ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូដករ​ណាហ្គាវើលដ៍​ ងាក​ទៅ​តវ៉ា​តាម​ប្រព័ន្ធ​អនឡាញ គ្រា​ការឆ្លង​រីវុស​អូមីក្រុងបន្ត​កើនឡើង


រូបឯកសារ៖ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​​ធ្វើ​កូដកម្មទាមទារ​ឲ្យ​ដោះ​លែង​សហជីព​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះ​ស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២២។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​​ធ្វើ​កូដកម្មទាមទារ​ឲ្យ​ដោះ​លែង​សហជីព​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះ​ស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២២។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

មន្ត្រី​សង្គមស៊ីវិល​ដែល​ធ្វើការ​ក្នុង​វិស័យ​ការងារ​ និង​សិទ្ធិមនុស្ស​ដើម្បីការពារ​ផល​ប្រយោជន៍​កម្មករ​ បានថ្លែង​នៅថ្ងៃ​ចន្ទថា កូដករ​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍​(NagaWorld) បាន​យល់​ស្រប​គ្នា​ ធ្វើ​យុទ្ធ​នា​ការ​តាម​បណ្តាញ​អ៊ិនធឺណិត​ ដើម្បីទាមទារ​ឲ្យមាន​ដំណោះស្រាយ​ចំពោះវិវាទ​ការងារ​ជាមួយ​ក្រុម​ហ៊ុន ស្រប​ពេល​ដែល​ករណី​ឆ្លង​វីរុស​អូមីក្រុង​មិនចុះ​ថមថយ​ និង​មាន​ការធ្វើ​ចត្តាឡីស័ក​របស់​កូដករមួយ​ចំនួន​។

ក្រុម​អតីត​កម្មករ​និយោជិត​ ឬ​បុគ្គលិក​នៅក្រុម​ហ៊ុនណហ្គាវើលដ៍​បាន​ចេញ​តវ៉ា​កាលពី​ពាក់​កណ្តាល​ខែធ្នូ​ ឆ្នាំ​២០២១​ ដើម្បី​ជំទាស់​នឹងអ្វី​ដែល​ពួកគេ​ហៅថា​ ជាការ​រំលោភ​សិទ្ធិការងារ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​ ពាក់​ព័ន្ធ​នឹងការ​បណ្តេញ​បុគ្គលិក​ចំនួនជាង​១៣០០នាក់​ចេញ​ពីការងារ​ទាំងបង្ខំ​កាល​ឆ្នាំ២០២១​។

មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ ហៅ​កាត់​ថា​ សង់ត្រាល់លោក​ឃុន ថារ៉ូ​ ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​ថា កូដករ​បាន​សម្រេចចិត្ត​តាម​រយៈការ​ពិភាក្សា​ផ្ទៃក្នុងរបស់​ពួកគេ​នៅក្នុងការ​ផ្អាក​ សកម្មភាព​តវ៉ា​ដោយ​សន្តិវិធី​នៅ​ទីសាធារណៈ​មួយ​រយៈ​ ខណៈ​មានកូដករ​ខ្លះកំពុង​ស្ថិត​ក្នុងស្ថានភាព​ធ្វើ​ចត្តា​ឡីស័ក​ និង​នៅចំ​ពេល​ករណីឆ្លង​វីរុស​អូមីក្រុង​បន្ត​កើន​ឡើង​។ លោក​ថ្លែង​ថា៖​

«ពួក​គាត់​ជជែក​ឯកភាព​គ្នា​ផ្ទៃ​ក្នុងហ្នឹង​ ក្នុង​រយៈ​ពេលហ្នឹង​គាត់​សម្រេច​ទៅធ្វើការ​តវ៉ា​ហ្នឹង​តាម​អនឡាញ​សិន​ចាំ​មើល​ស្ថាន​ភាព​អាច​ថា​វិវត្ត​ គ្រាន់​បើ​ឬក៏យ៉ាង​ម៉េច​គាត់​នឹង​គិត​សម្រេច​ចិត្ត​ផ្ទៃក្នុង​គ្នា​គាត់​ ក្រុម​គាត់​ទៀត»​។

​កូដកម្ម​ដែល​កំពុង​បន្ត​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ ដែល​ចុះ​បញ្ជី​នៅផ្សារ​ភាគហ៊ុន​ក្នុង​ទីក្រុង​ហុង​កុង​ បាន​ផ្ទុះ​ឡើង​បន្ទាប់ពី​កម្មករ​និយោជិត​ប្រមាណ​ ១.៣២៩​ នាក់​ ត្រូវ​បាន​បញ្ឈប់​ការងារ​ដោយ​បង្ខំ​កាល​ពី​អំឡុង​ខែ​មេសា ​ឆ្នាំ​ ២០២១។ នេះ​បើ​តាម​បុគ្គលិក​ និងសកម្មជន​សហជីព​នៅ​ក្រុមហ៊ុន។​

កម្មករ​និយោជិត​ចំនួន​ ៣៦៥​ នាក់​ក្នុង​ចំណោម​កម្មករ​និយោជិត​ដែល​ត្រូវ​បញ្ឈប់​នោះ​ បាន​បដិសេធ​មិន​ទទួល​ការ​បញ្ឈប់​ និង​បាន​តវ៉ា​អស់​រយៈ​ពេល​ជាង ​១០ ​ខែ ​ក្នុង​នោះ​មាន​ការ​ចេញ​មុខ​ធ្វើ​កូដកម្ម​ គិតចាប់​តាំងពីថ្ងៃទី​១៨ ខែធ្នូឆ្នាំ​២០២១​ រហូត​មក​ដល់​ពេល​នេះ។

បើតាម​លោក​ឃុន ថារ៉ូ​ នៃ​អង្គការ​សង់ត្រាល់​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ដាក់ញត្តិ​ទៅកាន់ស្ថាប័នរដ្ឋ​សំខាន់ៗ​មួយ​ចំនួន​ ក្នុងនោះ​គឺមន្ទីរ​រដ្ឋសភា ​ក្រសួង​មហាផ្ទៃ​ ក្រសួង​យុត្តិធម៌​ និងក្រសួង​ការងារ​ដើម្បីផ្តល់​កិច្ច​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ​រ៉ាំរ៉ៃនេះ​ ប៉ុន្តែ​មិនទាន់​មានការ​ឆ្លើយតប​យ៉ាងណា​ទេ។ លោក​បន្ថែម​ថា​សង្គម​ស៊ីវិល​នឹង​ស្នើ​ឲ្យស្ថានទូត​ប្រចាំ​កម្ពុជា​មាន​ការ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ ក្នុងការ​រក​ច្រក​ដោះស្រាយ​វិវាទការងារ​នេះ។

នៅ​ក្នុង​ការ​ចេញ​តវ៉ា​កន្លង​មក​នោះ​ មាន​ថ្នាក់ដឹកនាំ​ និង​សកម្មជន​សហជីព​យ៉ាង​ហោច​ណាស់​ ១១នាក់ ​ត្រូវបាន​ចាប់ឃុំ​ខ្លួន​ជាបន្ត​បន្ទាប់​ ពីបទ​ញុះញង់​ និង​ការ​បំពាន​វិធាន​ការ​សុខាភិបាល​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចាប់​បញ្ជូន​កូដករ​រាប់សិប​នាក់​ទៅធ្វើ​ចត្តាឡីស័ក​ នៅ​ពេល​ពួក​គេ​ចេញតវ៉ា​សារ​ជាថ្មី​កាលពី​សប្តាហ៍​មុន​ ក្រោយ​មាន​ការ​ព្រមាន​ពីអាជ្ញាធរ​រាជធានី​មិន​ឲ្យមាន​ការ​ប្រមូល​ផ្តុំ​ដោយ​ខុស​ច្បាប់​។

ប្រតិកម្មទៅ​នឹងភាព​រឹង​រូស​របស់​កូដករ​ដែលបន្ត​ចេញ​ធ្វើ​កូដកម្ម​មិនព្រម​ឈប់នោះ​ ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន ​ប្រកាស​ពិន័យ​ប្រាក់​ចន្លោះ​ពី​១លាន​រៀល​ទៅ​៥លាន​រៀល​ចំពោះ​បុគ្គលណា​ដែល​បំពាន​លើ​វិធាន​ការ​សុខាភិបាល​ទប់ស្កាត់​ជំងឺកូវីដ​១៩​ផងដែរ​។

នាយករង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃអង្គការ​លីកាដូ​លោក​អំ សំអាត​ និយាយថា​កូដករ​ណា​ហ្គា​វើលដ៍​ បាន​ខិតខំ​ព្យាយាម​គោរព​តាម​គោល​ការណ៍​ណែនាំ​សុខាភិបាល​នានា​ដើម្បី​បន្ត​ការ​តវ៉ា​របស់​ពួក​គេ​ឲ្យ​បាន​ដំណោះស្រាយ​សមស្រប​មួយ​ចំពោះ​វិវាទ​ការងារ​ជាមួយក្រុមហ៊ុន។

មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​ ប្រាប់​វីអូអេ​បន្ថែមថា​៖ «ឥឡូវ​ដោយសារ​ថាទោះបី​តែ​គាត់​ជាប់​ចត្តាឡីស័ក​តាម​វិធានការ​សុខាភិបាល​ ក៏​គាត់​នៅតែ​ធ្វើយុទ្ធនាការ​កូដកម្ម​តាម​អនឡាញ​។ អីចឹង​ ស​បញ្ជាក់​ថា​ ឫស​គល់​ដែល​ជា​បញ្ហា​គឺរឿង​ដោះស្រាយ​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​ពួកគាត់​ មិនមែន​ជាដោះស្រាយ​ទំនាស់​រវាង​អាជ្ញាធរ​ និង​ពួកគាត់​ ដែលត្រូវចោទ​ប្រកាន់ ​ការចាប់​ខ្លួន​ ឬក៏​អនុវត្ត​វិធានការ​សុខាភិបាល​បន្ត​បន្ទាប់​នោះ​ទេ​បាទ»។

លោក​អំ សំអាត​ បាន​សង្គត់ធ្ងន់​ថា ប្រសិន​បើ​ករណី​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍នេះ​ មិន​ត្រូវ​បាន​ដោះស្រាយ​ឲ្យបាន​ឆាប់នោះ​ គឺរដ្ឋាភិបាល ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ត្រូវរងការរិះគន់​ ឬថ្កោល​ទោស​ ហើយ​ភាគី​ក្រុមហ៊ុន​នឹង​បន្ត​បាន​ផល​ចំណេញ​ពីវិវាទ​នេះ។ ​

អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញលោក​ម៉េត មាសភក្តី​ ថ្លែង​នៅថ្ងៃ​ចន្ទថា​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ ជាពិសេស​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ក្នុងការ​សម្រប​សម្រួល​រឿងវិវាទ​ការងារ​ខាងលើ​ និង​មាន​ការ​ចម្រើន​ទៅមុខ​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ ​កម្មករ​និយោជិត​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍​នៅ​តែបន្ត​ជ្រើសរើស​យក​ជម្រើស​ធ្វើ​បាតុកម្ម​។

លោក​បន្ថែមថា​ កម្មករ​និយោជិត​គួរ​ងាក​មក​តុចរចា​ ដោយ​ទៅពិភាក្សា​ជាមួយ​ក្រសួង​ការងារ​ ដើម្បី​ដោះ​ស្រាយ​នូវបញ្ហា​ដែល​ពួកគេ​មានក្នុង​វិវាទការងារ​នេះ ជាជាង​ការ​ប្រមូលផ្តុំ​ និងការ​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​សាធារណៈ​ដែលអាច​បង្កផល​ប៉ះពាល់​ផ្សេងៗនោះ​៕

XS
SM
MD
LG