​ធិប្បាយ ដោយឱ្យ​ទៅ​មើល​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​វិញ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​អត់​អាច​ឆ្លើយ​អ្វី​លើស​ពី​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ទេ ព្រោះ​រឿង​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​នៃ​ការ​ស៊ើប​សួរ»។

លោក​ សំ សុគង់ មេធាវី​ការពារ​ក្តី​ឱ្យ​សកម្ម​ជន​គណ​បក្ស​ភ្លើងទៀន​ទាំង​៤​នាក់ ប្រាប់​វីអូអេ​យ៉ាង​ខ្លី​ថា ​ការ​ចោទ​ប្រកាន់​សកម្មជន​ទាំង​នោះ ពាក់​ព័ន្ធ​នឹង​អង្គ​ហេតុ​នៃការ​ដាក់​បញ្ជី​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ កាល​ពី​ឆ្នាំ​២០២២។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(គ.ជ.ប) ប្រាប់​វីអូអេ​ថា ក្នុង​ករណី​បុគ្គល​ណា​ម្នាក់​រំលោភ​បំពាន ឬ​ក្លែង​ឯកសារ គឺ​ត្រូវតែ​ប្រឈម​មុខ​នឹង​ទិដ្ឋភាព​ច្បាប់​ព្រហ្ម​ទណ្ឌ​ ឬ​ច្បាប់រដ្ឋ​ប្ប​វេណី ​ដែល​មិនស្ថិត​ក្នុងច្បាប់​បោះ​ឆ្នោត​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ពាក់​ព័ន្ធ​ជាមួយ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កន្លង​មក​នេះ​ រាល់​ឯកសារ​និង​បញ្ញត្តិ​ពាក់ព័ន្ធ​ត្រូវ​បាន​ដោះស្រាយ​ និង​បញ្ចប់​រួច​រាល់​ហើយ​ដែរ។ ដោយ​ឡែក​ករណី​រំលោភ ឬ​បំពាន ឬ​ក្លែង​ឯកសារ​នោះ​ គឺ​ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​ច្បាប់​ផ្សេង​ទៀត ដែល​មិន​មែន​ជា​ច្បាប់​បោះ​ឆ្នោត​នោះ​ទេ»។

គួរ​រំឭក​ផង​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ២០២៣ អាជ្ញាធរ​បាន​ចាប់​ខ្លួន​សកម្ម​ជន​នយោបាយ​គណ​បក្ស​ភ្លើងទៀន​៣​នាក់ ក្រោម​បទ​ចោទ«ក្លែង​បន្លំ និង​ប្រើ​ប្រាស់​លិខិត​ក្លែង» កាល​ពី​ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​បេះ​ដូង​ជាតិ មុន​ពួក​គេ​ចូល​រួម​ជាមួយ​គណបក្ស​ភ្លើងទៀន។

ចាប់​តាំង​ពី​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០​២២ រហូត​ដល់​ខែ​មេសា ឆ្នាំ​២០​២៣ អ្នក​នយោ​បាយ​របស់​គណបក្ស​ភ្លើងទៀន​យ៉ាង​តិច១០​នាក់ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ដែល​ក្នុង​នោះ​ក៏​មាន​លោក ថាច់ ​សេដ្ឋា អនុ​ប្រធាន​គណ​បក្ស​ភ្លើងទៀន​ផង​ដែរ៕

XS
SM
MD
LG