ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន​ក្លាយ​ជា​ឧត្តមសេនីយ៍​ផ្កាយ​បួន


​លោកហ៊ុន ម៉ាណែត​ ត្រូវបានដំឡើងឋានន្តរស័ក្តិ​ជាផ្លូវការ​ជា​ឧត្តម​​សេនីយ៍​ផ្កាយបួន​។(AP Photo/Heng Sinith)
​លោកហ៊ុន ម៉ាណែត​ ត្រូវបានដំឡើងឋានន្តរស័ក្តិ​ជាផ្លូវការ​ជា​ឧត្តម​​សេនីយ៍​ផ្កាយបួន​។(AP Photo/Heng Sinith)

កូន​ប្រុស​ច្បង​របស់​មេដឹក​នាំ​កម្ពុជា​លោក ហ៊ុន សែន​គឺ​លោក​ហ៊ុន ម៉ាណែត​ ត្រូវ​បាន​ដំឡើង​ឋានន្តរ​ស័ក្តិ​ជាផ្លូវ​ការ​ជា​ឧត្តមសេនីយ៍​ផ្កាយ​បួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ជា​សញ្ញា​មួយ​ផ្សេង​ទៀត​នៃ​ផែន​ការ​សម្រាប់​លោកស្នង​តំណែង​ពី​ឪពុក​របស់​លោក។ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។​

លោក ​ហ៊ុន សែន​បាន​ប្រកាស​គាំទ្រ​ ជា​សាធារណៈ ​ឱ្យ​លោក​ហ៊ុន ម៉ាណែត​ ​ដឹកនាំ​ព្រះរាជាណាចក្រ​នេះ​ទៅ​ថ្ងៃ​អនាគត។​

លោក ​ហ៊ុន ម៉ាណែត​ ដែល​ជា​មេ​បញ្ជាការ​កងទ័ព​ជើងគោក​ បាន​ឡើង​ឋានន្តរ​ស័ក្តិ​ផ្កាយ​៤ ​នៅ​ក្នុង​ពិធី​មួយ​ ដែល​មាន​ការ​ចូលរួម​ពី​មន្ត្រី​យោធា​ជាន់ខ្ពស់​ជាង​១​ពាន់​នាក់។​

លោក ​ទៀ បាញ់ ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នេះ ​មាន​ប្រសាសន៍​ថា ការ​ដំឡើង​ឋានន្តរស័ក្តិលោក ​ហ៊ុន ម៉ាណែត​ ឆ្លុះ​បញ្ចាំង​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ក្នុងការ​ «បម្រើជាតិ ​យោធា ​និង​ប្រជាជន​កម្ពុជា»។​

លោក ​ហ៊ុន ម៉ាណែត​ ដែល​បាន​រៀន​នៅ​ប្រទេស​អង់គ្លេស ​និង​សហ​រដ្ឋ​អាមេរិក​ ត្រូវ​បាន​គណបក្ស​កាន់​អំណាច​គាំទ្រ​ជា​ផ្លូវការ​ជាបេក្ខជននាយក​រដ្ឋមន្ត្រី​នាពេល​អនាគត​ ហើយ​លោក​បាន​ធ្វើ​សកម្មភាព​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​ដើម្បី​បង្កើន​មុខមាត់​ជា​សាធារណៈ។​

លោកម៉ាណែត មានអាយុ ​៤៥​ ឆ្នាំនេះ​ ​មានជំនួប​ការទូត​កាន់​តែ​ច្រើន​ ជាង​កាល​ពី​មុន​ ជាមួយ​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់។​ នេះ​បើយោង​តាម​សន្ទស្សន៍​ របស់​វិទ្យាស្ថាន ​Lowy ស្តីពី​អំណាច​នៅ​អាស៊ី។​

វិទ្យាស្ថាន​បាន​និយាយ​ថា​ នៅ​ឆ្នាំ ២០២២​ លោក​បាន​ជួប​ជាមួយ​មេ​ដឹកនាំ​ពិភពលោក​ ១០​រូប​ រួម​មាន​ប្រធានាធិបតី ​អនុប្រធានាធិបតី​ នាយក​រដ្ឋមន្ត្រី​ ឧប​នាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ការបរទេស រីឯ​ឆ្នាំ២០១៩ ​លោក​បាន​ជួបមេដឹកនាំ​ក្នុង​ពិភពលោក​តែ​ពីរនាក់​ប៉ុណ្ណោះ។​

លោក​នឹង​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រនៅ​ពេល​កម្ពុជា​ធ្វើការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ឆ្នាំ​នេះ៕​

XS
SM
MD
LG